យោងតាមសេចក្ដីថ្លែងការណ៍មួយរបស់អង្គការណាសាបានឲ្យដឹងថាអង្គការណាសាដែលជាទីភ្នាក់ងារទីអវកាសរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ចាប់បានរូបភាពនៃអគ្គិភ័យដែលកំពុងតែឆាបឆេះជាច្រើនកន្លែងនៅតាមបណ្តាខេត្តនានាដែលស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា មានដូចជាខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យជាដើម ប៉ុន្តែ អគ្គិភ័យដែលបានឆាបឆេះនេះទំនងជាគ្មានផលប៉ះពាល់នោះឡើយហើយបែរជាការដុតគល់ចិញ្ច្រាំងចោលសម្រាប់ការបង្កបង្កើនផលលើកក្រោយរបស់ប្រជាកសិករទៅវិញទេ។
សេចក្ដីថ្លែងការណ៍នេះ លើកឡើងថា“រូបភាពមិនសូវជាច្បាស់ល្អ ដែលផ្កាយរណបរបស់អង្គការណាសាចាប់បាន បង្ហាញឲ្យឃើញថាមានអគ្គិភ័យកំពុងឆាបឆេះជាច្រើនកន្លែងនៅភាគខាងជើងនៃប្រទេសកម្ពុជា កាលពីថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៣។សេចក្ដីថ្លែងការណ៍នេះបានបន្ដថារូបភាពនៃអគ្គិភ័យដែលចាប់បាននេះទំនងជាដូចគ្នាទៅនឹងរូបភាពនៃអគ្គិភ័យ ដែលចាប់បានដោយផ្កាយរណបរបស់អង្គការណាសាកាលពីពាក់កណ្ដាលខែមករាដែរ។
សេចក្ដីថ្លែងការណ៍នេះបានបន្ដថា“ ប្រជាកសិករកំពុងតែដុតគល់ចិញ្ច្រាំងនៅក្នុងវាលស្រែរបស់ខ្លួន ដើម្បីប្រែក្លាយគល់ចិញ្ច្រាំងនេះឲ្យក្លាយទៅជាជីដើម្បីជំនួយដល់គុណភាពដី និងដើម្បីដុតកម្ទេចចោលនូវរុក្ខជាតិ ដែលគ្មានប្រយោជន៍នានា ចេញពីវាលស្រែរបស់ពួកគាត់សម្រាប់រដូវបង្កបង្កើនផលលើកក្រោយ។នៅពេលអគ្គិភ័យទាំងនេះបានដុតកម្ទេចចោលរុក្ខជាតិនានាដែលជួយបង្កើនដល់គុណភាពដីនិងដុតរុក្ខជាតិនានាដែលគ្មានប្រយោជន៍ អគ្គិភ័យទាំងនេះក៏បង្កើតឲ្យមានផ្សែង ដែលបំពុលដល់បរិយាកាសផងដែរ”។
លោកអ៊ុកកែវរតនៈអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាអគ្គិភ័យទាំងនេះវាតែងតែកើតឡើងជារៀងរាល់ឆ្នាំបែបនេះហើយ ពីព្រោះប្រជាកសិករ ត្រូវការសម្អាតវាលស្រែរបស់ខ្លួនសម្រាប់រដូវបង្កបង្កើនផលថ្មី។
លោកមានប្រសាសន៍បន្ថែមថា“ ប្រជាកសិកររបស់យើងតែងតែដុតគល់ចិញ្ច្រាំង នៅក្នុងវាលស្រែរបស់ខ្លួនចោលមុនពេលពួកគាត់ចាប់ផ្ដើមបង្កបង្កើនផលម្ដងទៀតនៅរដូវបង្កបង្កើនផលថ្មី។វាអាចជួយឲ្យពួកគាត់ភ្ជួររាស់ដីរបស់ខ្លួនបានស្រួល និងផេះដែលកើតពីការដុតនៃគល់ចិញ្ច្រាំងនឹងក្លាយទៅជាជី។រីឯផ្សែងវិញវាមិនបង្កឲ្យកើតជាបញ្ហាអ្វីមួយនោះឡើយ”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង