34 C
Phnom Penh

ប្រជា​ពល​រដ្ឋ​​​អុជ​ធូប​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​​ដល់​ថ្ងៃ​ថ្វាយ​ព្រះភ្លើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមញ្ជូសា​​តម្កល់​ព្រះ​បរម​​​សព​ ព្រះ​បរម​​រតនកោដ្ឋ​​សម្តេចឪ នរោត្តម សីហនុ ​ត្រូវ​បាន​ដង្ហែជា​លើក​ចុង​ក្រោយ​​កាត់​​តាម​ដង​វិថីនានា​ក្នុង​រាជធានី​ ភ្នំ​ពេញ​​កាល​ពី​ថ្ងៃ​សុក្រ​​ មុន​ពេល​ដាក់តម្កល់​លើ​ព្រះ​មេរុ ដើម្បីប្រារព្ធ​​​ព្រះ​រាជ​ពិធី​​​បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​​នាថ្ងៃ​ច័ន្ទ​។

មន្ត្រីរដ្ឋាភិបាល និងប្រជា​ពល​រដ្ឋ​​ ដែល​ចូលរួម​កាន់​ព្រះរាជ​មរណទុក្ខ​​បាន​ប្រមូល​ផ្តុំ​គ្នា​​យ៉ាង​ស្ងៀម​ស្ងាត់​នៅ​មុខ​ព្រះ​បរមរាជវាំង​នៅពេល​ព្រះ​អាទិត្យ​បានចាប់​ផ្តើម​​រះ​ឡើង​។

កម្រាល​ព្រំ​ពណ៌​មាសបាន​ក្រាល​តាម​ផ្លូវ​សម្រាប់ដង្ហែ​មញ្ជូ​សា ​ដែល​តាក់​តែង​លម្អ​ដោយ​ផ្កា​ម្លិះ ​ក្រអូប​ដាក់​នៅ​លើ​ព្រះ​ទីនាំង​​តុបតែងលម្អ​ដោយ​មាន​ក្បាល​នាគ​ជា​ច្រើន​​​​។ ព្រះ​បរមសព​ព្រះបរមរតនកោដ្ឋ​​ត្រូវ​បាន​ដងែ្ហ​ចេញ​ពី​ព្រះ​បរម​រាជវាំង​ជាលើក​ចុង​ក្រោយ​​​នៅ​ម៉ោង​៨​និង​១០​នាទី​ព្រឹក​។

នៅ​ពេល​ក្បួន​ដង្ហែ​ព្រះ​បរមសព​ព្រះ​បរម​រតនកោដ្ឋ​​កំពុង​​រំកិល​ទៅ​មុខ​យ៉ាង​ស្រងូត​ស្រងាត់​នោះ​​ ​សមាជិក​នៃ​កង​យោធ​ពល​ខេម​រ​​​​​​ភូមិន្ទ​មក​ពី​កង​ពល​តូច​​ពិសេស​ឆត្រ​យោង​លេខ​៩១១​បាន​បាញ់​កាំភ្លើង​ធំ​​​​​១០១​ណាត​់​​​ចំនួន​​​​១២កាណុង ​ដែល​បានដាក់​បែរ​មុខ​ទៅ​រក​ទន្លេសាប​។

ការ​បាញ់​កាំ​ភ្លើង​ធំ​នេះ​បាន​ធ្វើ​ឲ្យ​​​ញ័រ​រញ្ជួយប្រថពី​ដោយ​មាន​ផ្សែង​ហុយ​ឡើង​ទៅ​លើ​មេឃ​ ហើយ​បាន​ធ្វើ​ឲ្យ​សត្វ​ព្រាប​​ហើរ​ព្រោងព្រាត​នៅ​ពេល​​ឮ​ស្នូរ​បាញ់​ម្តងៗ ​​​ហើយ​​​​ប្រជា​ពលរដ្ឋ​​​ភាគ​ច្រើន​បាន​យក​ដៃ​ខ្ទប់​ត្រចៀក​របស់​ខ្លួន​។

ព្រះ​រាជ​បូជនីយកិច្ច​ដ៏​ធំធេង​របស់​អតីត​​​ព្រះ​មហាវីរក្សត្រ​ នរោត្តម សីហនុ​ គឺ​ស្នាព្រះ​ហស្តរបស់ព្រះអង្គ​​​ក្នុងការ​ទាមទារ​ឯក​រាជ្យ​​​ដោយ​ជោគ​ជ័យ ​និង​ដោយ​សន្តិវិធី​ពី​អាណា​និគមនិយម​បារាំង​​​​ឆ្នាំ​១៩៥៣​​ ហើយ​ព្រះ​អង្គ​​បាន​បន្ត​​​ព្រះ​រាជ​បូជនីយ​កិច្ច​​សម្រប​​សម្រួល​​​ដើម្បី​បញ្ចប់​​សង្រ្គាម​​ក្នុង​ប្រទេស និង​ព្រះអង្គ​បាន​យាង​​​ត្រឡប់មកកាន់​ប្រទេស​កម្ពុជា​វិញ​​​នៅ​ក្នុង​ទស​​​វត្សរ​​​៍​ឆ្នាំ​១៩៩០។

ទោះ​បី​ជា​ព្រះអង្គ​បាន​ចំណាយ​ពេលជា​​ច្រើន​ឆ្នាំ​ចុង​ក្រោយ​របស់​ព្រះអង្គ​​ដោយគង់​នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន ​​​ដែល​នៅ​ទី​នោះ​ព្រះអង្គ​បាន​យាង​ចូល​ទិវង្គត​ដោយ​សារ​ព្រះ​រោគ​គាំង​បេះ​ដូង​​នៅក្នុង​ជន្មាយុ​​​៨៩​​​ព្រះ​​​វស្សា​​​​ កាលពីថ្ងៃទី១៥​ខែតុលា ឆ្នាំ​២០១២ ក៏​ដោយ​ ​​​ក៏​​ព្រះ​អង្គនៅ​តែ​​ជាព្រះ​មហា​​​វីរ​​​ក្សត្រ ដែលប្រជា​ពល​រដ្ឋ​​គោរព​បំផុត​នៅ​ក្នុង​ប្រទេស​។ ​នៅ​ពេល​ព្រះ​អង្គបាន​យាង​​ចូល​ទិវង្គត ប្រជា​ពល​រដ្ឋ​​ទាំង​ក្មេង​ ទាំង​​​​ចាស់​បាន​រួប​រួម​គ្នា ​ដោយ​​​ឈរជា​ជួរ​នៅ​​តាម​ដងវិថី​នានា​​ដើម្បី​​​ដង្ហែ​ព្រះ​បរមសព​ព្រះ​បរម​រតន​កោដ្ឋ​​ជាលើក​ចុង​ក្រោយ​ កាល​​​ពី​​​ថ្ងៃសុក្រ។

ប្រជា​ពលរដ្ឋ​ប្រហែល​២០.០០០នាក់​បាន​ចូល​រួម​​ដង្ហែ​​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ​ ​ដោយស្លៀក​សម្លៀកបំពាក់​ពណ៌ខ្មៅ និង​ពណ៌ស និង​ទឹក​មុខ​ស្រងូត​ស្រងាត់ ​និង​​អារម្មណ៍ក្តុក​ក្តួល រី​ឯ​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ​​វិញ​​ត្រូវ​បាន​តាក់​តែង​លម្អចម្រុះ​ពណ៌​ ដើម្បី​ជា​ការ​គោរព​​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះមហា​វីរក្សត្រ​។

ព្រះ​ទីនាំង​ពីរ ដែល​តាក់​តែង​លម្អ​ និង​​​មាន​រូប​សត្វ​ផង​ដែរ​នោះ​បាន​ធ្វើ​ដំណើរ​សន្សឹមៗ​មាន​ទាំង​សត្វខ្លាឃ្មុំ​ និង​ត្រីឆ្លាម​ ហើយ​មាន​រូប​ខ្លាឈរនៅ​លើ​ថ្ម​ មាន​ទេសភាព​ និង​មាន​ទឹក​ជ្រោះ​ធ្លាក់​។ ពិធី​ដង្ហែ​នេះ​រួម​មាន​ មន្ត្រី​កង​យោធ​ពល​ខេមរភូមិន្ទ​ យុវជនកាកបាទ​​ក្រហម​កម្ពុជា ប្រជា​ពល​រដ្ឋ​ជន​ជាតិដើម​ភាគ​តិច​ និង​ក្រុម​របាំ​អប្សរា។

នៅ​ពេល​ក្បួននេះ​​ឈាន​ចូល​​​ដល់​​​​តី​​រ​វិថីព្រះស៊ីសុវត្ថិឆ្ពោះ​ទៅកាន់​វត្តភ្នំ​ រួច​កាត់​តាម​ផ្លូវ​នរោត្តម​ និង​វិល​ជុំ​វិញ​វិមាន​ឯករាជ្យ​ និង​បន្ត​ទៅ​តាម​មហាវិថី​សុធារស​ឆ្ពោះ​ទៅ​កាន់​វាល​ព្រះ​មេរុ​ ដែល​ជា​សួន​មួយ​នៅ​មុខ​សារៈមន្ទីរ​ជាតិ ដែល​នៅ​ទីនោះ​មាន​មន្ត្រី​ រដ្ឋា​ភិបាល ព្រះ​សង្ឃ មន្ត្រី​ការ​ទូត​ព្រម​ទាំង​កាយ​រិទ្ធ​កំពុង​រង​ចាំ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​លុត​ជង្គង់​ដោយ​កាន់​ផ្កា​ឈូក​ និង​ព្រះ​ឆាយា​ល័ក្ខណ៍​នៃ​អតីត​ព្រះ​មហាវិរក្សត្រ។

​​​ផ្លូវ​នរោត្តម​ និង​វិល​ជុំ​វិញ​វិមាន​ឯករាជ្យ​ និង​បន្ត​ទៅ​តាម​មហាវិថី​សុធារស​ឆ្ពោះ​ទៅ​កាន់​វាល​ព្រះ​មេរុ​ ជា​សួន​មួយ​នៅ​មុខ​សារ​​​មន្ទីរ​ជាតិ ដែល​នៅ​ទីនោះ​មាន​មន្ត្រី​ រដ្ឋា​ភិ​​​បាល ព្រះ​សង្ឃ មន្ត្រី​ការ​ទូត​ព្រម​ទាំង​ក្រុម​កាយ​រិទ្ធ​​​​

កំពុង​រង់​ចាំ​ ហើយ​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​បាន​លុត​ជង្គង់​ដោយ​កាន់​ផ្កា​ឈូក​ និង​ព្រះ​ឆាយា​ល័ក្ខ​​​ណ៍​នៃ​អតីត​ព្រះ​មហាវីរក្សត្រ។

អ្នក​ស្រី​ គុណ ពៅ អាយុ​៨០ឆ្នាំ បាន​ធ្វើ​ដំណើរ​ពីខេត្ត​ពោធិ៍សាត់ មកកាន់​​រាជធានី​ភ្នំពេញ ប្រាំលើក​រួច​មក​ហើយ​ ចាប់​តាំងពី​សម្តេច​ឪបាន​យាង​ចូល​ទិវង្គតមក​។

អ្នកស្រី​បាន​និយាយថា “ ខ្ញុំ​នៅ​តែ​សោក​សង្រេង​ និងអាឡោះ​អាល័យព្រះ​អង្គ​។ ខ្ញុំ​ធ្លាប់​ធ្វើ​ការ​ឲ្យ​សម្តេច​ម៉ែ [នរោត្តម មុនីនាថ ​សីហនុ] មុន​ពេល​សម្តេច​ម៉ែ​ បាន​រៀប​អភិ​សេក​ជា​មួយ​ព្រះ​អង្គ។ ព្រះ​អង្គមាន​ព្រះទ័យ​

​ទូលាយ​ និងសន្តោស​ប្រណី​ខ្លាំង​ណាស់”។

លោក ស៊្រុន ផល្លីន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​មណ្ឌល​គិរី បាន​ប្រសាសន៍​ថា សម្តេចឪ នរោត្តម​ សីហនុ មិន​គ្រាន់​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​នោះ​ទេ តែ​ថែម​ទាំង​យក​ព្រះ​ទ័យ​ទុក​ដាក់ដល់​​

ជន​ជាតិភាគ​តិច​ផង​ដែរ”។ លោក​បន្ថែម​ថា លោក​ និង​អ្នក​​សហ​គមន៍ជា​ជាតិ​ភាគ​តិច​ចំនួន​៩០​នាក់​ផ្សេង​ទៀត ដែល​មក​ពី​ខេត្ត​រតនគិរី និង​មណ្ឌល​គិរី នឹង​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ​វិញ ​នៅ​ថ្ងៃសៅរ៍។

លោក វ៉ាន ង៉ែត អាយុ​៦៦ឆ្នាំ ដែល​ជា​ជន​ជាតិ​ភាគតិច​ព្នង​មក​ពី​ខេត្ត​មណ្ឌល​គិរី បាន​និយាយថា លោក​ចង់​ធ្វើ​ជា​តំណាង​ឲ្យ​ជន​ជាតិ​ភាគ​តិច​អំឡុង​ពិធី​ដង្ហែ​ព្រះ​បរម​សព​ព្រះ​បរម​រតនកោដ្ឋ​ សម្តេចឪ។ លោក​និយាយ​បន្ត​ថា “ ខ្ញុំ​ពិត​ជា​ក្តុក​ក្តួល​ចិត្ត​ខ្លាំង​ណាស់។ ព្រះ​អង្គ​គឺ​ជា​ព្រះមហាក្សត្រ​​មួយ​អង្គ​ដ៏ល្អបំផុត​ ហើយ​ព្រះ​អង្គគឺ​ជា​ម្លប់​ដ៏​ត្រជាក់​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​”។

នៅ​ឯ​វត្ត​ភ្នំ​ មនុស្ស​យ៉ាង​ច្រើន​បាន​នាំ​គ្នា​ប្រញាប់​ប្រញាល់​យក​ទូរស័ព្ទដៃរបស់​ខ្លួន​ថត​​យករូប​ភាព​ក្បួន​ដង្ហែ​ព្រះ​បរម​រតនកោដ្ឋ​ ដែល​បាន​ឆ្លង​កាត់​។ មាន​អ្នក​ខ្លះបាន​​ស្រែក​ហៅ​ឈ្មោះ​អ្នក​​ចូល​រួម​។ រីឯ​អ្នក​ខ្លះ​ទៀត​លុត​ជង្គង់​​លើក​ដៃ​សំពះ​យ៉ាង​​ស្ងៀម​ស្ងាត់​ព្រម​ទាំង​យំ​សោក​ទៀត​ផង​។

ដូចអ្វី​ដែល​បាន​គ្រោង​ទុក​​ទាំង​អស់​ ក្បួន​ដង្ហែ​នេះ​បាន​បន្ត​ដោយ​គ្មាន​បញ្ហាអ្វី​នោះ​ទេតែ​ទោះ​ជាយ៉ា​ង​ណា​ លោក សុខ អាន​ ឧបនាយក​​រដ្ឋមន្ត្រី​បាន​ដួល​សន្លប់​មុន​ពេល​ពិធី​ដង្ហែ​បាន​ចាប់​ផ្តើម​ ហើយ​បន្ទាប់​មក​គេ​បាន​បញ្ជូន​លោក​ចូល​ទៅក្នុង​រថយន្ត​សង្គ្រោះ​បន្ទាន់។

លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​​សុខា​ភិបាល​រាជ​ធានី​ភ្នំពេញថ្លែង​​ថា លោក សុខ អាន អាយុ​៦៣ឆ្នាំ ត្រូវ​បាន​វេជ្ជបណ្ឌិតប្រចាំ​​ព្រះ​បរម​រាជវាំងជួយ​​សង្គ្រោះ​ភ្លាមៗ។ លោក​វេជ្ជបណ្ឌិត​ សុខ សុគន្ធ បាន​មាន​ប្រសាសន៍​បន្តថា “ លោក​មាន​បញ្ហា​សុខភាព​ ប៉ុន្តែ ឥឡូវ​នេះ​លោក​មិន​អីនោះ​ទេ។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រីបាន​លើក​ឡើង​ថា ការ​ដួល​សន្លប់​របស់​លោក​ សុខ អាន មិន​មែន​ជា​រឿង​ធ្ងន់​ធ្ងរ​នោះ​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “ឥឡូវ​នេះ​លោក​មិន​អី​នោះ​ទេ ហើយ​កំពុង​តែ​សម្រាក​នៅ​គេហ​ដ្ឋាន​របស់​លោក។ ហេត​ុ​ផល​ដែល​ដួល​សន្លប់​នោះ​មក​ពី​លោក​អស់​កម្លាំង​បន្ទាប់​ពី​ធ្វើ​ដំណើរ​យ៉ាង​យូរ​មក​ពី​​ទីក្រុង​បា៉រីស​។ លោក​បាន​ទៅ​មន្ទី​រពេទ្យ​កាល់​ម៉ែត ដើម្បីពិនិត្យ​សុខភាព ​ហើយ​លោក​បាន​ចាក​ចេញ​មក​វិញ​នៅ​មុខ​ម៉ោង​១០​ព្រឹក”។

នៅខាងក្រៅ​​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គម​នា​គមន៍​មាន​មនុស្ស​ពីរនាក់​បាន​ដួល​សន្លប់​ដោយ​សារ​តែ​កម្តៅថ្ងៃក្តៅ និង​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាប់​ ដែល​ប្រចាំ​ការ​នៅ​ទីនោះ​បាន​ដឹក​ទៅ​មន្ទ្ីរពេទ្យ”។ នៅ​ពេល​ព្រះ​បរម​រតនកោដ្ឋ​​ សម្តេច​ឪ បាន​យាង​មក​ដល់​ព្រះមេរុ ​កាំ​ភ្លើង​​ធំ​១០១​ណាត់​ជាច្រើនគ្រឿង​ត្រូវ​បាន​បាញ់​បន្ត​បន្ទាប់​​គ្នាជាលើក​ទី២។

អ្នក​ដែល​បាន​ទៅចូល​រួម​ជាច្រើន​ បាន​នាំ​គ្នាសម្លឹង​មើល​តាម​ប្រឡោះ​នីមួយៗ​ ដែល​ស្ថិត​នៅ​ជុំ​វិញ​ជញ្ជាំង​វាល​ព្រះ​មេរុ​ នៅពេល​ព្រះ​បរម​រតនកោដ្ឋ​ សម្តេចឪ ត្រូវ​បាន​ដង្ហែ​យ៉ាង​សន្សឹមៗចំនួន​បី​ជុំ​ ជុំវិញ​ព្រះ​មេរុ​ មុុន​ពេល​​ព្រះ​បរម​រតនកោដ្ឋ​ សម្តេចឪ ត្រូវបាន​តម្កល់​ក្នុង​ព្រះ​មេរុ​។ នៅ​ពេល​ព្រះ​បរម​រតន​កោដ្ឋ​បាន​តម្កល់​រួច​រាល់​ ផ្លូវ​នីមួយៗ ដែល​ស្ថិត​នៅ​ជុំ​វិញ​វាល​ព្រះមេរុ​​បាន​វិល​មក​ដូច​ពេល​ធម្មតាវិញ​បន្តិច​ម្តងៗ ហើយគេ​បាន​ទន្ទឹង​សម្រាប់​ថ្ងៃច័ន្ទ នៅ​ពេល​ព្រះ​បរម​សព​ សម្តេចឪ នឹង​ត្រូវ​ថ្វាយ​ព្រះភ្លើង​៕

រាយការណ៍ដោយ Lauren Crothers កាំង ម៉េងហ៊ុន ឃី សុវុឌ្ឍី Denise Hruby និង Colin Meyn

ប្រែសម្រួលដោយ​ ឃិន​ ណៃ

និង ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស