សាលាឧទ្ធរណ៍បានសាកសួរសាក្សីជាង២០នាក់ កាលពីម្សិលមិញ នៅក្នុងសំណុំរឿង ដែលលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ត្រូវបានគេចោទប្រកាន់ថា បានបាញ់ប្រហារទៅលើកម្មការិនីចំនួនបីនាក់ ដោយមានសាក្សីម្នាក់បានអះអាងថា ពិតជាបានឃើញលោក ឈូក បណ្ឌិត ដកកាំភ្លើងរបស់ខ្លួនបាញ់ប្រហារទៅលើកម្មករកម្មការិនីកាត់ដេរជាច្រើន អំឡុងការតវ៉ាមួយ។

លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត បានចូលរួមស្ដាប់សវនាការនៅសាលាឧទ្ធរណ៍។ (ស៊ីវ ចាន់ណា)
ការបើកសវនាការជំនុំជម្រះក្ដី កាលពីថ្ងៃពុធ បានហាមមិនឲ្យសាធារណជនដឹងឮម្ដងទៀតដោយមន្ដ្រីតុលាការបានពន្យល់ថា ខ្លួនកំពុងស៊ើបអង្កេតសំណុំរឿងនេះ ដូច្នេះហើយមិនគូរឲ្យសាធារណជនដឹងឡើយ។ មេធាវី និងមន្ត្រីតុលាការ នៅតែការពារនីតិវិធីរបស់តុលាការ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយថា តើបម្រាមថ្មីរបស់គណៈមេធាវីកម្ពុជា ដែលបានហាមប្រាមមេធាវីមិនឲ្យនិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ គឺជាមូលហេតុ មិនឲ្យពួកគេនិយាយ។
នៅថ្ងៃទី២នៃការបើកសវនាការជំនុំជម្រះក្ដីរបស់លោក លោក ឈូក បណ្ឌិត ទំនងជាបង្ហាញពីស្មារតីដ៏រឹងមាំរបស់លោកម្ដងទៀតហើយ លើកនេះលោកបានស្លៀកពាក់ឯកសណ្ឋានពណ៌កាគី ដែលស្រដៀងទៅនឹងការស្លៀកពាក់របស់មន្ត្រីនគរបាលក្រុងបាវិត ដែលបានមកធ្វើជាសាក្សី កាលពីម្សិលមិញដែរ។
គេឃើញលោក ឈូក បណ្ឌិត ជួនកាលបានលើកជើងគងអន្ទាក់ខ្លា ឬក៏អង្គុយផ្អែកទៅក្រោយ រួចញាក់ចិញ្ចើមដាក់ជនរងគ្រោះទាំងបី នៅពេលសាក្សីជាង២០នាក់ កំពុងរៀបរាប់អំពីហេតុការណ៍ ដែលបានកើតឡើង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០១២ អំឡុង
ការតវ៉ាដ៏ហិង្សាមួយ នៅខាងក្រៅរោងចក្រផលិតស្បែកជើង ឲ្យក្រុមហ៊ុនស្បែកជើងកីឡារបស់អាល្លឺម៉ង់ម៉ាកពូម៉ា (Puma)។
លោក ឡុង ផន នាយរងនគរបាលប៉ុស្ដិ៍ សង្កាត់ប្រាសាទ ក្រុងបាវិត មានប្រសាសន៍នៅខាងក្រៅបន្ទប់សវនាការថា លោកបានផ្ដល់សក្ខីកម្មថា លោកពិតជាបានឃើញលោក ឈូក បណ្ឌិត បាញ់ប្រហារលើអ្នកតវ៉ាមែន។
លោក ឡុង ផន មានប្រសាសន៍បន្ទាប់ពីផ្ដល់សក្ខីកម្មថា “ ខ្ញុំបានឃើញលោកបាញ់ប្រហារ ហើយខ្ញុំបានឃើញកម្មការិនីម្នាក់ដួល។ ប៉ុន្ដែ លោក ឈូក បណ្ឌិត បានបដិសេធចំពោះការបាញ់ប្រហារនេះ”។
លោក ឡុង ផន បានពន្យល់ថា លោកបានឈរឃ្លាតពីលោក ឈូក បណ្ឌិត ត្រឹមតែរាំពីរម៉ែត្រប៉ុណ្ណោះ នៅពេលលោកអតីតអភិបាលក្រុងបាវិតរូបនេះ កំពុងបាញ់ប្រហារទៅលើកម្មករកម្មការិនី អំឡុងការតវ៉ា។ កម្មការិនីចំនួនបីនាក់ បានរងរបួសនៅក្នុងការបាញ់ប្រហារនេះ។
សាលាដំបូងខេត្តស្វាយរៀង ដំបូងឡើយបានចោទប្រកាន់លោក ឈូក បណ្ឌិត ពីបទបង្ករបួសស្នាមដោយអចេតនា កាលពីខែមេសា ឆ្នាំ២០១២ ដោយសារការបាញ់ប្រហាររបស់លោកដែលធ្វើឲ្យកម្មការិនីបីនាក់រងរបួស ហើយក្រោយមកលោក ស ខេង រដ្ឋ
មន្ត្រីក្រសួងមហាផ្ទៃបានប្រកាសថា លោក បណ្ឌិត គឺជាជនសង្ស័យតែមួយគត់នៅក្នុងការបាញ់ប្រហារនេះ ក្រោយពេលមានការស៊ើបអង្កេតអំពីហេតុការណ៍នេះ។
ទោះជាយ៉ាងណា សាលាដំបូងខេត្តដោយមិនបានពន្យល់ពីហេតុផល បានលើកលែងចំពោះការចោទប្រកាន់ទាំងអស់កាលពីខែធ្នូ ដែលប្រឆាំងនឹងលោក ឈូក បណ្ឌិត ។ ផ្ទុយទៅវិញ សាលាដំបូងបានចោទប្រកាន់លើលោក ស ចន្ថា មន្ត្រីនគរបាលក្រុងបាវិតថា
ជាអ្នកបាញ់ប្រហារជំនួសវិញ។ លោក ស ចន្ថាបានអះអាងម្ដងហើយម្ដងទៀតថា លោកគ្មានទោសនោះទេ ដោយលោកបានលើកឡើងថា លោកមិនបានកាន់អាវុធឡើយ នៅក្នុងថ្ងៃតវ៉ានោះ។
អំឡុងពេលមានការចាប់អារម្មណ៍ខ្លាំង ពីសាធារណជនអំពីរឿងក្តីនេះ កាលពីខែមករា សាលាឧទ្ធរណ៍បានប្រកាសថា ខ្លួននឹងបើកការសើុបអង្កេតឡើងវិញ ចំពោះសំណុំរឿងរបស់ ឈូក បណ្ឌិត តាមអធិបញ្ជារបស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
អ្នកដែលត្រូវបានសាកសួរក្នុងសវនាការ កាលពីម្សិលមិញដែរនោះ មានលោក កែវ គង់ អធិការនគរបាលក្រុងបាវិត និងលោក គឿង ឃន ស្នងការនគរបាលខេត្តស្វាយរៀង។ ក៏ប៉ុន្តែ មន្ត្រីនគរបាលទាំងពីររូបនេះ បានបដិសេធមិននិយាយរៀបរាប់ អំពីការផ្តល់សក្ខីកម្មរបស់ខ្លួននោះទេ។
យោងតាមកម្មការិនីរងគ្រោះ ដោយការបាញ់ប្រហារនេះចំនួនបីនាក់ មានឈ្មោះ កែវ នា អាយុ១៩ឆ្នាំ ប៊ុន ចិន្តា អាយុ២១ឆ្នាំ និង នុត សាខន អាយុ២៣ឆ្នាំ ដែលមានវត្តមាន នៅអំឡុងពេលបើកសវនាការ កាលពីម្សិលមិញ រួមទាំងមន្ត្រីនគរបាលជាង២០នាក់ ដែលមានវត្តមាននៅកន្លែងធ្វើបាតុកម្ម ហើយមកធ្វើជាសាក្សីក្នុងតុលាការសុទ្ធតែបាននិយាយថា ពួកគាត់បានឮស្នូរគ្រាប់កាំភ្លើងនៅថ្ងៃធ្វើបាតុកម្មនោះ។ ក៏ប៉ុន្តែ មានតែលោក ឡុង ផន ម្នាក់ប៉ុណ្ណោះដែលបាននិយាយថា លោកបានឃើញ ឈូក បណ្ឌិត បាញ់។
នាង សាខន បាននិយាយថា “ ឈូក បណ្ឌិត បានបដិសេធថា ខ្លួនមិនបានបាញ់នោះទេ ក៏ប៉ុន្តែយើងទាំងអស់គ្នាសូមជំទាស់នឹងការបដិសេធរបស់គាត់ ពីព្រោះ [លោក ផន] បានឃើញហេតុការណ៍នេះយ៉ាងច្បាស់។
កាលពីថ្ងៃពុធ ឈូក បណ្ឌិត បាននិយាយថា ខ្លួនបានបាញ់កាំភ្លើងខ្លីទៅលើអាកាសជាង១០គ្រាប់ ក៏ប៉ុន្តែ បានប្រាប់ថា ខ្លួនមិនដឹងថា គ្រាប់កាំភ្លើងទាំងនោះទៅទីណានោះទេ។
លោកស្រី ម៉ៅ សំវុទ្ធារី មេធាវីការពារ ឈូក បណ្ឌិត បានមានប្រសាសន៍ថា លោក ឡុង ផន មានសិទ្ធិនិយាយរៀបរាប់ពីហេតុការណ៍ ដែលលោកបានឃើញ។
លោកស្រី ម៉ៅ សំវុទ្ធារីបានមានប្រសាសន៍ថា “ សាក្សីមានសិទ្ធិនិយាយ ក៏ប៉ុន្តែ ការពិតសាលាដំបូង [ខេត្ត] មិនបានចោទប្រកាន់ [លោក ឈូក បណ្ឌិត] ទេ។ ខ្ញុំសូមសំណូមពរឲ្យសាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង”។
លោកស្រី សារី បុត្រចរិយា មេធាវីតំណាងជនរងគ្រោះថ្លែងថា កម្មកររោងចក្រប្រហែល១៧នាក់ ក៏ត្រូវបានកោះហៅមកសាកសួរផងដែរ កាលពីម្សិលមិញ ក៏ប៉ុន្តែ គ្មាននរណាម្នាក់បានចូលខ្លួនមកឆ្លើយបំភ្លឺនោះទេ។
លោកស្រី បុត្រចិរយា និងលោកស្រី ជិន លីដា ជាមេធាវីតំណាងជនរងគ្រោះសុទ្ធតែបានបដិសេធមិនពន្យល់ អំពីសវនាការនេះ។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេសរបស់អង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា លោកនឹងតាមដានសុវត្ថិភាពរបស់លោក ឡុង ផន បន្ទាប់ពីគាត់បានផ្តល់ភ័ស្តុតាងដាក់បន្ទុក ឈូក បណ្ឌិត យ៉ាងច្បាស់លាស់បែបនេះ នៅក្នុងតុលាការ។
លោក អំ សំអាត បានមានប្រសាសន៍ថា “ ខ្ញុំព្រួយបារម្ភអំពីសុវត្ថិភាពរបស់សាក្សីរូបនេះ ពីព្រោះគាត់ហ៊ានឆ្លើយតាមការពិត។ យើងនឹងបន្តតាមដានរឿងនេះ”។
ក្រុមហ៊ុនលក់សម្លៀកបំពាក់កីឡាយីហោ ពូម៉ា (Puma) របស់ប្រទេសអាល្លឺម៉ង់ ដែលបញ្ជាទិញផលិតផលពីរោងចក្រកាត់ដេរ ដែលកម្មការិនីរងរបួសទាំងបីនាក់ធ្វើការ ក៏មានបំណងតាមដាននីតិវិធីរបស់តុលាការផងដែរ ក៏ប៉ុន្តែ ត្រូវបានបង្ខំឲ្យចេញពីបន្ទប់សាលសវនាការ កាលពីថ្ងៃពុធ តាមសំណើមេធាវីការពារ ឈូក បណ្ឌិត។
អ្នកស្រី ខឺស្ទីន ណូប័រ (Kerstin Neuber) ប្រធានខាងផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ពូម៉ា បានលើកឡើងតាមអីុម៉េលកាលពីថ្ងៃពុធថា “ ក្រុមហ៊ុន ពូម៉ា សង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីផ្តន្ទាទោសជនល្មើសឲ្យខាងតែបាន”។
លោកចៅក្រម ឃុន លាងម៉េង បានមានប្រាសន៍ថា សេចក្តីសម្រេចអំពីសំណុំរឿងនេះនឹងប្រកាសជាសាធារណៈនៅថ្ងៃទី៤ ខែមីនា៕
(រាយការណ៍បន្ថែមដោយ Dene-Hern Chen)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង
និង ហួង កុកទៀន