មន្ត្រីតុលាការបានឲ្យដឹងថា កាលពីម្សិលមិញសាលាដំបូងរាជធានីភ្នំពេញបើកសវនាការផ្ដន្ទាទោសបុរសម្នាក់ដោយកំបាំងមុខពីបទបាញ់ប្រហារយុវតីម្នាក់កាលពីឆ្នាំមុន ពេលនាងកំពុងជប់លៀងខួបកំណើតនៅឯបៀរហ្គាឌិនមួយកន្លែងខាងក្រោយព្រះបរមរាជវាំង។
យុវតីប៊ុនរ៉ាវណ្ណនីកំពុងជប់លៀងខួបកំណើតគម្រប់អាយុ១៨ឆ្នាំជាមួយមិត្តភក្តិនៅឯបៀរហ្គាឌិន ស្បូវមាសកាលពីខែកុមុ្ភៈឆ្នាំមុនពេលនោះស្រាប់តែ បុរសឈ្មោះនុតសុភានិតនិងមិត្តភក្តិបានវាយក្រុមអ្នកចូលរួម ដោយបានយកចាន និងកែវគប់ទៅលើពួកគេមុនពេលប្រើកាំភ្លើងបាញ់ចំនួនបីគ្រាប់ ដែលមួយគ្រាប់ត្រូវត្រង់ពោះរបស់កញ្ញារ៉ាវណ្ណនី។
យោងតាមលោកចៅក្រមហេងសុខណាបានឲ្យដឹងថារបួសរបស់កញ្ញា រ៉ាវណ្ណនីធ្ងន់ធ្ងរណាស់ សូម្បីដល់ពេលនេះក៏នាងនៅតែត្រូវមកព្យាបាលរបួសជាទៀងទាត់ដែរ។
បន្ទាប់ពីឧបទ្ទវហេតុនោះបានកើតឡើងនគរបាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះសុភានិតដែលមិនទាន់ចាប់ខ្លួនអាចជា“ កូនរបស់មន្ត្រីមានបុណ្យស័ក្តិ ឬក៏ជាអ្នកមានឋានៈខ្ពង់ខ្ពស់នៅក្នុងសង្គម”។
នៅពេលសួរ កាលពីម្សិលមិញលោកពង្សសាវរិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំេពញ មានប្រសាសន៍ថា អាជ្ញាធរមិនដឹងថាតើជនសង្ស័យឈ្មោះ សុភានិតជាកូនរបស់មន្ត្រីណានោះទេ។
នៅឯតុលាការកាលពីម្សិលមិញ ជនជាប់ចោទឈ្មោះសេងច័ន្ទសេរីរ័ត្នដែលត្រូវជាមិត្តភក្តិរបស់ជនសង្ស័យសុភានិតហើយបាននៅជាមួយគ្នាអំឡុងពេលបាញ់ប្រហារនោះបានបដិសេធថាខ្លួន និងមិត្តភក្តិខ្លួនមិនបានជាប់ពាក់ព័ន្ធនោះទេ។សាលក្រមនេះនឹងប្រកាសនៅថ្ងៃទី២០ខែកុម្ភៈខាងមុខនេះ៕
ប្រែសម្រួលដោយហមសុផាណ្ណា