28.4 C
Phnom Penh

អ្នក​សង្កេត​ការ​ណ៍បោះ​ឆ្នោត​៖ អ្នក​ ​បោះ​ឆ្នោតចំនួន​​១,២៥​លាន​នាក់​ អាច​​បាត់​ឈ្មោះ​​ពេល​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​សម្រាប់​​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ប្រជា​ពលរដ្ឋ​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ប្រមាណ​១,២៥លាន​នាក់​អាច​បាត់បង់​សិទ្ធិ​​របស់​ខ្លួន​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣ ដោយ​សារ​កំហុស​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ​អំឡុង​ពេល​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​និង​ការ​ធ្វើ​វិសោធនកម្ម​នៃ​​​ដំណើរការ​ពិនិត្យ​ឈ្មោះ​អ្នក​​បោះ​ឆ្នោត​​​ឡើង​វិញ។

អ្នក​ស្រាវ​​ជ្រាវ​របស់​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ដែល​បាន​ត្រួត​ពិនិត្យ​លើ​ដំណើរ​ការ​ចុះ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ និង​​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចុង​ក្រោយ​បាន​រក​ឃើញ​ថា គណៈកម្មាធិការ​​ជាតិ​​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ចុះ​ឈ្មោះ​ប្រជា​ពលរដ្ឋ​ចំនួន​៣០០,០០០នាក់​ថែម​ទៀត​ លើស​ពី​​ឈ្មោះ​ពិត​របស់​អ្នក​បោះ​ឆ្នោត​។

​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​លម្អិត​មួយ​ដែល​មាន​កម្រាស់​​៥៨ទំព័រ​ថា “ គណៈ​កម្មា​ធិការ​សម្រាប់​​​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិ​ធម៌​​នៅ​កម្ពុជា​បាន​រក​ឃើញ​ថា ប្រជាពលរដ្ឋ​​ដែល​បាន​ចុះ​ឈ្មោះ​ចំនួន​​ប្រហែល​១៣,៥​ភាគ​រយ​មិន​មាន​ទិន្នន័យ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ឆ្នាំ​២០១២ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣ទេ ដែល​ឈ្មោះ​របស់​ពួកគេ​មិន​អាច​រក​ឃើញ​ឬ​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បានគេ​​ផ្លាស់​ប្តូ​រ​ទាំង​ស្រុង”។

របាយ​ការណ៍​នោះ​បាន​លើក​ឡើង​បន្ត​ថា​ “ នេះ​មាន​ន័យ​ថា ឈ្មោះ​របស់​ប្រជា​​​ពលរដ្ឋ​ខ្លះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ ដែល​បាន​ចុះ​ឈ្មោះ​ចំនួន​១,២៥លាន​នាក់​ ទំនង​ជា​បាត់​បង់​​សិទ្ធិ​របស់​ខ្លួន​ក្នុង ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ ខាង​មុខ​នេះ”។ នៅ​ក្នុង​របាយ​ការ​ណ៍​សង្ខេប​មួយ​អម​ជា​មួយ​របាយ​ការ​ណ៍​នេះ​ លោក គល់ បញ្ញា នាយក​​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​មាន​ប្រសាសន៍​ថា ​ការ​រក​ឃើញ​កំហុស​ដ៏​ច្រើន​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នោះ​ធ្វើ​ឲ្យ​គាត់​មាន​ “ ​ក្តី​កង្វល់​យ៉ាង​ខ្លាំង” ​អំពី​ការ​បោះ​ឆ្នោត​ជាតិ​។

លោក បញ្ញា បាន​​មាន​ប្រសាសន៍​បន្ត​ថា​  “ គណៈ​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​គួរ​ជា​​អ្នក​ទទួល​ខុស​ត្រូវ​សម្រាប់​បញ្ហា នេះ​ដើម្បី​​រៀប​ចំ​ការ​ពិភាក្សា​​​ស្វែង​រក​មធ្យោបាយ​មួយ​ប្រសើរ​ជាង​នេះ​ ដើម្បី​លើក​ស្ទួយ​មុខ​មាត់​នៃ​ ការ​បោះឆ្នោត​”។

ការ​​ព្រមាន​ជាមុន​នេះ​បាន​ធ្វើ​ឲ្យ​នឹក​ឃើញ​​នូវ​ របាយការណ៍​​មួយ​ផ្សេង​ទៀត​របស់​​គណៈ​កម្មាធិការ​សម្រាប់​ ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​​នៅ​កម្ពុជា​កាលពី​ឆ្នាំមុន​ ដែល​បាន​រក​ឃើញ​ថា ប្រជា​ពល​រដ្ឋមាន​សិទ្ធិ​បោះ​ឆ្នោត​ប្រហែល​១,៥លាន​នាក់​អាច​ប៉ះ​ពាល់​នៅ​ក្នុង​​ ការ​បោះឆ្នោត​ឃុំ​-សង្កាត់​​កាល​ពី​ខែ​មិថុនា​​ដោយ​សារ​មាន​កំហុស​នៅ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​។

គណៈ​កម្មា​ធិការ​សម្រាប់​ ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​បង្ហាញ​ថា “ មាន​ការ​រីក​ចម្រើន​តិច​តួច​” ពី​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨ ប៉ុន្តែ តាម​ការ​ពិត​ការ​ចុះ​ឈ្មោះ​​បោះឆ្នោត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​បច្ចុប្បន្ន​នេះ ​សម្រាប់​ការ​បោះ​​ឆ្នោត​ជាតិ​នៅ​ខែ​កក្កដា គួរឲ្យ​បារម្ភ​។

របាយការណ៍​របស់​គណៈកម្មាធិការ​សម្រាប់​ការបោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា “ ភាព​ខុស​ឆ្គង​ក្នុង​ការ​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គឺ​ជា​រឿង​មិន​ធម្មតា​ទេ ដោយ​សារ​អ្នក​បោះ​ឆ្នោត​ទាំង​នោះ​បច្ចុប្បន្ន​នេះ​កំពុង​រស់​នៅ​ក្នុង​ឃុំ​របស់​ខ្លួ​ ហើយ​បាន​ចុះ​ឈ្មោះ​របស់​ពួកគេ​ក្នុង​ឃុំ​របស់​ខ្លួន​ផង​ដែរ។ ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​ឈ្មោះ​របស់​ពួកគេ​ត្រូវ​បាន​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត​គណៈកម្មា​ធិការ​ជាតិ​រៀប​​ចំ​ការ​បោះ​ឆ្នោត​បាន​សម្រេច​លុប​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ចំនួន​៤៦៨,៤៨៥​នាក់​ គឺ​ប្រហែល​៥ភាគរយ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ ។

គណៈកម្មាធិការ​​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ក៏​បាន​លើក​ឡើង​អំពី​ចំនួន​ប្រជា​ពល​រ​ដ្ឋ​​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត ដែរ ហើយ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កាលពី​ខែ​តុលា​​ ដែល​ភាគ​ច្រើន​ពួកគេ​មាន​អាយុ​១៨ឆ្នាំ​ គិត​ចាប់​ផ្តើម​ពី​ខែ​កញ្ញា ឆ្នាំ​២០១១​មក​ ដំណើរ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​៩១៦,៧៥៧នាក់​ ដែល​ឈ្មោះ​ទាំង​អស់​នេះ​ភាគ​ច្រើន​គឺ​ខុស​គ្នា​នឹង​ឈ្មោះ​ពិត​ទាំង​អស់​នោះ។

គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​បាន​លើក​ឡើង​ទៀត​ថា “ ចាប់​តាំង​ពីពេល​នោះ​មក​ការ​ព្យាកររបស់​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​…. ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​គឺ​តែង​តែមាន​កំហុស​ជានិច្ច”។ បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ក្នុង​ឆ្នាំនេះ​មាន​ចំនួន​៩,៦លាន​នាក់​។

កាលពី​ពីរ​សប្តាហ៍​មុន​វិទ្យាស្ថាន​ជាតិ​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​ ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីន​តោន​បាន​ចេញ​របាយ​ការណ៍​​អំពី​ការ​រក​ឃើញ​ក្នុង​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​របស់​ខ្លួន​ថា  មាន​ម្នាក់​ក្នុង​ចំណោម​មនុស្ស​១០នាក់​ ដែល​បាន​ចុះ​ឈ្មោះបោះ​ឆ្នោតនៅ​ខែ​កក្កដា មិន​មាន​ឈ្មោ​ះ​បោះឆ្នោត​ទេ​ ស្រប​ពេល​មាន​ឈ្មោះ​​ប្រហែល៩ភាគរយ​ ដែល​បាន​ចុះ​ឈ្មោះ​​​បោះ​ឆ្នោត​នេះ ត្រូវ​បាន​គេ​លុប​ចេញ​​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដោយ​មិន​ត្រឹម​ត្រូវ​។

ទាក់​ទង​តាម​ទូរស័ព្ទ​កាលពី​ម្សិល​មិញ លោក ទេព នីថា អគ្គ​លេខា​ធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មាន​ប្រសាសន៍ថា លោក​បាន​ទទួល​របាយការណ៍​របស់​គណៈ​កម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​រួច​ហើយ​ ប៉ុន្តែ​ លោក​បាន​ថ្លែងថា លោក​មិន​ទាន់​បាន​អាន​របាយការណ៍​នៅ​ឡើយទេ។

លោក ទេព នីថា បាន​ច្រាន​ចោល​នូវ​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​សម្រាប់​លទ្ធិប្រជា​​ធិប​តេយ្យ​ ដែល​បាន​រក​ឃើញ​ថា មាន​ការ​បាត់​បង់​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ លោក​ក៏​បាន​មាន​ប្រសាសន៍ថា របាយការណ៍​របស់​គណ​ៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​មិន​អាច​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​បោះ​ឆ្នោត​បាន​ទេ​។

លោក​មាន​ប្រសាសន៍​បន្តថា “ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​ ដែល​ថា ប្រជាពលរដ្ឋ​ចំនួន​១,២៥លាន​នាក់​អាច​បាត់​ឈ្មោះ​របស់​ពួកគេ​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​ខាង​មុខ​នេះ វា​មិន​មាន​ជាការ​​ពិត​ទេ​ ហើយ​ខ្ញុំ​មិន​ជឿ​ថា គណ​កម្មាធិការ​សម្រាប់​​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​បាន​គិត​ដូច្នេះ​ដែរ។​យើង​ដឹង​ថា បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​មិន​ត្រូវ​១០០ភាគរយ​នោះ​ទេ ប៉ុន្តែ យើង​មាន​គោល​បំណង​កែតម្រូវ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ពេល​ក្រោយ​”។

ការ​អំពាវ​នាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់​ដោ​យ​គណ​ៈកម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​ទទួល​រង​ការ​រិះ​គន់ ដោយ​សារ​គណៈ​កម្មា​ធិការ​នេះ​ភាគច្រើន​ស្មោះត្រង់​ នឹង​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន៕

(រាយការណ៍​បន្ថែម​ដោយ អ៊ាង ម៉េងឡេង)
ប្រែសម្រួលដោយ ឃិន ណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស