33 C
Phnom Penh

អ្នក​​​បើកតាក់សុីមកពីក្រុម​ហ៊ុន​ Choice Taxi ធ្វើ​កូដកម្ម​ទាម​ទារ​មិន​បង់​ពន្ធលើ​ប្រាក់​ចំណូល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិកក្រុមហ៊ុន Choice Taxi បាន​​​ឲ្យ​​​ដឹង​​​ថាក្រុមហ៊ុន​​​តាក់សុី ដែល​​​មាន​​​ម្ចាស់​​​ជា​​​ជន​​​ជាតិ​កូរ៉េ​នេះ​ បាន​​​​​ដក​ការ​​​​សម្រេច​ចិត្ត​​​​របស់​​​ខ្លួន​ក្នុង​​ការកាត់​​​យក​ប្រាក់​ចំណូល​​១០ភាគរយ​​​ពី​​​អ្នក​​​បើក​​បរ​​​តាក់សុី ​សម្រាប់​បង់​​​ពន្ធ​​​លើប្រាក់​​​ចំណូល​​​ កាល​​​ពី​​​យប់មិញ បន្ទាប់​​​ពី​​​អ្នក​​​បើកបរ​​​​តាក់សុី​​​ប្រ​​​ហែល​​​១០០​​​នាក់​​​មក​​​ពី​​​ក្រុមហ៊ុន​​​នេះ បាន​​​ធ្វើ​​​កូដកម្ម​​​​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ ដើម្បី​តវ៉ា​នឹង​​​ចំពោះ​​​សេច​​​ក្ដី​​​សម្រេច​​​នេះ ។

លោក ស៊ុន សារ៉ាត អ្នកគ្រប​​​់គ្រង​​​ទូទៅ​​​នៅ​​​ក្រុមហ៊ុន Choice Taxi នេះបាន​​​មាន​​​ប្រសាសន៍ថា ក្រុមហ៊ុននេះ នឹង​​​មិន​​​​កាត់​យក​​​ប្រាក់​​​ពី​​​អ្នក​​​បើកតាក់សុី​​​ទាំង​​​នោះ​​​ទេ ប៉ុន្តែ​ក្រុម​ហ៊ុន​នឹង​ប្រកាន់​ខ្ជាប់​ទៅ​​​​​នឹង​​​គោល​​​​​នយោ​បាយ​របស់​​​ខ្លួនក្នុង​ការ​បង់​ពន្ធ​​​​​​​​​លើ​​​ប្រាក់​​​ចំណូល​​ជំនួស​ឲ្យ​​​​អ្នក​​​បើកតាក់សុី​​​របស់ខ្លួន ។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ នៅ​​​ពេល​​​នេះ យើង​​​នឹង​​​ប្រើគោល​​នយោបាយ​​​​​ចាស់។​ក្រុមហ៊ុននឹង​​​បង់ពន្ធ​​​ជាធម្មតា”។ លោក សារ៉ាត ​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែមថា “ វាមិនមែន​​​ជា​​​គោល​​​​នយោបាយ​​​​​របស់​ក្រុមហ៊ុន​​​នោះ​​​ទេ។​វាជា​​​​គោល​​នយោបាយ​​​​របស់រដ្ឋ”។

លោក វង្ស​ ចាន់សូរ៉ាវុធ អ្នកបើក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​បើក​​​តាក់សុ​ី​ទាំង​នោះ​​​​​​​និយាយ​​​ថា​ការ​​​កាត់​​​ប្រាក់​​​នេះ នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​ពាល់​​​យ៉ាង​​​ខ្លាំង​​​​ដល់​ប្រាក់​​​ចំណូល​​​តិច​តួច​​​​របស់​​​​ខ្លួន​។ លោក​​និយាយបន្ថែម​​​​ថា “ ឧទា​ហរ​ណ៍ខ្ញុំ​​​រក​​​ប្រាក់​​​ចំណូល​​​បាន​​​៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។​ដូច្នេះ​​​១០​​​ភាគរយ​នៃ​ប្រាក់​ចំណូល​នេះ​​គឺ​ស្មើ​នឹង​ប្រាំ​ដុល្លារដែល​ត្រូវ​កាត់​ចេញ​ ហើយ​​ថ្លៃ​​​​សាំង​យ៉ាង​ហោច​ណាស់​១០​ដុល្លារ​​​ក្នុង​​​មួយ​​​ថ្ងៃ។​ដូច្នេះ​​​វា​​​នៅសល់តែ​​​៣​​៥​​​ដុល្លារ​ប៉ុណ្ណោះ”។
ប្រសិន​​​បើ​​​ការ​​​កាត់​​​ប្រាក់​​​ថ្មី​​​នេះ ត្រូវ​​​បាន​​​អនុវត្ត​​​ អ្នក​​​បើក​​​តាក់​​​សុី​សល់​​​​ប្រាក់​​​យក​​​ទៅ​​​ផ្ទះ​​​តែ​​​១២​​​ដុល្លារ​ប៉ុណ្ណោះ​​​​ក្នុង​​​ចំនួន​​​ទឹក​​​ប្រាក់​​​៣៥​​​ដុល្លារ​នេះ​។បើ​​​គ្មាន​​​ការ​​​កាត់​​​ប្រាក់​​​ថ្មី​​​នេះ ពួក​​​គេ​នៅ​សល់​​​​ប្រាក់​​​១៤​​​​​​ដុល្លារ​​​យក​​​ទៅ​​​ផ្ទះ។

លោក ហុ៊ល សេក អនុ​​​ប្រធាន​​​នាយក​​​ដ្ឋាន​ពន្ធ​​​ដា​នៃ​​​​ក្រសួង​​​សេដ្ឋកិច្ច​និង​​ហិរញ្ញ​វត្ថុ បាន​​​បដិសេធ​​​មិន​​​ធ្វើអត្ថាធិប្បាយ។​មន្ត្រី​ក្រសួង​ផ្សេង​ទៀត​ក៏​បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ដែរ​ ឬទាក់​​​ទង​​មិន​​​បាន។

កញ្ញា រី លក្ខិណា ប្រធាន​រដ្ឋបាល​​​ក្រុម​​​ហ៊ុន​​​តាក់សុី​​​ Global Meter Taxi បាន​​​និយាយ​ថា ​ក្រុមហ៊ុន​​​របស់​​​​គាត់​បាន​​​​​​បែង​ចែក​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ជាមួយ​​អ្នក​​បើក​បរ​​តាក់​សីុ​ ប៉ុន្តែ ចំពោះ​​​តែ​​​អ្នក​​​បើក​​​តាក់សុីណា ដែល​រក​បាន​​​ប្រាក់​​​ចំណូល ៥០០.០០០​​​រៀល ឬ​​​ប្រហែល​​​១២៥​​​​ដុល្លារ ឬ​​​ក៏​​​ច្រើន​​​ជាង​នេះ​​​​​ប៉ុណ្ណោះ​ក្នុង​​​មួយ​​​ខែ ចាប់​​​តាំង​​​ពី​​​ក្រុមហ៊ុន​​​នេះ បាន​​​ចាប់​​​ផ្ដើម​​​ដំណើរការ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក ។

កញ្ញាបាន​​​និយាយ​​​ថា “ ក្រុមហ៊ុនបង់ពន្ធ​​​ឲ្យ​​​រដ្ឋ បុគ្គលិក​​​ក៏​​​បង់​​​ពន្ធ​​​ឲ្យ​​​រដ្ឋ​​​ដែរ។ ការ​​​បង់​​​ពន្ធ​​​នេះមាន​ចន្លោះ​ពី​​​៥ភាគរយ​​​​ទៅ​​​​១០​​​ភាគរយ នៃ​​​ប្រាក់ខែ​​​របស់​​​ពួក​​​គេ។ ប្រសិន​​​បើពួក​​​គេ​​​បាន​​​ប្រាក់ចំណូល​​​ច្រើន ពួកគេ​​​ក៏​​​បង់ពន្ធ​​​ច្រើនដែរ”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស