29 C
Phnom Penh

លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រាប់​អ្នក​បោះឆ្នោត​ឲ្យ​ងាកទៅរក​កូន​ប្រុស​របស់លោក​ទាំងបីនាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្លែងទៅកាន់​សមាជិក​គណបក្ស​ប្រជា​ជន​កម្ពុជា​និង​អ្នក​ភូមិ​រាប់​ពាន់​នាក់​ លោក នាយក រដ្ឋ​មន្ត្រី​ ហ៊ុន សែន កាលពី​ម្សិល​មិញ​បាន​ស្នើ​ឲ្យ​សាធារ​ណ​ជន​ងាក​ទៅ​កូន​ប្រុស​របស់​លោកទាំង​បី​នាក់​វិញ គឺ ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង​ ហ៊ុន ម៉ានី ប្រសិន​​បើ​ពួកគាត់​ត្រូវ​ការ​ជំនួយ​ពី​គណបក្ស​​​កាន​់​អំណាចនេះ។

បើទោះ​ជា​លោក ហ៊ុន សែន បាន​បេ្តជ្ញា​ថា នឹង​កាន់​អំណាច​​រាប់​​ទសវត្សរ៍​ទៀត​ក៏​ដោយ​ក៏កូនប្រុសរបស់​លោកនាយក​រដ្ឋ​មន្ត្រី​បាន​​ចូល​កាន់​តួ​នាទី​ដ៏សំខាន់ៗ​ក្នុង​ជួរ​កងទ័ព ឬ​ក្រុម​​ដែល​មាន​ទំនាក់​ទំនង​នឹង​គណបក្ស​ប្រជា​ជន​កម្ពុជាដែរ។ ដោយ​បង្ហាញ​ជា​លើក​ដំបូង​ពី​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​​បាយ ថ្មីៗនេះ​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​បញ្ជាក់​អំពី​ផែន​​ការ​​របស់​លោក ហ៊ុន ម៉ានី ​ដើម្បី​​ឈរ​ឈ្មោះក្នុង​ការ​បោះ​ឆ្នោត​​នាពេល​ខាង​មុខនេះ។

លោកនាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​ទៅ​កាន់​ប្រជា​ពល​រដ្ឋ​ដែល​បាន​ចូលរួមក្នុង​ពិធី​បញ្ចុះ​ខណ្ឌ​សីមាព្រះ​វិហារ​ថ្មី​នៅ​ក្នុង​ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​កំពង់​ចាមថា “ ថ្ងៃនេះ ខ្ញុំ​សូម​បង្ហាញមុខ កូន​ប្រុសរបស់​ខ្ញុំ​ទាំង​បីនាក់​” មុនពេល​សុំឲ្យ​ពួកគេ​ក្រោក​ឈរ ហើយ​រៀប​រាប់​ពី​ការ​ងារ​និង​ស្នាដៃរបស់​​ពួក​គេ​។
លោក​បាន​មាន​ប្រសាសន៍ថា “ ប្រសិន​បើ​បងប្អូន​ ត្រូវ​ការ​យុវជន​វាស់វែង​ដីធ្លី សូម​ទៅ​រក​ ម៉ានិត។ ចំពោះ​សម្ពន្ធ​សហជីព​យុវជន​កម្ពុជា បងប្អូន​ត្រូវ​ទៅ​រក​ ម៉ានី”។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ឲ្យ លោក ហ៊ុន ម៉ានិត ​វរសេនីយ៍ឯក កង​យោធ​ពល​​ខេមរ​ភូមិន្ទ និង​ជា​អនុ​ប្រធាន​អង្គ​ភាព​ស៊ើប​ការណ៍​យោធាដ៏​មាន​អំណាច​ ទទួល​បន្ទុក​ដឹកនាំ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​រាប់​ពាន់​នាក់​ ដែល​លោក​បាន​បញ្ជូន​ទៅ​ទូទាំង​ប្រទេសកាលពី​ឆ្នាំ​មុន នៅ​ក្នុង​កម្ម​វិធី​​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​​ទ្រង់​ទ្រាយ​ធំ​។​

លោក ហ៊ុន ម៉ានី ដឹក​នាំ​​ចលនា​យុវជន​ស្ម័គ្រចិត្តដ៏សំខាន់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា ដែល​គេ​ចាត់​ទុក​ថា ជា​មនុស្ស​សំខាន់​ម្នាក់ដែល​ទទួល​បាន​ការ​​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​វ័យក្មេង។ លោក ហ៊ុន ម៉ាណែត បាន​ឡើង​ឋានៈក្នុង​ជួរ​កងទ័ព​​ជា​បន្ត​បន្ទាប់​ ដែល​លោក​បាន​កាន់​តួ​នាទី​ជាន់​ខ្ពស់​ជាច្រើន។

ប៉ុន្តែ​លោក ហ៊ុន សែន បាន​អះអាង​កាលពី​ម្សិល​មិញថា វាមិន​មែន​បក្ខពួក​និយម​ទេ។ លោក​បាន​មាន​ប្រសាសន៍ថា “ វាមិនមែន​ជា​ការ​ដំឡើង​ឋានៈកូនៗរបស់​ខ្ញុំទេ។ ខ្ញុំគ្រាន់​តែ​ចង់​ឲ្យ​ពួកគេ​ស្វែង​យល់​អំពី​ការ​លំបាក​របស់ឪពុក​ខ្លួន​តែ​ប៉ុណ្ណោះ”។ លោក​បាន​បន្ថែមថា ថ្មីៗនេះ លោក​បាន​នាំពួកគេ​ទៅខេត្ត​កំពង់​ចាម ទៅ​មើល​កន្លែង​ដែល​លោក​បាន​បាត់​បង់​ភ្នែក​ឆ្វេង​ម្ខាង​ពេល​ដែល​លោក​ធ្វើ​ជា​ទាហាន​ខ្មែរ​ក្រហម​កាល​នៅក្មេង​នៅ​ដើម​ទស​វត្សរ៍​ឆ្នាំ​១៩៧០។

មុនពេល​សុំ​ឲ្យ​អ្នក​ចូលរួម​បោះ​ឆ្នោត​ជូន​លោក នៅខែ​កក្កដានោះ លោក​ក៏បាន​ស្វះ​ស្វែង​​​ធ្វើ​ឲ្យខ្លួន​លោក​មិន​​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​ដែល​បរាជ័យ​ក្នុង​អតីតកាល​របស់​ប្រទេស​កម្ពុជាគឺ​ របប​ លន់ នល់ និង​របប​ខ្មែរ​ក្រហម ដែល​បាន​ផ្ដួល​រំលំក្នុង​ឆ្នាំ​១៩៧៥។ លោក​បាន​មាន​ប្រសាសន៍ថា “ លន់ នល់ សិរី មតៈ … និង​ ចេង ហេង បាន​សម្រេច​ចិត្ត​ខុសក្នុង​ការ​ផ្តួល​រំលំអតីត​ព្រះ​មហាក្សត្រ​ នរោត្តម សីហនុ ហើយ​បណ្តាល​ឲ្យ​មាន​សង្គ្រាម​​ស៊ីវិល។ ប៉ុល ពត បាន​សម្រេច​ចិត្ត​ខុសក្នុង​ការ​បង្កើត​នយោបាយ​​សម្លាប់​រង្គាល ជម្លៀស​ប្រជាជន​ចេញពី​ក្រុង​ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​រួម​និង​ស៊ី​រួម”។

ដោយ​ងាកទៅ​កាន់​អ្នក​បោះ​ឆ្នោត​វ័យ​ក្មេង​ លោក​​មាន​ប្រសាសន៍​ថា “ ទីបញ្ចប់គឺត្រូវ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ​សូមគូស​ឲ្យ​បាន​ត្រឹម​ត្រូវ​ចំស្លាក​សញ្ញា​គណ​បក្ស​​ប្រជា​ជន​កម្ពុជា”។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍ថ្មីៗនេះ លោក ហ៊ុន សែន បាន​សុំឲ្យ​សាធារណជន​បោះ​ឆ្នោត​
​ជូនគណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានាដល់​ការ​អភិវឌ្ឍសេដ្ឋកិច្ច​របស់​ប្រទេស​ ហើយ​បាន​ព្រមាន​ថា​ គម្រោង​សាធារណៈជាច្រើន​ដែលកំពុង​តែ​ដំណើរ​ការ​នៅ​ទូទាំ​ងប្រទេស​ នឹង​ត្រូវ​ផ្អាក​ទាំង​អស់​ ប្រសិន​បើ​គណបក្ស​ប្រជា​ជន​កម្ពុជាចាញ់​ឆ្នោត៕

  ប្រែសម្រួលដោយ សោម សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស