27 C
Phnom Penh

ពិធីរំឭកដល់អ្នកកាសែត ដែល​បានស្លាប់​ និង​បាត់​ខ្លួនអំឡុងសង្គ្រាមស៊ីវិលក្នុង​ប្រទេស​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពាក្យដែលមានន័យថា “ ដើម្បីចៀស​វាង​កុំឲ្យភ្លេច” ដែលអ្នកថតរូបជើងចាស់​សម័យ​សង្គ្រាមឈ្មោះធីមភេច (Tim Page) បាន​លើក​ឡើង​ កាល​ពី​ម្សិលមិញដើម្បីបង្ហាញឲ្យ​ឃើញ​នូវការ​ចងចាំនិង​ដក់​ជាប់​ក្នុង​ក្រអៅបេះដូងសម្រាប់​អ្នកកាសែត​ធ្លាប់ធ្វើការ​ក្នុង​ឥណ្ឌូ​ចិននា​ទស​វត្សរ៍ ឆ្នាំ​១៩៦០ និង​ឆ្នាំ១៩៧០ដែល​នៅ​រស់​រានមានជីវិតដល់​សព្វ​ថ្ងៃនេះ។

ពួកគេ​បាន​ប្រមូលផ្តុំគ្នាមុនពេល​ព្រះ​អាទិត្យ​អស្តង្គតក្នុង​បរិវេណសួនច្បារមុខ​សណ្ឋាគារ​ ឡឺរ៉ូយ៉ាល់​ កាលពី​ម្សិលមិញដើម្បី​រំឭកដល់​អ្នក​កាសែត​ចំនួន​៣៧រូប មកពី​ប្រទេស​បារាំង សហរដ្ឋអាមេ​រិក ជប៉ុន និង​បណ្តាប្រទេស​ដទៃទៀត​ រួមទាំង​អ្នក​កាសែត​ខ្មែរផងដែរ ដែល​បាន​ស្លាប់​ ឬបាត់​ខ្លួន នា​ពេល​​យក​ព័ត៌​មាន​សម័យ​សង្គ្រាម​ពីឆ្នាំ​១៩៧០ដល់​ឆ្នាំ១៩៧៥។

ក្នុងចំណោមឈ្មោះអ្នកទាំង៣៧​រូបនេះដែលឆ្លាក់ជាប់នឹងស្តូបនេះ ​មាន​លោកសៀន ​ហ្លីន (Sean Flynn) លោកដាណាស្តូន (Dana Stone) និង​លោកហ្គីលការ៉ុន (Gilles Caron) ដើម្បីរំឭក​ដល់ពួកគេ នៅក្នុង​ពិធីជាផ្លូវការ​ ​បន្ទាប់ពី​ស្លាក​ឈ្មោះ​នេះ ​ត្រូវ​បាន​​សាងសង់រួចរាល់កាលពី​ប្រាំបីខែមុន។

លោកធីមភេចបានមាន​ប្រសាសន៍​ប្រាប់​បណ្តាអ្នកកាសែត​ជើងចាស់ និងលោកខៀវកាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ព្រមទាំង​​លោកឆាងសុងដែល​នៅក្នុងរបប​ លន់នល់មាន​តួនាទី​ជារដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ដែរ​នោះថា “ អ្នក​នៅ​រស់​ទាំងអស់​ សុទ្ធតែមាន​ជាប់ស្លាកស្នាម​សល់ពី​សម័យ​នោះ”។​ លោកខៀវ កាញារីទ្ធ និងលោក ឆាង សុង​ ជាអ្នក​ផ្តួច​ផ្តើមបង្កើតស្តូបនេះ​ឡើង។ លោក​បាន​បន្ថែមថា “ ​ឈ្មោះ​អ្នកទាំង​៣៧​នាក់​នេះ​ តំណាងមិត្តរួម​អាជីពនិងរំឭក​ដល់រឿងរ៉ាវក្នុងអតីតកាល របស់យើងដែល​យើងបាន​ចងចាំនិង​នៅតែចងចាំ”។

ស្តូបរំឭកនេះ ត្រូវបានសាងសង់​លើកទី​២។ កាលពីមុនស្តូបសាងសង់នេះ​ធ្វើពីផ្ទាំង​ថ្មតូច​ តែត្រូវទ្រុឌទ្រោមនិងរលុបបាត់​ឈ្មោះ​អស់។​ ស្តូបថ្មីនេះ​ត្រូវសាងសង់ឡើង​ពី​ថ្មម៉ាបកាល​ពីខែ​ឧសភា ស្ថិតនៅជិត​សណ្ឋាគារ ឡឺរ៉ូយ៉ាល់ដើម្បី​រំឭក​ដល់​អ្នកកាសែតដែល​បាន​ស្លាប់នៅក្នុងសម័យសង្គ្រាម។ ពេលនោះអ្នក​យកព័ត៌មាន​ និង​អ្នកថតរូប​ជាច្រើន​ បានស្នាក់​នៅក្នុងសណ្ឋាគារ​ ឡឺ​រ៉ូយ៉ាល់ ដើម្បីបំពេញ​ការងាររបស់ខ្លួន​រហូត​ដល់​ពេល​ដួល​រលំ​ក្រុង​​ភ្នំពេញក្នុង​ឆ្នាំ​១៩៧៥។

កាលណោះ ក្រសួងព័ត៌មានរបស់​របប​ លន់នល់ក៏ស្ថិត​នៅក្បែរនោះដែរ។លោកឆាង សុង អតីតរដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន​នា​សម័យនោះ បាន​និយាយ​រំឭកដល់​អ្នក​កាសែត​ ​ដែលលោក​ធ្លាប់ស្គាល់​ច្បាស់​ និង​អ្នក​ដែល​លោក​មិន​ស្គាល់​​ ហើយអ្នកខ្លះបាន​រស់រាន​មាន​ជីវិតពីសង្គ្រាមនោះ។

លោកមាន​ប្រសាសន៍នៅក្នុង​សុន្ទរ​កថា កាលពីម្សិលមិញថា​ “ ខ្ញុំនៅចាំ​ឈ្មោះ មុខ​មាត់ និង​ពាក្យសម្តីរបស់​អ្នក​ទាំងនេះដែល​បាន​ស្លាប់ក្នុងពេលបំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន។​ ​អ្នក​ដែលខ្ញុំធ្លាប់ជជែក​ជាមួយ​រៀង​រាល់​ថ្ងៃ មាន​ដូចជាលោកកូគីអីុស៊ីយ៉ាម៉ា (Koki Ishiya​ma) ដែល​បាន​ហូបបាយជាមួួយខ្ញុំ ហើយបន្ទាប់​មក​បាន​បាត់​ខ្លួនរហូតលែង​ឃើញមកវិញ។

កាលពីម្សិលមិញ ភរិយារបស់​លោក កូគីអីុស៊ីយ៉ាម៉ា មាន​វត្តមាន​ក្នុង​ពិធីនេះដែរបន្ទាប់​ពី​ចំណាយពេល​មួយ​ព្រឹក​យកនំចំណី​ទៅសែន​នៅមុខចេតិយដែលសាងសង់ទុកដើម្បី​រំឭក​ដល់ស្វាមី​របស់​អ្នកស្រី​​ក្នុងវត្ត​ឧណ្ណាលោម។ លោកឆាងសុងបាន​មាន​ប្រសា​សន៍​ថា “ យើងនៅតែខិតខំស្វែងរក និងស្រាវ​ជ្រាវ​ឲ្យឃើញការពិតនៅក្នុង​ប្រទេស​កម្ពុជា”។

អ្នកកាសែត​អូស្ត្រាលី ឈ្មោះ ម៉ាទីនស្ទូតហ្វក្ស (Martin Stuart-Fox) ដែល​បាន​យកព័ត៌មាននៅក្នុងប្រទេស​កម្ពុជា​ឲ្យ​ទី​ភ្នាក់ងារព័ត៌មាន​យូភីអាយ (United Press International) របស់អាមេរិក នៅ​ចុង​ទសវត្សរ៍ឆ្នាំ​១៩៦០និង​ជាអ្នក​ដែល​នៅ​កៀក​នឹង​លោកសៀន​ ហ្្លីន និងលោក ​​គ្យូអុីឈី សាវ៉ាដា អ្នក​ឈ្នះពានរង្វាន់​ព័ត៌មានរូបថត​ពិភពលោកនាសម័យនោះ ហើយអ្នក​ទាំងពីរនេះបាន​ស្លាប់​ទៅហើយ។

លោកបាន​មាន​ប្រសាសន៍ថា​ អ្វីដែល​យើង​​បាន​ធ្វើនាពេល​នេះមាន​ន័យថា​ អ្នក​ដែល​ស្លាប់​ទៅ​មិន​ឥត​ប្រយោជន៍ឡើយ។

លោកបានមាន​ប្រសាសន៍ថា “ ត្រូវ​តែ​ប្រាប់​ការពិត​។ ពេលនោះពិតជា​មាន​អ្នក​ក្លាហាន​​ ដើម្បី​ចេញមុខយកព័ត៌មាន អំពី​ហេតុ​ការណ៍នោះ​។​បើមិន​ដូច្នោះទេ េម្ល៉ះ​សម​នឹង​យើងក្លាយជា​ឧបករណ៍​សម្រាប់​ឃោស​នា​ជាក់ជាមិនខាន”៕

     ប្រែសម្រួលដោយសោមសារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស