មេធាវីរបស់លោកចាន់សុវ៉េតបានមានប្រសាសន៍ថា សាលាដំបូងរាជធានីភ្នំពេញបានលើកលែងការចោទប្រកាន់ពាក់ព័ន្ធនឹងចលនាអបគមន៍ក្នុងខេត្តក្រចេះ ចំពោះលោក ចាន់សុវ៉េតបុគ្គលិកសិទ្ធិមនុស្សដ៏ឆ្នើមម្នាក់។
លោកមេធាវីសំសុគង់បានមានប្រសាសន៍ថា លោកបានទទួលលិខិតមួយច្បាប់ពីលោក ឆែ វីរៈ ចៅក្រមស៊ើបសួរ កាលពីថ្ងៃព្រហស្បតិ៍ ដោយពន្យល់ថា ព្រះរាជអាជ្ញាបានសម្រេចលើកលែងការចោទប្រកាន់របស់ខ្លួន ចំពោះលោក ចាន់ សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សអាដហុកពីបទថាបានជួយជនល្មើសម្នាក់នោះ។
លោក ឆែ វីរៈ បានអះអាងថា តុលាការបានលើកលែងការចោទប្រកាន់ហើយប៉ុន្តែបដិសេធមិននិយាយពីមូលហេតុឡើយ។ តុលាការបានបដិសេធរយៈពេលជាច្រើនខែមកហើយមិនព្រមពន្យល់ពីប្រភពនៃការចោទប្រកាន់កាលពីថ្ងៃទី៧ ខែសីហាចំពោះលោកចាន់សុវ៉េតឡើយ។
ប៉ុន្តែ លោក ហ៊ុន សែន បានធ្វើអត្ថាធិប្បាយជាសាធារណៈដោយលើកឡើងថាលោកចាន់សុវ៉េត ត្រូវបានចោទប្រកាន់ថាបានជួយអ្នកបង្កើតចលនាអបគមន៍ម្នាក់នៅក្នុងខេត្តក្រចេះឲ្យគេចខ្លួនពីអាជ្ញាធរនៅមុនពេលការឆ្មក់ចូលរបស់នគរបាលទ្រង់ទ្រាយធំមួយនៅភូមិប្រមា។អំឡុងការឆ្មក់ចូលនោះ កងកម្លាំងសន្តិសុខ បានបាញ់ស្លាប់ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ប៉ុន្តែ អាជ្ញាធរសម្រេចមិនស៊ើបអង្កេតការស្លាប់នេះទេដោយហៅថាជារឿងអចេតនា។
ទីបំផុត តុលាការបានបញ្ចេញឯកសារប្រាប់មេធាវីការពារលោក ចាន់ សុវ៉េត ដោយអះអាងថា ការចោទប្រកាន់នេះពិតជាជាប់ពាក់ព័ន្ធនឹងចលនាអបគមន៍មែន។
នៅពេលសាកសួររូបលោកកាលពីខែធ្នូលោក ចាន់ សុវ៉េត បានប្រាប់តុលាការថាលោកបានផ្តល់កន្លែងជ្រកកោន និងប្រាក់សម្រាប់ទិញអាហារមែន ប៉ុន្តែគ្មានបំណងជួយគាត់ឲ្យរត់គេចពីការចាប់ខ្លួនឡើយ។
កាលពីម្សិលមិញលោកចាន់សុវ៉េតបានសាទរសេចក្តីសម្រេចរបស់តុលាការ ប៉ុន្តែបានសម្តែងការសោកស្តាយថា អ្នកដទៃទៀតដូចជាអ្នកស្រីយ៉មបុប្ផាសកម្មជនប្រឆាំងការបណ្តេញចេញពីដីធ្លីនិងលោកម៉មសូណង់ដូម្ចាស់ស្ថានីយវិទ្យុ សម្បុកឃ្មុំ ដែលអង្គការសិទ្ធិមនុស្សជឿថា អ្នកទាំងពីរនេះត្រូវបានផ្តន្ទាទោសមិនត្រឹមត្រូវនោះ កំពុងជាប់ពន្ធនាគារនៅឡើយ។
លោកបានមានប្រសាសន៍ថា “ រាល់ការចោទប្រកាន់ចំពោះអ្នកស្រី យ៉ម បុប្ផា និងលោក ម៉ម សូណង់ដូ គួរត្រូវបានដោះស្រាយដូចរឿងរបស់ខ្ញុំដែរហើយពួកគេគួរត្រូវបានដោះលែងពីពន្ធនាគារ ដើម្បីបង្ហាញពីឯករាជភាពរបស់ប្រព័ន្ធតុលាការក្នុងប្រទេសកម្ពុជា”។
លោកម៉មសូណង់ដូត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារពីបទបង្កើតចលនាអបគមន៍ ដែលក្នុងនោះ ករណីលោក ម៉ម សូណង់ដូផ្ទាល់កើតឡើងកាលពីថ្ងៃទី១ ខែតុលាហើយត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ។
នៅពេលមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីចូលរួមវេទិកាប្រចាំតំបន់កាលពីខែវិច្ឆិកាលោក បារ៉ាក់អូបាម៉ា (Barack Obama) ប្រធានាធិបតីអាមេរិក បានហៅលោក ម៉ម សូណង់ដូ ថា ជាអ្នកទោសនយោបាយ ហើយបានជំរុញឲ្យលោក ហ៊ុន សែនដោះលែងរូបលោក។
លោក ចាន់ សុវ៉េត មានប្រសាសន៍ថាលោកម៉មសូណង់ដូកំពុងជាប់ឃុំនៅឡើយដោយបង្ហាញថា ការចោទប្រកាន់ ដែលតុលាការបានលើកលែងចំពោះរូបលោកនិងបុគ្គលិកសិទ្ធិមនុស្ស និងអ្នកកាសែតមួយចំនួនទៀតកាលពីប៉ុន្មានខែថ្មីៗនេះគ្រាន់តែជាការល្អមើលតែប៉ុណ្ណោះ ហើយមានភ័ស្តុតាងតិចតួចប៉ុណ្ណោះដែលថា ប្រព័ន្ធយុត្តិធម៌មានការប្រសើរឡើងនោះ។
លោកបានមានប្រសាសន៍ថា “ ការចាប់ខ្លួននិងការឃុំខ្លួនសកម្មជនសិទ្ធិមនុុស្សពាក់ព័ន្ធតំបន់បឹងកក់ [ក្នុងរាជធានីភ្នំពេញ] និងការឃុំខ្លួនលោក ម៉ម សូណង់ដូ បានក្លាយជាបញ្ហាដ៏ក្តៅគគុកក្នុងចំណោមសហគមន៍អន្តរជាតិ។ដូច្នេះ តុលាការបានលើកលែងការចោទប្រកាន់ចំពោះសកម្មជនសិទ្ធិមនុស្សរបស់អង្គការអាដហុកតែប៉ុណ្ណោះ រួមមានរូបខ្ញុំនេះដើម្បីបង្ហាញសហគមន៍អន្តរជាតិថា ការដាក់កម្រិតមកលើពួកយើងកំពុងតែថយចុះ”៕
ប្រែសម្រួលដោយសោម សារុន