24.9 C
Phnom Penh

ក្រុម​ហ៊ុន​បារាំង​ត្រៀម​ខ្លួន​ ដើម្បី​ចរចា​អំពី​ការ​សាង​សង់​រោង​ចក្រ​ថាម​ពល​ប្រើ​ឧស្ម័ន​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឯក​អគ្គ​រដ្ឋ​ទូត​បម្រុងរបស់​ប្រទេស​បារាំង​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រុម​ហ៊ុន​ អេឡិច​​ទ្រីកស៊ីតតេ​ ដឺ​ ហ្វ្រង់​ (Electricite de France) ​ដែល​ជា​ក្រុម​ហ៊ុន​ថាម​ពល​បារាំង​ដ៏​ធំ​មួយ កំពុង​រៀប​ចំ​ខ្លួន​ចូល​មក​ចរចា​ជា​មួយ​ប្រទេស​កម្ពុជា​ជុំ​វិញ​ការ​សាង​សង់​រោង​ចក្រថាម​ពល​មួយ​កន្លែង​ ដើម្បី​ប្រើ​ប្រាស់​ឧស្ម័ន​ធម្មជាតិ​ទាំង​​អស់​ ដែល​មាន​នៅក្រោម​ដែន​ទឹក​ ដែល​កំពុង​​មាន​ភាព​ប្រទាញ​ប្រទង់​គ្នា​​ក្នុង​ឈូង​សមុទ្រ​​របស់​ប្រទេស​កម្ពុជា។

លោក​ សឺហ្គេ​ ម៉ូសទុយ​រ៉ា​ (Serge Mostura)​ ដែល​កំពុង​រង់​ចាំ​តែង​តាំង​ជា​ឯក​អគ្គរដ្ឋ​ទូត​មក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសា​សន៍​ថា​ លោក​ ហ្សង់ ម៉ាក​ អាយរ៉ូល​ (Jean Marc ​Ayrault)​ នាយក​រដ្ឋ​មន្ត្រី​បារាំង​បាន​មាន​ប្រសា​សន៍​ប្រាប់​លោក​នាយក​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​កិច្ច​ប្រជុំ​ឯក​ជន​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ក្រុម​ហ៊ុន​ Electricite de France​ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចុះ​ហត្ថលេខា​លើ​អនុស្ស​រណៈ​មួយ​ ដើម្បី​ចូល​មក​ធ្វើ​ការ​ចរ​ចា​គ្នា​។

លោក​ អាយរ៉ូល​ បាន​ស្នាក់​​ក្នុង​រាជ​ធានី​​ភ្នំពេញ ​សម្រាប់​ការ​ធ្វើ​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​ ដើម្បី​ចូល​រួម​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរម​សពសម្តេច​ឪ​ នរោត្តម​ សីហនុ។

លោក​ ម៉ូស​ទុយ​រ៉ា​ បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​មួយ​នៅ​ឯ​ស្ថាន​ទូត​បារាំង​ថា​ “ ក្រុម​ហ៊ុន​ Electricite de France​ មាន​ការ​ចាប់​អារម្មណ៍​លើ​ការ​សាង​សង់​រោង​ចក្រ​ប្រើ​ឧស្ម័ន​ធម្មជាតិ​ តាម​រយៈ​ការ​ចុះ​កិច្ច​សន្យា​ជា​មួយ​អាជ្ញា​ធរ​កម្ពុជា​”។

លោក​បាន​មាន​ប្រសាសន៍​អំពី​រាជធានី​ភ្នំ​ពេញ​ ដែល​ជា​ញឹក​ញាប់តែង​តែ​ងងឹត​ស្លុប ដោយសារ​ការ​​ដាច់​ចរន្ត​អគ្គិសនី​នៅ​ខែ​ក្តៅ ដែល​បណ្តាល​មក​ពី​កង្វះ​នៃ​ការ​ផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​ថា​ “ រោង​ចក្រ​នេះ​នឹង​ជួយ​ឲ្យ​រាជ​ធានី​​ភ្នំ​ពេញ​ទទួល​បាន​ថាម​ពល​អគ្គិសនី​គ្រប់​តាម​តម្រូវ​ការ”។ បញ្ហា​ប្រឈម ​គឺ​ការ​បូម​យក​ឧស្ម័ន​ធម្មជាតិ។

