34.8 C
Phnom Penh

មេធាវីគ្រប់រូបត្រូវ​ទទួលបាន​ការ​អនុ​ញ្ញាត​ជាមុនសិន​ មុនពេល​និយាយទៅកាន់​បណ្តាញ​​ផ្សព្វផ្សាយព័ត៌មាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានគណៈមេធាវី​បាន​មាន​ប្រសា​សន៍នៅក្នុង​កិច្ច​ប្រជុំកាលពីម្សិលមិញថា​ ឥឡូវ​នេះ​ មេធាវីគ្រប់រូប​ត្រូវ​ទទួល​បាន​ការ​អនុញ្ញាត​ពីគណៈ មេធាវីជាមុនសិន មុនពេល​និយាយ​ទៅ​កាន់​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មាន​វិទ្យុ និង​ទូរ​ទស្សន៍ជាដើម​ ដើម្បីធ្វើ​ឲ្យប្រាកដថា​ ពួក​គាត់​មិន​និយាយ​នូវអ្វីដែល​មិន​គួរ​និយាយ។

លោក ប៊ុន ហុន ប្រធានគណៈមេធាវី​បាន​មាន​ប្រសាសន៍ថា​ “ ទី១យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ការ​ផ្សព្វផ្សាយច្បាប់​ប្រកប​ដោយ​គុណ​ភាពខ្ពស់។​ទី២ ដើម្បីធានាថា ការ​ពន្យល់​អំពីច្បាប់​ដល់​សាធារណ​ជន​គឺត្រឹមត្រូវហើយ​ទី៣ដើម្បីធានាថា​ មេធាវី​គ្រប់រូប​ប្រកាន់ខ្ជាប់​ទៅ​នឹង​ក្រម​សីលធម៌វិជ្ជាជីវៈ”។

ថ្លែងទៅកាន់​សមាជិក​គណៈ​មេធាវី​នៅ​ទី​ស្នាក់​ការក្នុង​រាជធានីភ្នំពេញលោកប៊ុនហុន​ បាន​អះអាងថាវិធានថ្មីនេះមិន​មែន​មាន​​ន័យ​ថាមេធាវីទាំងអស់​នឹង​មិន​ត្រូវ​​បាន​អនុញ្ញាត​ឲ្យនិយាយទៅកាន់​សារព័ត៌មាននោះទេ ហើយ​ក៏មិនមែន​មាន​ន័យ​ថា​ ដើម្បីរឹត​ត្បិត​សេរីភាព​សារ​ព័ត៌​មាន​នោះដែរ។

នៅពេលទាក់​ទង​តាមទូរស័ព្ទនាពេល​ក្រោយ​មក លោក​មាន​ប្រសាសន៍ថា“ មេ​ធាវីគ្រប់រូប​អាច​និយាយទៅកាន់​បណ្តាញផ្សព្វ​ផ្សាយព័ត៌មានបាន ឧទា​ហរ​ណ៍​​អំពី​ករណីដែល​កំពុង​កើតឡើង​ ប៉ុន្តែ​ពួកគេ​​មិន​អាច​រិះ​គន់ការ​​សម្រេចរបស់​តុលាការ​ ឬ​និយាយថា សាលក្រមរបស់​តុលាការ​មិន​យុត្តិធម៌បាន​ឡើយ”។ លោក​ថ្លែងថា​ ការ​ពិន័យ​ចំពោះការ​រំលោភ​វិធានថ្មីនេះនឹង​ចាប់ពី​ការ​ព្រមានជាផ្លូវការ​រហូត​ដល់​ ការ​ដក​វិជ្ជា​ជីវៈ​មេធាវី។

តាមសំណើរបស់​គណៈមេធាវី​ កាល​ពី​ថ្ងៃទី៣១ខែមករា​ ក្រសួងព័ត៌មាន​ក៏បាន​ចេញ​សេចក្តីថ្លែងការ​ណ៍មួយ ណែនាំដល់​ប្រព័ន្ធផ្សព្វផ្សាយ មាន​វិទ្យុ និង​ទូរទស្សន៍​ជាដើមដែល​មាន​បំណងសម្ភាសមេធាវី ត្រូវ​ឆ្លងកាត់​គណៈ​មេធាវីជាមុនសិន។

នៅពេលនេះមាន​មេធាវីតែ​មួយ​រូបគត់​ត្រូវបាន​ហាមឃាត់​ទាំងស្រុង​មិន​ឲ្យផ្តល់​បទសម្ភាសដល់​បណ្តាញផ្សព្វផ្សាយគឺ​លោកគួយធុនណា​ ដែល​លោកប៊ុនហុន ​បាន​មាន​ប្រសាសន៍ថាបាន​រំលោភ​មាត្រា​១៥​នៃ​ក្រម​សីលធម៌មេធាវី។ លោកបាន​បដិសេធមិន​និយាយថា​ តើ​ លោក គួយ ធុនណា ​បាននិយាយ​ពីអ្វី​ឡើយប៉ុន្តែ​មាត្រា​១៥ចែងថា ​មេធាវី​​មិន​ត្រូវ​ផ្តល់​​ព័ត៌មាន​មិន​ពិត​ ឬព័ត៌​មានក្នុង​ន័យ​បោក​ប្រាស់ ឬពាក់​ព័ន្ធនឹង​ការ​ឃោសនា​ពី​ខ្លួន​ឯង​ឡើយ។

លោក​ គួយ ធុនណា បាន​បដិសេធមិន​អត្ថា​ធិប្បាយអំពីការ​ហាមឃាត់​របស់​គណៈ​មេធាវី​នេះ។ លោកសុកសំអឿនមេធាវីនិង​ជា​នាយក​ប្រតិបត្តិក្រុមអ្នក ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ជាអង្គការ​ជំនួយ​ផ្នែកច្បាប់​មាន​ប្រសាសន៍​ថា​មេធាវីគួរតែ​បម្រើកូន​ក្តីរបស់​ខ្លួនដោយ​គ្មាន​ការ​​រារាំង​ពីវិធាន​បែបនេះឡើយ ហើយ​ថារដ្ឋ​ធម្មនុញ្ញបាន​ការ​ពារ​សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ​របស់​មនុស្ស​គ្រប់រូប។

លោក សុក សំអឿន បាន​មាន​ប្រសា​សន៍ថា “មេធាវីគ្រប់​រូបមាន​វិជ្ជាជីវៈពួកគេ​ចេះ​ច្បាប់​​ ហើយ​ពួកគេ​ក៏​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​កូនក្តីរបស់​ខ្លួន​ផងដែរ​។ ឧទាហរណ៍ប្រសិន​បើេកូនក្តីយល់​ព្រម​ឲ្យគាត់​និយាយ​ពី​រឿង​នោះ​នោះទើបគាត់​អាច​និយាយ​បាន”។

លោក​បាន​បន្ថែមថា លោក​មិន​ដែល​ឮ​ពីវិធានបែបនេះនៅក្នុង​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដទៃទៀត​ឡើយ។ លោកបាន​មាន​ប្រសាសន៍ថា​ “ ប្រសិន​បើ​គណៈមេធាវីបារម្ភថា ​ប្រហែលជា​មាន​មេធាវី​មួយ​ចំនួនមិន​ដឹង​ពីរបៀប​និយាយ​ជាមួយ​អ្នកកាសែត ខ្ញុំគិត​ថា ​យក​ល្អ​គណៈ​មេធាវី​ត្រូវ​ធ្វើការ​បណ្តុះ​បណ្តាល​មេធាវី​ឲ្យចេះ​និយាយ​ជាមួយ​អ្នកកាសែត”៕

(រាយការ​ណ៍បន្ថែមដោយ Dene-Hern Chen)

​ប្រែសម្រួលដោយសោមសារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស