31.8 C
Phnom Penh

ដោយ​សារ​ខ្វះ​​ទឹក​ អង្គភាព​ពន្លត់​​​ អគ្គិភ័យក្រុង​ព្រះ​សីហនុ​​មិន​អាច ​​ពន្លត់​​អគ្គិភ័យ​បាន​ទាន់​ពេល ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កង្វះ​ទឹក​នៅ​ក្នុង​ក្រុង​ទេសចរណ៍ គឺ​ក្រុង​ព្រះសីហនុ​​ បាន​ធ្វើ​ឲ្យ​អាជ្ញាធរ​​ផ្ដល់​យោបល់​ដល់​ពាណិជ្ជករ​ជា​ច្រើន​​ឲ្យ​ជីក​អណ្ដូង​ផ្ទាល់​ខ្លួន​ នៅ​ពេល​តម្រូវ​ការ​​ជា​មូល​ដ្ឋាន​​អាច​​ផ្គត់​ផ្គង់​​​បាន​​តែ​៥០​ភាគរយ​ប៉ុណ្ណោះ​​ បន្ទាប់​ពីអាកាស​ធាតុ​ក្ដៅ​ខ្លាំង​បាន​ធ្វើ​ឲ្យ​អាង​ស្ដុក​ទឹក​តែ​មួយ​គត់​របស់​អ្នក​ផ្គត់​ផ្គង់​ទឹក​ រីង​ស្ងួត​នោះ​។

ស្ថាន​ភាព​នេះ​ធ្ងន់​​ណាស់​ កាល​ពី​ម្សិល​មិញដោយ​អង្គភាព​ពន្លត់​អគ្គិភ័យ​ក្រុង​ព្រះ​សីហនុ​មិន​អាច​ពន្លត់​អគ្គិភ័យ​មួយ​ ក្នុង​ខណ្ឌ​ ដែល​មាន​ភ្ញៀវ​ទេស​ចរ​​ច្រើន​តាម​បណ្ដោយ​ផ្លូវ​ដ៏​មមាញឹក​មួយបាន​ ពី​ព្រោះ​រថយន្ដ​ពន្លត់​​អគ្គិ​ភ័យ​​អស់​ទឹក ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ​មិន​អាច​តភ្ជាប់​បំពង់​ទឹក​ក្នុង​មូល​ដ្ឋាន​​ ដើម្បី​ពន្លត់​អគ្គិភ័យ​នោះ​បាន។

គ្មាននរណា​ម្នាក់​រង​របួស​នោះ​ទេ ក្នុង​ហេតុ​​ការ​ណ៍​កើត​មាន​អគ្គិភ័យ​នេះ​។​​​​​​​​​ អគ្គិភ័យ​នេះ​បាន​ចាប់​ផ្ដើម​ឆាប​ឆេះ​នៅ​ម៉ោង​ប្រហែល​១១ និង​៤០​នាទី​ថ្ងៃ​ត្រង់​ ហើយ​ត្រូវ​បាន​​ធូរស្រាល​​បន្តិច​វិញ​ ​ពេល​​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ទឹក​នៅក្នុង​រថយន្ដ​របស់​ខ្លួន​ មុន​ពេល​ទឹក​នេះ​អស់​ ហើយ​​បាន​ព្យាយាម​ភ្ជាប់​​បំពង់​បាញ់​ទឹក​របស់​ខ្លួន​ទៅ​នឹង​ក្បាល​ម៉ាស៊ីន​ទឹក​​ ដែលគ្មាន​ទឹក។ ​ដល់​​ម៉ោង​២រសៀល​ ក្រុម​​អ្នក​ពន្លត់​អគ្គិភ័យ​អាច​តភ្ជាប់​ជាមួយ​នឹង​កន្លែង​ផ្គត់​ផ្គង់​ទឹក​បន្ទាន់​មួយ ហើយ​បាន​ពន្លត់​អគ្គិភ័យ​នេះ​ឲ្យ​រលត់​ ប៉ុន្ដែ មិន​​អាច​ពន្លត់​បាន​​មុន​ពេល​អគារ​ពាណិជ្ជកម្ម​ទាំង​បួន​ត្រូវ​បាន​ឆាប​ឆេះ​ទាំង​ស្រុង​ឡើយ​។

លោក​ តាក់ វ៉ាន់ថា អធិការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​មាន​ប្រសាសន៍​ថា​ “ យើង​បាន​ប្រើ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​១៥​គ្រឿង​​ដើម្បី​ពន្លត់​អគ្គិភ័យ​​នេះ​ ហើយ​បន្ទាប់​មក​បាន​ស្នើ​ឲ្យ​រដ្ឋាករ​ទឹករាជ​ធានី​ភ្នំពេញ​បើក​​បំពង់​ទឹក​បន្ទាន់​មួយ​សម្រាប់​អាជ្ញាធរ​របស់​យើង​ពន្លត់​អគ្គិភ័យ​នេះ​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​គិត​ថា ការ​ខូច​ខាត​ និង​ការ​បំផ្លិច​បំផ្លាញ​អាច​តិច​ជាង​នេះ​ ប្រសិន​បើ​យើង​មាន​ទឹក​គ្រប់​គ្រាន់​”។ លោក​បាន​បន្ដ​ថា នគរបាល​នៅ​មិន​ទាន់​កំណត់​មូលហេតុ​ និង​ប្រភព​នៃ​អគ្គិភ័យ​​នេះ​បាន​នៅ​ឡើយ​ទេ​។

អគារ​ពាណិជ្ជ​កម្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ដ៏​មមាញឹក​ ដែល​​រង​ការ​ខូច​ខាត និង​បំផ្លិច​បំផ្លាញ​ទាំង​ស្រុង​នេះ​ ​​រួម​មាន​ផ្ទះ​សំណាក់​ Monkey Republic ផ្ទះ​សំណាក់ Mick and Craig’s ហាង​លក់​សម្ភារមុជ​ទឹក​ ព្រម​ទាំង​​បារ និង​ភោជនីយដ្ឋាន​ Red Sky ។

អគ្គិភ័យ​ដែល​បាន​ឆាប​ឆេះ​កាល​ពី​ម្សិល​មិញ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កង្វះ​ទឹក​ខ្លាំង​ ​នៅ​ក្នុង​តំបន់នោះ​ ​​ក្នុង​រយៈ​ពេល​​ពី​របី​ថ្ងៃ​​មក​នេះ​​។ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា​​ រដ្ឋាករ​ទឹក​ខេត្ត​បាន​ផ្ញើ​លិខិត​ជូន​ដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​ជាង​៥.០០០​​នាក់​នៅ​ក្នុង​ខេត្ត​ ដោយ​ស្នើ​ឲ្យ​ពួក​គេ​ប្រើ​ប្រភព​ទឹក​ផ្ទាល់​ខ្លួន​ ឬក៏​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ទឹក​ ពី​ព្រោះ​បឹង​ព្រែក​ទប់​ ដែល​ជា​អាង​ស្ដុក​ទឹក​ទំហំ​១៥​ហិកតា​ដែល​អាច​ស្ដុក​ទឹក​បាន​កន្លះ​លាន​ម៉ែត្រគូប​ អំឡុង​រដូវ​វស្សា​​នោះ​ បាន​រីង​ស្ងួត​។

យោង​តាម​លោក ប្រាក់ ចាន់រឿន ប្រធាន​​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​សីហនុ​ បាន​ឲ្យ​ដឹង​ថា ដោយ​គ្មាន​ទឹក​មក​ពី​បឹង​ព្រែក​ទប់​ ក្រុមហ៊ុន​ផ្គត់​ផ្គង់​ទឹក​អាន​កូ​ ដែល​មាន​​កិច្ច​សន្យា​ផ្គត់​ផ្គង់​ទឹក​​​ដល់​​ក្រុង​ព្រះសីហនុ បាន​បើក​បំពង់​ទឹក​ដែល​​តភ្ជាប់​​ក្រុង​ព្រះសីហនុ​​ទៅ​​ក្បាល​ឆាយ​ ​ជា​តំបន់​ទឹក​​ធ្លាក់​នៅ​​​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ក្រុង​ព្រះសីហនុ​។

យោង​តាម​លោក​ ចាន់រឿន បាន​ឲ្យ​ដឹង​ថាប៉ុន្ដែ ដោយសារ​តែ​បំពង់​ទឹក​មាន​មិន​គ្រប់​គ្រាន់ និង​មាន​ការ​ដាច់​ភ្លើង​ញឹក​ញាប់​នៅ​ក្នុង​តំបន់​នោះ​ ព្រោះ​​តែ​កង្វះ​អគ្គិសនី​នៅ​ទូ​ទាំង​ប្រទេស​ ក្រុមហ៊ុន​អានកូ​​​​បូម​ទឹក​បាន​ត្រឹម
​តែ​ប្រហែល​៥.០០០​ម៉ែត្រគូប​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​ៗ​ មក​កាន់​ក្រុង​ព្រះសីហនុ​​ គឺ​​បាន​តែ​ប្រហែល​​​ពាក់​កណ្ដាល​នៃ​តម្រូវ​ការ​​របស់​អតិថិជន ដែល​ត្រូវ​ការ​ទឹក​ប្រហែល​១០.០០០​​ម៉ែត្រ​គូប​។

លោក​ ចាន់រឿន បាន​មាន​ប្រសាសន៍​ថា“​ ឥឡូវ​នេះ​​យើង​បូម​ទឹក​មក​ពី​ក្បាល​ឆាយ​តែ​ប៉ុណ្ណោះ​ ​ព្រោះ​បឹង​ព្រែក​ទប់​បាន​រីង​ស្ងួត​ ហើយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទឹក​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​មាន​ការ​ខ្វះខាត​។ ក្រុមហ៊ុន​អានកូ​អាច​ផ្គត់​ផ្គង់​ទឹក​តាម​តម្រូវ​ការ​បាន​ប្រហែល​តែ​៥០​ភាគរយ​ប៉ុណ្ណោះ​”។

លោក​ ចាន់​រឿន​ ​បន្ថែម​ថា ក្នុង​ចំណោម​​អ្នក​ប្រើ​ប្រាស់​ទឹក​ចំនួន​៥.៨៦៧​គ្រួសារ​ ដែល​ក្រុមហ៊ុន​អានកូ​បាន​ផ្គត់​ផ្គង់​ មាន​ប្រជា​ពល​រដ្ឋ​ចំនួន​៣០​ភាគរយ​ដែល​រស់​នៅ​តំបន់​ខ្ពស់​ដូច​ជា​ ​ប្រជាពលរ​ដ្ឋ​​មួយ​ចំនួន​ដែល​អគារ
​របស់​ខ្លួន​ត្រូវ​ឆាប​ឆេះ​ទាំង​ស្រុង​កាល​ពី​ម្សិល​មិញ ទំនង​ជា​ទទួល​បាន​ការ​ផ្គត់​ផ្គង់​ទឹក​របស់​រដ្ឋ​ បាន​តិច​តួច​បំផុត​ ដោយ​សារ​តែ​ការ​បូម​ទឹក​ទៅ​ទី​ខ្ពស់​ត្រូវ​ការ​មាន​អគ្គិសនី​បន្ថែម​នោះ​។

លោក ងី ស៊ុន អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន​ផ្គត់​ផ្គង់​ទឹក​អានកូ​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​​របស់​លោក​បាន​ដំឡើង​ម៉ាស៊ីន​ភ្លើង​ថ្មី​នៅ​ក្បាល​ឆាយ ​ដែល​មាន​សមត្ថភាព​បូម​ទឹក​បាន​២០​.០០០​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​ទៅ​ក្នុង​ក្រុង​ព្រះសីហនុ។ លោក​បាន​បន្ថែម​ថា​ ប៉ុន្ដែ កង្វះ​បណ្ដាញ​បំពង់​ទឹក​បាន​ធ្វើ​ឲ្យ​មាន​ការ​រារាំង​ដល់​ការ​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​។

លោក​ក៏​បាន​លើក​ដែរ​ថា ប្រេង​ឡើង​ថ្លៃ​ខ្ពស់​​​បាន​បង្ក​ការ​លំបាក​ដល់​ក្រុមហ៊ុន​អាន​កូ​ ក្នុង​ការ​ផ្គត់​ផ្គង់​ទឹក​តម្លៃ​១.០០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប​ទៅ​កាន់​ក្រុង​ព្រះសីហនុ​។ លោក​ ងី ស៊ុន មាន​ប្រសាសន៍​ថា “ យើង​អាច​ផ្គត់​ផ្គង់​ទឹក​បាន​ច្រើន​ជាង​នេះ ប៉ុន្តែ បណ្ដាញ​បំពង់​ទឹក​មាន​កំណត់​ ហើយ​អគ្គិសនី​ចេះ​តែ​ដាច់​ ហើយ​យើង​ប្រើ​ប្រេង​សម្រាប់​ម៉ាស៊ីន​ភ្លើង​របស់​យើង​”។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា “ យើង​មិន​អាច​ផ្គត់​ផ្គង់​ទឹក​ដោយ​ប្រើ​តែ​ម៉ាស៊ីន​ភ្លើង​នោះ​ទេ ពី​ព្រោះ​តម្លៃ​ប្រេង​គឺ​វា​ថ្លៃ​ បើ​ប្រៀប​​ធៀប​ទៅ​នឹង​​តម្លៃ​ទឹក​ថោក​ ដែល​យើង​បាន​លក់​ទៅ​ឲ្យ​រដ្ឋាករ​ទឹក​ខេត្ត​ព្រហសីហនុ​នោះ​។

រដ្ឋាករ​ទឹក​ខេត្ត​ព្រះសីហនុ​លក់​ទឹក​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ ក្នុង​មួយ​ម៉ែត្រ​គូបតម្លៃ​​ជាង​២.០០០​រៀល​”។ ក្រុមហ៊ុន​អាន​កូ​ដែល​គ្រប់​គ្រង​ដោយ​លោក​ឧកញ៉ា​ កុក អាន បានជួប​ពិភាក្សា​ជាមួយ​​មន្ត្រី​ថ្នាក់​ខេត្ត​កាលពី​ម្សិលមិញ​ ហើយ​បាន​ឯកភាព​គ្នា​​ដាក់​បណ្ដាញ​បំពង់​ទឹក​ ដែល​មាន​ទទឹង​២០០​សង់ទីម៉ែត្រ​ចំនួន​ពីរ​បន្ថែម​
ទៀត​ ដែល​តភ្ជាប់​ពី​ក្បាលឆាយ​មក​ក្រុង​ព្រះសីហនុ ដើម្បី​ធានា​ឲ្យ​បាន​ថា អ្នក​រស់​នៅ​ក្រុង​ព្រះសីហនុ​អាច​មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ពេញ​មួយ​ឆ្នាំ​។
ប៉ុន្តែ​ សម្រាប់​ប្រជាពល​រដ្ឋ ​និង​ម្ចាស់​ហាង​​មួយ​ចំនួន​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ដែល​មិន​មាន​អណ្ដូង​ទឹកផ្ទាល់​ខ្លួន​នោះ​ តើ​ពួក​គេ​​ទៅ​រក​ទឹកមកពីទី​ណា​ ក្នុង​ពេល​ឥឡូវ​នេះ​។

លោក បប់ ពីពីនិច (Bob Pipinich) ម្ចាស់​រមនីយដ្ឋាន Aqua ក្នុង​ក្រុង​ព្រះសីហនុ​ បាន​លើក​ឡើង​ថា “ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ឥឡូវ​នេះ​យើង​គ្មាន​ទឹក​ប្រើ​ប្រាស់​ទេ ហើយ​ខ្ញុំ​ត្រូវ​តែ​គិត​ថា តើ​ខ្ញុំ​ត្រូវ​ទៅ​រក​ទឹក​មក​ពី​ទីណា​”។
លោក​​មាន​ប្រសាសន៍​ថា “ វា​គួរ​ឲ្យ​ភ័យ​ខ្លាច​ណាស់​ ប្រសិន​បើ​យើង​គ្មាន​ទឹក​នោះ​ យើង​នឹង​គ្មាន​អតិថិជន​ឡើយ​”។ ពាក់​ព័ន្ធ​ទៅ​នឹង​គម្រោង​សាង​សង់​បណ្ដាញ​បំពង់​ទឹក​ថ្មី​ លោក ពីពីនិច បាន​លើក​ឡើង​ថា “ បញ្ហា​នេះ​​​មិន​អាច​​ជួយ​​ដល់​ការ​ខ្វះ​ខាត​នៅ​ថ្ងៃ​នេះ​បាន​​ទេ។​​មាន​រោង​ចក្រ​ថាមពល​ ដែល​កំពុង​តែ​សាង​សង់​​ថ្មីមួយ​ដែរ ប៉ុន្ដែ វា​មិន​អាច​ជួយ​ដល់​ការ​ខ្វះ​ខាត​ទឹក​នៅ​ថ្ងៃ​នេះ​បាន​ឡើយ​”។

ថ្វីបើ​ម្ចាស់​ហាង​មួយ​ចំនួន​មាន​ម៉ាស៊ីន​ភ្លើង​និង​អណ្ដូង​ផ្ទាល់​ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​ថា​ អតិ​ថិជន​អាច​ទទួល​បាន​សេវា​កម្ម​​​ក៏ដោយ​ តែ​កង្វះ​ការ​ផ្គត់​ផ្គត់​ទឹក​របស់​រដ្ឋ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។

លោក​ ឡូរី ម៉ាតទូស​ (Lauri Mattus) ម្ចាស់​សណ្ឋាគារ​ Beach Road បាន​មាន​ប្រសាសន៍​ថា លោក​បាន​ចំណាយ​ប្រាក់​ចន្លោះ​ពី​១.០០០​ដុល្លារ ទៅ​៤.០០០​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​ម៉ាស៊ីន​ភ្លើង​។ លោក​ក៏​បាន​ចំណាយ​១.០០០​ដុល្លារ​ផ្សេង​ទៀត​ ដើម្បី​ជីក​អណ្ដូង​ផងដែរ​។ លោក​បាន​បន្ថែម​ថា សព្វ​ថ្ងៃ​មាន​ការ​ដាច់​ភ្លើង​បួន​ទៅ​ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ ដោយ​ដាច់​ម្ដង​ៗ​មាន​រយៈ​ពេល​ពី​ពីរ​ទៅ​១២​ម៉ោង​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែមទៀត​​ថា “ យើង​អាច​និយាយ​បាន​ថា អ្វី​ៗ​ពិបាក​ណាស់​​ ពី​ព្រោះ​មាន​បន្ទប់​ និង​ផ្ទះ​សំណាក់​កាន់​តែ​​ច្រើន​។ បរិមាណ​ប្រេង​​ដែល​ខ្ញុំ​ប្រើ​ មិន​សម​សោះ​​ ហើយ​មន្ត្រី​មូល​ដ្ឋាន​មិន​បាន​ទទួល​ខុស​ត្រូវ​អ្វី​​ឡើយ​”។

ការ​អំពាវ​នាវ​ពី​អាជ្ញាធរ​ឲ្យ​ម្ចាស់​ហាង​នៅ​ក្នុង​ក្រុង​ព្រះសីហនុ​មាន​ការ​ផ្គត់​ផ្គង់​ទឹក​ដោយ​ខ្លួន​ឯង​ គឺ​វា​ជា​គំរូ​ថ្មី​​មួយ​​របស់​រដ្ឋា​ភិបាល​​ក្នុង​ការ​អំពាវ​នាវ​ឲ្យ​សហគ្រាស​ឯក​ជន​​ជួយ​ផ្ដល់​សេវាកម្ម​សាធារណៈ​​។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មាន​សេចក្ដី​ប្រកាស​មួយ​ត្រូវ​បាន​ចុះ​ផ្សាយ​ នៅ​ក្នុង​កាសែត​ភាសា​ខ្មែរ​មួយ​ចំនួន ​ស្នើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ដែល​​មាន​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​ប្រើ​ប្រាស់​ម៉ាសីុន​ភ្លើង​ខ្លួន​ឯង​​ដើម្បី​ទុក​អគ្គិសនី​​ចែក​រំលែក​ទៅ​ឲ្យ​ប្រជា​ពល​រដ្ឋ​ផ្សេង​ៗ​ទៀ​ត​។

ដូច​​នៅ​ក្នុង​​ក្រុង​ព្រះសីហនុ​ដែរ ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ជួប​នូវ​ការ​ដាច់​ភ្លើង​ជា​ប្រចាំ ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​កង្វះ​ទឹក​ នៅ​តាម​ទំនប់​វារី​អគ្គិសនី​របស់​ប្រទេស​កម្ពុជា​។

កាល​ពី​ខែ​ធ្នូ​ លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន អំពាវ​នាវ​ចំនួន​ពីរលើក​ឲ្យ​វិស័យ​ឯក​ជន​​ទិញ​រថយន្ដ​ពន្លក់​អគ្គិភ័យ​ផ្ទាល់​ខ្លួន ដើម្បី​​ជួយ​បំពេញ​​កម្លាំង​​ពន្លត់​អគ្គិភ័យ​រាជ​ធានី​។

លោក ហូ វណ្ឌី សហ​ប្រធាន​​ក្រុម​ការ​ងារ​​​វិស័យ​ឯក​ជន​និង​រដ្ឋ​ បាន​មាន​ប្រសាសន៍​ថា​ ការ​ដាក់​សម្ពាធ​កាន់​តែ​ខ្លាំង​​ឡើងៗ​របស់​រដ្ឋា​ភិបាល​ទៅ​លើ​វិនិយោគិន​ និង​ម្ចាស់​​អាជីវកម្ម​​ ជាពិសេស​នៅ​ក្នុង​វិស័យ​ទេសចរណ៍​ ឲ្យ​​ផ្ដល់​នូវ​អ្វី​ដែល​ប្រទេស​ភាគច្រើន​ចាត់​ទុក​ថា ជា​សេវាកម្ម​សាធារណៈ​​នោះ​ គឺ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​តែ​ដោះ​ស្រាយ។

លោក​បានលើក​ឡើង​សំដៅ​ទៅ​លើ​ការ​អំពាវ​នាវ​ឲ្យ​វិស័យ​ឯកជន​មាន​ការ​ផ្គត់​ផ្គង់​ទឹក​ អគ្គិសនីដោយ​ខ្លួន​ឯង​ និង​មាន​រថយន្ដ​ពន្លត់​អគ្គិភ័យ​ផ្ទាល់​ខ្លួន​​ថា “ ខ្ញុំ​សង្ឃឹម​យ៉ាង​មុត​មាំ​ថា រដ្ឋាភិបាល​នឹង​ពិចារណា​ឲ្យ​បាន​ច្រើន​ជាង​​នេះ”។ លោក​បាន​បន្ដថា “ វិស័យ​ឯក​ជន​បាន​បង់​ពន្ធ​រួច​ហើយ​ ហេតុ​ដូច្នេះ​ពួក​គេ​គួរ​តែ​ទទួល​បាន​ទំនុក​ចិត្ត​ពី​ភាគី​រដ្ឋ​”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស