អង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឌុយប្លាំង បានចាត់ទុកលោកម៉មសូណង់ដូម្ចាស់វិទ្យុសម្បុកឃ្មុំ ដែលកំពុងជាប់ពន្ធនាគារ ជាបេក្ខជនចុងក្រោយម្នាក់ក្នុងចំណោមបេក្ខជនចុងក្រោយជាច្រើនមកពីជុំវិញពិភពលោក ដែលនឹងទទួលបានពានរង្វាន់ប្រចាំឆ្នាំរបស់ខ្លួនសម្រាប់សកម្មជនការពារសិទ្ធិមនុស្ស។
កាលពីសប្តាហ៍មុនអង្គការហ្វ្រន់ឡាញឌិហ្វែនឌឺ (Front Line Defenders) បានប្រកាសបញ្ជីបេក្ខជនចុងក្រោយរបស់ខ្លួនចំនួន៩០នាក់ ដែលនឹងទទួលបានពានរង្វាន់ ហ្វ្រន់ឡាញឌិហ្វែនឌឺប្រចាំឆ្នាំរបស់ខ្លួនសម្រាប់សកម្មជនការពារសិទ្ធិមនុស្ស។
លោកម៉មសូណង់ដូម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ និងជាប្រធានអង្គការក្រៅរដ្ឋាភិបាល ដែលបង្រៀនសហគមន៍នៅតាមជនបទអំពីសិទ្ធិមនុស្ស និងសិទ្ធិបោះឆ្នោតរបស់ខ្លួន ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទញុះញង់ឲ្យបង្កើតចលនាអបគមន៍នៅក្នុងខេត្តក្រចេះ កាលពីខែវិច្ឆិកា។
អង្គការសិទ្ធិមនុស្សទាំងក្នុងស្រុកនិងអន្តរជាតិជាច្រើនបានប្រកាសជំទាស់ដាច់អហង្ការចំពោះការផ្តន្ទាទោសនេះ ដោយចាត់ទុកថាជាសកម្មភាពនយោបាយមួយ ដើម្បីគាបសង្កត់អ្នករិះគន់រដ្ឋាភិបាលដ៏មានប្រជាប្រិយភាពរូបនេះ បន្ទាប់ពីការកាត់ទោសដោយមិនបានផ្តល់ភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់បានថាលោកម៉មសូណង់ដូមានជាប់ពាក់ព័ន្ធនៅក្នុងចលនាអបគមន៍នោះ។
អំឡុងពេលមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងអាស៊ីបូព៌ានៅក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកាលោកបារ៉ាក់អូបាម៉ា (Barack Obama)ប្រធានាធិបតីសហរដ្ឋអាមេរិកបានចាត់ទុកលោកម៉មសូណង់ដូជាអ្នកទោសនយោបាយ ហើយបានទទូចឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនសែនដោះលែងរូបលោកដើម្បីចៀសវាងកុំឲ្យខូចទំនាក់ទំនងល្អរបស់ប្រទេសទាំងពីរ។នៅក្នុងកិច្ចប្រជុំមួយជាមួយលោកហ៊ុនសែនកាលថ្ងៃអាទិត្យ លោកហ្សង់ម៉ាកអាយរ៉ូល (Jean Marc Ayrault) នាយករដ្ឋមន្ត្រីបារាំងក៏បានសម្តែងក្តីព្រួយបារម្ភអំពីការផ្តន្ទាទោសលោកម៉មសូណង់ដូដែលមានសញ្ជាតិពីរគឺសញ្ជាតិបារំាងនិងសញ្ជាតិខ្មែរផងដែរ។
លោកជីមឡាហ្វរ៉េន (Jim Loughran) អ្នកនាំពាក្យរបស់អង្គការ ហ្វ្រន់ឡាញឌិហ្វែនដឺបានមានប្រសាសន៍កាលពីម្សិលមិញថាមូលហេតុដែលលោកម៉មសូណង់ដូត្រូវបានជ្រើសរើសជាបេក្ខជនចុងក្រោយមួយរូបសម្រាប់ទទួលពានរង្វាន់ក្នុងចំណោមបេក្ខជនដែលត្រូវជ្រើសរើសចុងក្រោយចំនួន៩០នាក់ មកពីគ្រប់ទិសទីក្នុងពិភពលោកគឺដោយសារតែការខិតខំ និងការតាំងចិត្តធ្វើការងារ ដើម្បីការពារសិទ្ធិមនុស្សដោយសន្តិវិធីរបស់លោក”។
លោកបន្តថា ពានរង្វាន់នេះគឺជាមធ្យោបាយមួយ ដើម្បីបង្ហាញឲ្យឃើញថាការងាររបស់សកម្មជនការពារសិទ្ធិមនុស្សដូចជាលោកម៉មសូណង់ដូគឺពិតជាស្របច្បាប់ទាំងស្រុង ហេតុដូច្នេះរដ្ឋាភិបាលកម្ពុជាគួរតែដោះលែងរូបលោកជាបន្ទាន់ដោយគ្មានលក្ខខណ្ឌ។
លោកបានថ្លែងថា “ពានរង្វាន់នេះគឺជាសារមួយបង្ហាញពីការគាំទ្រដ៏មុតមាំមិនគ្រាន់តែចំពោះលោកម៉មសូណងដូ ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សកម្មជនការពារសិទ្ធិមនុស្សទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលមានលោកម៉មសូណង់ដូជាឧទាហរណ៍ឲ្យឃើញស្រាប់ផងដែរ។អង្គការ ហ្វ្រន់ឡាញឌិហ្វែនដឺ
កំពុងតែមានក្តីព្រួយបារម្ភថាស្ថានភាពរបស់សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា កំពុងតែយ៉ាប់យុឺនទៅៗហើយក៏កំពុងព្រួយបារម្ភអំពីការរំលោភច្បាប់ដោយរដ្ឋាភិបាលដើម្បីគាបសង្កត់ និងរារាំងការងាររបស់ពួកគេផងដែរ”។
លោកឡាហ្វរ៉េន បានបដិសេធមិនព្រមនិយាយថានរណាជាអ្នកជ្រើសរើសលោកម៉មសូណងដូនោះទេប៉ុន្តែលោកបន្ថែមថាការជ្រើសរើសនេះជាធម្មតាគឺការកើតចេញពីក្រុមអង្គការសិទ្ធិមនុស្ស ដែលធ្វើការនៅក្នុងតំបន់ឬក៏នៅក្នុងប្រទេសរបស់បេក្ខជន។
លោកមានប្រសាសន៍ថាបេក្ខជនដែលនឹងឈ្នះពានរង្វាន់នេះ នឹងត្រូវប្រកាសនៅពេលមួយនៅក្នុងខែឧសភាឬក៏ខែមិថុនាហើយអ្នកដែលទទួលបានពានរង្វាន់ កាលពីលើកមុនៗក៏នឹងបង្ហាញវត្តមានរបស់ខ្លួនជាមួយពានរង្វាន់ផងដែរ មានដូចជាលោកនាយករដ្ឋមន្ត្រីអៀរឡង់និងតារាចម្រៀងរ៉ុក គឺលោកប៊ូណូ (Bono) ជាដើម។បេក្ខជនដែលទទួលបានពានរង្វាន់ នឹងទទួលបានប្រាក់ចំនួន១៥.០០០ អឺរ៉ូ (២០.២៩១ដុល្លារ) រហូតដល់បេក្ខជនជាប់លេខ៣និងសម្រាប់គាំទ្រដល់សកម្មភាពការងារនៅក្នុងអង្គការនេះរបស់អ្នកទទួលបានពានរង្វាន់នេះ។
លោកអ៊ូវីរៈប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថាអង្គការរបស់លោកនិងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគឺស្ថិតក្នុងចំណោមអង្គការទាំងអស់ ដែលបានជ្រើសរើសលោកម៉មសូណង់ដូ។ លោកមានប្រសាសន៍ថា“លោកគួរតែបានពានរង្វាន់នេះ ពីព្រោះលោកបានខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីការពារសិទ្ធិមនុស្សរួមមានការតតាំងជាមួយតុលាការជាដើម”។
លោកស្រីហួនផាន់ណារីអគ្គលេខាធិការសមាគមអ្នកប្រជាធិបតេយ្យ ដែលបានគ្រប់គ្រងអង្គការនេះចាប់តាំងពីលោកម៉មសូណង់ដូត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារមកបានស្វាគមន៍ចំពោះដំណឹង ដែលគេជ្រើសរើសប្រធានរបស់ខ្លួន។ លោកស្រីមានប្រសាសន៍ថា“ការទទួល
បានពានរង្វាន់នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបលោកពីព្រោះអ្វីៗដែលលោកបានធ្វើ គឺដើម្បីប្រទេសជាតិ និងដើម្បីប្រជាពលរដ្ឋក្រីក្រ”។ អ្វីដែលអ្នកគាំទ្រលោកម៉មសូណង់ដូចង់បានបំផុតនោះ គឺការដោះលែងរូបលោក។អង្គការ ហ្វ្រន់ ឡាញឌិហ្វែនដឺសង្ឃឹមថាការផ្តល់ពានរង្វាន់ នឹងជួយការពារសកម្មជនការពារសិទ្ធិមនុស្សដើម្បីឲ្យខិតខំបន្តការងាររបស់ខ្លួនថែមទៀត។
តែទោះជាយ៉ាងណាលោកស្រីហួនផាន់ណារីនៅមិនទាន់ប្រាកដក្នុងចិត្តនៅឡើយទេ។លោកស្រីថ្លែងថា“ខ្ញុំគិតថា រដ្ឋាភិបាលនឹងមិនយកចិត្តទុកដាក់ ចំពោះរង្វាន់នេះឡើយ”។ បេក្ខជន ដែលជាប់ក្នុងបញ្ជីចុងក្រោយចំនួនប្រាំនាក់ផ្សេងទៀត គឺមកពីប្រទេសកូឡុំប៊ីអុីរ៉ង់កេនយ៉ាម៉ូរីតានីនិងមកពីប្រទេស
អ៊ូសបេគីស្ថាន។នៅពេលបេក្ខជនសកម្មជនការពារសិទ្ធិមនុស្សទាំងអស់កំពុងប្រឈមនឹងគំរាមគំហែងនិងការបំភិតបំភ័យនោះមានតែលោកម៉ម សូណង់ដូនិងសកម្មជនម្នាក់ទៀតប៉ុណ្ណោះ ដែលកំពុងជាប់ពន្ធនាគារ៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង