ឯកអគ្គរដ្ឋទូតបម្រុងរបស់ប្រទេសបារាំងបានលើកឡើងកាលពីម្សិលមិញថា លោកនាយករដ្ឋមន្ត្រីបារាំងហ្សង់ម៉ាកអាយរ៉ូល (Jean Marc Ayrault) បានលើកឡើងអំពីការផ្តន្ទាទោសដ៏ចម្រូងចម្រាសចំពោះលោកសមរង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងលោកម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុឯករាជ្យមួយអំឡុងជំនួបជាមួយសមភាគីកម្ពុជារបស់លោកកាលពីថ្ងៃអាទិត្យ។
លោក ហ្សង់ម៉ាក អាយរ៉ូលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមពិធីថ្វាយព្រះភ្លើងព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ នរោត្តមសីហនុ។លោកសឺចម៉ូស្ទូរ៉ា (Serge Mostura) ដែលកំពុងរង់ចាំសេចក្តីប្រកាសផ្លូវការជាឯកអគ្គរដ្ឋទូតបារាំងបន្ទាប់ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា “លោកនាយករដ្ឋមន្ត្រីបារាំងបានលើកឡើងអំពីបញ្ហាទាំងអស់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រាប់ទាំងបញ្ហានយោបាយផងដែរ”។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតមួយនៅស្ថានទូតបារាំងថា “ លោកបានលើកឡើងអំពីរឿងក្តីនេះថាយើងទាំងអស់គ្នាដឹងអំពីរឿងក្តីរបស់លោកសមរង្ស៊ី និងលោកម៉មសូណង់ដូ ដែលលោកទាំងពីរមានសញ្ជាតិបារាំង”។
លោក ម៉ូស្ទូរ៉ា បន្តថា លោក អាយរ៉ូល ក៏បានមានប្រសាសន៍ប្រាប់លោក ហ៊ុន សែនដែរអំពីអ្នកយកព័ត៌មានបារាំងម្នាក់ គឺលោក ដាញែល ឡេន (Daniel Laine) ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកំបាំងមុខពីបទសញ្ចរកម្មឲ្យជាប់ពន្ធនាគាររយៈពេលប្រាំពីរឆ្នាំកាលពីឆ្នាំ២០១០។លោកម៉ូស្ទូរ៉ាបានបន្ថែមថា “ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានកត់ត្រាពីគោលជំហររបស់យើងនិងកត់ត្រាពីការព្រួយបារម្ភរបស់យើង ព្រមទាំងកត់ត្រាពីការលើកឡើងរបស់យើង។ ការពិភាក្សារបស់យើងបើកចំហហើយយើងសង្ឃឹមថា នឹងទទួលបានលទ្ធផលល្អនៅពេលអនាគត”។
លោកសមរង្ស៊ី មេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសតទល់នឹងគណបក្សកាន់អំណាចកំពុងរស់នៅក្នុងប្រទេសបារាំងជាលក្ខណៈនិរទេសខ្លួន ដើម្បីគេចពីការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ពីបទដកបង្គោលតម្រុយព្រំដែនរបស់ប្រទេសកម្ពុជាជាមួយប្រទេសវៀតណាម និងពីបទបង្ហោះផែនទីព្រំដែនតាមអីុនធើណិត។
លោកម៉មសូណង់ដូម្ចាស់ស្ថានីយវិទ្យុឯករាជ្យមួយ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល២០ឆ្នាំកាលពីក្នុងខែតុលា ពីបទបង្កើតចលនាអបគមន៍នៅជនបទ។
លោកទាំងពីរ អ្នកគាំទ្រ និងអ្នកសង្កេតការណ៍ឯករាជ្យជាច្រើននាក់បានចាត់ទុកបទចោទប្រកាន់ពីសំណាក់ប្រព័ន្ធតុលាការ ដែលចាំតែធ្វើតាមបញ្ជារបស់គណបក្សកាន់អំណាចដែលមិនចេះអត់ឱនដល់ការប្រឆាំងណាមួយចំពោះអំណាចរបស់ខ្លួននោះ ថាជារឿងនយោបាយ។
ក្រុមមេធាវីរបស់លោកឡេន រួមជាមួយអង្គការសិទ្ធិមនុស្សក្នុងស្រុក និងអង្គការសេរីភាពពត៌មានអន្តរជាតិ លើកឡើងថាលោកឡេន ត្រូវបានទម្លាក់កំហុសជាការសងសឹកនឹងការងាររបស់លោកជាអ្នកកាសែត ដែលលាតត្រដាងពីការរកស៊ីផ្លូវភេទនៅក្នុងប្រទេសកម្ពុជា។
លោកផៃស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា លោកមិនដឹងអំពីជំនួបកាលពីថ្ងៃអាទិត្យទេហើយបានបង្វែរសំណួរទៅមន្ត្រីខុទ្ទកាល័យរបស់លោកហ៊ុនសែនដែលមិនអាចទាក់ទងបាន។
អ្នកស្រីឌីនផាន់ណារ៉ា ភរិយារបស់លោកម៉មសូណង់ដូ បានមានប្រសាសន៍ថាលោកនាយករដ្ឋមន្ត្រី អាយរ៉ូល បានសួរនាំអំពីប្តីរបស់អ្នកស្រីអំឡុងពេលស្រស់ស្រូបអាហារពេលល្ងាចនៅស្ថានទូតបារាំងកាលពីថ្ងៃអាទិត្យ។ អ្នកស្រីបន្តថា “ លោកបានសួរនាំអំពីស្ថានភាពរបស់លោកសូណង់ដូនិងសុខភាពរបស់គាត់ក្នុងពន្ធនាគារ។លោកលើកឡើងដែរអំពីការគាំទ្រលោកម៉មសូណង់ដូ និងបានលើកទឹកចិត្តគាត់។លោកស្នើឲ្យស្ថានទូតតាមដានស្ថានភាពរបស់គាត់ឲ្យបានល្អិតល្អន់”។
អ្នកស្រីផាន់ណារ៉ា បានមានប្រសាសន៍ថាប្តីអាយុ៧១ឆ្នាំរូបនេះតែងតែត្អូញត្អែរថា គាត់ចេះតែផ្តាសាយចាប់តាំងពីការចាប់ខ្លួនគាត់កាលពីខែកក្កដានិងឈឺធ្មេញ និងរាករូស។
លោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាក៏បានលើកឡើងរឿងក្តីលោក ម៉មសូណង់ដូ ជាមួយលោក ហុ៊នសែន ដែរខណៈដែលចូលរួមកិច្ចប្រជុំកំពូលតំបន់នៅទីនេះកាលពីក្នុងខែវិច្ឆិកា ដោយហៅលោក សូណង់ដូ ថា ជាអ្នកទោសនយោបាយ និងជំរុញឲ្យដោះលែងគាត់ ដើម្បីកុំឲ្យខូចទំនាក់ទំនងទ្វេភាគី៕
(រាយការណ៍បន្ថែមដោយ Denise Hruby)
ប្រែសម្រួលដោយ ចេវប៊ុននី