បើតាម​ការ​ពន្យល់​របស់ស្ថាន​ទូត​បារាំង​ រោង​ចក្រ​នេះ​មាន​គោល​បំណង​បូម​យក​ឧស្ម័ន​ធម្មជាតិ​មក​ប្រើ​ប្រាស់​ចេញ​ពី​តំបន់នៅ​ក្នុង​ឈូង​សមុទ្រ​ ដែល​បច្ចុប្បន្ន​ការ​បូម​យក​ឧស្ម័ន​ និង​ប្រេង​ត្រូវ​បាន​ហាម​ឃាត់​រហូត​ទាល់​តែ​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ​រក​ឃើញ​នូវ​វិធី​បែង​ចែក​តំបន់​ ដែល​កំពុង​តែ​ប្រទាញ​ប្រទង់​គ្នា​ជា​មុន​សិន។

ក្រុម​ហ៊ុន​តូតាល់​ (Total)​ ដែល​ជា​ក្រុម​ហ៊ុន​​ប្រេង​បារាំង​មួយ​ទទួល​បាន​សិទ្ធិ​រុក​រក​ប្រេង​នៅ​តំបន់​នេះ​ ហើយ​កំពុង​រង់​ចាំ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​ភាព​ប្រទាញ​ប្រទង់​​គ្នា​នេះ​យ៉ាង​អន្ទះ​សា។

ក៏​ប៉ុន្តែ​ លោក​ ម៉ូសទុយរ៉ា​ បាន​មាន​ប្រសា​សន៍​ថា​ លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​មិន​បាន​បង្ហាញ​ពី​ដំណើរ​ការ​រីក​ចម្រើន​ណា​មួយ​ចំពោះ​ភាព​ប្រទាញ​ប្រទង់​គ្នា​នេះ​នោះ​ទេ​អំឡុង​ការ​ជួប​ប្រជុំ​កាល​ពី​ថ្ងៃ​អាទិត្យ។

លោក​ ម៉ូសទុយ​រ៉ា​ បាន​ឲ្យ​ដឹង​ថា​ “ លោក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្នុង​តំបន់​ប្រេង​នេះ​​មាន​ការ​ផ្តល់​ជូន​ខ្លះៗ​ដល់​ក្រុម​ហ៊ុន​ [Total]​ ដើម្បី​ធ្វើ​ការ​រុក​រក​ប្រេង​ ក៏​ប៉ុន្តែ​ ប្រទេស​កម្ពុជា​ចាំ​បាច់​ត្រូវ​តែ​ចរចា​ជា​មួយ​ប្រទេស​ថៃ​ជា​មុន​សិន ​មុន​ពេល​ក្រុម​ហ៊ុន​អាច​ចាប់​ផ្តើម​រុក​រក​ប្រេង​បាន។​ ក្រុម​ហ៊ុន​ Total​ ទទួល​បាន​តែ​​តំបន់​មួយប៉ុណ្ណោះ​ មិន​មែន​តំបន់​ទាំង​អស់​នោះ​ទេ​ ដូច្នេះ​ក្រុម​ហ៊ុន​ Total​ មិន​អាច​រុក​រក​ប្រេង​បាន​ទេ​ ប្រសិន​បើ​តំបន់​ត្រួត​ស៊ី​គ្នា​​មិន​ត្រូវ​បាន​ដោះ​ស្រាយ​”។

លោក​បាន​ថ្លែងថា​ ក្រុម​ហ៊ុន​ Electricite de France​ សង្ឃឹម​ថា​ នឹង​អាច​សាង​សង់​រោង​ចក្រ​ថាម​ពល​របស់​ខ្លួន​ ដែល​ដើរ​ដោយ​ឧស្ម័ន​បាន​​នៅ​តំបន់​ឆ្នេរ​ ក៏​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​កន្លែង​ជាក់​លាក់​ណា​មួយ​នោះ​ឡើយ៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស