អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលជាអង្គការតស៊ូមតិមានមូលដ្ឋាននៅបុរីញូវយ៉ក បានចោទប្រកាន់គណៈមេធាវីកម្ពុជា ពីបទព្យាយាមគាបសង្កត់អ្នករិះគន់រដ្ឋាភិបាលសំខាន់ៗ នៅមុនពេលបោះឆ្នោតជាតិនៅខែកក្កដា ដោយបានចេញបម្រាមហាមមេធាវីមិនឲ្យធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈ។
គណៈមេធាវី និងក្រសួងព័ត៌មានសុទ្ធតែបានចេញសេចក្ដីបង្គាប់ថា មុនពេលមេធាវីមានប្រសាសន៍តាមប្រព័ន្ធផ្សព្វផ្សាយនានា ចាំបាច់ត្រូវតែមានការអនុញ្ញាតជាផ្លូវការជាមុនសិន។បទបញ្ជានេះធ្វើឡើងបន្ទាប់ពីមានការចាប់ពិរុទ្ធការបកស្រាយរបស់មេធាវីម្នាក់ ដែលបាននិយាយឥតសំចៃមាត់នៅក្នុងរឿងក្តីក្តាំនៅក្នុងតុលាការទាក់ទងនឹងករណីជំពាក់ប្រាក់ជាង៦៥លានដុល្លារ រវាងក្រុមហ៊ុនទូរគមនាគមន៍។
នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលទទួលបានកាលពីម្សិលមិញ អង្គការឃ្លាំមើលសិទ្ធិមនុស្ស រិះគន់រដ្ឋាភិបាល និងគណៈមេធាវីយ៉ាងខ្លាំង។
លោកប្រេដអាដាម (Brad Adams) ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ត្រូវបានគេដកស្រង់សម្ដី នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយលោកបានលើកឡើងថា“ ដូចអ្វីដែលយើងបានដឹងហើយថា រដ្ឋាភិបាលកម្ពុជា មិនអាចស្វែងរកវិធីសាស្ត្រផ្សេងណាមួយ ដើម្បីគាបសង្កត់អ្នករិះគន់រដ្ឋាភិបាលឡើយ ក្រៅតែពីដាក់បម្រាម អំឡុងឆ្នាំមានការបោះឆ្នោត ដើម្បីកុំឲ្យមេធាវីផ្តល់សម្ភាសតាមស្ថានីយវិទ្យុ និងតាមស្ថានីយទូរទស្សន៍”។
សេចក្ដីថ្លែងការណ៍នេះបន្ដថា“ សេចក្ដីបង្គាប់របស់គណៈមេធាវី នឹងរារាំងមេធាវីមិនឲ្យធ្វើសេចក្ដីថ្លែងការណ៍ណាមួយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាតាមកាសែត ទស្សនាវដ្ដី វិទ្យុឬក៏ទូរទស្សន៍ជាដើមប្រសិនបើគ្នានការអនុញ្ញាតពីគណៈមេធាវីជាមុនទេនោះ”។
អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថាគណៈមេធាវី គឺស្ថិតនៅក្រោមការគ្រប់គ្រងគណបក្សកាន់អំណាច គឺគណបក្សប្រជាជានកម្ពុជា តាំងពីឆ្នាំ២០០៤មកម៉្លេះនៅពេលគណបក្សនេះ បានជួយរៀបចំការបោះឆ្នោតជ្រើសរើសប្រធានគណៈមេធាវី ដោយបដិសេធជ័យជម្នះរបស់បេក្ខជនឯករាជ្យមួយរូប ហើយបានលើកបន្ដុបបេក្ខជន ដែលគណបក្សប្រជាជនកម្ពុជាគាំទ្រ ដើម្បីឲ្យឡើងជំនួសតំណែងរបស់បេក្ខជនឯករាជ្យរូបនោះវិញ”។
សេចក្តីថ្លែងការណ៍នេះ ក៏បានលើកឡើងដែរអំពីការជាប់ទាក់ទងជាមួយរដ្ឋាភិបាលរបស់លោកប៊ុនហុនប្រធានគណៈមេធាវី និងជាអតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ដែលបានចូលកាន់តំណែង កាលពីខែវិច្ឆិកាដោយបានលើកឡើងថាការជ្រើសរើសជាប្រធានគណៈមេធាវីនេះ គឺមានការគាំទ្រយ៉ាងពេញទំហឹងពីលោកឧបនាយករដ្ឋមន្ត្រី សុខអាន។
កាលពីម្សិលមិញលោក ប៊ុនហុន មានប្រសាសន៍ថា លោកមិនអាចឆ្លើយតបភ្លាមៗចំពោះសេចក្ដីថ្លែងការណ៍នេះបានទេ។ ប៉ុន្ដែលោកខៀវកាញារីទ្ធរដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានមានប្រសាសន៍តាមរយៈសារទូរស័ព្ទថា “ គណៈមេធាវី គឺមិនមែនជាស្ថាប័នរបស់រដ្ឋាភិបាលឡើយ”។
ការចេញបទបញ្ជានេះគឺដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់លោកមេធាវី គួយ ធុនណាដែលជាមេធាវីតំណាងឲ្យក្រុមហ៊ុនបរទេស គឺក្រុមហ៊ុនហួវី (Huawei) និងអេលទិក (Eltek) ដើម្បីទារប្រាក់បំណុលពីក្រុមហ៊ុនទូរស័ព្ទចល័តអឹមហ្វូនដែលទើបតែនឹងក្ស័យធន។លោក គួយ ធុនណាបានមានប្រសាសន៍ថាការផ្ទេរអតិថិជនរបស់ក្រុមហ៊ុន
អឹមហ្វូនទៅឲ្យក្រុមហ៊ុនទូរស័ព្ទចល័តម៉ូប៊ីថែល ដែលគ្រប់គ្រងដោយក្រុមហ៊ុនរ៉ូយាល់ គ្រុបរបស់លោកគិតម៉េងគឺរំលោភដីការក្សាការពាររបស់តុលាការ ដែលបានរារាំងក្រុមហ៊ុនអឹមហ្វូន។
លោកឡៅម៉ុងហៃអ្នកវិភាគឯករាជ្យមួយរូប បានមានប្រសាសន៍ថាថ្វីបើសេចក្ដីបង្គាប់នេះត្រូវបានធ្វើឡើងដោយសារតែមានការលើកឡើងរបស់មេធាវីមួយរូប នៅក្នុងជម្លោះពាណិជ្ជកម្មក្ដី តែបម្រាមនេះក៏ទំនងជាមានបំណងចង់គាបសង្កត់អ្នករិះគន់រដ្ឋាភិបាលសំខាន់ៗផងដែរ។លោកបានបន្ថែមថា “ វាជាវិធីការពារអំណាច”។លោកបានបន្ដថា “ ផលប្រយោជន៍ផ្នែកពាណិជ្ជកម្មនិងផលប្រយោជន៍របស់អ្នកនយោបាយ ហាក់ ដូចជាកើតឡើងដំណាលគ្នា។ វាជាការយោគយល់គ្នាទៅវិញទៅមកមួយ ដើម្បីការពារផលប្រយោជន៍របស់ភាគីទាំងពីរនេះ”៕
(រាយការណ៍បន្ថែមដោយអូនភាព)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង