កាលពីម្សិលមិញ គណបក្សសិទិ្ធមនុស្ស បានតែងតាំងប្រធានគណបក្សថ្មីមួយរូបជាផ្លូវការដើម្បីជំនួសលោក កឹម សុខា ដែលបានលាឈប់ពីមុខតំណែងជាប្រធានគណបក្សនេះ ទៅធ្វើជាអនុប្រធាននៃសម្ពន្ធគណបក្សប្រឆាំង ដែលទើបបង្កើតថ្មី ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅក្នុងឆ្នាំនេះ ។
លោក កឹម សុខា នឹងត្រូវជំនួសដោយលោក សឺន សូ៊ប៊ែរ្ដិ៍ ជាទីប្រឹក្សាមួយរូបរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋនរោត្ដម សីហនុ បានពន្យល់នៅក្នុងសមាជវិមញ្ញរបស់គណបក្សថា លោក កឹម សុខា បានលាលែងពីប្រធានគណបក្សសិទ្ធិមនុស្សជាផ្លូវការ ដើម្បីទទួលមុខតំណែងរបស់លោកនៅក្នុងគណបក្សសង្គ្រោះជាតិ ជាគណបក្សមួយដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្សុី និងគណបក្សសិទ្ធិមនុស្ស នៅមុនការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខនេះ ។
លោក កឹម សុខា បានថ្លែងប្រាប់សមាជិកសមាជិការគណបក្សសិទិ្ធមនុស្សជាង១.០០០នាក់ ដែលបានចូលរួមក្នុងសមាជវិសាមញ្ញនៅទីស្នាក់ការរបស់គណបក្សនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញថា “ ហេតុផលដ៏សំខាន់ ដែលខ្ញុំបើកសមាជវិសាមញ្ញនៅថ្ងៃនេះ គឺដើម្បីផ្តល់ឱកាសឲ្យរូបខ្ញុំបានសុំលាឈប់ពីប្រធានគណបក្សសិទិ្ធមនុស្សទៅទទួលមុខតំណែងមួយក្នុងបេសកកម្មជាប្រវត្តិសាស្រ្តជាមួយនឹងលោក សម រង្សុី ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ”។
លោក កឹម សុខា ក៏បានយកឱកាសនេះធ្វើការរិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ផងដែរ ដោយបានថ្លែងថា លោក ហ៊ុន សែន មិនអាចប្រៀបជាមួយនឹងលោក សម រង្សុី បានទេ ដែលបច្ចុប្បន្ននេះកំពុងរស់នៅដោយនិរទេសខ្លួននៅក្នុងប្រទេសបារាំង ដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទចោទប្រកាន់មួយចំនួនដែលគេជឿថា ជារឿងនយោបាយ។
លោកបានមានប្រសាសន៍បន្តថា “ បើធ្វើការប្រៀបធៀបអំពីភាពប៉ិនប្រសប់របស់ពួកគេនោះ យើងមិនចាំបាច់ធ្វើការប្រៀបធៀបទេ។ ប្រសិនបើលោក សម រង្សុី ជាគ្រូបង្រៀនវិញ លោកនឹងបង្រៀននៅថ្នាក់មហាវិទ្យាល័យ ឬយ៉ាងហោចណាស់ក៏នៅថ្នាក់វិទ្យាល័យដែរ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះវិញ ប្រសិនបើលោកទៅសាលារៀនវិញ គឺលោកអាចបង្រៀនត្រឹមតែថ្នាក់បឋមសិក្សាប៉ុណ្ណោះ។
ហើយលោក ក៏មិនអាចធ្វើជាសិស្សរបស់លោក សម រង្ស៊ី បានទៀតផង”។ លោកបានមានប្រសាសន៍បន្តថា“ នរណា
ក៏ដឹងដែរថា មេដឹកនាំនាពេលបច្ចុប្បន្ននេះ ប្រព្រឹត្តអំពើពុករលួយ ជាមេដឹកនាំផ្ដាច់ការដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងរំលោភសិទិ្ធមនុស្ស”។
ទោះបីជាបច្ចុប្បន្ននេះគណបក្សទាំងពីរនឹងខិតខំប្រឹងប្រែងធ្វើយុទ្ធនាការបោះឆ្នោតដើម្បីគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះក៏ដោយ ក៏គណបក្សសិទិ្ធមនុស្ស និងគណបក្សសម រង្សុី នឹងបន្តការងាររបស់ខ្លួនដដែលចាប់តាំងពីគណបក្សទាំងពីរ មានក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានជាប់ឆ្នោតកាលពីឆ្នាំមុនដដែល ។
លោក សឺន ស៊ូបែ៊រ្ដិ៍ ជាអតីតសមាជិក មួយរូប នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានទទួលមុខតំណែងជាប្រធានគណបក្សសិទ្ធិមនុស្សជាផ្លូវការកាលពីម្សិលមិញ ។ឪពុករបស់លោក សឺន ស៊ូប៊ែរ្តិ៍ គឺលោក សឺន សាន ជាអតីតអ្នកនយោបាយជើងចាស់ និងជាស្ថាបនិករណសិរ្សរំដោះជាតិខ្មែរ ជាក្រុមចលនាតស៊ូមួយ ។ លោក សឺន ស៊ូប៊ែរ្ដិ៍ បានមានប្រសាសន៍ថា “ យើងសង្ឃឹមថា គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតជាតិក្នុងឆ្នាំនេះ ប្រសិនបើការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