31.8 C
Phnom Penh

កង្វះ​ថាម​ពល​អគ្គិសនី​នាំ​ឲ្យ​ខ្វះ​​ទឹក​ប្រើ​ប្រាស់​​ក្នុង​ខេត្ត​ព្រះ​សី​ហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​គ្រប់​គ្រងក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថា កង្វះ​ទឹក​ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​​គ្រួសារ​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​គ្មាន​ទឹក​ស្អាតប្រើប្រាស់​ក្នុង​រយៈពេល​​មួយ​​សប្ដាហ៍​មក​នេះ​ បាន​កើត​មាន​ឡើង​បន្ទាប់​ពីអាជ្ញាធរ​ខេត្ត​បានស​ម្រេច​​ដាក់​កម្រិត​ក្នុង​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ទៅ​​​​ឲ្យ​​​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ឯក​ជនមួយ​នៅ​ក្នុង​ក្រុង​ទេស​ចរណ៍​នេះ។

​​លោក ងី ស៊ុន អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ទឹក​ស្អាត​​ អាន​កូ ​មានប្រសាសន៍​ថា ដោយប្រឈម​​នឹង​ការ​ផ្តាច់​​ចរន្ដ​អគ្គិសនី​​​ជា​ច្រើន​កន្លែង​​នៅទូ​ទាំង​ប្រទេស​នោះ​ មន្ត្រី​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​កាល​ពី​ដើម​ខែនេះ​បាន​សម្រេច​​ដាក់​កម្រិតថាម​ពល​​អគ្គិសនី​សម្រាប់ក្រុម​ហ៊ុន​ផ្គត់ផ្គង់​ទឹក​​ស្អាត​ អាន​កូនៅរមណីយ​ដ្ឋាន​​ទឹក​ធ្លាក់​ក្បាលឆាយ​ ដោយ​បង្វែរ​ថាម​ពល​នោះ​​ទៅ​ឲ្យ​​ប្រជា​ពល​រដ្ឋ​និង​​អ្នក​ប្រកប​អាជីវកម្ម​​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​វិញ។

​លោកបាន​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ ការ​​បូប​ទឹក​នៅ​ក្បាល​ឆាយ​លែង​ដំណើរ​ការ​ ចំណែក​ឯ​បឹង​ព្រែក​ទប់​​ដែល​ជា​អាង​ស្តុក​ទឹក​របស់​រដ្ឋ​ដែល​អាច​ស្តុក​ទឹក​រហូត​ដល់​កន្លះ​លាន​ម៉ែត្រ​គូ​ប​អំឡុង​រដូវ​វស្សា​នោះ​ ក៏​រីង​​យ៉ាង​ឆាប់​រហ័សដោយ​សារតែ​តម្រូវ​ការ​ទឹក​ខ្ពស់​ពេក​។ លោក ងី ស៊ុន ​បន្ដ​ថា “ ទឹក​ក្នុង​ [បឹង​ព្រែក​ទប់] ចាប់​ផ្ដើម​រីង​យ៉ាង​​លឿន​​ នៅ​ពេល​ដែល “ ទឹក​ធ្លាក់​ក្បាល​ឆាយ​” មិន​អាច​ផ្គត់​ផ្គង់​ទឹក​បាន​គ្រប់​គ្រាន់ ដោយ​សារកង្វះ​ចរន្ដ​អគ្គិសនី​​​”។​​​​​​

​ក្នុង​​សេចក្តី​ប្រកាស​មួយ​ផ្ញើ​ជូន​អតិ​ថិជន​កាល​ពីថ្ងៃទី​២០​ ខែ​មី​នា មន្ទីរ​ឧស្សាហកម្ម​ រ៉ែ​ និង​ថាម​ពលខេត្ត​ដែល​ត្រួត​ពិនិត្យ​​អាជ្ញាធរ​ផ្គត់​ផ្គង់​ទឹកក្នុង​ខេត្ត​ព្រះ​សី​ហនុ បាន​ធ្វើ​​ការ​អំពាវ​នាវ​បន្ទាន់​មួយ​ដល់​ប្រជា​ពលរដ្ឋឲ្យ​ជីក​អណ្ដូង​ទឹក​ផ្ទាល់​ខ្លួន ព្រោះ​បឹង​ព្រែក​ទប​់​ស្ទើរ​តែ​រី​ង​ស្ងួត​ទៅ​ហើយ។​
លោក ជា សុពុទ្ធី ​ប្រធាន​ក្រុម​ហ៊ុន​អគ្គិសនី​​កម្ពុជា​ប្រចាំ​ខេត្ត​នេះ​បាន​បញ្ជាក់​​កាល​ពី​ម្សិល​​មិញ​ថា ​មាន​ការ​កាត់​ផ្តាច់​ចរន្ដ​អគ្គិសនី​ទៅ​ឲ្យស្ថានីយបូមទឹក​របស់​ក្រុម​ហ៊ុន​អាន​កូ​នៅ​ឯ​រមណីយ​ដ្ឋាន​ទឹក​ធ្លាក់​ក្បាល​ឆាយ​។​ ប៉ុន្ដែ នៅ​ពេល​សួរ​​ថា​ តើការ​សម្រេច​ផ្ដាច់​ចរន្ដ​អគ្គិសនី​នេះ អាច​ជួយ​ដល់​បញ្ហា​កង្វះ​ទឹក​នៅ​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​ ដែរ​ឬយ៉ាង​ណា​នោះ លោក ជា សុពុទ្ធី បាន​បដិសេធ​មិន​​ធ្វើ​​អត្ថា​ធិប្បាយទេ​។

ខណៈ​ដែល​​មាន​ថាម​ពល​​មួយ​ចំនួន​ទុក​សម្រាប់​ប្រើ​ប្រាស់​នៅក្បាលឆាយ​នោះ​​ លោកជា សុពុទ្ធី បាន​មានប្រសាសន៍​ថា មន្ត្រី​ខេត្ត​បាន​​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ស្អាត អាន​កូ ប្រើ​ម៉ា​ស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​​ដើម្បី​បូ​មទឹក​ចម្ងាយ១៦​គីឡូម៉ែត្រ​​ទៅ​ឲ្យ​ប្រជា​ពល​រដ្ឋ​​នៅ​ក្រុង​ព្រះ​សី​ហនុ​។​ លោក​ ជា​ សុពុទ្ធី បាន​មានប្រសាសន៍​ថា “ ខ្ញុំ​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​ប្រើប្រាស់​ម៉ាស៊ីន​ភ្លើង​​ផ្ទាល់​ខ្លួន​ ដើម្បី​សន្សំ​ថាម​ពល​អគ្គិសនី​ទុក​​សម្រាប់​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ក្រុង”។​

លោក​បាន​បន្ថែម​ថា ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា ពុំ​ទាន់​មាន​ផែន​ការ​បន្ទាន់​ដើម្បី​បង្កើន​​ថាម​ពល​អគ្គិសនី​ ទៅ​​ឲ្យ​ស្ថាន​ីយ​បូម​ទឹក​របស់ក្រុម​ហ៊ុន​ អាន​កូ នៅ​ក្បាល​ឆាយ​ ដើម្បី​បូម​ទឹក​ចែក​​​ចាយ​ទៅ​ក្រុង​ព្រះ​សី​ហនុ​ ទេ។​ លោក​បាន​បន្ដ​ថា “ ក្រុម​ហ៊ុន​នេះ​ប្រកប​អាជី​វកម្ម​ ដូច្នេះ​គេ​គួរ​តែ​ចំណាយ​លើ​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​”។

​ប៉ុន្ដែ​ លោក​ ងី ស៊ុន អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ស្អាត​ អាន​កូ បាន​មានប្រសាសន៍​ថាថាម​ពល​កម្លាំង ​១១០.០០០​គីឡូវ៉ាត់​​ក្នុង​មួយ​ខែ ដែល​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​កំពុង​ផ្គត់​ផ្គង់​ទៅ​ស្ថានីយ​បូម​ទឹក​ក្បាល​ឆាយ​បច្ចុប្បន្ន​​គឺ​មិន​គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ​បូ​មទឹក​នោះ​ទេ។ក្រុម​ហ៊ុន​ក៏​ត្រូវ​ការ​ឲ្យ​មាន​ការបញ្ចុះ​តម្លៃ​ប្រេង​ឥន្ធនៈផង​ដែរ ទើប​អាច​ដំណើរ​ការ​ម៉ា​ស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​ដើម្បី​បូម​ទឹក​ទៅ​ក្រុង​ព្រះ​សីហនុ​បាន។

លោក​បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​ចំពោះ​ការ​ខ្វះ​ទឹក​បច្ចុប្បន្ន​គឺ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​ដាក់​​កម្រិត​​ការ​​ផ្គត់​ផ្គង់ថាមពល​ទៅ​ទឹក​ធ្លាក់​ក្បាល​ឆាយ​។ លោក​បាន​បន្ថែម​ថា “ យើង​ចង់​ឲ្យ​​ក្រុម​ហ៊ុន​អគ្គិសនី​កម្ពុជា​ប្រចាំ​​ខេត្ត​​េនះ​​ផ្ដល់​ថាម​ពល​គ្រប់​គ្រាន់​​ ទើប ​[​ក្រុម​ហ៊ុន​អាន​កូ]​ អាច​ផ្គត់​ផ្គង់​ [ទឹក​] ដល់​អ្នក​ប្រើ​ប្រាស់​បាន”។

ក្រុម​ហ៊ុន​មេ​របស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​ទឹក​ស្អាត​អាន​កូ គឺ​ក្រុម​ហ៊ុន អានកូ ប្រាឌ័រ របស់​​លោក​​ កុក​ អាន ជា​ពាណិជ្ជករ​ដ៏​ល្បី និង​ជា​សមា​ជិក​ព្រឹទ្ធ​សភា​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា​។ យោង​តាម​គេហទំព័រ​របស់​ក្រុម​ហ៊ុន​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន ប្រឌ័រ​ អាន​កូ ទទួល​សិទ្ធិ​ផ្ដាច់​មុខ​នាំ​ចូល​ទឹក​​បរិសុទ្ធ​អេវីយ៉ង់ និង​ស្រាបៀរ ប៊ុយ​វ៉េសើ មក​ក្នុង​ប្រទេស​កម្ពុជា។​

​ក្រុម​ហ៊ុន​នេះ​ក៏​មាន​បណ្ដាញ​អគ្គិសនី​តភ្ជាប់​ពី​ប្រទេស​ថៃមក​ខេត្ត​កណ្ដាល​ និង​មាន​រោង​ចក្រ​អគ្គិសនី​កម្លាំង​៤៥​មេហ្គាវ៉ាត់​នៅ​ក្រៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​។ យោង​តាម​លោក​ ប្រាក់​ ចាន់រឿន ប្រធាន​​មន្ទីរឧស្សា​ហកម្ម​ រ៉ែ និង​ ថាម​ពល​ បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ អាន​កូ​ បាន​ចុះ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះសី​ហនុ ក្នុង​ឆ្នាំ​២០០៨​ ដើម្បី​​ប្រតិបត្តិ​ការ​ឧទ្យាន​ទេសចរណ៍​​មួយ​កន្លែង​និងស្ថានីយ​បូម​ទឹក​នៅ​ទឹក​ធ្លាក់​ក្បាល​ឆាយ។

បច្ចុប្បន្ននេះ ក្រុម​ហ៊ុន​ អាន​កូ​ បាន​លក់​ទឹក​ទៅឲ្យ​អាជ្ញាធរ​ខេត្ត​តម្លៃ​១.០០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប។​ បន្ទាប់​មក​មន្ទីរ​ឧស្សាហកម្ម​ រ៉ែ និង​ថាម​ពល​ លក់​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ក្នុង​តម្លៃ​ចាប់​ពី​១.៥០០​​​​​​​​​​​រៀល ទៅ​២.០០០​រៀល​ក្នុង​មួយ​ម៉ែត្រ​គូប នេះ​បើយោង​តាម​លោក ចាន់​រឿន ដែល​​បាន​បដិសេធ​មិន​និយាយ​ថា តើមន្ត្រី​ខេត្ត​រក​ប្រាក់​​ចំណូលបាន​​ប៉ុន្មានពី​ការ​លក់​ទឹក​នេះ។​

លោក​បាន​មានប្រសាសន៍​​ថា “ យើង​ប្រើ​ប្រាស់ប្រាក់​ចំណូល​នេះ​ ដើម្បី​បង់​ពន្ធ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​សម្រាប់​សាលា​ខេត្ត​។ ប៉ុន្ដែ​ លោក​បាន​បដិសេធ​មិន​និយាយ​​លម្អិត​ថា​ ប្រាក់​នោះ​មាន​ចំនួន​ប៉ុន្មាន​ ឬ ចំណាយ​លើ​ផ្នែក​អ្វី​​ខ្លះ​ទេ”​។​​ ចំណែកលោក ងី ស៊ុន មាន ប្រសាសន៍​ថា ក្រុម​ហ៊ុន​ អាន​កូ បាន​យល់​ព្រម​ដំឡើង​​បណ្ដាញ​​ទុយោ​ទឹក​ពីរ​ខ្សែ​បន្ថែម​ទៀត​តភ្ជាប់​ពី​ក្រុង​ព្រះ​សីហនុ ទៅ​ក្បាល​ឆាយ​ ដើម្បី​បង្កើន​បរិមាណ​ទឹក​ ដែល​ក្រុម​ហ៊ុន​អាច​ផ្គត់​ផ្គង់​ក្រុង​នេះ​អំឡុង​រដូវ​ប្រាំង។​

ទាំង​លោក ប្រាក់ ចាន់រឿន និង​លោក ជា ពុទ្ធី មិន​អាច​ពន្យល់​ប្រាប់​​ថា តើ​បំពង់​ទឹក​ថ្មី​​ពីរ​ខ្សែ​ដែល​នឹង​បញ្ចប់​ការ​ដំឡើង​ត្រឹម​ថ្ងៃ​ទី​៥ ខែ​មេសា ខាង​មុខ​នេះ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះ​អគ្គិសនី​សម្រាប់​បូម​ទឹក​ទៅ​ក្រុង​នេះ​ដោយ​របៀប​ណានោះទេ។​ ពេល​សួរថា តើ​លោក​គ្រោង​នឹង​ដោះ​ស្រាយ​បញ្ហា​កង្វះ​ថាម​ពល​ដែល​មិន​អាច​ឲ្យ​ក្រុម​ហ៊ុន​អាន​កូ ផ្គត់​ផ្គង់​ទឹក​ទៅ​ក្រុង​នេះ​គ្រប់​គ្រាន់​ដោយ​របៀប​ណា​នោះ​ លោក ប្រាក់ ចាន់​រឿន ​មាន​ប្រសាសន៍ថា “ យើង​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ផ្គត់​ផ្គង់​ទឹក ហេតុ​អ្វី​បាន​ជា​​លោក​សួរ​ខ្ញុំ​អំពី​បញ្ហា​ផ្សេង​ទៅ​វិញ​”។

យោង​តាម អ្នក​ស្រី ឃួន សារុន ចៅ​សង្កាត់​​លេខ​៤ ដែល​នៅ​ទីនោះ​អគារ​ពាណិជ្ជកម្ម​ចំនួន​បួន​អគារ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​កាល​ពី​ថ្ងៃ​អាទិត្យ​​ ដោយ​សារតែ​រថយន្ដ​ពន្លត់​អគ្គិសភ័យ​ខ្វះ​ទឹក​នោះ​បាន​មានប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ត្រូវ​បែរទៅ​រក​ជម្រេើស​មួយ​ដែល​ត្រូវ​ចំណាយ​ច្រើន​ជាង​មុន​ ដើម្បី​បាន​ទឹក​ស្អាត​មក​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​របស់​ខ្លួន​។

អ្នក​ស្រី​បាន​មានប្រសាសន៍​ថា “ គ្រួសារ​របស់​ខ្ញុំ​បាន​យក​ម៉ូតូ​ទៅ​ដឹក​ទឹក​ពី​អណ្ដូង​មួយ​ដែល​នៅ​ចម្ងាយ​ពីរ​គីឡូ​ម៉ែត្រ​ពី​ក្រុង​ ហើយ​គ្រួសារ​ដទៃ​ទៀត​ក៏​ដូច្នេះ​ដែរ​”។ អ្នក​ស្រី​បាន​បន្ថែម​ថា ក្នុង​សង្កាត់​នេះ​ប្រជាពលរដ្ឋ​ចំនួន​២៤.០០០​គ្មាន​ទឹក​ស្អាត​ប្រើ​ប្រាស់​ ហើយ​ថា បញ្ហា​នេះ​បាន​កើត​មាន​ពេញ​ទាំង​ក្រុង​ក្នុង​រយៈពេល​​មួយ​សប្ដាហ៍​មក​នេះ​។

លោក ម៉ែន ទូ នាយការិយាល័យ​​នគរ​បាល​ទេសចរខេត្តបានមានប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ប្រហែល​៦០​ភាគរយ​ដែល​រស់​នៅ​ក្នុង​ក្រុង​ព្រះ​សីហនុ ជួប​ការ​លំបាក​ ដោយ​សារតែ​កង្វះ​ទឹក៕

ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​​​​
    ​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស