កម្មករបានចាប់ផ្ដើមកាប់ឆ្កាដីព្រៃដោយប្រើរណាយន្តនៅក្នុងខេត្តស្ទឹងត្រែងដើម្បីបើកផ្លូវសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ ដែលទង្វើនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះខឹងយ៉ាងខ្លាំង និងនិយាយថា ពួកគេមិនបានដឹងអំពីផែនការសាងសង់ទំនប់នេះទេ។
ចំណែករដ្ឋសភាឯណោះវិញ បានអនុម័តហិរញ្ញវត្ថុសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២កម្លាំង៤០០មេហ្គាវ៉ាត់នេះតាំងពីខែកុម្ភៈមកម៉្លេះ ទោះបីជាមានការជំទាស់ពីគណបក្ស សម រង្ស៊ី ដែលបានលើកឡើងថា ទំនប់នេះធ្វើឲ្យមានផលប៉ះពាល់សង្គម និងបរិស្ថានច្រើនជាងផលប្រយោជន៍ក៏ដោយ។
គួររំឭកថា ដើម្បីសាងសង់ទំនប់វារីអគ្គិសនីក្នុងតំបន់នេះ គេត្រូវបណ្ដេញប្រជាពលរដ្ឋជាង៥.០០០គ្រួសារ ហើយលទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា វានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរហូតដល់១០០.០០០នាក់ដែលរស់នៅខាងលើនិងខាងក្រោមទំនប់នេះដោយសារមានផលប៉ះពាល់ដល់ការនេសាទត្រី។
លោក សៀក មេគង្គ មេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា កម្មករមួយក្រុមមានគ្នាប្រហែល២០នាក់មកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចិន ហាយដ្រូឡានកាំង(China’s Hydrolancang International Energy Co.Ltd) បានចាប់ផ្ដើមកាប់រំលំដើមឈើនៅក្នុងតំបន់នេះ កាលពីថ្ងៃទី២១ ខែមីនា។
លោក មេគង្គ មានប្រសាសន៍ថា “ ពួកគេមកកាប់ព្រៃស្ថាបនាអាងស្តុកទឹកនេះ ពុំបានសហការជាមួយអាជ្ញាធរទេ ហើយខ្ញុំឆ្ងល់ណាស់ថា ហេតុអ្វីបានជាពួកគេកាប់រំលំឈើប្រណីតយ៉ាងដូច្នេះ?ខ្ញុំគិតថា ពួកគេរំលោភសិទ្ធិអាជ្ញាធរមូលដ្ឋាន ព្រោះពួកគេមិនបានជូនដំណឹងអាជ្ញាធរជាមុនទេ”។
មួយផ្នែកនៃថវិកាសម្រាប់ទំនប់វារីអគ្គិសនីនេះ មានចំនួន១០លានដុល្លារ ទុកសម្រាប់ផ្តល់សំណងដល់ប្រជាពលរដ្ឋ។ ថវិកាចំនួន១៩,៣៤លានដុល្លារទៀតសម្រាប់សាងសង់ផ្ទះ ១,៩៨លានដុល្លារសម្រាប់ការស្ដារប្រាក់ចំណូល និង៣,២៣លានដុល្លារ សម្រាប់ប្រព័ន្ធធារាសាស្ត្រ។
ប៉ុន្ដែ លោក មេគង្គ បានលើកឡើងថា លោកបារម្ភថា ប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៍តិចតួចពីការសាសង់ទំនប់ក្នុងតំបន់នេះ។ លោកបន្ដថា “ ខ្ញុំបានលើកយកចំណុចនេះមកពិភាក្សាក្នុងអង្គប្រជុំជាមួយនឹងលោកអភិបាលខេត្តនិងគណៈកម្មាធិការទទួលបន្ទុកសាងសង់ទំនប់នេះរួចហើយ គឺថា ពេលក្រុមហ៊ុនចាប់ផ្ដើមកាប់ឆ្កាដីសម្រាប់ស្ថាបនាអាងស្តុកទឹកនេះ ពួកគេត្រូវតែជួលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ប៉ុន្ដែពួកគេមិនបានជួលទេ”។
បុគ្គលិកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មិនអាចទាក់ទងបានទេ។ ទោះជាយ៉ាងណា លោក ឡូយ សុផាត អភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ក្រុមហ៊ុនមិនបានធ្វើអ្វីខុសទេ ព្រោះរដ្ឋាភិបាលបានយល់ព្រមឲ្យពួកគេចាប់ផ្ដើមកិច្ចប្រតិបត្តិការរបស់ពួកគេ។
លោកបានមានប្រសាសន៍បន្ដថា “ អ្វីដែលមេឃុំនិយាយនោះ គឺមិនពិតទេ។ យើងមិនជួលអ្នកនៅក្នុងតំបន់នោះ ព្រោះពួកគេមិនចង់ធ្វើការ។ ដូច្នេះ យើងត្រូវតែជួលកម្មករមកពីខេត្តដូចជា ខេត្តកំពង់ចាម និងខេត្តព្រៃវែង”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា