យោងតាមឯកសាររបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានឲ្យដឹងថា អាមេរិកអាចមានសិទ្ធិបញ្ជាឲ្យសម្លាប់ពលរដ្ឋរបស់ខ្លួនដោយស្របច្បាប់ប្រសិនបើពួកគេជឿថាជននោះជាមេដឹកនាំអាល់កៃដា ហើយបានលើកយកការទម្លាក់គ្រាប់បែកខុសច្បាប់ និងបានបង្កមហាវិនាសកម្មខ្ទេចខ្ទាំ មកលើប្រទេសកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០និងឆ្នាំ១៩៧០ដើម្បីបកស្រាយការពារខ្លួន។
កាលពីថ្ងៃច័ន្ទ ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិកអិនប៊ីស៊ីញូវស៍(NBC News)បានរាយការណ៍ជាលើកដំបូងអំពី“ ឯកសារសម្ងាត់” នេះ ដែលជាកំណត់ហេតុសម្ងាត់របស់ការិយាល័យក្រុមប្រឹក្សាផ្នែកច្បាប់របស់ក្រសួងយុត្តិធម៌។
ឯកសារដែលមានកម្រាស់១៦ទំព័រនេះបានក្លាយជាសំណុំរឿងស្របច្បាប់ដ៏រសើបបំផុតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីសម្លាប់ក្រុមណាដែលសង្ស័យថាជាក្រុមភេរវកម្ម រួមទាំងពលរដ្ឋអាមេរិកខ្លះផងដែរ។ នៅក្នុងការតវ៉ា ដើម្បីការពារសិទ្ធិរបស់ខ្លួនក្នុងការតាមប្រមាញ់សត្រូវនៅក្នុងប្រទេសអព្យាក្រឹត ឯកសារនោះបានលើកឡើងអំពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជា ដែលបណ្តាលឲ្យប្រជាពលរដ្ឋស្លូតត្រង់រាប់មិនអស់បានស្លាប់ ក្នុងពេលព្យាយាមបណ្តេញកងទ័ពវៀតនាមខាងជើង។
ឯកសារនោះលើកឡើងថា “ក្រសួការពារជាតិមិនមានអំណាចណាមួយ ដើម្បីអះអាងនោះទេ នៅពេលភាគីមួយនៅក្នុងជម្លោះប្រដាប់អាវុធបានវាយប្រហារចេញពីមូលដ្ឋានក្នុងប្រទេសមួយថ្មីទៀត ដូច្នេះប្រតិបត្តិការណាមួយតបទៅនឹងសត្រូវនៅទីតាំងនោះដោយមិនជាប់ពាក់ព័ន្ធជាមួយជម្លោះប្រដាប់អាវុធពីដំបូងឡើយ។នេះមិនទំនងជាវិធាននៃការអនុវត្តនៅក្នុងប្រវត្តិសាស្រ្តទេ បើទោះជានៅក្នុងជម្លោះអន្តរជាតិពីបុរាណក៏ដោយ”។
ដើម្បីពន្យល់ករណីនេះ ក្រសួងយុត្តិធម៌បានលើកឡើងពីលោក ចន ស្តេវិនសុន(John Stevenson)ដែលនៅពេលនោះជាទីប្រឹក្សាផ្នែកច្បាប់នៅក្រសួងការបរទេសអាមេរិកបានថ្លែងប្រាប់គណៈមេធាវីក្នុងបុរីញូវយ៉ក នាឆ្នាំ១៩៧០ស្តីអំពីការបន្តសកម្មភាពយោធារបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។
លោកស្តេវិនសុនបានអះអាងនៅក្នុងឯកសារសង្ខេបថា “ នោះគឺជាជម្លោះប្រដាប់អាវុធអន្តរជាតិមួយ ប្រសិនបើរដ្ឋអព្យាក្រឹត្យមួយមិនអាចមានលទ្ធភាពដើម្បីការពារចំពោះការរំលោភបំពានណាមួយមកលើអព្យាក្រិតភាពរបស់ខ្លួនទេនោះហើយកងកម្លាំងនៃក្រុមបង្កសង្រ្គាមដែលបានប្រើប្រាស់ទឹកដីរបស់ខ្លួនជាមូលដ្ឋានប្រតិបត្តិការ ដូច្នេះភាគីក្នុងសង្គ្រាមដទៃទៀត ជាប្រវត្តិសាស្រ្តត្រូវវាយប្រហារសត្រូវរបស់ខ្លួននៅក្នុងប្រទេសទាំងនោះ”។
លោកស្តេវិនសុនបានថ្លែងអំពីការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជាថា ប្រវត្តិសាស្រ្តបានផ្តល់ឲ្យអាមេរិកនូវសិទ្ធិដើម្បីទម្លាក់គ្រាប់បែកលើប្រទេសណាមួយ ដែលមិនអាចបណ្តេញសត្រូវរបស់អាមេរិកចេញពីប្រទេសខ្លួនបាន។
ក្រសួងយុត្តិធម៌បច្ចុប្បន្ននេះកំពុងប្រើប្រាស់ការអះអាងនេះ ដើម្បីបកស្រាយពីការសម្លាប់ជនសង្ស័យជាមេដឹកនាំអាល់កៃដាជាជនជាតិអាមេរិកនៅក្រៅប្រទេស។ ស្ថានទូតអាមេរិកប្រចាំរាជធានីភ្នំពេញបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយទេ។
កាលពីឆ្នាំ១៩៦៥ សហរដ្ឋអាមេរិកបានចាប់ផ្តើមទម្លាក់គ្រាប់បែកលើកងទ័ពវៀតណាមខាងជើង ដែលលាក់ខ្លួននៅភាគខាងកើតប្រទេសកម្ពុជា ដោយគ្មានការអនុម័តយល់ព្រមពីសភាសហរដ្ឋអាមេរិកឡើយ។ហើយនៅពេលសភាសហរដ្ឋអាមេរិកបានបញ្ឈប់ការទម្លាក់គ្រាប់បែកនៅក្នុងឆ្នាំ១៩៧៣ ពេលនោះកងទ័ពអាមេរិកបានទម្លាក់គ្រាប់បែកអស់ជាង២៣០.០០០ លើកមកលើប្រទេសកម្ពុជារួចទៅហើយដោយមានគ្រាប់បែកជាង២,៧៥លានតោន ត្រូវបានទម្លាក់មកលើទីតាំងជាង១១៣.០០០ កន្លែង ដែលទីតាំងទាំងនោះភាគច្រើនមិនបានកំណត់ឲ្យត្រឹមត្រូវឡើយ។តាមការប៉ាន់ប្រមាណបានឲ្យដឹងថា មានប្រជាពលរដ្ឋខ្មែរប្រហែលកន្លះលាននាក់បានស្លាប់នៅពេលនោះ ហើយគ្រាប់បែកចាស់ៗ ដែលនៅសល់ មិនទាន់ផ្ទុះ កំពុងបន្តសម្លាប់ប្រជាកសិករស្លូតត្រង់ និងកុមាររហូតមកដល់សព្វថ្ងៃនេះ។
អ្នកប្រវត្តិវិទូខ្លះលើកឡើងថា ការទម្លាក់គ្រាប់បែករបស់អាមេរិក នៅពេលនោះបានជំរុញឲ្យប្រជាកសិករជាច្រើនរត់ចូលធ្វើទាហានខ្មែរក្រហម ដែលជារបបដ៏យង់ឃ្នង ដោយក្រោយមកបានសម្លាប់ប្រជាជនខ្មែរអស់ប្រហែល១,៧លាននាក់ថែមទៀត។
លោក ផៃស៊ីផានអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីម្សិលមិញបានលើកឡើងថារដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលជំហររបស់ខ្លួនថា ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជាគឺខុសច្បាប់។
លោកផៃស៊ីផានថ្លែងថា“ ប្រសិនបើលោកសម្លាប់នរណាម្នាក់នៅក្នុងប្រទេសផ្សេង គឺវាខុសច្បាប់ ដោយគ្មានការអនុញ្ញាតពីប្រទេសនោះជាមុនសិន។នេះគឺជាទស្សនផ្ទាល់របស់ខ្ញុំ”។លោកបន្តថាប៉ុន្ដែកងទ័ពដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក បានចាកចេញពីកម្ពុជាដោយមិនបានជួយអ្វីសោះឡើយ។លោកផៃ ស៊ីផានបានបន្ថែមថា “ ពួកគេអាចធ្វើអ្វីៗបានបែបនេះតាមចិត្ត បើទោះជាស្របច្បាប់ឬក៏ខុសច្បាប់ក៏ដោយ។យើងគ្មានលទ្ធភាពបណ្ដេញកងទ័ពវៀតណាមខាងជើងចេញពីប្រទេសយើងឡើយ ព្រោះពេលនោះប្រទេសយើងខ្សោយណាស់”។
លោកពិតជាមានអារម្មណ៍សោកស្ដាយចំពោះការសម្រេចរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលបានប្រើបទពិសោធនៅក្នុងការការពារជាតិរបស់ខ្លួនដោយបើកការវាយប្រហារដោយប្រើយន្ដហោះគ្មានមនុស្សបើកនោះ។លោកបានថ្លែងថា “ ខ្ញុំមានអារម្មណ៍សោកស្ដាយ ដោយសារគេមិនគួរលើកយកការវាយប្រហារបែបនេះដើម្បីការពារខ្លួននោះឡើយ”។
ប្រវត្តិវិទូ និងជាអ្នកជំនាញប្រវត្ដិសាស្ត្រខ្មែរលោក ដេវិឌឆាណ្ឌល័រ (David Chandler) បានចោទសួរក្រសួងយុត្តិធម៌អាមេរិកអំពីការសម្រេចរបស់ខ្លួន នៅក្នុងការបើកយុទ្ធនាការទម្លាក់គ្រាប់ជាយូរឆ្នាំមកលើកម្ពុជា។
លោកលើកឡើងតាមរយៈអុីម៉េលថា “ការទម្លាក់គ្រាប់បែកនៅឆ្នាំ១៩៧០ គួរ ទទួលបានការយល់ព្រមពីសម្ដេចឪនរោត្ដមសីហនុ ដែលកាលពីពេលនោះព្រះអង្គគឺជាប្រមុខរដ្ឋ ដូច្នេះទើបការទម្លាក់គ្រាប់នេះអាចស្របច្បាប់ ដែលបានបំផ្លិចបំផ្លាញយ៉ាងខ្លាំង នៅក្នុងឆ្នាំ១៩៧៣ប៉ុន្ដែការទម្លាក់នោះត្រូវបានបញ្ចប់ទៅវិញដោយរដ្ឋសភាសហរដ្ឋអាមេរិក។ការទម្លាក់គ្រាប់បែកនេះមិនបានទម្លាក់ចំទៅលើកងទ័ពវៀតណាមខាងជើងនោះទេប៉ុន្ដែបែរជាទម្លាក់ត្រូវកងទ័ពខ្មែរក្រហម ដែលសហរដ្ឋអាមេរិកមិនបានធ្វើសង្គ្រាមជាមួយទៅវិញ”។
លោកបានមានប្រសាសន៍ថា “ ការទម្លាក់គ្រាប់នៅក្នុងឆ្នាំ១៩៧៣ លោកឧត្ដមសេនីយ៍យោធាសហរដ្ឋអាមេរិកម្នាក់ បានហៅថាគ្រាន់តែជាសង្គ្រាមមួយក្នុងទីក្រុងប៉ុណ្ណោះហើយការទម្លាក់គ្រាប់បែកនៅក្នុងសង្គ្រាមវៀតណាមបានបញ្ចប់ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងប្រទេសវៀតណាម”។លោកបានបន្ថែមថាការទម្លាក់គ្រាប់បែកនោះពិតជាគួរឲ្យតក់ស្លុត មិនអាចប្រកែកបាន ឬក៏អាចប្រកែកបានបើនិយាយក្នុងន័យថា ការទម្លាក់នោះអាចជួយបង្អាក់ជ័យជម្នះរបស់ពួកខ្មែរក្រហមយ៉ាងហោចណាស់បានមួយឆ្នាំទៀតដែរ។
ទីបំផុតខ្មែរក្រហមបានទទួលជ័យជម្នះលើរបបលោកលន់នល់ ដែលគ្រាំទ្រដោយសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៥។
អ្នកប្រវត្តិសាស្ត្រលោកបេនឃែនណេន (Ben Kiernan) និងអ្នកប្រវត្តិសាស្ត្រអ្នកឯទៀតបានបន្ទោសការទម្លាក់គ្រាប់របស់អាមេរិក។ លោកបានលើកឡើងក្នុងអត្ថបទមួយក្នុងឆ្នាំ២០០៦នៅក្នុងទស្សនាវដ្តី ឌឹវ៉លរា៉ស់ (The Walrus) ថា “ អ្នកស្លាប់និងរបួសជនស៊ីវិលក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប្រជារាស្ត្រ ដែលមានកំហឹងងើបឡើងកាន់អាវុធដើម្បីចូលរួមការបះបោរ ដែលទទួលបានការគាំទ្រ
បន្តិចបន្តួច រហូតដល់ការទម្លាក់គ្រាប់បែកចាប់ផ្តើម ដោយធ្វើឲ្យសង្គ្រាមវៀតណាមរីករាលដាលចូលកាន់តែជ្រៅទៅក្នុងប្រទេសកម្ពុជា បង្កឲ្យមានរដ្ឋប្រហារមួយក្នុងឆ្នាំ១៩៧០និងធ្វើឲ្យពួគខ្មែរក្រហមកាន់តែខ្លាំងឡើងភ្លាមដែរ ដែលទីបំផុតបង្កឲ្យមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា”។
ក្នុងឳកាសប្រកាសការតែងតាំង រដ្ឋមន្ត្រីក្រសួងការបរទេសថ្មី កាលពីខែមុនលោកចនឃែរី បានបញ្ជាក់ឡើងវិញអំពីទស្សនៈរបស់លោកថា ការទម្លាក់គ្រាប់បែករបស់អាមេរិកនៅកម្ពុជា គឺខុសច្បាប់។ ប្រទេសកម្ពុជា ធ្លាប់បានលើកឡើងអំពីការទម្លាក់គ្រាប់បែកនេះដើម្បីបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឲ្យលើកលែងបំណុលចំនួន២៧៤លានដុល្លារ របស់របប លន់នល់ដែលតាំងពីនោះមកកើនដល់៤៤៥លានដុល្លារ ហើយមិនទាន់បានសងនៅឡើយ។
បន្ទាប់ពីទូរទស្សន៍ អិនប៊ីស៊ីបានផ្សាយសៀវភៅស លើកឡើងអំពីការទម្លាក់គ្រាប់បែកនៅក្នុងកម្ពុជា សេតវិមាន បានឆ្លើយតបវិញដោយប្រកាសថា ខ្លួននឹងសង្ខេបប្រាប់សមាជិកសភាស្តីពីកំណត់ហេតុសម្ងាត់នេះ។
សៀវភៅសនេះក៏ត្រូវបានគេរំពឹងថាបានផ្សព្វផ្សាយនៅអំឡុងការពិភាក្សាដេញដោលក្នុងព្រឹទ្ធសភា ដើម្បីតែងតាំងបេក្ខភាព លោកចនប្រេនណិន (John Brennan) ជាប្រធានទីភ្នាក់ស៊ើបការណ៍កណ្តាល(CIA)របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាកាលពីម្សិលមិញ៕
ប្រែសម្រួលដោយ ឃិន ណៃ