35 C
Phnom Penh

ក្រសួង​កសិកម្ម​ចង់​លុប​ចោល​ដី​សម្ប​ទាន​របស់​ក្រុម​ហ៊ុន​វៀតណាម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា​ ក្រសួង​កសិកម្ម​នឹង​ស្នើ​ទៅ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែនឲ្យ​លុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​៤.៩០០ហិតា​ របស់​ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​មួយ​​ក្នុង​ខេត្ត​​រតនគិរី​ ដោយ​សារ​ក្រុម​ហ៊ុន​នេះ​​​បាន​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ច្រើន​​ដោយ​ខុស​ច្បាប់​។

លោកច័ន្ទសារុនរដ្ឋមន្រ្តីក្រសួង​កសិកម្ម​​​មាន​ប្រសាសន៍ថា លោក​បាន​បញ្ជូន​គណៈ​កម្មការមួយ​ក្រុមរបស់​ក្រសួង​កសិកម្ម​ ដើម្បី​ទៅ​ស៊ើប​អង្កេតករណី​​ក្រុមហ៊ុនហ្សៃហ្សុង​យឿន​ ដោយបាន​រក​ឃើញ​ភ័ស្តុតាង​យ៉ាង​ច្រើន បញ្ជាក់​​ពី​សកម្ម​ភាព​​​កាប់​ឈើ​​ខុសច្បាប់​​​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ចរបស់​ក្រុម​ហ៊ុន​​ទំហំ​៤.៨៨៩​ហិតា​ក្នុង​ស្រុក​អូរយ៉ាដាវ។

លោកច័ន្ទសារុន​ បានមាន​ប្រសាសន៍​បន្តថា “ យើង​បាន​រឹប​អូស​ឈើ​ហុប​មូល​ជាច្រើន​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ចនេះ​​ ហើយ​យើង​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​ទៀត​។

យើង​មិន​អាច​អត់ឱន​ឲ្យ​ក្រុម​ហ៊ុន​នេះ​បាន​ទេ​ ពីព្រោះ​ក្រុម​ហ៊ុន​នេះ​បាន​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​​ ដែល​ជា​បទ​ល្មើស​ដ៏​ធ្ងន់​ធ្ងរ​ និងបាន​រំលោភ​លើ​កិច្ច​សន្យារបស់​ខ្លួន​ជាមួយ​រដ្ឋាភិបាល​”។ លោកច័ន្ទសារុនថ្លែងបន្ត​ថាលោកអាច​នឹង​បញ្ជូន​របាយការណ៍​នៃការ​រក​ឃើញ​នេះ​ទៅ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ក្នុង​ពេល​ឆាប់​ៗនេះ​ ហើយ​ស្នើសុំ​ឲ្យលោក​នាយក​រដ្ឋ​មន្ត្រី​លុបចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​។លោក​ថ្លែង​បន្តទៀត​ថា “ ខ្ញុំ​នឹងស្នើ​ឲ្យ​រដ្ឋាភិបាល​រឹប​អូស​ដីសម្បទាន​សេដ្ឋកិច្ច​​នេះ​សម្រាប់​ជា​កម្មសិទ្ធិរបស់​រដ្ឋ ពីព្រោះ​ក្រុម​ហ៊ុន​នេះ​បាន​កាប់​ឈើ​ខុស​ច្បាប់​”។

យោង​តាម​ក្រសួង​កសិកម្ម​បានឲ្យ​ដឹង​ថា​មិន​មាន​ដី​សម្បទាន​សេដ្ឋកិច្ច​ណាមួយ​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​កាប់​ឈើ​នៅ​ក្នុងតំបន់​ព្រៃ​ការពារនោះ​ទេ​ ទោះបី​ជាព្រៃ​ឈើ​នោះ​ត្រួត​ស៊ី​គ្នា​ជា​មួយ​ដី​សម្បទាន​សេដ្ឋកិច្ច​​ក៏ដោយ​។

នៅ​ពេល​សួរថា តើ​រដ្ឋាភិបាល​អាច​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​ហ្សៃហ្សុង​យឿនតាមសំណើ ​ឬ​យ៉ាង​ណា​នោះ​ លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​មាន​ប្រសាសន៍ថាវា​អាច​លុប​ចោល​បាន​។

លោក​មាន​ប្រសាសន៍ថា “ ខ្ញុំគិតអ៊ីចឹង​ដែរ ដោយ​សារ​ក្រសួង​កសិកម្ម​មាន​ជំនាញ​ខាងការងារនេះ​។លោកនាយករដ្ឋមន្ត្រី​នឹង​សម្រេចចំពោះបញ្ហានេះ​​ដោយ​យោង​តាម​ជំនាញ​របស់​ក្រសួង​កសិកម្ម​”។

កាលពីខែមុនមន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​រក​ឃើញ​ឈើ​ហុប​មូល​ចំនួន​១.០៩១​កំណាត់​​ដែល​បាន​កាប់​រួចជាស្រេចនៅ​ក្នុង​ដី​សម្បទាន​

​សេដ្ឋកិច្ច​របស់​ក្រុម​ហ៊ុន​ហ្សៃហ្សុង​យឿននេះ​។ ការ​រកឃើញនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មន្ត្រី​មូលដ្ឋាន​ និង​សកម្មជន​សិទ្ធិមនុស្ស​នានា​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍​ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ដី​ព្រៃ​ ដែល​ជា​កម្មសិទ្ធិ​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគតិច​ចារ៉ាយ​នៅក្នុង​ភូមិ​ឡំ​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ។

កាលពីថ្ងៃទី៤ខែមករាក្រុម​ហ៊ុន​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ព្រៃ​ទំហំ​ទទឹង​១០០​ម៉ែត្រ​ និង​បណ្តោយ​១៥០​ម៉ែត្រ​ ជា​ដី​​សម្រាប់​​​គ្រួសារ​ជនជាតិ​ភាគតិច​ចារ៉ាយ​​កប់​ខ្មោច​របស់​ពួកគេ​ ដោយ​បាន​បំផ្លាញ​ផ្នូរដូនតា​​អស់​ចំនួន​១៥០​ផ្នូរ​ផងដែរ​។ យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ ដែល​បាន​អំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ហ្សៃហ្សុង​​យឿន ​ដែរនោះ​បានឲ្យ​ដឹង​ថាក្រុមហ៊ុន​នេះ​បាន​កាប់​ឈើ​ដោយខុស​ច្បាប់​ ចាប់​តាំង​ពីខែ​កក្កដា​មកម៉្លេះ​ ហើយ​​បាន​នាំ​ឈើ​ទាំងនេះ​ទៅកាន់​ប្រទេស​វៀតណាម ឆ្លងតាម​ច្រក​ព្រំដែន​ថ្មដា។

លោកធនសារ៉ាត់អ្នក​នាំពាក្យ​របស់​ក្រសួង​កសិកម្ម​​ បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​នេះ​​បាន​ទទួល​បញ្ជា​ឲ្យ​បញ្ឈប់​សកម្ម​ភាព​កាប់​ឈើ​ជា​បណ្តោះ​អាសន្ន​ រហូត​ទាល់​តែ​មានសេចក្តី​សម្រេច​​ស្តី​អំពី​ដី​សម្បទាន​សេដ្ឋកិច្ច​នេះសិន​។ ក្រុម​ហ៊ុនហ្សៃហ្សុង​យឿន មិន​អាច​ទាក់​ទង​បាន​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ៕

ប្រែសម្រួលដោយឃិនណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស