40.9 C
Phnom Penh

នគរ​បាល​ចាប់​បានបក្ខ​ពួក​ក្រុម​ចាប់​ជំរិត​ដែលមាន​ឈ្មោះ​អសោច​ម្នាក់ នៅ​ក្នុង​ខណ្ឌឫស្សីកែវ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរបាល​​និយាយ​កាល​ពី​ម្សិល​មិញ​ថា បុរស​អា​យុ​៤៦ឆ្នាំ​ម្នាក់​ ដែល​ជា​​បក្ខ​ពួក​ក្រុម​ចាប់​ជំរិត​​ដែល​មាន​ឈ្មោះ​អ​សោច​នៅ​ក្នុង​ប្រទេស​កម្ពុជាអំឡុង​​ចុង​ទសវត្សរ៍ឆ្នាំ​១៩៩០ ហើយ​ដែល​បាន​គេច​ខ្លួន​ពី​នគរ​បាល​​រយៈពេល​ជាង​១០​ឆ្នាំមក​ហើយ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ក្នុង​ខណ្ឌ​ឫស្សី​កែវ ក្នុង​រាជ​ធានី​ភ្នំ​ពេញ។

ចន្លោះ​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​១៩៩៨ ឡាំ គឹម​លាង​ បាន​ចូលរួមជាមួយ​ក្រុម​ចាប់​ជំរិត​ ​ដឹក​នាំ​ដោយ សំ ណារ៉ា ដែល​គេ​ស្គាល់​​ថា​ឈ្មោះ “ រ៉ាស្មាច់” និង​ជា​មនុស្ស​ដែល​នគរ​បាលកំពុង​ស្វែង​រក​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ការចាប់​ជំរិត​ជាច្រើនលើក​អំឡុងពេល​នោះ​ ព្រមទាំង​ ពាក់​ព័ន្ធ​បទ​ល្មើស​ថ្នាំ​ញៀន​​ដែល​បាន​ប្រព្រឹត្ត​ចាប់​តាំង​ពី​ចាក​ចេញ​ពី​ក្រុមនោះ​មក។

លោក​វរសេនីយ៍​ឯក ខេង ទីតូ អ្នក​នាំ​ពាក្យ​​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​ថា “ ឡាំ គឹម​លាង​ គឺ​ជា​អតី​ត​​​បក្ខ​ពួក​​​ក្រុម ​រា៉ាស្មាច់ ហើយ​បន្ទាប់​ពី [សំ ណារ៉ា] ​បាន​ស្លាប់​ទៅ គឹមលាង​ បាន​ងាក​ទៅ​ជួញ​ដូរ​គ្រឿង​ញៀនជាមួយ​ក្មួយ​ប្រុស​របស់​ខ្លួន ឈ្មោះ​ ឡាំ សុខហេង ដែល​ក៏ត្រូវ​បាន​ចាប់​ខ្លួន​ដែរ​កាល​ពី​ឆ្នាំ​២០០៧”។

លោក​បាន​បន្ថែមថា លោក​មិន​ដឹង​ថា​  ឈ្មោះ គឹម​លាង​ នេះ​មាន​តួនាទី​អ្វីពិត​ប្រាកដ​នៅ​ក្នុង​ក្រុម​ចាប់​ជំរិត​នោះ​ទេ។ កាលពី​ខែ​ សីហា ឆ្នាំ​២០០០ សំ ណារ៉ា ត្រូវ​កម្លាំង​សន្តិសុខ​បាញ់​ត្រូវ​មុខមួយ​គ្រាប់​ ហើយ​បាន​ស្លាប់​នៅ​ខាង​ក្រៅ​ផ្ទះ​របស់​សាច់​ញាតិ​ម្នាក់​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី
​ភ្នំ​ពេញ។ តាម​ការអះ​អាង​ថា ក្រុម​របស់​​​គេ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចាប់​ជំរិត​ជាច្រើន​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​គំរាម​ទារ​ប្រាក់​​បាន​ជាង​ ១,២​លាន​ដុល្លារ។ការ​ចាប់​ជំរិត​ដ៏គឃ្លើន​បំផុត​របស់​ក្រុម​  “ រ៉ាស្មាច់” នោះ​គឺ​ការ​ចាប់​ជំរិត​ពាណិជ្ជករម្នាក់​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ឆ្នាំ​១៩៩៨ដែល​
ក្រុម​នេះ​ទទួល​បាន​ប្រាក់​៣៦០.000ដុល្លារ​។

មុនពេល​បាញ់​សម្លាប់​ នគរ​បាល​បាន​បំបែក​ក្រុម​របស់​ សំណារ៉ា នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ពោធិ៍សាត់​ អំឡុង​ការ​ស្វែងរក​ចាប់​ខ្លួន​រយៈពេល​១០ថ្ងៃ​។

លោកវរសេនីយ៍ឯក​ ខេង ទីតូ បាន​​មាន​ប្រសាសន៍​ថា ” ឡាំ គឹមលាង បាន​រត់​គេច​អស់​រយៈពេល​ជាង​១០ឆ្នាំ​មកហើយ​”។ លោក​បាន​បន្ថែមថា កាលពី​ម្សិល​មិញ លោក​បាន​បញ្ជូន​ជន​​នេះ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ហើយ​ដើម្បី​សាកសួរ។

លោកព្រះ​រាជ​អាជ្ញារង កើ​ ប៊ុណ្ណារ៉ា​ បាន​បដិសេធ​មិន​ធ្វើអត្ថាធិប្បាយ​លម្អិត​ពាក់​ព័ន្ធ​ករណី​នេះទេ ប៉ុន្តែលោក​បាន​មាន​ប្រសាសន៍​
ថា “ ឥឡូវនេះ តុលាការ​គ្រាន់​តែ​សាក​ស​ួរ​​ជន​​នេះ​ប៉ុណ្ណោះ”៕

ប្រែសម្រួល​ដោយ​ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស