38 C
Phnom Penh

ប្រជាពល​រដ្ឋ​ទិញ​ព្រះ​ឆា​យា​ល័ក្ខណ៍​​ព្រះ​មហា​វីរ​ក្សត្រ​ដើម្បី​ទុក​សម្រាប់រំឭក​ដល់​ព្រះ​អង្គ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញនៅមុខ​រោង​ពុម្ព​សិង្ហ​មាស​​មាន​ព្រះឆាយា​ល័ក្ខណ៍​ របស់​អតីត​ព្រះ​មហា​វីរក្សត្រ​ សម្តេចឪ នរោត្តម​ សីហនុ ជាច្រើន​សន្លឹក​​​នៅ​ពាស​ពេញ​កម្រាល​ឥដ្ឋ​ និង​មាន​​កាត​ដែល​រចនា​​ដោយ​ព្រះ​ភក្រ្ត​របស់​ព្រះ​អង្គ​បាន​​ហៀរ​ចេញមក​​លើ​ចិញ្ចើមផ្លូវ​ ។

អ្នកស្រីហ្គួរ៉ានស៊ីគីអាយុ​៤១ឆ្នាំជាម្ចាស់​រោង​ពុម្ព​នេះ​ ដែលស្ថិតនៅ​តាម​ផ្លូវ​លេខ​១៣​​ក្នុង​រាជធានីភ្នំពេញ ​តែង​តែ​ផលិត​ស្លាក​សញ្ញា​​ប័ណ្ណផ្សព្វផ្សាយ​ និង​ស្លាក​សញ្ញា​ពាណិជ្ជ​កម្ម​ ឲ្យ​ភោជនីយដ្ឋាន​ និង​ហាង​នានា​ ក្នុង​រាជ​ធានី​ភ្នំពេញ។ ប៉ុន្តែ សម្រាប់​រយៈ​ពេល​បីថ្ងៃ​​នេះ​ អ្នកស្រី​បាន​បន្ថែម​បុគ្គលិក​ ដើម្បី​ជួយ​បោះ​ពុម្ព​ និង​អ៊ុត​​ព្រះ​ឆាយា​ល័ក្ខណ៍​ របស់​អតីតព្រះ​មហា​រីរក្សត្រ។​

អ្នកស្រីរា៉នស៊ីគីគឺ​ជា​ម្ចាស់​ហាង​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ហាង​ជា​ច្រើន​ និង​ជា​អាជីវករ​មួយ​រូប​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដែល​បាន​យក​​ហាង​របស់​ខ្លួន​ធ្វើ​ជា​កន្លែង​លក់​ និងចែក​ចាយ​ដល់​អ្នកលក់ព្រះ​ឆាយា​ល័ក្ខណ៍តាម​​ដង​ផ្លូវ​ ដែល​ព្យាយាម​បំពេញ​តម្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋរាប់​ម៉ឺន​នាក់​ ដែល​អញ្ជើញមក​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​បរមសពព្រះ​រតនកោដ្ឋ​ ដែល​នឹង​ត្រូវ​ថ្វាយ​ព្រះ​ភ្លើង​នៅ​ល្ងាច​នេះ។

អាជីវករ​រាប់​រយ​នាក់ បាន​លក់​ព្រះឆាយា​ល័ក្ខណ៍​នៅ​តាម​ដង​ផ្លូវ​ជុំ​វិញ​ព្រះ​បរម​រាជ​វាំង​ ​ដើម្បី​លក់​បូកាន់​ព្រះ​មរណទុក្ខ​ និង​ប័ណ្ណ​ផ្សេងៗ ​ដល់​អ្នក​កាន់​ទុក្ខ​ ដើម្បី​រំឭក​ដល់ព្រះ​មហាវីរ​ក្សត្រ​ជាទី​ស្រឡាញ់​របស់​ខ្លួន​។

អ្នកស្រី​ រ៉ានស៊ីគី បាន​លក់​ក្នុង​តម្លៃ​១៥០០​រៀល​ និង​អ្នកស្រី​បាន​ប៉ាន់​ប្រមាណ​ថា បាន​លក់​​អស់​ចំនួន​៧.០០០សន្លឹក ព្រម​ទាំង​បូកាន់​ទុក្ខ​រាប់​ពាន់​ និង​ព្រះឆាយា​ល័ក្ខណ៍​តូចៗ​ រាប់​ពាន់​សន្លឹក ដែល​លក់​ក្នុង​តម្លៃដូចគ្នាដែរ​។

កាលពីម្សិលមិញ​ របររកស៊ី​បែបនេះបាន​ចំណេញយ៉ាង​ច្រើន​នៅឯហាង​លក់​សៀវ​ភៅហ្គោលដិនបុ៊ក ស្ថិតនៅតាម​ផ្លូវ​លេខ​១៣០ក្នុង​​រាជធានី​ភ្នំពេញ។ មនុស្សម្នា​ជាច្រើន​ប្រមូល​ផ្តុំគ្នា​នៅ​ជុំ​វិញ​តុមួយ​​ដាក់ នៅ​ខាង​ក្រៅ​ហាង​លក់​សៀវភៅ​  ដើម្បី​ទិញ​ព្រះ​ឆាយា​​ល័ក្ខណ៍​របស់អតីត​ព្រះ​មហា​វីរក្សត្រ។ នៅ​ខាង​ក្នុង​ហាង​មាន​ម៉ាស៊ីន​សម្រាប់​អ៊ុត​រូប​ថត​ចំនួន​ប្រាំមួយ​គ្រឿង​កំពុង​តែ​ដំណើរការ​ដោយ​មាន​​បុគ្គលិក​ធ្វើការ​ដាក់​រូប​ថត​មួយ​សន្លឹក​ហើយ​មួយ​សន្លឹក​ទៀត​ជាបន្តបន្ទាប់​គ្នា​។

អ្នកស្រីសៅលក្ខិណាជា​ម្ចាស់​ហាង​លក់​សៀវភៅ​បាន​បដិសេធ​មិន​សន្និដ្ឋាន​ថា តើ​គាត់​បាន​លក់​ព្រះឆាយាល័ក្ខណ៍​អស់​ប៉ុន្មាន​សន្លឹក​នោះ​ទេប៉ុន្តែបាន​និយាយថាអ្នកស្រី​កំពុង​ព្យាយាម​ឆ្លើយតបតាម​តម្រូវ​ការ​របស់​ប្រជាពលរដ្ឋ​។

អ្នកស្រី​បាន​និយាយថា “ យើង​កំពុង​លក់​ព្រះ​ឆាយាល័ក្ខណ៍​ដូច​លក់​នំ​ ដែល​ទើប​នឹង​ចេញ​ពី​ឡ​អ៊ីចឹង។ មានអ្នកលក់​ជាច្រើន​មក​រកដល់​ហាង​របស់​យើង​ ហើយ​យើង​បាន​លក់​ឲ្យ​ពួកគាត់​ ហើយ​ពេល​ខ្លះ​យើង​ផ្តិត​ព្រះឆាយាល័ក្ខណ៍លក់​ឲ្យ​មិន​ទាន់​ផង​”។

កាល​ពី​ម្សិល​មិញ ក្រុមអ្នកលក់បាន​​ប្រកួត​ប្រជែង​គ្នា​​ ​​ដើម្បី​​ទិញ​​ព្រះឆាយា​ល័ក្ខណ៍​សម្រាប់ទុក​លក់​​ឲ្យ​ប្រជាពលរដ្ឋ​មកចូល​រួម​កាន់​ព្រះរាជ​មរណទុក្ខ ​ដែល​នាំ​គ្នា​​មក​កាន់​វាល​​ព្រះ​មេរុ​ ដោយដើរតាម​ផ្លូវនានា ​នៅ​ជុំវិញ​បរិវេណជុំវិញព្រះ​បរម​រាជវាំង​ កាល​ពីល្ងាច​ម្សិលមិញ។

អ្នកស្រី អឿត មានអាយុ​៦២ឆ្នាំ​ បាន​និយាយ​ថា អ្នកស្រី​បាន​ទិញ​ និង​លក់​ព្រះ​ឆា​យា​ល័ក្ខណ៍របស់អតីត​ព្រះមហាវី​រ​ក្សត្រ​ សម្តេចឪ ​នរោត្តម សីហនុ អស់​ចំនួន​ប្រហែល​៥០០​សន្លឹក និង​បានលក់បូ​មាន​ព្រះ​ឆាយាល័ក្ខណ៍​ចំនួន​៣០០​បូ ​ចាប់​តាំង​ពី​ថ្ងៃសៅរ៍មកក្នុង​តម្លៃ​៥០០រៀល​ សម្រាប់បូនីមួយ​ៗ។

អ្នកស្រី​និយាយបន្តថា “ ប្រជាពលរដ្ឋ​បាន​​ប្រាប់​ខ្ញុំ​ថា ពួកគាត់​ទិញ​ព្រះឆាយា​ល័ក្ខណ៍​ទាំង​​នេះ​ ដើម្បី​ទុក​ធ្វើ​ជា​វត្ថុ​អនុស្សាវរីយ៍​ ពីព្រោះ​ពួកគេ​ចង់​រក្សាទុក​ព្រះឆាយាល័ក្ខណ៍នេះសម្រាប់​បង្ហាញ​ដល់កូន​ចៅ​របស់​ខ្លួន​ឲ្យនឹក​ឃើញដល់​ព្រះ​អង្គ”។

អ្នកស្រី​មាន​បន្ថែម​ទៀត​ថា “ ប្រសិន​បើ​ខ្ញុំ​​មិន​លក់​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​ឪ​ នរោត្តម​ សី​ហនុ ទេនោះ តើ​ប្រជា​ពល​រដ្ឋ​ខ្មែរនឹង​ចង​ចាំ​​ព្រះ​ភក្ត្រ និង​ព្រះ​កិត្ត​ិសព្ទ​របស់ព្រះអង្គ​ដោយ​​របៀប​ណា។​ប្រជា​ពល​រដ្ឋ​នឹង​នឹក​ឃើញ​នូ​វ​អ្វី​ ​ដែល​​​ទ្រង់​បាន​លះបង់ដើម្បី​កសាង​ប្រទេសនិង​អប់​រំ​ប្រជា​ពលរដ្ឋ​របស់​ទ្រង់​ តាម​រយៈ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់ទ្រង់​”។

យោងតាម​ស្ត្រី​ម្នាក់​ឈ្មោះ ហួត គៀតអាយុ​​២៥​ឆ្នាំ​ ដែល​អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​ ដើម្បី​ទិញព្រះ​ឆាយាល័ក្ខណ៍​ចំនួន​១០០​សន្លឹក​​ឲ្យ​ប្អូន​ស្រី​របស់​ខ្លួនលក់​នៅ​ក្នុង​ខេត្ត​សៀម​រាប បានឲ្យដឹងថា មិន​មែន​តែ​នៅ​ក្នុង​រាជធានី​​ភ្នំពេញ​ប៉ុណ្ណោះទេ ដែល​ប្រជា​ពល​រដ្ឋខ្មែរ​ត្រូវ​​ការព្រះ​ឆាយាល័ក្ខ​ណ៍​នេះ។​ ស្ត្រី​រូប​នេះ​និយាយ​ថា “ មាន​ប្រជា​​ពលរដ្ឋ​ក្នុង​ខេត្ត​សៀម​រាប​ច្រើន​ណាស់​បាន​​មក​ទិញ​ព្រះ​ឆាយា​ល័ក្ខណ៍​របស់ព្រះអង្គ​”។

ចំណែក​ព្រះឆាយាល័ក្ខណ៍ពាក់​ព័ន្ធ​នឹង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើងដល់​ព្រះ​បរម​សព​សម្ដេច​ឪ​ នរោត្តម​ សីហនុលក់​ពុំ​សូវ​ដាច់​ទេព្រោះ​គេ​មិន​សូវ​ចាប់​អារម្មណ៍។ព្រះឆា​យា​ល័ក្ខណ៍​ទាំង​នោះ​មាន​ខ្លះ​ថត​យូរមក​ហើយប៉ុន្ដែក៏​មានព្រះ​ឆាយាល័ក្ខណ៍ថ្មី​ៗពាក់​ព័ន្ធ​នឹង​ពីធី​ដង្ហែ​ព្រះ​បរមរតន​កោដ្ឋ​សម្ដេច​ឪ​ កាល​ពីថ្ងៃ​សុក្រដែរ។

អ្នក​ស្រី រ៉ានស៊ីគី បាន​មាន​ប្រសាសន៍​ថា ​រូប​ថត​របស់​អ្្នក​ស្រី​ខ្លះបានមកពី​គេហ​ទំព័រ​ហ្គូហ្គល​ ដោយប្រើពាក្យ​ស្វែងរក​​ “ សម្តេច​ឪនរោត្តម​ សីហនុ”។​បន្ទាប់​មក​អ្នកស្រី​ទាញ​យក​រូប​ថត​ ដែល​អ្នកស្រី​ចង់​លក់​ រួចផ្ញើទៅ​​​​​​​​​​ឲ្យ​រោង​ពុម្ពរបស់​អ្នកស្រី​​ ដែល​ស្ថិតនៅ​ជិត​ផ្សារ​អូរឫស្សី​ រួចបោះពុម្ពព្រះឆាយាល័ក្ខណ៍​ទាំង​នោះ​ សម្រាប់យកមក​លក់​វិញ​ក្នុង​រយៈពេល​២៤ម៉ោង​។ ព្រះឆាយាល័ក្ខណ៍ទាំង​នោះ​រួម​មាន​ ព្រះ​ឆាយា​ល័ក្ខណ៍​​តូចៗ​របស់​សម្តេចឪសម្តេច​ម៉ែ

នរោត្តម​ មុនីនាថសីហនុនិង​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី។ ក្នុងព្រះឆាយាល័ក្ខណ៍មួ​យ​ មានព្រះ​មហា​​វីរក្សត្រ ​សម្តេចនរោត្តមសី​ហ​នុនិង​សម្តេច​ព្រះ​មហាក្សត្រីមុនី​​នាថសីហនុទ្រង់បង់​ក​ក្រមា​ ​និ​ង​កំពុង​ក្រសាលជាមួ​យ​សត្វ​ស្វា​មួយ​ក្បាល​​នៅ​ក្នុង​ព្រៃ​។ក្នុងព្រះឆាយាល័ក្ខណ៍មួយ​ទៀត​ ​​រាជ​វង្សា​នុ​វង្ស​កំ​ពុ​ង​​​គង់នៅ​​ក្នុង​បន្ទប់​​ទទួល​ភ្ញៀវ​ ​ដែលពេលនោះព្រះ​មហា​ក្សត្រ នរោត្តមសីហនុ ទំនងជាមានព្រះជន្មនៅក្មេង​វ័​យ​នៅ​ឡើយ​ ​ដោយមា​ន​ព្រះ​កេសា​​​ខ្មៅ​រលើប​។

​​​​ព្រះឆាយាល័ក្ខណ៍​មួយ​ចំនួន​ទៀតរបស់​ព្រះ​បរមរតនកោដ្ឋ ​​ជាអគ្គ​មេ​​បញ្ជា​​​​​​​ការនៃកងយោធពល​ខេមរ​ភូមិន្ទ​​​រយៈ​​​ពេល​​​ច្រើនឆ្នាំកំ​ពុងគំនាប់​​​​​​​​​ទា​ហា​ន ឬជា​​​ព្រះឆាយា​​​​ល័ក្ខណ៍ទ្រង់ព្រះ​​​​​​ពស្ត្រក្នុង​​​ឯក​​​សណ្ឋាន​យោ​ធា​។

ជា​កា​រ​​ពិត​ណាស់ ក្នុងមួយ​ព្រះ​ជ​ន្ម​​របស់​ព្រះ​អង្គ ចាប់​ពី​កុ​មា​រ​​ភាព​រហូ​ត​ដល់ពេលឡើ​ង​​គ្រង​រាជសម្បតិ្ត នៅ​ពេល​ព្រះ​អង​្គ​មាន​ជន្មាយុ​​​វ័យ​​១៩​ព្រះ​វស្សា និងកា​រឡើង​គ្រង​​រាជ​្យ​សម្បិត្តទាំង​ពីរ​លើក​​ ពេល​ជា​ព្រះ​ប្រមុខ​រដ្ឋ​ ព្រមទាំង​ក្នុងរយៈ​ពេល​ប្រាំ​បួ​ន​ឆ្នាំ​​ជាព្រះ​មហាវីរ​ក្សត្រចូលនិវត្តន៍ និង​មាន​ព្រះឆាយា​ល័ក្ខណ៍​នៃព្រះរាជពិធីជាបន្តបន្ទាប់នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ ដូចជាពិធី​​ដង្ហែ​ព្រះបរម​សពព្រះបរមរតនកោដ្ឋ ដល់លើព្រះមេរុនៅ​ទល់​​មុខ​សារ​មន្ទីរ​ជាតិ​ ដើម្បីថ្វាយ​ព្រះ​ភ្លើង​​។

អ្នក​ស្រីលៀមជាម ​​អា​យុ​៥៤ឆា្នំ​ បា​ន​​កាន់​​ព្រះឆាយាល័ក្ខណ៍របស់ព្រះបរម​សព​ ព្រះ​បរម​រតនកោដ្ឋសម្តេចឪចំនួន​ប្រាំ​មួ​យ​សន្លឹកកា​ល​ពី​ម្សិល​មិញ​ ដែលអ្នក​ស្រី​​ចង់រក្សា​​ទុ​ក​នៅ​ផ្ទះ​​ដើ​ម្បី​បង្ហាញដល់​​កូន​ចៅជំនាន់​ក្រោយ​​​របស់​​អ្នក​ស្រី​។ ​​​អ្នក​ស្រីបន្តថា “ ​បើ​ទោះ​​​ជា​សម្តេចឪ​ យាង​​ចូល​ទិ​វង្គត​​ទៅ​ហើយ​ក៏​ដោយ ​ក៏​យើង​នៅ​តែ​ចង​ចាំ​ព្រះ​អង​្គ​​តា​ម​​រយៈ​​​ព្រះ​​​ឆាយាល័ក្ខណ៍​​ទាំ​ង​នេះ​”៕ ប្រែសម្រួលដោយ​ ឃិនណៃ

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស