អ្នកស្រី វ៉ា សិុន មានអាយុទើបតែ២៧ឆ្នាំប៉ុណ្ណោះ នៅពេលមានប្រជានុរាស្ត្រទូទាំងប្រទេសកម្ពុជា ថ្វាយបង្គំលាព្រះមហាក្សត្រ។ នោះ គឺនៅ ក្នុងឆ្ នាំ១៩៦០ពេលដែលព្រះមហាក្សត្រ នរោត្តម សុរាម្រឹត ព្រះបិតារបស់ព្រះករុណា នរោត្តម សីហនុ បានយាងសោយទិវង្គត ដោយដាក់រាជ្យថ្វាយបុត្រារបស់ព្រះអង្គ ដែលជាព្រះអង្គម្ចាស់ និងជាព្រះប្រមុខរដ្ឋ។
អ្នកស្រី ស៊ិន វិសា នៅចាំបានថា កាលនោះប្រជានុរាស្ត្រគ្មានអារម្មណ៍រំជួលចិត្តខ្លាំងដូចពេលព្រះមហាវីរក្សត្រសម្តេចឪ សីហនុ សោយទិវង្គតឡើយ។អ្នកស្រីបានបន្តថា “ព្រះរាជពិធីដង្ហែព្រះបរមសពសម្តេចឪ ប្លែកខ្លាំងណាស់ពីព្រះរាជពិធីមុនៗ ដែលនៅពេលនោះ មានប្រជានុរាស្ត្រដង្ហែព្រះបរមសពតិចជាង ដោយសារពួកគាត់មិនសូវមានទុក្ខក្រៀមក្រំ”។
លោក អិុន សុខ កាលណោះ មានអាយុ២៤ឆ្នាំ នៅពេលព្រះបរមសពព្រះមហាក្សត្រ សុរាម្រឹត ត្រូវបានដង្ហែទៅកាន់វាលព្រះមេរុកាលពី៥៣ឆ្នាំមុន។ នៅពេលនេះលោកមានវ័យ៧៧ឆ្នាំទៅហើយនោះ លោក អិុន សុខ បានរួមជាមួយប្រជាពលរដ្ឋរាប់សែននាក់ ដែលបានឈរជាជួរតាមបណ្តោយមហាវិថីព្រះនរោត្តម កាលពីព្រឹកថ្ងៃសុក្រ ដើម្បីចូលរួមព្រះរាជពិធីដង្ហែព្រះបរមសពសម្តេចឪទៅកាន់វាលព្រះមេរុដែលស្ថិតនៅខាងមុខសារមន្ទីរជាតិ។
គាត់និយាយថា “ព្រះរាជពិធីដង្ហែព្រះបរមសពមហាក្សត្រ សុរាម្រឹត ដោយមានដំរីអម សេះ និងមានប្រជានុរាស្ត្រចូលរួមតិចតួចប៉ុណ្ណោះ។ប៉ុន្តែព្រះរាជពិធីដង្ហែព្រះបរមសពសម្តេចឪ គឺគួរឲ្យក្រៀមក្រំណាស់។ សូម្បីតែក្មេងៗក៏យំដែរ”។
បើទោះបីជាកាលពីថ្ងៃសុក្រប្រជានុរាស្ត្រគ្មានអារម្មណ៍ក្តុកក្តួលខ្លាំង ដូចកាលប្រជាពលរដ្ឋយ៉ាងច្រើន ដែលបានសម្រុកចូលមកតាមដងមហាវិថីនានាក្នុងរាជធានីភ្នំពេញ នៅពេលព្រះបរមសពសម្តេចឪត្រូវបានដង្ហែយាងពីក្រុងបេ៉កាំងត្រឡប់មកកាន់ព្រះបរមរាជវាំងវិញ កាលពីថ្ងៃទី១៧ខែតុលាក្តី ក៏ប្រជាពលរដ្ឋជាច្រើននៅតែឱនក្បាលគោរពនិងយំសោកស្តាយ នៅពេលព្រះមញ្ជូសាតម្កល់ព្រះបរមសពមហាវីរក្សត្របានរំកិលកាត់មុខពួកគេ។
សម្រាប់ប្រជាពលរដ្ឋកម្ពុជាជំនាន់ដើម ដែលបានធំដឹងក្តីអំឡុងពេលព្រះករុណានរោត្តម សីហនុ កំពុងមានអំណាចពេញទី វាគឺជាការលាគ្នាមួយដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ អ្នកស្រី វ៉ា សិុន បាននិយាយថា“ ខ្លួនខ្ញុំ និងប្រជាពលរដ្ឋខ្មែរ គ្រប់រូបនឹងមិនបំភ្លេច [ព្រះមហាវីរក្សត្រ] ឡើយ ពីព្រោះប្រជានុរាស្ត្រទូទាំងប្រទេស ជាពិសេសអ្នក ដែលបាននៅរស់រានមានជីវិតតាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០ និងទសវត្សរ៍ឆ្នាំ១៩៦០ ទទួលបានការស្រឡាញ់រាប់អាន និងការយកព្រះទ័យទុកដាក់ពីព្រះអង្គ”។
នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ អ្នកស្រីចាំបានថា ព្រះមហាក្សត្រ នរោត្តម សីហនុ នៅសម័យនោះ បានថ្លែងសុន្ទរកថានៅរោងចក្រផលិតសូត្រមួយកន្លែង ដែលទើបតែបើកសម្ពោធថ្មីៗក្នុងខេត្តកំពង់ចាម ដែលគាត់កំពុងរស់នៅក្នុងសម័យនោះ។
អ្នកស្រីបានបន្តថា “ព្រះអង្គបានជ្រើសរើសយកខ្ទមតូចមួយ ដោយគ្មានព្រួយព្រះទ័យអំពីសុវត្ថិភាពផ្ទាល់ព្រះអង្គឡើយ ពីព្រោះព្រះអង្គនឹងធ្វើអ្វីៗគ្រប់យ៉ាងឲ្យតែបានជួបប្រជារាស្ត្ររបស់ទ្រង់”។
លោក ស៊ុម គល់ ទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ នៅពេលលោកបានឃើញសម្តេច ឪ នរោត្តម សីហនុ ដោយផ្ទាល់ភ្នែកជាលើកដំបូង។កាលនោះគឺក្នុងឆ្នាំ១៩៤៦ ពេលសម្តេចឪយាងទៅសួរសុខទុក្ខកងទ័ពកម្ពុជាឈរជើងក្នុងខេត្តព្រៃវែង ដើម្បីលើកទឹកចិត្តពួកគេ។
លោក ស៊ុម គល់ ដែលពេលនេះមានអាយុ៨៤ឆ្នាំទៅហើយ បាននិយាយរំឭកឡើងវិញ ខណៈ ដែលគាត់រង់ចាំក្បួនដង្ហែព្រះបរមសពឆ្លងកាត់មុខគាត់ កាលពីម្សិលមិញថា “យើងមានតែកាំភ្លើងឈើប៉ុណ្ណោះ។ ប៉ុន្តែសម្តេចឪតែងតែធ្វើឲ្យយើងរឹងមាំ និងមានទឹកចិត្តក្លាហាន”។
បើទោះបីជាស្នាព្រះហស្តរបស់សម្តេចឪ នរោត្តម សីហនុ ត្រូវបានជជែកវែកញែកជាច្រើន ចាប់តាំងពីព្រះអង្គបានយាងសោយទិវង្គត កាលពីជិតបួនខែមុនក្តី ក៏ការគោរពស្រឡាញ់របស់ប្រជាពលរដ្ឋកម្ពុជាចំពោះអតីតព្រះមហាក្សត្ររបស់ខ្លួននៅតែឥតងាករេ។ លោកប្រវត្តិវិទូ ហេនរី ឡូកាដ (Henri Locard) មានប្រសាសន៍ថា បើនិយាយចំពោះអ្នកបានមើលឃើញព្រះបាទ នរោត្តម សីហនុ ដឹកនាំប្រទេសកម្ពុជាឲ្យទទួលបានឯករាជ្យ
ពីប្រទេសបារាំង ដែលបានត្រួតត្រាលើប្រទេសកម្ពុជាអស់រយៈពេល៩០ឆ្នាំនោះព្រះអង្គគឺ “ ពិតជាដូចអាទិទេពអ៊ីចឹង” លោក ហេនរី ឡូកាដ បានមានប្រសាសន៍បន្តទៀតថា “ ព្រះអង្គមានបុគ្គលិកលក្ខណៈអស្ចារ្យ ជាតួអង្គដ៏ខ្លាំងក្លាហើយព្រះអង្គបានបង្រួបបង្រួមជាតិតែមួយអង្គឯងក្នុងចលនាទាមទារឯករាជ្យ”។
លោកស្រី ជួប ពៅរូសែត អាយុ ៨៥ឆ្នាំ ជាវេជ្ជបណ្ឌិតមួយរូបដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីឆ្នាំមុន បន្ទាប់ពីបានជាវេជ្ជបណ្ឌិតនៅប្រទេសបារាំង អស់រយៈពេល៤៥ឆ្នាំមកនោះ មានប្រសាសន៍ថាលោកស្រីមានអារម្មណ៍ស្រឡាញ់សម្តេចឪ នរោត្តម សីហនុ ជាលើកដំបូង កាលលោកស្រីនៅជានិស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
លោកស្រីមានប្រសាសន៍ថា “ ខ្ញុំគិតថា ប្រជាពលរដ្ឋកម្ពុជា សុទ្ធតែស្រឡាញ់ព្រះមហាក្សត្ររបស់ខ្លួនគ្រប់ៗអង្គ។ ក៏ប៉ុន្តែសម្តេចឪ នរោត្តម សីហនុ ស្ថិតនៅយ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់ប្រជានុរាស្ត្រ ពីព្រោះព្រះអង្គជាមហាក្សត្រតែមួយអង្គគត់ដែលបាននាំឯករាជ្យជូនប្រទេសកម្ពុជា ហើយព្រះអង្គស្រឡាញ់ប្រជានុរាស្ត្រអស់ពីទឹកព្រះទ័យ”៕
ប្រែសម្រួលដោយ តែម សុខុម