29 C
Phnom Penh

សាលាដំបូង​​​ខេត្តរតនគិរី​​​បញ្ចប់សវនាការ​​​ជន​​​ជាប់ចោទ​​​ពីរ​​​នាក់​​​ប្ដី​​​ប្រពន្ធ​​​ពី​​​បទធ្វើឃាត​​​អ្នកកាសែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ សាលាដំបូង​​​ខេត្ត​​​រតនគិរីបាន​​​បញ្ចប់​​សវនាការ​​​​ជំនំុជម្រះ​​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់ និង​​​ប្រពន្ធ​​​របស់​​​គាត់ ដែល​​​ត្រូវ
​​​បាន​​​ចោទ​​​​​​ប្រកាន់​​​ពី​​​បទ​​​ធ្វើ​​​ឃាត​​​អ្នក​​​កាសែត​ម្នាក់ ដែល​​​​​​​គេ​ប្រទះ​ឃើញ​​​​​​មាន​​​ស្នាម​​​កាប់​​​រហូត​​​ដល់​​​ស្លាប់​​​នៅ​​​ក្នុង​​​ឃ្លុប​​​រថយន្ដ​​​របស់​​​ជន​រង​គ្រោះ​ កាល​​​ពី​​​ឆ្នាំ​​​មុន ។

អនុសេនីយ៍ឯក អាន​ ប៊ុនហេង និង សុីម វី ត្រូវ​​​​ឡើង​សវនាការ​ពី​បទ​​​​សម្លាប់​​​លោក ​ហង្សសេរីឧត្ដម អាយុ​​​៤២​​​ឆ្នាំ ដែល​​​បាន​​​បាត់​​​ខ្លួន​​​នៅ​​​យប់​​​ថ្ងៃ​​​ទី៩ ខែ​​​កញ្ញា តែ​​​​​​​ប៉ុន្មាន​​​ថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់​​​ពី​​​បាន​​​សរសេរ​អត្ថ​​​បទ​​​​​​មួយ​ចុះ​ផ្សាយ​នៅ​​​ក្នុង​​​កាសែត​​​​​​​ប្រចាំ​​​ថ្ងៃ​​​ជា​​​ភាសា​​​ខ្មែរឈ្មោះ​​​វីរជនខ្មែរ ដែល​​​​បាន​ភ្ជាប់​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​នេះ​ទៅ​នឹង​​​​ការ​​​ជួញ​​​ដូរ​​​ឈើ​​​​​​ខុស​​​ច្បាប់ ។

សាក​​​សពកាប់នឹងពូថៅ​​​របស់​​​អ្នក​​​កាសែត​​​​រូប​​​នេះ ត្រូវ​​​បាន​​​គេ​​ប្រទះ​​​ឃើញ​​​ពីរ​​​ថ្ងៃ​​​ក្រោយ​​​​មក​​​នៅ​​​ក្នុង​​​ឃ្លុប​​​រថយន្ដ​​​របស់​​​គាត់ ដែល​​​ត្រូវ​​​បាន​​​យក​ទៅ​ទុក​​ចោល​​​នៅ​​​ចម្ការ​​​ស្វាយ​​​ចន្ទី ​មួយ​​​​កន្លែងនៅ​​​ក្រៅ​​​ក្រុងបានលុង ។

យោង​​​តាម​​​លោក​​​ចៅ​​​ក្រម ឯក ប៉ូលីហ្វីល ជា​​​​ចៅ​ក្រម​មួយ​រូប​ក្នុង​​​​ចំណោម​​​ចៅ​​​ក្រម​​​បី​រូប​ទទួល​បន្ទុក​ដោះ​ស្រាយ​រឿង​ក្តី​នេះ ​បាន​ឲ្យ​​​ដឹងថា ការ​​​បើក​​​​សវនាការ​​​កាល​​​ពី​​​ម្សិល​​​មិញបន្ទាប់​ពី​មាន​​​មនុស្ស​​​ប្រាំមួយ​​​នាក់​​​​បាន​បង្ហាញ​ភ័ស្តុតាង ​​​​រួម​ទាំង​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មួយ​​​ចំនួន កាល​​​ពី​​​ខែ​​​មុន​​​នោះ បាន​​​បញ្ចប់​​​​ហើយ​ ហើយ​តុលាការ​គ្រោង​ប្រកាស​​​សាល​​​ក្រម​​​នៅ​​​ថ្ងៃ​​​ទី៣០ ខែ​​​មេសា ។

លោកចៅ​​​ក្រម ឯក ប៉ូលីហ្វីល បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​ដោយ​សារ​យើង​​​បាន​​​ស្ដាប់​​​សក្ខីកម្ម​​​ពីសាក្សី​​​ជា​​​ច្រើន​​​នាក់​​​នៅ​​​ក្នុង​​​សវនា​ការ​​​​​​លើក​​​មុនៗ​នោះ​ កាល​​​ពី​​​ម្សិល​​​មិញ យើង​​​បាន​​​ស្ដាប់​តែ​​​​សក្ខីកម្ម​​​ពីមន្ត្រី​​​នគរបាល​​​យុត្តិធម៌​​​មួយ​​​រូបប៉ុណ្ណោះ”។

សាក្សី​​​ជា​​​ច្រើន​​​នាក់ បាន​​​និយាយ​​​ថា ពួក​គេ​​​​​បាន​​​ឃើញ​​​លោក ប៊ុនហេង ​​​សីុ​ផឹក​​​​ជា​​​មួយ​​​​​​អ្នក​​​កាសែត ដែល​គេ​សម្លាប់​រូប​​​នេះ នៅ​​​ល្ងាច​ដែល​​​​គាត់​​​បាត់​​​ខ្លួន​​​នោះ ។

កញ្ញា សាន ម៉ារា៉ឌី កូន​​​ស្រី​​​របស់​​​លោក ​ហង្ស ​សេរីឧត្ដម បាន​​​និយាយ​​​ថា នាង​​​បាន​​​​ផ្តល់​សក្ខីកម្ម​​​កាល​​​ពី​​​ម្សិល​​​មិញ​​​​​ដែរ និង​​​បាន​រៀប​រាប់​ពី​​ការ​ទាក់​ទង​គ្នា​ចុង​ក្រោយ​​​របស់​​​នាង​​​ជា​​​មួយ​​​នឹង​​​ឪពុក​​​នាងនៅ​​​យប់​​ដែល​​​​​គាត់​​​បាត់​​​ខ្លួន​​​នោះ។ នាង​​​និយាយ​​​ថា “ ខ្ញុំ​​​បាន​​​ប្រាប់​​​ចៅ​​​ក្រម​​​ថា​ខ្ញុំបាន​​​ហៅ​​​ទូរស័ព្ទ​​​ទៅឪពុក​​​ខ្្ញុំ ប៉ុន្តែ គាត់​​​មិន​បាន​​​ឆ្លើយ​​​តបទេ”។នាង​​​​​​និយាយ​​​ថា “ ឪពុក​​​របស់​​​នាង​​​បាន​​​ហៅ​ទូរស័ព្ទ​​​​​មក​​​នាង​​​វិញ​​​ ដើម្បី​​​ប្រាប់​​​ថា គាត់​​​ជាប់រវល់​​​និយាយ បន្ទាប់​​​មក​​​ឈប់​​​​និយាយ​​​ជា​​​មួយ​​​នាង ប៉ុន្តែ បណ្ដាញ​​​ទូរស័ព្ទ​​នៅ​​​ដំណើរការ​​​ដដែល”។

កញ្ញា ម៉ារ៉ាឌី បាន​​​និយាយ​​​ថា នាង​​​អាចឮ​​​ឪពុក​​​នាង​​​សួរ​​​មនុស្ស​​​មិន​​​ស្គាល់​​​ម្នាក់ថា “ តើ​អ្នក​​​ចង​​​់បាន​​​អ្វី​​​ពី​​​ខ្ញុំ?”។ យោង​​​តាម​​​កញ្ញា ម៉ារ៉ាឌី បាន​​​ឲ្យ​​​ដឹង​​​ថា ​មនុស្ស​​​មិន​​​ស្គាល់​​​ បាន​​​ឆ្លើយថា​​​ “ ចាំ​​​បន្តិច​​​និង​​​ដឹង​​​ហើយ”។

ទោះ​​​បី​​​ជា​​​លោក ប៊ុនហេង និង​​​អ្នក​​​ស្រី ​វី ​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពីរ​​​ថ្ងៃ បន្ទាប់​​​ពី​​​សាក​​​សព​​​នេះត្រូវ​​​បាន​​​រក​​​ឃើញ​ដោយ​នគរ​បាល​​​​អះ​​​អាង​​​​ថា​ បាន​​ប្រទះ​​​​ឃើញ​ក្រណាត់​ប្រឡាក់​​​​ឈាម​​​​នៅ​​​ក្នុង​​​​ផ្ទះ​បើកហាង​ការ៉ាអូខេ​​​របស់​​​ពូក​​​គេក៏ដោយ ក៏​​​ការ​​​សើុប​​​អង្កេត​​​នេះ បាន​​​ទទួល​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ចំពោះ​ការ​មិន​សូវ​យក​ចិត្ត​ទុកដាក់​។

លោក​​​មេធាវី ទេព មុនីជាតិ បាន​​​អះ​​​អាង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា សំណាក​​​ឈាមដែល​​​យក​​​ពី​​​ផ្ទះ​​​ប្ដី​​​ប្រពន្ធ​​​នេះ និង​​​បាន​​​បញ្ជូន​​​​ទៅ​​​ប្រទេស​​​វៀតណាម ដើម្បី​​​ធ្វើ​តេស្ត​នោះ​បង្ហាញ​ថា​​ មិន​មែន​ជា​ឈាម​​​មនុស្ស​​​ទេ ។

កាលពីខែ​​​កញ្ញា នគរបាល​​​បាន​​​បញ្ជូន​​​​សំណាក​ឈាម​នោះ​​ទៅ​ធ្វើ​តេស្ត ប៉ុន្តែ មិន​​​បាន​​បង្ហាញ​​​​​​លទ្ធ​​​ផល​​​នោះ​​​ទេ។ លោក មុនីជាតិ បានមាន​​​ប្រសាសន៍​​​ថា “ អ្វី​​​ទាំង​​​អស់​​​នៅ​​​​មិន​ទាន់​ច្បាស់​ទេ ហើយ​​​កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​ជា​​​មិត្ត​​​ជិតស្និទ្ធ​​​​របស់​​​អ្នក​ដែល​ត្រូវ​គេ​សម្លាប់​ ដូច្នេះមិន​​​មាន​​​ហេតុ​​​ផល​ណា ​ដែល​​ពួក​​​គេ​​​សម្លាប់​​​គាត់​​​នោះ​​​ទេ​​​”។ លោក​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​​​ថា ​លោក ​ហង្ស ​សេរីឧត្ដម ​មាន​​​សត្រូវ​​​ច្រើននាក់ណាស់ ជាមួយ​​​នឹង​​​របាយ​​​​ការណ៍សើុប​​​អង្កេត​​​របស់​​​គាត់នៅ​​​ក្នុងខេត្ត​​​រតនគិរី។

អ្នកស្រី អុីម ចន្ធី ជា​ប្រពន្ធ​របស់​​​​​អ្នក​​​កាសែតដែ​ល​​​ត្រូវ​​​គេ​​​សម្លាប់​​​នេះ​ និយាយ​​​ថា ​អ្នក​ស្រី​​​បារម្ភ​​​​ថា តុលាការ​​ខ្វះ​ភ័ស្តុតាង​​ដាក់​បន្ទុក​​ជន​​​ជាប់​​​ចោទ​​​ទាំង​​​ពីរ​​​នាក់​​​នេះ ។ អ្នក​​​ស្រីបាន​​​និយាយ​​​ថា “ ខ្ញុំ​​​គ្មាន​​​សង្ឃឹមទេ​ហើយ​​​ខ្ញុំ​​​​ដឹង​ថា ការ​រក​យុត្តិធម៌​​​​សម្រាប់​​​​ប្ដី​​​របស់​​​ខ្ញុំនៅ​​វែង​​​ឆ្ងាយ​​​ណាស់”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស