28 C
Phnom Penh

ពិធី​ថ្វាយ​ព្រះភ្លើង​ព្រះ​បរម​សព​​​ព្រះ ​បរមរតនកោដ្ឋ ឆ្លុះ​បញ្ចាំង​អំពីអ្នក​នយោ​បាយ​មាន​អំណាចនៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហាក្សត្រ​ នរោត្ដម សីហមុនី កម្រ​នឹង​មាន​ព្រះ​បន្ទូលជាសាធារណៈ​ណាស់​ ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ។ ហេតុ​ដូច្នេះហើយ​ នៅ​ពេល​​ព្រះ​មហាក្សត្រ​ បាន​មាន​ព្រះ​បន្ទូល​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទៅ​កាន់​អ្នក​ទោស​ចំនួន​ជាង៤០០​នាក់​ ដែល​​ត្រូវ​ដោះ​លែង​ ក្នុង​ព្រះ​រាជ​ពិធី​​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរម​សពព្រះ​បរម​រតនកោដ្ឋ​ នោះ ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​​ខុស​ប្លែក​នៃ​ព្រះ​រាជ​តួនាទី​របស់​​ព្រះ​អង្គ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​តែ​ព្រះ​មហា​ក្សត្រ​ទេដែល​មាន​សិទ្ធិ​អំណាចលើក​លែង​ទោស​ទណ្ឌិត​ ​ដូច​ដែល​មាន​​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ប៉ុន្ដែ អំឡុង​ព្រះ​រាជ​ពិធី​ប្រទាន​ការ​លើក​លែង​ទោស​ គឺ​លោក​ ហ៊ុន សែន ទេដែល​​ព្រះ​មហាក្សត្រ​ សីហមុនី បាន​មាន​ព្រះ​​បន្ទូល​ឲ្យអ្នកទោស​ ដែល​ត្រូវ​ដោះ​លែង​ទាំង​​អស់​សម្ដែង​ការ​ដឹង​​គុណ​ចំពោះ​រូប​លោក។​​

ព្រះ​អង្គ​បាន​មាន​ព្រះ​បន្ទូល​ ក្នុង​បរិវេណ​វាល​ព្រះ​មេរុ​ មុន​ពេល​​ប្រទានអំណោយ​មាន​​ដូច​ជា កញ្ចប់​សម្លៀក​បំពាក់​ មុង និង​ប្រាក់​ចំនួន​១០០ដុល្លារ​ ទៅ​ឲ្យ​អ្នក​ទោស​ម្នាក់​ៗថា “ សូម​​អរគុណ​ដល់​រដ្ឋាភិបាល​កម្ពុជា​ និង​សម្ដេច​ ហ៊ុន សែន ដែល​បាន​ជួយ​បង​ប្អូន​ទាំង​​អស់​គ្នា​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​”។

ចាប់តាំងពីថ្ងៃដង្ហែព្រះបរមសព​ព្រះ​បរម​រតនកោដ្ឋ​ ដែលបានប្រារព្ធធ្វើឡើង​នៅថ្ងៃ​ទី១​ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ដែល​​ប្រារព្ធធ្វើឡើង​នៅថ្ងៃទី៤​ ខែ​កុម្ភៈ​នោះវា​បាន​បង្ហាញ​ឲ្យឃើញ​​ពី​លក្ខណៈ​ត្រួត​ត្រា​របស់​គណបក្ស​កាន់​អំណាច​លើ​ព្រឹត្ត​ិការណ៍​ទាំង​អស់​​ដែល​ត្រូវ​បានប្រារព្ធ​​ធ្វើ​ឡើង​ ដើម្បី​រំឭក​ដល់​ព្រះ​វិញ្ញាណក្ខន្ធ​​ និងកេរដំណែលដ៏ថ្លៃថ្លា​របស់​សម្ដេច​ឪ​ ហើយ​ការបង្ហាញឲ្យ​ឃើញ​ពី​លក្ខណៈ​ត្រួតត្រានេះ​ មិនមែន​ជា​លើក​ទី១​នោះ​​ទេ​។

អ្នក​អង្កេត​មួយ​ចំនួន​បាន​លើក​ឡើង​ថាគណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ប្រើ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ ដែល​មាន​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​ បាន​នាំ​គ្នា​មក​រាជ​ធានី​ភ្នំពេញ ដើម្បី​ចូល​រួម​ព្រឹត្តិការណ៍​នេះ​ ហើយ​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​គ្រប់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់នៅ​​កម្ពុជា​ ជា​មធ្យោបាយ​មួយ​ ដើម្បី​ពង្រឹង​អំណាច​

របស់​ខ្លួន​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ និង​ដើម្បី​ពង្រឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​ជា​ពិសេស​ គឺ​លោក​ ហ៊ុន សែន ​ជា​អ្នក​លេច​ធ្លោ​បំផុត​បន្ទាប់​ពី​សម្ដេច​ឪ ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់ៗរូប​​នោះ។

យោង​តាម​ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិធម្មិកោ ​អ្នក​នាំ​ពាក្យ​​​ខុទ្ទកាល័យ​របស់​ព្រះ​មហា​ក្សត្រ​ ព្រះ​រាជ​​បណ្ដាំ​មួយ​ ក្នុង​ចំណោម​ព្រះ​រាជ​បណ្ដាំ​មួយ​ចំនួន​របស់​សម្ដេច​ឪ គឺ​ព្រះ​អង្គ​សព្វ​ព្រះ​ហរទ័យ​ឲ្យ​គេ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​​ ព្រះ​​បរ​ម​សពរបស់​ព្រះ​អង្គ​កុំឲ្យ​អធិក​អធម​ពេក។

ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះ​បន្ទូល​ថា “ ដូចអ្វីដែល​សម្ដ​ច​ឪ​ទ្រង់​ខ្វាយ​ខ្វល់​តាំង​ពី​យូរ​មកនោះ​​ គឺថា ព្រះ​រាជ​បណ្ដាំ​មួយ​ក្នុងចំណោម​ព្រះ​រាជ​បណ្ដាំ​ទាំង​អស់​របស់​សម្ដេចឪ គឺ​កុំឲ្យ​គេ​ប្រារព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរមសព​របស់ព្រះ​អង្គ​ធំ​ដុំ​ពេក​​ ធ្វើ​ដូច្នេះ​ប្រជា​ពលរដ្ឋ​ខ្មែរ​នឹង​មិនចាំ​បាច់​ចំណាយ​​ប្រាក់​ច្រើនពេកនោះ​​ឡើយ​”។

ប៉ុន្ដែ នៅ​​ថ្ងៃ​ដង្ហែ​ព្រះបរមសព​ព្រះបរម​រតនកោដ្ឋ​ វា​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​​ច្បាស់​ថាទាំង​សម្ដេច​ឪ និង​រាជ​វង្សានុវង្ស​​មិន​ទទួល​បាន​ដូច​អ្វី​ ដែល​ព្រះ​អង្គ​បាន​រំពឹង​ទុក​នោះ​ទេ​ ព្រោះ​ព្រះ​រាជ​ពិធី​លាគ្នា​​លើក​ចុង​ក្រោយរបស់​​វីរ​បុរស​ខ្មែរ ​ដែល​បាន​ទាម​ទារ​ឯករាជ្យ​ពី​ប្រទេសបារាំង​ ក្នុង​ឆ្នាំ​១៩៥៣​មក​ឲ្យ​ប្រទេស​​កម្ពុជា​វិញ​នោះមាន​ភាព​​អធិក​អធម​ណាស់។

ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បាន​មាន​ព្រះ​បន្ទូល​ដោយ​សំដៅ​ទៅ​លើ​ព្រះរាជ​ពិធី​ជា​ច្រើន​ មាន​ដូច​ជា​ ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​ ព្រះ​បរម​រតនកោដ្ឋ​ និង​ការ​មក​ប្រមូល​​ផ្ដុំ​គ្នា​យ៉ាង​ច្រើន​កុះករ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ដើម្បី​ចូល​រួម​នៅ​ក្នុង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​ កាល​ពី​ថ្ងៃ​ទី​៤ខែ​កុម្ភៈ​ថា “ ​រាជ​វង្សានុវង្ស​មិន​ដែល​បាន​រៀប​ចំ​ពិធី​អ្វី​ធំដុំ​នោះ​ឡើយ​”។

ទាំង​នេះ​ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា“ ក្ដីប្រាថ្នា​របស់​សម្ដេច​ឪ​ ដែល​មិន​ចង់​ឲ្យ​គេ​ចំណាយ​ប្រាក់​ច្រើន​ ក្នុ​ង​ព្រះ​រាជ​ពិធី​បុណ្យ​របស់​ព្រះ​អង្គ​នោះ​ មិន​បាន​សម្រេច​ដូចប្រាថ្នា​​ឡើយ​”។

កាល​ពី​ខែ​ធ្នូលោក​ ហ៊ុនសែនបាន​ប្រកាស​​ថា កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នៅ​វាល​ព្រះ​មេរុ ​ស្ថិត​នៅ​មុខ​សារមន្ទីរ​ជាតិ​ នឹង​ត្រូវ​ចំណាយ​អស់​ប្រាក់​១,២​លាន​ដុល្លារ​ ដែល​ជា​មូល​និធិ​សាធារណៈ។ហើយ​ក្រោយ​មក​​ គេ​បាន​ដឹង​ថា ក្រុមហ៊ុន​ដែល​បាន​ចុះ​កិច្ច​សន្យា​សង់​ព្រះ​មេរុ គឺ​ក្រុមហ៊ុន​វីស្ប៉ាន​ ដែល​ជា​ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​កូន​ស្រី​របស់​​ លោក គង់សំអុល រដ្ឋ​មន្ត្រី​ក្រសួង​ព្រះ​បរម​រាជ​វាំង​ដែល​​ជា​មន្ត្រី​ដ៏​មាន​អំណាច​មួយ​រូប​ ​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​ក្នុង​ជួរ​រដ្ឋាភិបាល​។

វាល​ព្រះ​មេរុ​ ដែល​ព្រះបរម​សព​ ព្រះ​បរមរ​តនកោដ្ឋ​ ត្រូវ​បាន​ដង្ហែ​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ទៅ​កាន់​ទី​នោះ​ ឥឡូវ​នេះ​បាន​ក្លាយ​ទៅ​ជា​អគារ​ ដែល​មាន​ពណ៌​មាស​ និង​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​។ ព្រះ​បរម​សព​សម្ដេច​ឪ​ ត្រូវ​បាន​តម្កល់​នៅ​ក្នុង​មញ្ជូសា​ពណ៌មាស​ ហើយ​ត្រូវ​បាន​ដង្ហែ​តាម​ព្រះ​សុវណ្ណ​ទីនាំង​មួយ​ នៅក្នុង​ចំណោម​ព្រះ​សុវណ្ណ​ទីនាំង​ទាំង​បួន ព្រម​ទាំង​មាន​សមាជិក​រាជ​វង្សានុវង្ស​ និង​មន្ត្រី​ជា​ច្រើន​មក​ពី​គណបក្ស​ប្រជា​ជនកម្ពុជា បានចូលរួម​​ដង្ហែ​ក្នុង​ចម្ងាយ​ផ្លូវ​៦​គីឡូម៉ែត្រ​ផង​ដែរ​។

មិន​គ្រាន់តែ​មាន​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ ក្នុង​ជួ​ររដ្ឋាភិបាល​បាន​មក​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព​ ព្រះ​បរម​រតនកោដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ក៏​មាន​មន្ត្រី​ផ្សេង​ៗ​ទៀត​ ដែល​ស្លៀក​ឯក​សណ្ឋាន​ជា​មន្ត្រី​រដ្ឋាភិបាល​ប្រហែល​​៣.០០០​នាក់​ ដែល​គណៈ​កម្មា​ធិការ​ជាតិ​​រៀប​ចំ​បុណ្យ​ជាតិ​បាន​គ្រោងទុក ក៏​បាន​ចូល​រួម​ក្នុង​ព្រះ​រាជពិធី​ដង្ហែ​នេះ​ដែរ​ មិន​តែ​ប៉ុណ្ណោះក៏​មាន​តំណាង​ក្រុម​ជន​ជាតិ​ភាគ​តិច​មក​ចូល​រួម​ផង​ដែរ​។

នៅ​ពី​ក្រោយ​អ្នក​កាន់​ទង់​ជាតិ​ ដែល​ស្ថិត​នៅ​ពី​មុខ​ព្រះ​រាជ​ពិធី​ដង្ហែ​ គឺ​កង​កម្លាំង​យោធា​​ និង​កង​កម្លាំង​នគរ​បាលរបស់​ប្រទេស​កម្ពុជា។ ហើយ​ក៏មាន​តំណាង​ក្រសួង​នីមួយ​ៗ​ និង​សមា​ ជិក​កាកបាត​ក្រហម​កម្ពុជា​ ក្រុម​កាយា​ឫទ្ធិ និង​ក្រុម​យុវជន​​ផ្សេង​ៗ​ទៀត ដែល​ជា​សមាជិក​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ផង​ដែរ​។

នៅ​លើ​សុវណ្ណ​ព្រះ​ទីនាំង​មួយ​ក្នុង​ចំណោម​សុវណ្ណ​ព្រះ​ទី​នាំង​ទាំង​អស់ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​ព្រះ​រាជ​​ពិធី​ដង្ហែ​ គឺ​មាន​មន្ត្រី​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​​ចំនួន​បីរូប មាន​ដូច​ជា លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា​ លោកគង់ សំអុល រដ្ឋ​មន្ដ្រី​ក្រសួង​ព្រះ​បរម​រាជ​វាំងនិង​លោក ហ៊ុន សែន ដែល​បាន​អម​ព្រះ​មហា​ក្សត្រ​ សីហមុនី និង​សម្ដេច​ម៉ែនរោត្ដមមុនីនាថសីហនុ។

នៅ​ពេល​ព្រះ​មហាក្សត្រ​ និង​សម្ដេចម៉ែបាន​យាង​ចេញ​​ពី​ព្រះ​បរម​រាជ​វាំង​ ដើម្បី​ទៅ​ចូល​រួម​ព្រះ​រាជ​ពិធី​ដង្ហែ​ និង​ដើម្បី​អម​ដំណើរ​ព្រះ​បរម​សព​សម្ដេច​ឪយាង​ទៅ​កាន់​វាល​ព្រះ​មេរុ​ គឺ​មាន​លោកហ៊ុនសែននិង​ភរិយា​របស់​លោក គឺ​លោក​ស្រី ប៊ុន រ៉ានី បាន​នៅ​កៀក​ជាប់​ជានិច្ច​។

លោក ​ហេនរី ​ឡូកាត (Henri Locard) ​ជា​ប្រវត្តិ​វិទូមួយ​រូប​បាន​ឲ្យ​ដឹង​ថា ​ទំហំ​នៃ​ពិធី​បុណ្យ​ព្រះ​បរម​សព​សម្តេ​ច​ឪ​ មិន​មែន​គ្រាន់​តែ​ជា​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​ដណ្តើមយក​​ប្រជា​ប្រិយ​ភាព​នៅ​ពី​ក្រោ​យ​របប​រាជា​និយម​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ ​វា​ជា​ការ​ប្រកួត​ប្រជែង​មួយ​របស់​​នាយក​រដ្ឋ​មន្ត្រី ​ដើ​ម្បី​ភ្ជាប់​ស្នាដៃ​របស់​លោក​ជា​មួយ​នឹង​ស្នា​​ព្រហស្ដ​​របស់​សម្តេច​ឪ។  លោក​បាន​មាន​ប្រសាសន៍​ថា​ “សម្តេច​ឪ​ទទួល​បាន​ព្រះ​រាជ​ពិធី​បុណ្យ​យ៉ាង​អធិ​ក​អធម​បែប​នេះ ពី​ព្រោះ​លោក​ ហ៊ុន ​សែន​ ចង់​​ធ្វើ​ជា​អ្នក​ស្នង​សម្តេច​ឪ ​នរោត្តម​ សីហនុ​។ ​សម្តេច​ឪ​នរោត្តម​ សីហនុ ​គឺ​ជា​បិតា​ឯក​រាជ្យ​​ជាតិ​។លោកហ៊ុន ​សែន​ គឺ​ជា​បិតា​ផ្តល់​កំណើត​ឡើង​វិញ​។​ ស្នា​ដៃ​ស្មើ​​ទាំង​ពីរ​នេះមាន​ទំហំ​ស្មើ​គ្នា​”។

កាល​ពី​សប្តាហ៍​មុន ​បណ្តាញ​ទូរទស្ស​ន៍​រដ្ឋ​ ដែល​មាន​ទំនោរ​ទៅ​ខាង​រដ្ឋា​ភិ​បាល​ បាន​ចាក់​​ផ្សាយ​ខ្សែ​ភាព​យន្ត​ឯក​សារ​មួយ​ ដែល​បង្ហាញ​អំពី​គម្រោង​ជា​ច្រើន​កាល​ពី​សម័​យ​ សីហនុ ​ដែល​មាន​ដូច​ជា ​គម្រោង​ខា​ង​វិស័យ​កសិកម្ម ​និង​វិស័យ​ឧស្សាហ​កម្ម​ជា​ដើម​ ហើយ​នៅ​ចន្លោះ​នៃ​ការ​ចាក់​ផ្សាយ​ព័ត៌​មាន​ទាំង​នោះ​ មាន​ការ​កោត​សរសើ​យ៉ាង​ច្រើន​លើ​ភាព​ជោគ​ជ័យ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នៅ​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

លោក ​សុខ ​ទូច ​អ្នក​វិភាគ​នយោ​បាយ​ និង​ជា​សាស្ត្រាចារ្យ​ នៅរាជ​បណ្ឌិត​សភា​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា​ “​លោក​នាយ​ក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ជាប់​ទាក់​ទង​គ្នា​ រវាង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​របប​សព្វ​ថ្ងៃ​ និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​សម័​យ​ សីហនុ”។

លោក​បាន​មាន​ប្រសាសន៍​ថា”​ប្រសិន​បើ​របប​មុន​បាន​សាង​សង់​ផ្លូវ​ ពួកគេ​ក៏​បាន​សាង​សង់​ផ្លូវ​ដែរ​។ប្រសិន​បើ​របប​មុន​បាន​សាង​សង់​ប្រព័ន្ធ​ធារាសាស្ត្រ ​ពួក​គេ​ក៏​បាន​សាង​សង់​ប្រព័ន្ធ​ធារាសាស្ត្រ​ដែរ។ ​ប្រសិន​បើ​របប​មុនបាន​សាង​សង់​ផ្ទះ​ជូន​ប្រជា​ពល​រដ្ឋ។ ​ពួក​គេ​​ក៏​បាន​សាង​សង់​ផ្ទះ​ថ្ម​ជូន​ប្រជា​ពល​រដ្ឋ​ដែរ”។

ក៏ប៉ុន្តែ ​សេចក្តី​រាយ​ការណ៍​​ព័ត៌​មាន​ភា​គ​ច្រើន​កាល​ពី​សប្តាហ៍​មុន ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កាន់​ទុក្ខ​របស់​មន្ត្រី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ចំពោះ​អតីត​ព្រះ​មហា​វី​រ​ក្សត្រ​ ដែល​បាន​សោយ​ទិវង្គត​។

លោក​ ឡៅ ​ម៉ុងហៃ ​អ្នក​វិភាគ​នយោ​បាយ​ឯក​រាជ្យ​ បាន​មាន​ប្រសាសន៍​ថា ​ក៏​ប៉ុន្តែ​ ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​របស់​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​ ចំពោះ​របប​រាជា​និយម​ មិន​ឆ្លុះ​បញ្ចាំង​អំពី​ទង្វើ​របស់​អ្នក​ទាំង​នោះ ​ចំពោះ​ព្រះ​មហាក្សត្រ​បច្ចុ​ប្បន្ន​នោះ​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “​ប្រសិន​បើ​នាយក​រដ្ឋ​មន្ត្រី​របស់​យើង​ និង​គណ​បក្ស​កាន់​អំណាច​ ពិត​ជា​អ្នក​​គាំ​ទ្រ​រាជា​និយម​មែន​នោះ ​ពួក​លោក​គួរ​តែ​តាម​ដា​ន​រដ្ឋ​ធមនុញ្ញ​ និង​លក្ខខណ្ឌ​នានា ​ដែល​មាន​ចែ​ង​អំពី​ព្រះ​រាជ​តួ​នាទី​របស់​ព្រះ​មហា​ក្សត្រ​យើង​ ដែល​លក្ខខណ្ឌ​ទាំង​នោះ​ជួយ​ពង្រឹង​នូវ​ព្រះ​ឋានៈ​​ព្រះ​មហាក្សត្រ​របស់​យើង​ឲ្យ​ក្លាយ​ជា​និមិត្តរូប​ដ៏​ខ្លាំង​ក្លា​មួយ​អង្គ ​ដើម្បី​ពង្រឹង​ព្រះ​អង្គ​ឲ្យ​ក្លាយ​ជា​និមិត្ត​រូប​នៃ​ឯក​​ភា​ព​ជាតិ​ និង​ជួយ​ព្រះ​អង្គ​ក្នុង​ការ​បំពេញ​ព្រះ​រាជ​ទស្សនកិច្ច​ទៅ​តាម​ទី​កន្លែង​ផ្សេងៗ​ និង​ជួប​ប្រ​ជា​រាស្ត្រ​របស់​ព្រះ​អង្គ”។

សម្រាប់​ប្រវត្តិ​វិទូ​ ដេវីដ ​ឆាណ្ឌល័រវិញ​ ភាព​អធិក​អធម​នៃ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ប្រ​ហែល​ជា​ការ​បង្ហាញ​នូវ​សេចក្តី​គោរព​ពិត​ប្រាកដ​ចំពោះ​សម្តេច​ឪ ​ដែល​លោក​ ហ៊ុនសែន ​ធ្លាប់​បាន​គិត​ថា​ រូប​លោក​មិន​អាច​បង្ហាញ​នូវ​សេចក្តី​គោរព​នេះ​បាន​ កាល​ពី​សម្តេច​ឪ ​នរោត្តម ​សីហនុទ្រង់​នៅ​មាន​ព្រះ​ជន្ម ​ហើយ​ជា​ការ​គំរាម​កំហែង​ចំពោះ​ការ​កាន់​កាប់​អំណាច​របស់​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ក្នុង​នា​ម​ព្រះ​អង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ​ស្រប​ច្បាប់​របស់​ប្រទេស​កម្ពុ​ជា​ លោកហ៊ុន​ សែនចង់​ធ្វើ​យ៉ាង​ណា​សម្តែង​ឲ្យ​ឃើញ​ថា ​ព្រះ​រាជ​ពិធី​ទាំង​នេះ​ ពិត​ជា​ត្រឹ​ម​ត្រូវ​ ហើយ​មាន​តម្លៃ​យ៉ាង​ជ្រាល​ជ្រៅ។ ​លោក​​ ហ៊ុនសែនកំពុង​តែ​ធ្វើ​ពិធី​លា​ចំពោះ​អតីត​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​អង្គ ​ហើយ​លោក​កំពុ​ង​តែ​សម្តែង​នូវ​ការ​គោរព​ចំពោះ​តួ​នាទី​របស់​សម្តេចឪ ​នរោត្តម​ សីហនុ ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ប្រទេស​កម្ពុជា​។អតីត​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហនុ ​គួរ​តែ​ទទួ​ល​បាន​នូវ​សេចក្តី​គោរព​ ដើម្បី​ជា​សញ្ញា​មួយ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ចការ​បន្ថែម​ទៀត​ និង​ជា​សញ្ញា​មួយ​ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​កំសោយ​”។

សម្រាប់​សម័យ​ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ​វិញ ​លោក​ ដេវីដឆាណ្ឌល័រ ​បាន​មាន​ប្រ​សាសន៍​ថា ​”​​តាម​ពិត​ទៅជំហរ​ន​យោ​បាយ​របស់​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី ​គឺ​ទៅ​តាម​តម្រូវ​ការ​ពី​របប​គ្រប់​គ្រង​សព្វ​ថ្ងៃ​តែ​ប៉ុណ្ណោះ”។

មាន​ការ​គិត​យ៉ាង​ទូលំ​ទូ​លាយ​ថា ​ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី​ ត្រូវ​បាន​ជ្រើស​តាំង​ជា​ក្សត្រ​ស្នង​រាជ​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​ ជំនួស​​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិ ​ដែល​ជា​ព្រះ​រៀម​របស់​ព្រះ​អង្គ​ តែ​មាន​មាតា​ទីទៃ ​ដោយ​សារ​តែ​ព្រះ​អង្គ​ទំនង​ជា​មិន​សូវ​មាន​ភាព​រឹង​រុស​។

លោក​ ដេវីដ​ ឆាណ្ឌល័រ ​បាន​បន្ត​ទៀ​តថា​ “​ខ្ញុំ​មិន​ឃើញ​មាន​ការ​ចាប់​អារម្មណ៍​ណា​មួយ​ពី​ខាង​ [លោកហ៊ុនសែន] ​នៅ​ក្នុង​ការ​ការ​ពារ​របប​រាជា​និយម​នេះ​ទេ​ ក៏​ប៉ុន្តែ ​ដោយ​សារ​តែ​ព្រះ​មហាក្ស​ត្រ​ នរោត្តម​ សីហមុនី ​មិន​បង្ក​នូវ​ភាព​គំរា​ម​កំហែង​នា​ពេល​បច្ចុប្បន្ន ​និង​អនាគត ​ខ្ញុំ​មិន​ឃើញ​មាន​វិធានការ​ណា​មួយ​​ពី​ខាង​ [លោកហ៊ុនសែន]​ ក្នុង​ការ​​បញ្ចប់​របប​រា​ជា​និយម​នេះ​ទេ”។

លោក​ ផៃស៊ីផាន ​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថាលោកហ៊ុន​ សែន​ ផ្ទាល់​បាន​រៀប​ចំ​សម្រប​សម្រួល​អ្វីៗ​យ៉ាង​ច្រើន​ ដើម្បី​យាង​សម្តេច​ឪ​ នរោត្តម​ សីហនុ ​ដែល​កំពុង​គង់​នៅ​និរ​ទេស​ខ្លួន​នៅ​បរទេស​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា​វិញ​ នៅ​ក្រោយសង្គ្រាម​ស៊ីវិល។ លោក​ ផៃ ​ស៊ីផាន​ បាន​ឲ្យ​ដឹង​ថា”​លោក​នាយក​រដ្ឋ​មន្ត្រី ​បាន​យាង​ព្រះ​មហា​ក្សត្រ​ចូល​ [ស្រុក]វិញ​ នៅ​អំឡុង​ទសវត្ស​ឆ្នាំ​១៩៩០ ​ដើម្បី​ឯក​ភាព​ជាតិ​។យើង​គោរព​របប​រាជា​និយម​”។ ក៏​ប៉ុន្តែ ​លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ​រដ្ឋធមនុញ្ញ​ចែង​ថា​ ព្រះ​មហា​ក្សត្រ​មិន​​ពាក់​ព័ន្ធ​នឹង​រឿង​នយោ​បាយ​ទេ។

លោកផៃ ​ស៊ីផាន​ បាន​មាន​ប្រសា​សន៍​ថា​ “​យើង​បែង​ចែក​អំណាច​គ្រប់​គ្រង​ដោយ​ឡែក​ចេញ​ពី​ព្រះ​មហាក្សត្រ​។អ្នក​នយោ​បាយ​មួយ​ចំនួន​ ពួក​គេ​ព្យា​យាម​​ប្រើ​ប្រាស់​ព្រះ​មហាក្សត្រ​។ពួក​គេ​ចង់​ឲ្យ​ព្រះ​អង្គ​ដើរ​តួ​ដូច​នាយក​រដ្ឋ​មន្ត្រី…​ ​បើ​ទោះ​បី​ជា​​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធមនុញ្ញ​ ដែល​បាន​ចែង​ថា ​រាជ​វង្សា​នុវង្ស​ត្រូវ​តែ​គង់​នៅ​អព្យា​ក្រិតក៏​ដោយ​”។

ដោយ​ការ​បោះ​ឆ្នោត​ជាតិ​នឹង​ចូល​មក​ដល់​នៅ​ខែ​កក្កដា ​លោក ​សុខ​ ទូច ​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ​លោក​ ហ៊ុន ​សែន ​ត្រូវ​បាន​ចូល​រួមពី​សំណាក់​សមាជិក​​មក​ពីគណបក្ស​ប្រឆាំង​ និង​សមា​ជិក​មក​ពី​គណបក្ស​រាជា​និយម​ ក្នុង​ការបង្កើន​ប្រជា​ប្រិយ​ភាព​របស់​អតីត​ព្រះ​មហាក្សត្រ​ ដើម្បី​បុព្វហេតុ​ផ្ទាល់​ខ្លួនរបស់​ពួក​គេ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “​អ្នក​នយោ​បាយ​តែង​តែ​និយាយថា ​ខ្លួន​នឹង​ការ​ពារ​របប​រាជា​និយម។ ​ពាក្យ​សម្តី​ការ​ពារ​របប​រាជា​និយមរបស់​ [លោកហ៊ុនសែន] ផ្ទាល់​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ផល​ប្រយោ​ជន៍​យ៉ាង​ច្រើន​ ដោយ​សារ​តែ​មាន​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើន​ស្រលាញ់​សម្តេចឪ​”៕

(រាយការណ៍បន្ថែម​ដោយនៅវណ្ណារិននិង Kate Bartlett)

ប្រែ​សម្រួល​ដោយស៊ាស៊ុយឈាង

និងហួងកុកទៀន

​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស