32 C
Phnom Penh

ភរិយា​របស់​សមាជិក​ព្រឹទ្ធសភា​ ជូន​អាំង​ប៉ាវ​ដល់​កង​កម្លាំង​រដ្ឋា​ ភិបាល​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ម៉ោង​៩​ព្រឹក​កាល​ពី​ម្សិលមិញ​ យោធា​នគរបាល​ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជាង​២០០​នាក់​ បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ខាង​ក្រៅ​ភូមិ​គ្រឹះ​​ដ៏​ស្កឹម​ស្កៃ​មួយ​ នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៥៥ ក្នុង​​ខណ្ឌ​​ដូន​ពេញ​ រាជ​ធានី​ភ្នំពេញ​។ ហើយ​នៅ​ម៉ោង​១០​ព្រឹក​ចំនួន​នេះ​ បាន​កើន​ឡើង​ប្រហែល​១.០០០​​​នាក់​ ដោយ​មាន​បន្ថែម​សមាជិក​អង្គភាព​កង​អង្គរក្ស​​ ហើយ​​បាន​ធ្វើ​ឲ្យ​ផ្លូវ​មួយ​នេះ មើល​ទៅ​ពោរពេញ​ទៅ​ដោយ​ឯក​សណ្ឋាន​​របស់​អាជ្ញាធរ​​។

កង​កម្លាំង​រដ្ឋាភិបា​ល​ជាច្រើន​នាំ​គ្នា​ឈរ​រង់​ចាំ​ទទួល​អាំង​បា៉វ ពី​គ្រួសារ​របស់​លោកស្រី​ ជឹង សុភាព ម្ចាស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​ ភាពីមុិច ដ៏មាន​ឥទ្ធិពល​ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ នៅ​ភូម​ិ​គ្រឹះ​របស់​លោកស្រី​ ក្នុង​ខណ្ឌ​​​ដូន​ពេញ កាលពីម្សិលមិញ​។ Ben Woods /The  Cambodia Daily
ង​កម្លាំង​រដ្ឋាភិបា​ល​ជាច្រើន​នាំ​គ្នា​ឈរ​រង់​ចាំ​ទទួល​អាំង​បា៉វ ពី​គ្រួសារ​របស់​លោកស្រី​ ជឹង សុភាព ម្ចាស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​
ភាពីមុិច ដ៏មាន​ឥទ្ធិពល​ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ នៅ​ភូម​ិ​គ្រឹះ​របស់​លោកស្រី​ ក្នុង​ខណ្ឌ​​​ដូន​ពេញ កាលពីម្សិលមិញ​។ Ben Woods /The  Cambodia Daily

អ្នក​ទាំង​អស់​ដែល​បាន​ទៅ​ប្រមូល​ផ្ដុំ​គ្នា​នោះ​ បាន​កំពុង​រង់​ចាំ​លោក​ស្រីជឹងសុភាពម្ចាស់​​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យភាពីមិុច​ដ៏​មាន​អំណាច​ និង​ជា​ភរិយា​របស់​លោកឡៅ​ ម៉េង​ឃិនសមាជិក​ព្រឹទ្ធ​សភាមក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ជូន​អាំង​ប៉ាវ ដែល​មាន​លុយ​នៅក្នុង​នោះ​ដល់​ពួក​គេ​ ហើយ​ការ​ជូន​អាំង​ប៉ាវ​នេះ​ ជា​ធម្មតា​តែង​តែ​ធ្វើ​ឡើង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​។

ក្រុមហ៊ុន​ ភាពី​ម៉ិច ​បាន​កាន់​កាប់​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។ ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះគឺ​ជា​​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​​​មាន​ទំហំ​៣១៦.០០០​​ហិកតា​ នៅ​ក្នុង​ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ដែល​អ្នក​ភូមិ​បាន​តវ៉ា​ជា​ច្រើន​លើក​ច្រើន​សា​ ដោយ​លើក​ឡើង​​​​ថា ដី​របស់​ពួក​គាត់​ត្រូវ​គេ​កាប់​រាន​ដោយ​​ខុស​ច្បាប់​។មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ពង្រាយ ​ដើម្បី​ការ​ពារ​ដី​សម្បទាន​​សេដ្ឋកិច្ច​។លោកឡៅម៉េងឃិនស្វាមី​របស់​លោក​ស្រី​ជឹងសុភាពគឺ​ជា​ម្ចាស់​ក្រុមហ៊ុនស៊ូកាគូអុិនផងដែរ​ ដែល​បាន​ប្រើ​កង​សន្ដិសុខ​រដ្ឋាភិបាល​​ប្រដាប់​ដោយ​អាវុធ​ប្រឆាំង​នឹង​អ្នក​តវ៉ា​នៅ​ក្នុង​គម្រោង​អចលនទ្រព្យ​របស់​ខ្លួន​ ក្នុង​សហ​គមន៍​ប​ឹង​កក់​ ក្នុង​រាជ​ធានី​ភ្នំពេញ​។

អង្គការ​សិទ្ធិ​មនុស្ស​​​បាន​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយថា​ កង​សន្ដិសុខ​របស់​រដ្ឋាភិបាល​​ជាពិសេស​កង​រាជ​អាវុធ​ហត្ថ​ បាន​​ការ​ពារ​ដី​សម្បទាន​​ឯកជន​សម្រាប់​គ្រួសារ​អ្នក​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ​ និង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​ ក្នុង​ជម្លោះ​ផល​ប្រយោជន៍​មួយ។

ប៉ុន្ដែមន្ត្រី​ដឹង​គុណ​ទាំង​អស់​ ​ដែល​បាន​នាំ​គ្នា​ទៅ​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្រៅ​ភូមិ​គ្រឹះ​របស់​លោកស្រី ជឹង សុភាព ដែល​គេ​ហៅ​ថាយាយ ភូ កាល​ពី​ម្សិលមិញ​ និង​ដែល​បាន​ទទ​ួល​​​អាំង​ប៉ាវ​ម្នាក់​ៗ​​ចំនួន​ពី​៣០.០០០​រៀលទៅ​៥០.០០០​រៀល​ បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ទំនាក់​ទំនង​យ៉ាង​ពិសេស​​នេះ​។

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​​ឈ្មោះ​ ស៊ាងរ៉ាឌីន បាន​និយាយ​នៅ​ពេល​កំពុង​រង់​ចាំ​​ខាង​ក្រៅ​ច្រ​ក​ទ្វារ​ភូមិ​គ្រឹះ​របស់​យាយ ភូ ថា“ យើង​ជួយ​គាត់​នៅ​ពេល​មាន​បញ្ហា​កើត​ឡើង​ មិន​គ្រាន់​តែ​​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ប៉ុណ្ណោះ​ទេប៉ុន្ដែក៏​មាន​នៅ​បណ្ដា​ខេត្ត​ផង​ដែរ​”។​គាត់​​បាន​បន្ដ​ថា “ លោក​​​ស្រី​​​​ស្រឡាញ់​ចូល​ចិត្ត​កង​កម្លាំង​ប្រដាប់​អាវុធ​ ពី​ព្រោះលោក​​​​​​ស្រី​​​​ដឹង​ថាយើង​​អាច​ជួយ​ការ​ពារ​លោក​​​ស្រី​​​​បាន​ ហើយ​ពីព្រោះ​គាត់​គឺ​ជា​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​ក្នុង​ជួរ​រដ្ឋាភិបាល​។ លោក​​​ស្រី​​​​គឺ​ជា​អ្នក​ជំនួញ​មួយ​រូប​ ហើយ​លោក​​​ស្រី​​​​ក៏​បាន​ធ្វើ​ការ​ជាមួយ​កាកបាត​ក្រហម​កម្ពុជា​ផង​ដែរ​”។

លោក​ ស៊ាងរ៉ាឌីនបាន​​បន្ថែម​ថា “ ហើយ​មិន​គ្រាន់​តែ​កង​រាជ​អាវុធ​ហត្ថ​​​នោះ​ទេ​ វា​ក៏​នៅ​មាន​កង​កម្លាំង​ផ្សេង​ៗ​ទៀត​​ផង​ដែរ ដែល​​បាន​ចូល​រួម​ជួយ​លោក​​​ស្រី​​​​ក្នុង​ការ​តវ៉ា​ផ្សេង​ៗ​ ​ដែល​ប៉ះពាល់​ដល់​គម្រោង​របស់​លោក​​​ស្រី​​​ ដូចជា​គម្រោង​នៅ​បឹង​កក់​ជា​ដើម​”។ លោកចាន់ដារ៉ា ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀត ​ដែល​បាន​និយាយ​ថាអង្គ​ភាព​របស់​​ខ្លួន​បាន​ធ្វើ​ការ​ឲ្យគ្រួសារ​របស់​លោក​​​ស្រី​​​​ដោយ​ផ្ទាល់​និយាយ​ថា ​ចិត្ត​សប្បុរស​របស់​លោក​​​ស្រី​​ ជឹង​ សុភាពចំពោះ​អ្នក​ដឹង​គុណ​ដល់​លោក​​​ស្រី​​​​គឺ​ដោយ​សារ​តែ​ពួកគេ​បាន​​ជួយ​លោក​​​ស្រី​​​​។

លោកចាន់​ ដារ៉ាបាន​និយាយ​ថា “ ខ្ញុំ​ គឺ​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​​ម្នាក់​ នៅ​ក្នុង​អង្គ​ភាពដែល​បាន​ជួយ​ការ​ពារ​គ្រួសារ​លោក​​​ស្រី​​​​ ហេតុ​ដូច្នេះ​ហើយ​​បាន​ជា​លោក​​​ស្រី​​​​ឲ្យ​អាំង​ប៉ាវ​​ពួក​យើង​ គឺ​ដើម្បី​អរគុណ​ពួក​យើង​។ ខ្ញុំ​ពិត​​ជា​​កោត​សរសើរ​ចំពោះ​​ទង្វើ​លោក​​​ស្រី​​​​ណាស់​។យើង​ជា​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ហើយ​យើង​ក៏​បាន​ជួយ​ដល់​លោក​​​ស្រី​​​​ផង​ដែរ​ យើង​តែង​តែ​ជួយ​លោក​​​ស្រី​​​​ នៅ​ពេល​ណា​ដែល​លោក​​​ស្រី​​​​ត្រូវ​ការ​ជំនួយ​”។

លោកឡៅវណ្ណកូន​ប្រុស​របស់​លោកឡៅម៉េងឃិនបាន​លើក​ឡើង​ថាគ្រួសារ​របស់​ខ្លួន​ បាន​ចែក​អាំង​ប៉ាវ​អស់​ជាង​៥.០០០​ តែ​លោក​មិន​បាន​ដឹង​ថា ចែក​លុយ​អស់​ប៉ុន្មាន​នោះ​ទេ។

លោក​ ឡៅ វណ្ណ ​លើក​ឡើង​បន្ដ​ទៀត​ថា “ នេះ​គឺ​ជា​ចិត្ត​សប្បុស​របស់​យើង​ ដែល​បាន​ជូន​អាំង​ប៉ាវ​ដល់​កង​កម្លាំង​ប្រដាប់​អា​វុធ​ ព្រោះ​ពួក​គេ​បាន​ខិតខំ​ធ្វើ​ការ​ខ្លាំង​ណាស់​។

ពួក​គេ​ទាំង​អស់​ដូច​ជា​នគរបាល​ចរាចរ និង​នគរបាល​ផ្នែក​ផ្សេង​ៗ​ទៀតមិន​គ្រាន់​តែ​ធ្វើ​ការ​ឲ្យ​គ្រួសារ​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេប៉ុន្ដែក៏​ធ្វើ​ការ​ឲ្យ​គ្រួសារ​របស់​ប្រជា​ពលរដ្ឋ​គ្រប់​​រូប​ផង​ដែរ​”។លោក​បាន​បន្ថែម​ទៀត​ថាគ្រួសារ​របស់​លោក​បាន​ចែក​អាំង​ប៉ាវ​​រាស់​​ឆ្នាំ​អស់​​រយៈ​ពេល​ជិត​មួយ​​ទសវត្សរ៍​មក​ហើយ​។

លោកស្រី​ ជាវណ្ណាតអ្នក​វិភាគ​នយោ​បាយ​​ឯក​រាជ្យ​មួយ​រូប​ បាន​មាន​ប្រសាសន៍​ថាការ​ផ្ដល់​ថវិកា​ទៅ​ឲ្យ​កង​កម្លាំង​ទាំង​នេះ​​ពី​សំណាក់​​ម្ចាស់​ក្រុមហ៊ុន​ឯក​ជន​ ពិត​ជា​ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​យ៉ាង​ខ្លាំង​។ លោក​ស្រី​បាន​ថ្លែង​ថា “ ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ពេល​ឥឡូវ​នេះ​ គឺ​ស្ដែង​ឲ្យ​ឃើញ​ពី​គោល​នយោបាយ​ក្រៅ​ផ្លូវ​ការ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​”។លោក​ស្រី​បាន​បន្ថែម​ទៀត​ថា “ ហេតុ​ដូច្នេះ​ហើយ​ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​ណា​មួយ​ ត្រូវ​តែ​មាន​​គោល​នយោបាយ​ពី​មន្ត្រី​​ជាន់​ខ្ពស់​ឲ្យ​​នគរបាល​ និង​កង​រាជ​អាវុធ​ហត្ថនៅ​ឯក​រាជ្យ​ និង​មិន​ស្វែង​រក​ថវិកា​ពី​អ្នក​ជំនួញ​ ឬ​ក៏វិស័យ​ឯកជន​”។ លោកផៃស៊ីផានអ្នក​នាំពាក្យ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​កម្ពុជា​បង្កើត​ឡើង​ គឺ​ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​

 

របស់​សាធារណជនមិន​មែន​សហគ្រាស​ឯក​ជន​នោះ​ទេ​ ហើយ​លោក​បាន​បន្ថែម​ថាលោក​ ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​ថា តើ​ប្រពៃ​ណី​ជូន​អាំង​ប៉ាវ​របស់​លោក​​​​ស្រីជឹងសុភាពសម​ស្រប​ឬក៏​មិន​សមស្រប​នោះ​ទេ​។ លោកបាន​មាន​ប្រសាសន៍​ថា “ វា​ពិបាក​ណាស់​សម្រាប់​ខ្ញុំ​ ដែល​និយាយ​ថាវា​សម​ស្រប​

ឬ​ក៏​មិន​សម​ស្រប​នោះ​ ពី​ព្រោះ​យើង​គ្មាន​ច្បាប់​ណាមួយ​បែប​នេះឬក៏​ច្បាប់​ជម្លោះ​ផល​ប្រយោជន៍​នោះ​ឡើយ​​”។ ដោយ​ឡែក​លោកឡុនសារ៉ានមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ផ្សេង​ទៀត​ ដែល​ទទួល​បាន​អាំង​ប៉ាវ​ប្រាំ​ឆ្នាំ​ជាប់​ៗ​គ្នា​ បាន​និយាយ​​យ៉ាង​ខ្លី​​​ពី​សុភា​សិត​ខ្មែរ​មួយថា“ ​មាន​ទៅ​មាន​មក” ដែល​មាន​ន័យ​ថា ប្រសិន​បើ​អ្នក​​ផ្ដល់​រង្វាន់​ទៅ​ឲ្យ​នរណាម្នាក់​ អ៊ីចឹង​អ្នក​នោះ​នឹង​ផ្ដល់​ផល​ប្រយោជន៍​ទៅ​ឲ្យ​អ្នក​វិញ​៕

(រាយការណ៍​បន្ថែម​ដោយ Ben Woods)

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស