35 C
Phnom Penh

​ជន​រង​គ្រោះ​ដោយ​គ្រាប់​បែក កាល​ពី​ឆ្នាំ​១៩៩៧ អំពាវ​នាវ​រក​យុត្តិធម៌​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វា​​មាន​រយៈ​ពេល​១៦​ឆ្នាំ​​​ហើយ​​គិត​មក​ដល់​​​ថ្ងៃ​សៅរ៍​នេះ ដែល​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​គប់​គ្រាប់​បែក​ចំនួន​បួន​គ្រាប់​ចូល​ទៅ​ក្នុង​​កន្លែង​ជួប​ជុំ​របស់​​អ្នក​​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ នៅ​សួន​​មុខ​វត្ត​បទុម​ ​ជា​ការវាយ​ប្រហារ​ដ៏ឃោរ​ឃៅ​ ដែល​បាន​សម្លាប់​បុរស​ ស្ត្រី និង​កុមារ ចំនួន​១៦​នាក់​ ហើយ​បាន​បង្ក​ឲ្យ​មាន​​អ្នក​រង​របួស​យ៉ាង​ហោច​ណាស់​១០០​នាក់​​ថែម​ទៀត​។

អ្នក​ស្រី អឹម ម៉ាឡែន ដែល​បាន​ចូល​រួម​ជាមួយ​មិត្ត​ភក្ដិ​ជា​ជន​រង​គ្រោះ​ និង​ជា​សាច់​ញាតិ​អ្នក​ស្លាប់​ព្រម​ទាំង​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ នៅ​ខាង​ក្រៅ​អតីត​អគារ​​រដ្ឋ​សភា​ ដើម្បី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដ៏​​ឃោរ​ឃៅ​នេះ​​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​១៩៩៧ ហើយ​បានអំពាវ​នាវ​រក​យុត្តិធម៌​នៅ​ក្នុង​​រឿង​នេះ ដែល​ិន​ទាន់​បាន​ដោះ​ស្រាយ​ ហើយ​អ្នក​ស្រី​នៅ​ចង​ចាំ​ថា​ ការ​វាយ​ប្រហារ​នេះ គឺ​ជា​សុបិន​មួយដ៏​អាក្រក់​ជាទី​បំផុត។

អ្នក​ស្រី​ ម៉ាឡែន បច្ចុប្បន្ន​នេះ មាន​អាយុ​៧១​ឆ្នាំ​ បាន​ត្រូវ​អំបែង​គ្រាប់​បែក​ចំ​ខ្នង​របស់​អ្នក​ស្រី នៅ​ថ្ងៃ​នោះ​។ ចាប់​ពី​ពេល​នោះ​មក​អ្នក​ស្រី​បាន​ធ្លាក់​ខ្លួន​ពិការ​ពាក់​កណ្ដាល​ខ្លួន​ចាប់​ពី​ត្រឹម​ចង្កេះ​ចុះ​ក្រោម ហើយ​អ្នក​ស្រី​មិន​អាច​ដើរ​បាន​ទេ ចាប់​ពី​ពេល​នោះ​មក​។ ជើង​ទាំង​ពី​ររបស់​អ្នក​ស្រី​បាន​ខូច​ ហើយ​កាល​ពី​ថ្ងៃ​សៅរ៍​អ្នក​ស្រី​បាន​ស្លៀក​ពាក់​ពណ៌​ស​ជិះ​រទេះរុញ​ ចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​​​នេះ​។​រូប​ថត​​ជន​រងគ្រោះ​ចំនួន​​១៦​​នាក់​​ត្រូវ​បាន​ដាក់​លើ​ស្តូប​​នៅ​ជិត​កន្លែង​កើត​ហេតុ​នេះ​។

អ្នក​ស្រី​មាន​ប្រសាសន៍​​បន្ទាប់​ពី​ពិធី​នេះ​​ថា “ ពេល​នោះ​​ខ្ញុំ​​កំពុង​កាន់​បដា​មួយ​ផ្ទាំង​ ខណៈ​ពេល​លោក សម រង្ស៊ី ចាប់​ផ្ដើម​ថ្លែង​ ហើយ​​មាន​សំឡេង​​ផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ ហើយ​បន្ទាប់​មក​មាន​គ្រាប់​បែក​ពីរបី​គ្រាប់​​ទៀត​បាន​ផ្ទុះ​​ឡើង​​ ហើយ​ខ្ញុំ​បានដួល​ទៅ​​លើ​​ដី​។ នៅ​ទី​នោះ​ពោរពេញ​ទៅ​ដោយ​ឈាម​យ៉ាង​ច្រើន។ ឈាម​បាន​ហូរ​ចេញ​ពី​ផ្ទៃ​មុខ​កូន​ប្រុស​របស់​ខ្ញុំ​យ៉ាង​ច្រើន​”។ អ្នកស្រី​បាន​និយាយ​ថា អំបែង​គ្រាប់​បែក​មួយ​បាន​ផ្ដាច់​ម្រាម​ដៃ​កូន​ប្រុស​របស់​ខ្ញុំ​ ហើយ​​ដៃ​ម្ខាង​ទៀត​ក៏​បាន​ដាច់​ដោយ​សារ​ការផ្ទុះ​នេះ​ដែរ​។

អ្នក​ស្រី​ ម៉ាឡែន បាន​រំឭក​ថា“នៅ​ពេល​ខ្ញុំ​ដួល​ទៅ​​លើ​​ដី​ ខ្ញុំ​មាន​អារម្មណ៍​ថា​ឈឺ​ចាប់​តិចតួច​នៅ​ពេល​នោះ។ ប៉ុន្ដែ នៅ​ពេល​ខ្ញុំ​ព្យាយាម​ក្រោក​ឈរ​ ខ្ញុំ​មិន​អាច​ក្រោក​ឈរ​បាន​ឡើយ​”។

ដូច​អ្នក​ដទៃ​ដែរ​ នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​ប្រចាំ​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​​នេះ​ កាល​ពី​ថ្ងៃ​សៅរ៍​​ អ្នក​ស្រី​ចង់​ឲ្យ​​នាំ​មនុស្ស​​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នេះ យក​មក​កាត់​ទោស​។ ដូច​អ្នក​ផ្សេង​ទៀត​ដែរ​ អ្នក​ស្រី​បាន​បន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច​។

អ្នក​ស្រី​បាន​និយាយ​បន្ដ​ថា “ ​ខ្ញុំ​ចាស់​ហើយ​ខ្ញុំ​មាន​អាយុ​ជាង​៧០​ឆ្នាំ ខ្ញុំ​បារម្ភ​ថា ខ្ញុំ​នឹង​ស្លាប់​​មុន​ខ្ញុំ​ទទួល​បាន​យុត្តិធម៌​។ ខ្ញុំ​ចង់​​រក​មនុស្ស​​​ដែល​ចេញ​បញ្ជា​ឲ្យ​​​ឃាតករ​គប់​គ្រាប់​បែក​​ដាក់​យើង​​។ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​ទទួល​ទោស​តាម​ច្បាប់​”។ ​កិច្ច​ប្រឹង​ប្រែង​ ដើម្បី​វែក​មុខ​រក​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​សំណុំ​រឿង​នេះ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​ទេ​។

លោក សម រង្ស៊ី ​ដែល​បាន​បន្ទោស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន អំពី​ការ​វាយ​ប្រហារ​​ដោយ​គ្រាប់​បែក​នេះ ហើយ​បាន​ដាក់​ពាក្យ​បណ្ដឹង​​ប្តឹង​​លោក​នាយក​រដ្ឋ​មន្ត្រី​​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នោះ​ បាន​​ដក​​ពាក្យ​បណ្ដឹង​របស់​លោក​​វិញ​ កាល​ពី​ឆ្នាំ​២០០៥។

ក្រោយ​មក​​​លោក សម រង្ស៊ី ​បាន​​ដក​​ពាក្យ​បណ្ដឹង​មួយ​ផ្សេង​ទៀត​ដែល​លោក​បាន​​​ប្តឹង​​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​នៅ​​តុលា​ការ​​សហរដ្ឋ​អាមេរិក​ ពាក់​ព័ន្ធ​​​​នឹង​ការ​វាយ​ប្រ​ហារ​ដោយ​គ្រាប់​បែក​នេះ​​ផង​ដែរ​​ ដើម្បី​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹងរូប​​លោក​ និង​​​អនុញ្ញាត​ឲ្យ​​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ ដែល​រស់​នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​រូប​នេះ​អាច​វិល​ត្រឡប់​មក​​កម្ពុជា​វិញ​ ដើម្បី​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ឆ្នាំ​២០០៨។

កាលពី​ឆ្នាំ​២០០៥ ភ្នាក់​ងារ​ស៊ើប​អង្កេត​អេហ្វ​ប៊ីអាយ​(FBI) បាន​បិទ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ ដែល​នៅ​ក្នុង​នោះ​ពលរដ្ឋ​អាមេរិក​ម្នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នេះ​​ដែរ​ ហើយ​ថា ​​ការ​ស៊ើប​អង្កេត​​នេះ​​មិន​ទាន់​ទទួល​បាន​លទ្ធផល​​ពេញ​លេញ​នៅ​ឡើយ​។

ទោះ​យ៉ាងណា​ នៅ​មុន​ពេល​​​បិទ​ការ​ស៊ើបអង្កេត​របស់​ខ្លួន​លើ​សំណុំ​រឿង​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នេះ​​​ ទីភ្នាក់​ងារស៊ើប​​
អង្កេត​​​បាន​បញ្ជាក់​ថា ករណី​នេះ មាន​ជាប់​​ពាក់​ព័ន្ធ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។

យោង​តាម​ឯកសារ​​សម្ងាត់​របស់​​អេហ្វប៊ី អាយ​​ សាក្សី​​ដែល​បាន​ឃើញ​ហេតុ​ការណ៍​​នោះ​ បាន​រាយការណ៍​ថា បាន​ឃើញ​អ្នក​វាយ​ប្រហារ​ពីរ​នាក់​ភ្លាម​ៗ​​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​នោះ​បាន​រត់​ចូល​ទៅ​ក្នុង​បន្ទាយ​ទាហាន​មួយ​​​នៅ​ខាង​​ក្រោយ​វត្ត​បទុម​ ដែល​នៅ​ទី​នោះ​កង​កម្លាំង​របស់​រដ្ឋាភិបាល​ បាន​បើក​ផ្លូវ​ឲ្យ​ពួក​គេ​ចូល​។

លោក​ ហ៊ីង យឿន បច្ចុប្បន្ន​នេះ​ជា​ទី​ប្រឹក្សា​​មួយ​រូប​របស់​លោក គង់​ គាំ ​ប្រធាន​គណបក្ស​ សម រង្ស៊ី មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​​ដោយ​ផ្ទាល់​ភ្នែក​របស់​លោក​។

លោកបាន​​មាន​ប្រសាសន៍​រំឭក​ឡើង​វិញ​កាល​​ពី​ថ្ងៃ​សៅរ៍​បន្ទាប់​ពិ​ធី​នោះ​​ថា “ ​នៅ​ពេល​គ្រាប់​បែក​ផ្ទុះ​លើក​ដំបូង​ មាន​ផ្សែង​ពណ៌​ស​យ៉ាង​ច្រើន​ ហើយ​​ខ្ញុំ​គិត​ថា វា​ជា​​ឧស្ម័ន​បង្ហូរ​ទឹក​​ភ្នែក​។​​គាត់​បាន​ឃើញ​បុរស​ពីរ​នាក់​រត់​​ចូល​ទៅ​​​​ក្នុង​ជួរ​ទាហាន​នៅ​ក្បែរ​នោះ”​។
លោក​បានមាន​ប្រសាសន៍​​​បន្ដ​ថា “ ជន​សង្ស័យ​បាន​រត់​កាត់​ក្រុម​ទាហាន​ ហើយ​បន្ទាប់​មក​ពួក​គេ​ [ទាហាន​] បាន​ឃាត​អង្គរក្ស​របស់​លោក សម រង្ស៊ី ដែល​បាន​​ដេញ​តាម​ជន​សង្ស័យ​ទាំង​នេះ​”។

ដូចជា​អ្នក​ស្រី ម៉ាឡែន ដែរ​​ លោក បាន​ចង​ចាំ​អំពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដ៏​ឃោរឃៅ​​នេះ​​។ លោក​មាន​ប្រសាសន៍​បន្ដ​ថា “ ​ខ្ញុំ​បាន​រត់​ចូល​ទៅ​ក្នុង​ក្រុម​មនុស្ស​ ដើម្បី​ទៅ​យក​អ្នក​រង​របួស​ អ្នក​ខ្លះ​ដាច់​ដៃ​ ហើយ​អ្នក​ខ្លះ​ទៀត​កំពុង​ស្រែក​យំ​។ ស្ត្រី​ម្នាក់​បាន​ដាច់​ជើង​របស់​ខ្លួន​ទាំង​ពីរ​ ហើយ​ខ្ញុំ​បាន​បី​គាត់​ទៅ​កាន់​ទី​ស្នាក់​ការ​គណបក្ស​ ដែល​នៅ​ឃ្លាត​ពី​ទី​នោះ​តែ​មួយប្លុក​ប៉ុណ្ណោះ​។ នៅ​ពេល​ខ្ញុំ​ដាក់​គាត់​ចុះ​ គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ”។

ថ្លែង​មក​កាន់​អ្នក​ចូល​រួម​ក្នុង​ពិធី​នេះ​តាម​រយៈ​វីដេអូ​ខន់​ហ្វឺរិន​ពី​ប្រទេស​បារាំង​ លោក​ សម រង្ស៊ី បាន​សន្យា​លើកយក​​ករណី​​នេះ​ប្ដឹង​ទៅ​តុលាការ​ ក្នុង​ប្រទេស​កម្ពុជា​ម្ដង​ទៀត​ប្រសិន​​បើ​គណបក្ស​ថ្មី​របស់​លោក គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​នេះ។

នៅ​ក្នុង​ករណី​នេះ​ដែរ ​​​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ខ្លួន​កំពុង​តែ​ស៊ើប​អង្កេត​លើ​ករណី​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នេះ​ ប៉ុន្ដែ មិន​ដឹង​ថា ការ​ស៊ើប​អង្កេត​​នេះ​ដល់​ណា​នោះ​ទេ​។

អ្នក​ស្រី​ ពៅ ហេង អាយុ​៦៦​ឆ្នាំ ដែល​បាន​បាត់​បង់​កូន​ស្រី​ម្នាក់ និង​ក្មួយ​ស្រី​ម្នាក់​ក្នុង​ការ​វាយ​ប្រហារ​នោះ​ បាន​និយាយ​ថា អ្នក​ស្រី​​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ។ អ្នក​ស្រី​​ ពៅ ហេង បាន​បន្ដ​ថា “ វា​មាន​រយៈ​ពេល​១៦​ឆ្នាំ​មក​ហើយ​ ហើយ​ខ្ញុំ​នៅ​តែ​រង់ចាំ​រកយុត្តិធម៌​​។ប្រសិន​បើ​ពួកគេ​ចង់​ស្វែង​រក​យុត្តិធម៌​ឲ្យ​ពួក​យើង ពួក​គេ​អាច​រក​ឃើញ​ជា​មិនខាន​ ប៉ុន្ដែ ពួកគេ​មិន​រក​យុត្ដិធម៌​ឲ្យ​ពួក​យើង​ទេ”៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស