31 C
Phnom Penh

មណ្ឌល​កុមារកំព្រា​ដែល​ទើប​នឹង​បិទ​​ អាច​ បើក​ដំណើរ​ការ​ឡើង​វិញ​បាន​ ក្នុង​ពេល​ឆាប់ៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ម្នាក់​បាន​និយាយ​កាល​ម្សិល​មិញ​ថា មណ្ឌល​កុមារ​កំព្រា​របស់​គ្រិស្ត​បរិស័ទ​មួយ​​នៅ​ក្នុងរាជធានី​ភ្នំពេញ​ដែល​ពុំ​បាន​ចុះ​​បញ្ជី​ត្រឹម​ត្រូវ ហើយ​ដែល​កាល​ពី​សប្ដាហ៍​មុន​ត្រូវ​បាន​នគរ​បាល​នាំ​កុមារ​ចេញ​​ចំនួន​២១​នាក់​​​នោះ អាច​បើក​​ឡើង​វិញ​​បាន​ ប្រសិន​បើ​​​អង្គ​ការ​​អូស្ត្រាលី​ដែល​គ្រប់​គ្រង​មណ្ឌល​នេះ​មាន​ឯក​សារ​ចាំបាច់​គ្រប់​គ្រាន់។

អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ស៊ីសា​(Sisha)​ បាន​លើក​ឡើង​កាល​ពីថ្ងៃ​អង្គារ​ថា កិច្ច​​​​ប្រតិបត្តិ​ការ​រួម​គ្នា​រវាង​អាជ្ញាធរ​ និង​អង្គការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ស៊ីសា កាល​​ពីថ្ងៃ​ទី​២២​ ខែ​មីនា បាន​នាំ​​កុមារ​ចេញពី​មណ្ឌលកុមារ​កំព្រា​ដែលគ្រប់​គ្រង​ដោយ​សប្បុរស​ជន​អូស្ត្រាលី​​ឈ្មោះ​ថា មណ្ឌលស្រឡាញ់​ក្មេង​កំព្រា​ (Love In Action) ព្រោះ​មណ្ឌល​នេះ​ “ ពុំ​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ ខុស​ច្បាប់​ និង​មិន​​មាន​ការ​ដឹង​ឮ​ពី​អាជ្ញា​ធរ​​​មូល​ដ្ឋាន​ឡើយ​”។

ប៉ុន្ដែ​ លោក សុន សុផល ប្រធាន​​មន្ទីរ​​សង្គម​​កិច្ច​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា មណ្ឌល​កុមារ​កំព្រា​នេះ​អាច​បើក​ឡើង​វិញ​បាន​ ដរាប​ណា​ចុះ​​បញ្ជី​​ជាមួយ​នឹង​រដ្ឋា​ភិបាល​។ លោក សុន សុផល បាន​មានប្រសាសន៍​ថា “ ប្រសិន​បើ​មណ្ឌល​នេះ​​បំពេញ​តាម​​តម្រូវ​ការ​​ផ្លូវ​ច្បាប់​ យើង​នឹង​អនុញ្ញាត​ឲ្យ​ បើក​ឡើង​វិញ”។​​​ លោក​បាន​បន្ដថា ​ការ​សើុប​​អង្កេត​​​មណ្ឌល​កុមារ​កំព្រា​នេះ​ គឺ​ជា​កិច្ច​ការ​របស់​នគរ​បាល។​

​នគរ​បាល​រាជធានី​និង​នគរ​បាល​ជាតិ​មិន​អាច​ទាក់​ទង​សុំ​អត្ថា​ធិប្បាយ​បាន​ទេ។​ ថ្វីត្បិត​តែ​អង្គការ​ស៊ីសា​បាន​អះ​អាង​ពី​ដំបូង​ថា លោក​ស្រី រូដ​ ហ្គោលឌើ (Ruth Golder) អាយុ​៧១​ឆ្នាំ​ ស្ថាបនិក​មណ្ឌល​នេះ​ត្រូវ​បាន​នគរ​បាល​ស៊ើប​អង្កេត​ពី​បទ​ជួញ​ដូរ​មនុស្ស​​ និង​រំលោភ​បំពាន​​មនុស្ស ​ហើយ​នគរ​បាល​បាន​ចុះ​ទៅ​បង្ក្រាប​មណ្ឌល​នេះ​​​ក៏​ដោយ​ ក៏​ពួកគេ​មិន​បានលើក​អំពី​បញ្ហា​នេះ​​ដែរ​ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការ​ណ៍​មួ​យ​នៅ​ពេល​ក្រោយ​មក។​​​នគរ​នបាល​បាន​និយាយ​ថា លោកស្រី រូដ ហ្គោលឌើ បាន​សុំ​ឲ្យ​ពួ​កគេ​យក​​ក្មេង​ៗ​ទាំង​នោះ​ចេញ​​ ព្រោះ​លោក​ស្រី​ពុំ​មាន​លទ្ធ​ភាព​ចិញ្ចឹម​ពួកគេទេ។​

នៅ​ក្នុង​ការ​ប្រែ​ប្រួល​ដ៏​ចម្លែក​មួយ​អ្នក​នាំ​ពាក្យ​​មណ្ឌល​កុមារ​ ដែល​បាន​ចុះ​បញ្ជី​​នៅ​ក្នុង​ទី​ក្រុង​ឃ្វី​ន​ឡែន ប្រទេស​អូស្ត្រាលី​ បាន​អះអាង​កាល​ពីម្សិល​មិញ​ថា លោក​ស្រី រូដ ហ្គោលឌើ និង​កូន​ស្រីឈ្មោះ​ ត្រេស៊ី (Tracey)​​បាន​លាក់​ខ្លួន​បន្ទាប់​ពី​មាន​​ការ​គំរាម​អាយុ​ជីវិត​ ក្រោយ​ពេល​មណ្ឌល​​នេះ​ត្រូវ​បិទ។

ពេល​​ទាក់​ទង​តាម​ទូរស័ព្ទ ឈ្មោះ រ៉ប ម៉ាក​វ៉េ ( Rob McVey)​​​​​​មិន​បាន​លម្អិត​អំពី​​ការ​គំរាម​កំហែង​នោះ​ទេ ប៉ុន្ដែ​បាន​ប្រាប់​កាសែត​Sunshine Daily Coast  ក្នុង​ទី​ក្រុង​ឃ្វី​នឡែន​ថា “ ពួក​គេ​​ត្រូវ​បាន​គំរាម​កំហែង​ដល់​អាយុ​ជី​វិត ដូច្នេះ​ ពួកគេ​ត្រូវ​ផ្លាស់​ទៅ​កន្លែង​មាន​សុវត្ថិ​ភាព”។

​ក្នុង​សារ​តាម​​បណ្តាញ​​សង្គម​ហ្វេស​ប៊ុក ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ “ លោក​ស្រី​ រូដ ហ្គោលឌើ និង​កូន​ស្រី” ​បានឲ្យ​ដឹង​ថា អង្គការ​ស្រឡាញ់​កុមារកំព្រា​នេះ​​សូម​ធានា​ដល់​​ម្ចាស់​ជំនួយថា ​​ខ្លួន​​កំពុង​តែ​បន្ដ​កិច្ច​ការ​របស់​ខ្លួន​។​

សារ​នោះ​មាន​ខ្លឹម​សារ​ថា “ សូម​អ្នក​ទាំង​អស់​គ្នា​ជ្រាប​ថា ​អង្គការ​ស្រឡាញ់​កុមារ​កំព្រា នៅ​តែ​ដំណើរ​ការ​ដដែល​…យើង​មិន​បាន​បិទ​អង្គការ​ ដូច​ដែល​លោក​អ្នក​បាន​ឮ​នោះទេ។ យើង​នៅតែ​បន្ដ​សេចក្ដី​ស្រឡាញ់​កុមារ​កំព្រា​ដដែល”៕

(រាយការណ៍​បន្ថែម​​ដោយ​ ផន​ បុប្ផា)
ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស