40.6 C
Phnom Penh

រដ្ឋាភិបាល​លុប​ចោល​គម្រោង​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​សហគមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯកសារ​ដែល​ទទួល​បាន​កាល​ពី​ម្សិលមិញ​ បាន​បង្ហាញ​ថាគម្រោង​ផ្ដល់​ប័ណ្ណ​​​​កម្មសិទ្ធិ​ដី​ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនដែល​បានប្រកាស​កាល​ពី​ខែ​មិថុនា ​រួម​បញ្ចូល​សារា​ចរណែ​នាំ​ ដើម្បី​​ផ្ដល់​ប័ណ្ណ​​​​កម្មសិទ្ធិ​ដីធ្លី​រួម​ដល់​សហគមន៍​ជន​ជាតិ​ភាគ​តិច​ផង​ដែរ​ ប៉ុន្ដែសារា​​​ចរ​​​ណែ​នាំ​ ដើម្បី​​ផ្ដល់​ប័ណ្ណ​​​​កម្ម​សិទ្ធិ​ដី​ធ្លី​រួម​ទៅ​ឲ្យ​សហគមន៍​ជន​ជាតិ​ភាគ​តិច​នេះត្រូវ​បាន​លុប​ចោល​វិញ​​បី​សប្ដាហ៍​ក្រោយ​ ដោយ​សារតែ​វា​ហាក់​បី​ដូច​ជា​ចំណាយ​អស់​ថវិកា​ច្រើន​ និង​ប្រើ​ពេល​វេលា​​យូរ​ពេក​។

ចាប់​តាំង​ពី​កម្មវិធី​ផ្ដល់​ប័ណ្ណ​​​​កម្មសិទ្ធិ​ដី​ធ្លី​ ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ មករដ្ឋាភិបាល​បាន​ចេញ​ប័ណ្ណ​​​​កម្មសិទ្ធិ​ដី​ធ្លី​ឯកជន​ជាង​១២៥.០០០​ច្បាប់​​ ទៅ​ឲ្យ​អ្នក​ភូមិ​ ដែល​រស់​​នៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ និង​ដី​ព្រៃ​របស់​រដ្ឋ​ ខណៈ​​និស្សិត​ស្ម័គ្រ​ចិត្ត​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​តំបន់​នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​​ដោយ​​ក្រសួង​រៀប​ចំ​ដែន​ដីនគ​រូបនីយកម្មនិង​សំណង់​ កំពុង​តែ​បន្ដ​វាស់​វែង​ដី​ធ្លី​ឲ្យ​អ្នក​ភូមិ​ផ្សេង​ៗ​ទៀត ដែល​គ្មាន​ឯកសារ​កាន់​កាប់​ដី​ធ្លី​ស្រប​ច្បាប់​នោះ។

ប៉ុន្ដែ យោង​តាម​​សារាចរ​​មួយ​ដែល​ផ្ញើ​ទៅ​មន្ទីរ​រៀប​ចំ​ដែន​ដីខេត្ត និង​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយលោកអឹុមឈុនលឹមរដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម​ និង​សំណង់កាល​ពី​ថ្ងៃ​ទី​៤ខែ​កក្កដាកម្មវិធី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​​ដី​ធ្លី​ ដែល​ហៅ​ថា​​ បទ​បញ្ជា​​លេខ​០១ក៏​មាន​​​គោល​​បំណង​ ដើម្បី​ជួយ​ក្រុម​ជន​ជាតិ​ភាគ​តិច​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ទទួល​បានប័ណ្ណ​​​កម្មសិទ្ធិ​ដី​ធ្លី​រួម​ដ៏​កម្រ​​នេះ​ផង​ដែរ​។

សារាចរណែ​នាំ​​នេះចែង​​ថា “ សម្រាប់​ក្រុម​ជន​ជាតិ​ភាគ​តិច​ ដែល​បាន​ចុះ​ឈ្មោះ​ចូល​ជា​សហគមន៍​ដោយ​ក្រសួង​មហាផ្ទៃ​ ដំណើរ​ការ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​គួរ​តែ​​ធ្វើ​ឡើង​ដូច​គ្នា​នឹង​​ដំណើរ​ការ​​​ដែល​មាន​ចែង​នៅ​ក្នុង​ការ​ណែ​នាំ​របស់​នាយក​ដ្ឋាន​សុរិយោដី​នៅក្រសួង​រៀប​ចំ​ដែន​ដី​ ស្ដី​អំពី​ការ​អនុវត្ត​បទបញ្ជា​លេខ​០១របស់​រាជ​រដ្ឋាភិបាល​កម្ពុជា”។

សារចរ​ណែ​នាំ​នេះ​ចែង​ទៀត​​ថា “ ​ដី​ធ្លី​គួរតែ​​ចុះបញ្ជី​ជា​​កម្ម​សិទ្ធិ​​រួម​របស់​សហគមន៍​​តាម​សំណើ​របស់​អាជ្ញាធរក្រុម​ជន​ជាតិ​ភាគ​តិច”។ សារាចរ​នេះ​រួម​មាន​ការ​ណែ​នាំ​អំពី​របៀប​​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រឹងសម្រាប់​សហគមន៍​ និង​របៀប​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ធ្លី​បឋមថ្វី​បើ​ការ​ផ្ដល់​ប័ណ្ណ​កម្ម​សិទ្ធិ​រួម​ទៅ​ឲ្យ​ក្រុម​ជន​ជាតិ​ភាគ​តិច​កំពុង​ស្ថិត​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​ជា​សហ​គមន៍​ ដោយ​ក្រសួង​មហាផ្ទៃ​ក្ដី។

ទោះយ៉ាង​ណា​ សារាចរ​ណែនាំ​ទី២​ដែល​​​ចុះ​ហត្ថលេខា​ដោយ​លោក​ អុឹម​ ឈុន​​​លឹម​ និង​ចុះ​ថ្ងៃ​ទី​២៦​ ខែកក្កដា​ ដែរ​នោះ​​ បែរ​ជា​ផ្ទុយ​ទៅ​នឹង​បទ​បញ្ជា​ទាំង​នេះ​ទៅ​វិញ។

សារាចរ​ណែនាំ​ទី២​នេះ​​ចែង​ថា​ “ដើម្បី​អនុវត្ត​តាម​បទ​បញ្ជា​លេខ០១​របស់រាជ​រដ្ឋាភិ​បាល​កម្ពុជា​ ប្រ​ធាន​ក្រុម​ប្រឹក្សា​រៀប​ចំ​គោល​​​​នយោបាយ​ដី​ធ្លី​ ​ផ្តល់​ការ​​​ណែ​នាំ​ដូច​ខាង​ក្រោម​​ពាក់​ព័ន្ធ​នឹង​ដី​ធ្លី​របស់​ជនជាតិ​ភាគ​តិច​ទៅ​ឲ្យ​ប្រធាន​គណៈកម្មាធិការ​​សុរិយោ​ដី​​ខេត្ត​ក្រុង”​​​។ សារាចរនេះ​​​ចែង​​ថា​ “ការ​កំណត់​ព្រំ​ប្រទល់​ដីទាំង​អស់​ ដែល​កំពុង​ត្រូវ​បាន​កាន់​កាប់​រួម​ដោយ​សហគមន៍​ជន​ជាតិ​ភាគ​តិច​ ត្រូវ​ចំណាយពេល​វេលា​យូរ​ ក៏​ដូចជា​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ទៀត​ផងដែរ​។​ ហេតុ​ដូច្នេះ​ហើយ​ការ​ចុះ​បញ្ជី​​ជា​កម្ម​សិទ្ធិ​ដីធ្លី​រួម​របស់​សហគមន៍​ជនជាតិ​ភាគ​តិច​ ត្រូវ​ផ្អាក​ ហើយ​ត្រូវ​អនុវត្ត​ឡើង​វិញ​នៅ​ពេល​ក្រោយ”។

ជំនួស​ឲ្យ​ការ​ណែនាំ​​ចំពោះ​ការ​ចេញ​ប័ណ្ណ​​កម្មសិទ្ធ​ិដីធ្លី​រួមឯកសារ​ដែល​ត្រូវ​មាន​រួម​មាន​ កិច្ច​សន្យា​មួយ​ច្បាប់​សម្រាប់​បុគ្គល​ជន​ជាតិ​ភាគ​តិច​ ដែល​មិន​ចង់​ចូល​ជា​សមាជិក​សហគមន៍​ជន​ជាតិ​ភាគ​តិច​ ហើយ​ចង់​រស់​នៅ​ជា​លក្ខណៈ​​ឯក​ជន​វិញ​”។​ កិច្ច​សន្យា​ ដែល​​ត្រូវ​តែ​មាន​ស្នាម​ផ្តិត​មេដៃ​​នេះ​ក៏​​ចែង​ដែរ​ថា​ ​​​

បុគ្គល​ជន​ជាតិ​ភាគ​តិច​ណា​មួយ​ ដែល​មាន​បំណង​ចង់​បាន​ប័ណ្ណ​​កម្មសិទ្ធ​ិធ្លី​ឯក​ជន​គឺ​មិន​មាន​សិទ្ធិ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ប័ណ្ណ​​កម្មសិទ្ធ​ិដីធ្លី​រួម​ឡើយ។

លោក​ បេង​ហុង​​​ សុជាតិ​ខេមរ៉ូ​ អ្នក​នាំ​ពាក្យ​ក្រសួង​រៀប​ចំដែន​ដី​ នគ​រូបនីយកម្ម​ និង​សំណង់​ ​ថ្លែង​កាល​ពី​ម្សិល​មិញ​ថា​ លោក​មិន​អាច​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​នឹង​ដី​ធ្លី​បាន​ឡើយ​​​។ លោក​បាន​ថ្លែង​ថា​ “ខ្ញុំមិន​អាច​ឆ្លើយ​សំណួរ​ពាក់​ព័ន្ធ​ទៅ​នឹង​ដី​ធ្លី​នេះ​បានទេ​ ពី​ព្រោះ​ខ្ញុំ​មិន​មាន​ព័ត៌​មាន​អំពី​ដីធ្លី​នេះ​ទេ។​ ប្រសិន​បើ​វា​ពាក់​ព័ន្ធ​​នឹង​គម្រោង​នគ​រូប​នីយកម្ម​ និង​សំណង់​ ប្រហែល​ជា​ខ្ញុំ​អាច​ឆ្លើយ​បាន​”។

លោក​បាន​បង្វែរ​សំណួរ​ទាំង​នេះ​ទៅ​ឲ្យ​លោក​ ស​ សុវណ្ណ​ អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​​​សុរិយោដីក្រសួង​រៀប​ចំដែន​ដី​វិញ។​ ក៏​ប៉ុន្តែ​ លោក​ ស​ សុវណ្ណ​ មិន​អាច​ទាក់​ទង​បាន​ឡើយ​​​។

​លោក​ សេក​ សុភ័ណ្ឌ​ អ្នក​សម្រប​សម្រួល​គម្រោង​​ថ្នាក់​ជាតិ​នៅ​អង្គការ​ពល​កម្ម​អន្តរ​​​ជាតិ​ ដែល​ជា​អង្គការ​ជួយ​ក្រុម​ជន​ជាតិ​ភាគ​តិច​ឲ្យ​ទទួល​កម្មសិទ្ធិ​ដីរួម​​មាន​ប្រសាសន៍​ថា​ លោក​មាន​ការ​ភ្ញាក់​ផ្អើ​ល​ខ្លាំង​ណាស់​នៅ​ពេល​រដ្ឋា​ភិបាល​​ចេញ​សារាចរណែ​នាំ​ទី២​ ជំនួស​សារាចរ​ណែនាំ​ទី១​នោះ​។

លោក​បាន​បាន​មាន​ប្រសាសន៍​ថា​ “ចាប់​តាំង​ដំបូង​មក​ យោង​តាម​សារាចរ​ណែនាំ​របស់​រដ្ឋា​ភិបាល​ គេ​តម្រូវ​ឲ្យ​មន្ត្រី​ទៅ​វាស់​វែង​​​​ដីរួម​សម្រាប់​ក្រុម​សហគមន៍​ជន​ជាតិ​ភាគ​តិច​ណា​ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​​ស្រប​ច្បាប់​”។​លោក​បាន​បន្ត​ថា​ “ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ពួក​គេ​ បាន​ចេញ​សារាចរណែ​នាំ​មួយ​ទៀត​ ដោយ​​​​លើក​ឡើង​ថា​ សូម​ផ្អាក​ការ​អនុវត្ត​​តាម​សារាចរ​​​​ណែនាំ​ចាស់​សិន​”។

លោក​ ស្រឿក​ ចឺយ​ ប្រធាន​សហគមន៍​ជន​ជាតិ​ភាគ​តិច​ព្នង​ ដែល​រស់​នៅក្នុង​ស្រុក​ពេជ្រា​​​​ដា​ ខេត្តមណ្ឌល​គិរី​បានលើក​ឡើង​ថា​ កិច្ច​សន្យា​ ដែល​មាន​ភ្ជាប់​ជា​មួយ​សារាចរណែ​នាំ​ ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​យក​មក​ប្រើ​ ដើម្បី​បោក​បញ្ឆោត​អ្នក​ភូមិ​ឲ្យ​ទទួល​យក​ប័ណ្ណ​កម្មសិទ្ធ​ិដីឯក​ជន​”។

លោក​បាន​និយាយ​ថា​ “យើង​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​ផ្តិត​មេដៃ​លើ​​កិច្ច​សន្យានោះ​ ដោយ​​​​អះ​អាង​ថា​ ពួក​យើង​គ្មាន​សិទ្ធិ​ទទួល​បាន​ផល​ប្រយោជន៍​ណា​មួយ​ពី​ការ​កាន់​កាប់​ដី​រួម​ឡើយ​”។​លោក​បាន​បន្ត​ថា​ អ្នក​ភូមិ​ជាង​១០០គ្រួសារ​ដែល​លោក​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​ក្នុង​ភូមិ​​លេខ​៤​ ក្នុង​ឃុំ​ប៊ូស្រា​កំពុង​តែ​មាន​ផែន​ការ​ប្រគល់​ប័ណ្ណ​​កម្មសិទ្ធិ​ដីឯ​ក​ជន​ ដែល​ពួក​គេ​ទទួល​បាន​ត្រឡប់​ទៅ​ឲ្យ​រដ្ឋាភិ​បាល​វិញ​នៅ​​​​ខែ​វិច្ឆិកា​ និង​ខែធ្នូ។

លោក​បាន​ថ្លែង​ថា​ “យើង​ចង់​ប្រគល់​ប័ណ្ណ​​កម្មសិទ្ធិ​ដីឯក​ជន​ទៅ​ឲ្យ​អាជ្ញាធរ​វិញ​។​ ក្រុម​និស្សិត​ស្ម័គ្រ​​​ចិត្ត​ ដែល​មក​វាស់​វែង​ដីធ្លី​ឲ្យ​​យើង​បាន​ផ្តល់​ព័ត៌​មាន​ខុស​​មក​ឲ្យ​យើង​។

​ពួក​គេ​ប្រាប់​យើង​ថា​ យើង​ត្រូវ​តែ​ទទួល​យក​ប័ណ្ណ​កម្មសិទ្ធិ​ដីឯ​ក​ជន​ជា​មុន​សិន​ ហើយ​រដ្ឋា​ភិ​បាល​នឹង​ចេញ​ប័ណ្ណ​​កម្មសិទ្ធិ​ដីរួម​តាម​ក្រោយ​សម្រាប់​ដីកសិកម្ម​ពនេចរនិង​​​ដីដូន​​​តា”។

លោកអែមសុ​ភ័ក្រអ្នក​សម្រប​សម្រួល​​របស់​​មជ្ឈមណ្ឌល​​អប់​រំ​ច្បាប់​សម្រាប់​សហ​​​គមន៍​​នៅ​ក្នុង​​ខេត្ត​​រត​ន​គិ​រី ​​បា​ន​មាន​ប្រ​សាស​ន៍​ថាអ្នក​ស្រុ​ក​ភូមិ​៤ដែល​ស្ថិត​ក្នុង​​ចំ​ណោម​​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​​រាប់​រយ​នាក់​នៅ​ក្នុង​​ខេត្ត​​មណ្ឌល​​គិរីនិង​​ខេត្ត​រត​នគិរី​​ ដែល​ថ្មីៗ​នេះ​​

ទទួល​បា​ន​​ប័ណ្ណសិទ្ធិ​​ដី​ឯក​​ជន​ បន្ទាប់​​ពី​មា​ន​​​​​សង្ឃឹម​​​យូ​រ​មក​ហើយ​​ថា​នឹ​ង​បា​ន​​​ប័ណ្ណ​កម្មសិទ្ធិ​​ដី​សហ​គមន៍​​ បា​ន​​ធ្វើ​កា​រ​ប្រ​ជុំ​មួ​យ​​កា​ល​ពី​ថ្ងៃ​​ទី​​៣១ខែ​មករាពេល​ដែលដឹង​អំ​​ពី​កា​រ​​​ជាប់​ពាក់​ព័ន្ធ​នៃ​កិច្ច​សន្យា​​នេះ​។

​លោកសុ​ភ័ក្រ​ បា​ន​​បន្តថា“បន្ទាប់​​ពី​​​ទទួលបា​ន​​ប័ណ្ណ​កម្មសិទ្ធិ​​ដីឯក​ជនពួ​ក​គេ​បា​នដឹង​ថាពួ​ក​គេ​គ្មា​ន​សិទ្ធិ​ផ្លាស់​ប្តូរកា​រធ្វើ​កសិកម្ម​ ​ព្រៃ​​កប់​ខ្មោច​ ឬ​ព្រៃ​​ដូ​ន​តា​​នោះទេ​។ជាមួយ​នឹ​​ង​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ឯក​ជន​​ ជន​ជាតិ​ភាគ​​តិ​ច​​នឹង​បាត់​បង់​​អត្ត​សញ្ញាណ​​​ ប្រពៃ​ណី​ ​និង​​វប្ប​​ធម៌​របស់​ខ្លួន ​ហើយ​​នឹង​មាន​ប្រពៃ​ណី​ដូច​​​ប្រជា​​ជន​ខ្មែរ​ឯទៀតដែរ​”។

​​ប័ណ្ណ​​កម្ម​សិទ្ធិ​ដី​រួម​​ មិន​ដូច​ជា​​ប័ណ្ណ​កម្មសិទ្ធិ​​ឯក​ជន​ទេ ​ត្រូ​វ​បា​ន​បង្កើត​ឡើង​​ដើម្បី​កា​រ​​ពា​រ​​​ដី​​ដូន​​តារបស់ក្រុម​​ជន​​ជាតិ​ភាគ​​តិច​​ពី​កា​រ​​​អភិ​វឌ្ឍ​ខាង​ក្រៅ​ និង​រៀប​ចំ​​តំ​បន់ជា​ច្រើន​សម្រាប់​ធ្វើ​ស្រែ​​ចម្ការព្រៃ​កប់​ខ្មោច​​និង​ព្រៃ​ដូន​តា។ ប៉ុន្តែ​ចាប់​តាំ​ង​ពី​​ច្បាប់​ភូមិ​បា​ល​​របស់​ប្រទេស​​នេះ​​ត្រូ​វ​បា​ន​បង្កើត​ឡើង​​ក្នុង​ឆ្នាំ​២០០១​​​មក​ មា​ន​​តែ​ប័ណ្ណ​បី​​​ប្រភេទ​ប៉ុណ្ណោះ​ត្រូ​វ​បា​ន​​ចេញ​ឲ្យ​​​។

​លោកប៉ែនប៊ុណ្ណារ៍មន្ត្រី​ជាន់​ខ្ពស់​​សម្រាប់​​​​កម្មវិធី​ដី​​ធ្លី​​​​និង​ធន​​​ធាន​ជាតិ​​​​ប្រចាំ​អ​ង​្គការ​​សិទ្ធិមនុស្ស​​អា​ដ​ហុក ​បាន​​​ថ្លែងថា ​បើទោះ​ជា​លោក​មិន​ដឹង​​អំ​ពី​សារាចរ​​​​ណែ​នាំ​​​ កា​ល​​​​ពី​ខែ​កក្កដា​​របស់​ក្រសួ​ង​រៀប​ចំ​​ដែន​ដី​​​ទាក់​ទង​នឹង​ក្រុម​​​ជន​ជាតិ​ភាគ​តិចក៏​​ដោ​យក៏គំនិត​របស់​ពួ​ក​គេ​មិន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ឡើយ​។​លោកប៊ុណ្ណារ៍ ​ថ្លែង​ថា“នេះ​បង្ហាញ​កាន់​តែ​ច្បាស់​​ទៀត​​​ថាចា​ប់​​តាំ​ង​ពី​​​អតី​ត​កា​ល​ មក​ទល់​​​​​បច្ចុប្បន្ន​នេះ​ រដ្ឋា​ភិ​បា​ល​​គ្មាន​​បំ​ណង​​ចេញ​​​ប័ណ្ណ​​​​កម្មសិទ្ធិ​​រួម​​ឲ្យ​ក្រុម​ជ​ន​ជាតិភាគ​​តិច​ឡើយ​​​”។

​លោក​បា​ន​​បន្ត​ថា“ ​គោល​នយោ​បា​យ​របស់​រដ្ឋា​ភិ​បា​ល… គឺ​គ្រាន់​តែ​​ធ្វើ​ឲ្យ​កា​រ​កាន់​កាប់​​ដី​រដ្ឋ​​ខុស​ច្បាប់​​ទៅ​ជា​ស្រប​​ច្បាប់​​ប៉ុណ្ណោះ​។ពិ​ត​មែន​ហើយ ​​ភាគ​ច្រើ​ន​នៃ​អ្នក​ដែល​​រាន​ដី​ និង​ទន្ទ្រាន​​​ចូល​ដី​​ព្រៃ​រដ្ឋ​ មិន​មែន​​ជា​ប្រជា​ជន​សាមញ្ញ​​​ទេ​ ប៉ុន្តែ​សុទ្ធ​តែ​ជា​អ្នក​មា​ន​និង​ក្រុម​ហ៊ុន​និង​បុគ្គល​ដែល​មា​ន​អំ​ណា​ច”៕

ប្រែសម្រួល​ដោ​យស៊ាស៊ុយឈាងនិងចេវប៊ុននី​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស