កាលពីម្សិលមិញ តុលាការកំពូលបានបើកសវនាការជំនុំជម្រះសំណុំរឿងរបស់សមាជិកគ្រួសារបីនាក់ដែលត្រូវបានផ្ដន្ទាទោសពីបទសមគំនិត និងសម្លាប់មន្ត្រីរដ្ឋបាលជលផលម្នាក់ នៅក្នុងខេត្តកំពង់ធំ។
លោក ឯក ហេង នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំត្រូវជនល្មើសប្រើកំបិតបុ័ងតោកាប់ឲ្យស្លាប់ នៅក្នុងការិយាល័យរបស់គាត់ កាលពីខែធ្នូ ឆ្នាំ២០០៨។
លោក ឈុំ សុភា អាយុ៥៨ឆ្នាំ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ប្រពន្ធរបស់គាត់ឈ្មោះអ្នកស្រី មាច ស៊ីថុល អាយុ៥៨ឆ្នាំ ប្រធានផ្នែកហិរញ្ញវត្ថុរដ្ឋបាលជលផលខេត្តកំពង់ធំ និងកូនប្រុសរបស់ពួកគាត់ឈ្មោះ ឈុំ សុភារិទ្ធ អាយុ៣៣ឆ្នាំ មន្ត្រីក្រសួងកសិកម្ម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសពីបទមនុស្សឃាត កាលពីខែឧសភា ឆ្នាំ២០១០ ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។
ឈ្មោះ គិត ហុកគាង កូនប្រសាប្រុសរបស់លោក សុភា និងអ្នកស្រី ស៊ីថុល ជាជំនួយការជនរងគ្រោះនោះត្រូវបានតុលាការផ្តន្ទាទោសកំបាំងមុខ ហើយពេលនេះកំពុងរត់គេចខ្លួន។ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមពិរុទ្ធភាពនេះកាលពីខែធ្នូ ឆ្នាំ២០១១។ អ្នកស្រី ស៊ីថុល បានប្រាប់តុលាការកាលពីម្សិលមិញថា “ ខ្ញុំប្ដឹងសាទុក្ខ ព្រោះតែសាលាឧទ្ធរណ៍មិនមានយុត្តិធម៌សម្រាប់គ្រួសារខ្ញុំ”។
អ្នកស្រីបានបន្ដថា អ្នកស្រីបានធ្វើការនៅរដ្ឋបាលជលផលនេះតាំងពីឆ្នាំ១៩៧៩មកម៉្លេះ ប៉ុន្ដែមិនដែលមានជម្លោះជាមួយលោក ឯក ហេង នោះទេ។អ្នកស្រីបាននិយាយថា ការដែលនគរបាលចោទប្រកាន់ថា អ្នកស្រីនិងជនរងគ្រោះមានជម្លោះពាក់ព័ន្ធនឹងការចែកលុយមូលនិធិសម្រាប់អភិរក្សបឹងទន្លេសាបនោះ គឺមិនត្រឹមត្រូវនោះទេ។ អ្នកស្រី ស៊ីថុល បានបន្ថែមថា “ ខ្ញុំសូមឲ្យតុលាការលើកលែងការចោទប្រកាន់ខ្ញុំ ហើយខ្ញុំសូមឲ្យតុលាការបញ្ជូនរឿងនេះទៅស៊ើបអង្កេតឡើងវិញ”។
ទាំងលោក សុភា និងលោក សុភារិទ្ធ បានអះអាងថា ពួកគេមិនបានដឹងអំពីឃាតកម្មនោះទេ ហើយពួកគេក៏មិនស្ថិតនៅកន្លែងកើតហេតុដែរ។ លោកបាននិយាយថា “ ថ្ងៃដែលជនរងគ្រោះត្រូវបានសម្លាប់ ខ្ញុំរវល់ជាមួយការងារខ្ញុំនៅក្នុងស្រុកសណ្ដាន់ ចម្ងាយប្រហែល១២០គីឡូម៉ែត្រពីខេត្ត”។
អគ្គព្រះរាជអាជ្ញារងតុលាការកំពូល លោក ឈួន ចាន់ថា បានទាញហេតុផលថា តុលាការមានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីតម្កល់សាលក្រមនេះ។ លោក ឈួន ចាន់ថា បានមានប្រសាសន៍ថា “ ខ្ញុំគិតថា សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍គឺត្រឹមត្រូវ”។
មូលហេតុពាក់ព័ន្ធនឹងឃាតកម្មនេះមិនត្រូវបានគេដឹងទេ បុ៉ន្ដែគេអះអាងថា លោក ឯក ហេង ដែលទើបតែឡើងកាន់តំណែងរបស់លោកបានរយៈពេលប្រាំបីខែ មុនពេលគាត់ត្រូវបានឃាតករសម្លាប់នោះ បានបង្កបញ្ហាជាច្រើនជាមួយមន្ត្រីជាច្រើនទៀត។
លោក ច័ន្ទ វិចិត្រ មេធាវីប្រពន្ធជនរងគ្រោះមានប្រសាសន៍ថា មុនពេលលោក ឯកហេង ត្រូវបានតែងតាំងឲ្យកាន់តំណែងនេះក្នុងខេត្តកំពង់ធំ សកម្មភាពនេសាទត្រីខុសច្បាប់នៅក្នុងខេត្តនេះកើតមានច្រើនណាស់ ដូច្នេះហើយទើបរដ្ឋមន្ត្រីក្រសួងកសិកម្មប្រគល់តួនាទីឲ្យគាត់គ្រប់គ្រងសា្ថានការណ៍នេះ។
លោកបានមានប្រសាសន៍ថា “ រឿងនេះ[ឃាតកម្មនេះ] មានអង្គការចាត់តាំង មានអ្នកបញ្ជា មានអ្នកប្រព្រឹត្ត។លោកបានអះអាងថា មនុស្សក្រៅពីជនដែលត្រូវបានផ្ដន្ទាទោសរួចហើយនោះ ក៏មានការពាក់ព័ន្ធក្នុងផែនការសម្លាប់នេះដែរ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា