នគរបាលនិងមន្ត្រីស្ថានទូតបានឲ្យដឹងកាលពីម្សិលមិញថា អ្នកសើុបអង្កេតបារាំងមួយក្រុមដែលបានមកប្រទេសកម្ពុជាកាលពីខែមុន ដើម្បីស៊ើបអង្កេតការស្លាប់បុរសជនជាតិបារាំងម្នាក់និងកូនបួននាក់របស់គាត់នៅក្នុងខេត្តកំពង់ស្ពឺនោះ ក៏បានឆ្លៀតឱកាសនេះស៊ើបអង្កេតករណីឃាតកម្មលើស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ អូហ្វេលី ប៊េកនីស (OphelieBegnis) អាយុ២៥ឆ្នាំ ផងដែរ។
សាកសពអាក្រាតកាយរបស់ស្ត្រីទេសចរបារាំងនេះត្រូវបានប្រទះឃើញអណ្ដែតទឹកក្បែរមាត់ស្ទឹង នៅក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយមានស្នាមរបួសក្បាល និងដៃ។
កញ្ញា អូហ្វេលី ស្នាក់នៅឯផ្ទះសំណាក់ ឡេ ម៉ង់គីយេ នៅក្នុងសង្កាត់ទឹកឈូ ហើយគេបានឃើញគាត់ចុងក្រោយពេលគាត់ជិះកង់ចេញពីផ្ទះសំណាក់នេះ មួយថ្ងៃមុនពេលប្រទះឃើញសាកសពគាត់។ ការស៊ើបអង្កេតរបស់មន្ត្រីមូលដ្ឋាននោះមិនអាចរកឃើញជនសង្ស័យណាមួយឡើយ ហើយថែមទាំងបានសន្យាផ្ដល់រង្វាន់ចំនួន២.៥០០ដុល្លារ សម្រាប់អ្នកដែលរកឃើញភ័ស្តុតាង។
កាលពីពីរសប្ដាហ៍កន្លងទៅ មន្ត្រីបារាំងមួយក្រុមមានគ្នា១០នាក់ គឺចៅក្រមស៊ើបអង្កេតម្នាក់អមដំណើរដោយអ្នកវិទ្យាសាស្ត្រកោសល្យវិច័យនិងនគរបាល បានបញ្ចប់ការស៊ើបអង្កេតលើការស្លាប់របស់លោក ឡូរ៉ង់ វ៉ាល្លីយេ (Laurent Vallier)អាយុ៤២ឆ្នាំ និងកូនបួននាក់របស់គាត់ ហើយគេបានរកឃើញសាកសពរបស់ពួកគេនៅក្នុងរថយន្ដរបស់គាត់ ដែលលិចក្នុងស្រះទឹកកាលពីខែមករា ឆ្នាំ២០១២។
ទោះបីជានគរបាលកម្ពុជាបាននិយាយថា ការស្លាប់នេះទំនងជាការធ្វើអត្តឃាតក៏ដោយក៏អ្នកស៊ើបអង្កេតបារាំងបាននិយាយថា ករណីនេះមិនមែនជាការធ្វើអត្តឃាតដែរ។
លោក គង់ សុខន នាយការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តកំពត ថ្លែងថា បន្ទាប់ពីក្រុមស៊ើបអង្កេត ដែលមានគ្នា១០នាក់នេះបានបញ្ចប់ការស៊ើបអង្កេតលើការស្លាប់របស់លោកឡូរ៉ង់ វ៉ាល្លីយេ និងកូនៗរបស់គាត់រួចមក សមាជិកក្រុមនេះចំនួនបួននាក់ បានធ្វើដំណើរទៅខេត្តកំពត ដើម្បីស៊ើបអង្កេតលើការស្លាប់របស់អូហ្វេលី ប៊េកនីស។គ្រួសាររបស់អូហ្វេលី ប៊េកនីស បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរបារាំង កាលពីខែកុម្ភៈ ស្នើសុំឲ្យពួកគេស៊ើបអង្កេតលើការស្លាប់របស់ អូហ្វេលី។
លោក គង់ សុខន បានមានប្រសាសន៍ថា “ មន្ត្រីនគរបាលបារាំងបួននាក់ បានធ្វើការស៊ើបអង្កេតរយៈពេលពីរថ្ងៃលើករណីឃាតកម្មរបស់ស្ត្រីជនជាតិបារាំងរូបនេះ។ ពួកគេបានបាចម្សៅគីមីនៅចំណុចដែលគេបានប្រទះឃើញសាកសព និងកន្លែងដែលគេសង្ស័យថា នាងត្រូវបានគេសម្លាប់”។
លោកបានបន្ថែមថា មិនទាន់រកឃើញភ័ស្តុតាងថ្មីក្នុងករណីនេះនៅឡើយទេ។ លោក គង់ សុខន បន្ដថា “ រហូតមកដល់ពេលនេះយើងនៅមិនទាន់រកឃើញកន្លែងដែលឃាតកម្មនេះបានកើតឡើងទេប៉ុន្ដែយើងកំពុងបន្ដស៊ើបអង្កេតករណីនេះ”។
ការធ្វើតេស្ដដោយប្រើសារធាតុគីមីដូចគ្នានេះត្រូវបានធ្វើនៅឯផ្ទះរបស់លោក ឡូរ៉ង់វ៉ាល្លីយេ ដែលនៅទីនោះ គេបានរកឃើញស្នាមឈាមលើឥដ្ឋ ក៏ដូចជាក្នុងវ៉ាលិសដែលគេយកចេញពីរថយន្ដលិចទឹកស្រះនោះ។
លោក នីកូឡាស បូឌូអុីន (Nicolas Baudouin) លេខាទី១ នៅស្ថានទូតបារាំងបានបញ្ជាក់កាលពីម្សិលមិញថា ក្រុមអ្នកស៊ើបអង្កេតបានធ្វើដំណើរទៅខេត្តកំពត ដើម្បីស៊ើបអង្កេតករណីឃាតកម្មលើនាង អូហ្វេលី ប៊េកនីស ហើយបានមានប្រសាសន៍ថា ក្រុមនេះបានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា។
លោក បូឌូអុីន មានប្រសាសន៍ថា “ ក្រុមនេះបានធ្វើដំណើរទៅខេត្តកំពត ព្រោះយើងចាំបាច់ត្រូវធ្វើការវិភាគមួយចំនួន ដែលមិនទាន់បានធ្វើពីមុនមក ហើយការវិភាគនេះធ្វើឡើងដោយសហការជាមួយនឹងនគរបាលកម្ពុជា។ ចំណែកឯលទ្ធផលមិនទាន់ដឹងនៅឡើយទេ”៕
(រាយការណ៍បន្ថែមដោយ Dene-Hern Chen)
ប្រែសម្រួលដោយ ហម សុផាណ្ណា