29 C
Phnom Penh

ស្នង​​​ការ​​​នគរ​​​បាល​​​រាជធានី​​​ភ្នំពេញ​​​វាយ​​​មន្ត្រី​​​កងរាជអាវុធហត្ថ ​​​ពេល​​​​​​បំពេញ​​​ភារ​​​កិច្ច​​​ការពារវាល​​​ព្រះ​​​មេរុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជអាវុធ​​​ហត្ថ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពីម្សិល​​​មិញ លោក ជួន សុវណ្ណ ស្នង​​​ការ​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​វាយ​​​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ពីរ​​​នាក់​​​ ដែល​​​កំពុង​​​បំពេញ​​​ភារកិច្ច​​​រក្សា​​​សុវត្ថិ​​​ភាព​​​នៅឯ​ព្រះ​​​រាជ​​​ពិធី​​​បុណ្យ​​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​ព្រះបរម​សព ព្រះបរមរតន​កោដ្ឋសម្ដេច​​​ឪ​​​ នរោត្តម សី​​​ហនុ បន្ទាប់​​​ពី​​​ពួកគេ​​​បាន​​​បណ្តោយឲ្យ​​​អ្នកកាន់​​​ទុក្ខ​​​ ដែល​​​មាន​​​វ័យ​​​ចំណាស់​​​មួយ​​​ក្រុម​​​អាចចូល​​​ក្នុង​​​បរិវេណ​​​ហាម​​​ឃាត់។ 

លោក ខេង​​​ ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជអាវុធ​​​ហត្ថ​​​លើ​ផ្ទៃ​ប្រទេស​ បាន​​​មានប្រសាសន៍​​​ថា “ មូល​​​ហេតុ​​​ដែល​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ទាំង​​​ពីរ​​​នាក់ត្រូវ​​​គេ​​​វាយ​​​ និង​​​ដាល់​​​នោះ ​​​គឺ​​​ដោយ​​​សារតែ​​​ការ​​​យល់​​​ច្រឡំ នៅ​​​ពេល​​​ពួកគេ​​​កំពុង​​​បំពេញ​​​ភារកិច្ច”។លោក​​​បាន​​​បន្ថែម​​​ថា “ មន្ត្រី​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ទាំង​​​ពី​​​រ​​​នាក់​​​នោះ​​​ត្រូវ​​​លោក​

​ជួន សុវណ្ណ វាយ​​​នឹង​​​អាយ​​​កូម នៅ​​​ពេល​​​​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​របស់យើងបី​​​នាក់​​​មិន​​​​អាច​​​ហាម​​​ឃាត់​​​អ្ន​​ក​​​កាន់ទុក្ខ​​ កុំឲ្យ​​ចូល​​​ក្នុង​​​បរិ​​​វេណព្រះ​​​មេរុ ​ដើម្បី​​​អុជធូប​​​គោរព​​​ព្រះ​​​វិញ្ញាណ​​​ក្ខន្ធ​​​​ព្រះ​​​បរម​​សព​​​សម្ដេច​​​ឪ​​​”។​​​

យោង​​​តាម​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​ ដែល​​​​​​មានប្រសាសន៍​​​ក្នុង​​​លក្ខខណ្ឌ​​​អនា​មិកដោយ​​​សារតែ​​​លោក​​​មិនទទួលបាន​ការ​អនុ​ញ្ញាត​ឲ្យនិយាយប្រាប់អ្នក​​​យក​​​ព័ត៌មាន​​​នោះ​​​​​​ បាន​ឲ្យ​​​ដឹង​​​ថា លោក​ឧត្តម​​​សេនីយ៍ឯក​​​ ជួន សុវណ្ណ ​ដំបូង​​​បាន​​​វាយចំកញ្ចឹង​​​ក​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​ ក្រោយមកលោកបានបញ្ជា​​​ឲ្យ​​​មន្ត្រី​នគរបាលរាជធានីភ្នំពេញ​ចាប់ដាក់ខ្នោះ​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថម្នាក់​​​ទៀត។

អំឡុង​​​ពេល​​​មាន​​​ជម្លោះ ​លោកអនុ​សេនីយ៍​ឯក វង្ស ប៊ុណ្ណា មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថដែល​​​​​​កំពុង​​​បំពេញ​​​ភា​​​រកិច្ច​នៅ​ទីនោះដែរ បាន​​​តវ៉ា​​នឹង​​​លោក ជួន សុវណ្ណ​​​ និង​​​បាន​​​ប្រាប់​​​លោក​ថា ​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មាន​​​មេ​​​បញ្ជាការ​​​ផ្ទាល់​​​ខ្លួនដែលជាអ្នក​ចេញ​​បញ្ជា។

ភ្លាម​​​នោះ លោក​​ ជួន ​សុវណ្ណ ​ក៏​​​បាន​​​ដាល់​​​គាត់​​​បី​​​ដៃ​​​ចំឆ្អឹង​​​ជំនី មុន​​​ពេល​​​មាន​​​អន្ដ​​​រាគមន៍​​​ពី​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​មួយ​​​ក្រុមទៀត ​​​ដែល​​​​នៅ​​​ជិត​នោះ។​​​ មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​រូប​​​នេះ​​​ក៏​​​បាន​​​ឲ្យ​​​ដឹង​​​​ដែរ​​​ថា “លោក ជួន សុវណ្ណ​​​ បាន​​​ប្រើ​​​អំណាច​​​ផ្ទាល់​​​ខ្លួន​​​ ដើម្បីប្រើ​​​អំពើ​​​ហិង្សាមក​​​លើ​​​កម្លាំង​​​កង​​​រាជអាវុធ​​​ហត្ថ​​​របស់​​​យើង​​​ ដែល​​​កំពុង​​បំពេញ​​​ភារកិច្ច​​​”។

យោង​​​តាម​​​មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ម្នាក់​​​ទៀត​​​ ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក​​​ដែរ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ បាន​​​ឃើញ​​​អ្នកចូលរួម​​​កាន់​​​ទុក្ខ​​​វ័យ​​​ចំណាស់ប្រ​​​ហែល​​​១០​​​នាក់​​​កំពុង​​​ថប់​​​ដង្ហើម​​​ខ្លាំង​​​​ពេក ទើប​​​ពួក​ខ្លួន​​​​អនុញ្ញាតឲ្យ​​​ពួកគាត់​​​ចូល​​ទៅ​ខាងក្នុង​តំបន់ការពារដើម្បី​​​ដកខ្យល់បរិសុទ្ធ។

លោក ទីតូ មាន​​ប្រសាសន៍ថា ​លោក  ​បុ៊ណ្ណា និង​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ដែល​​​ត្រូវ​​​លោក ជួន សុវណ្ណ វាយ​​​នោះនឹង​​​រង់​​​ចាំ​​​រហូត​​​ដល់​​​ព្រះ​​​រាជ​​​ពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​ចប់​​​រួច​​​រាល់​​​ទើប​​​សម្រេច​​​​ថា​​​ តើត្រូវ​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ប្ដឹង​​​លោក ​ជួន ​សុវណ្ណ ឬអត់។

លោកឧត្តមសេនីយ៍​​​ឯក​​​ ជួន សុវណ្ណ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ កាល​​​ពី​ម្សិល​​​មិញ ចំណែក​​​លោក​​​ឧត្តម​​​សេនីយ៍​​​ត្រី ​ជួន ណារិន​ ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ​បាន​​​បដិសេធ​​​មិន​​​ធ្វើអត្ថា​​​ធិប្បាយឡើយ៕ ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស