កាលពីម្សិលមិញ សាលាដំបូងខេត្តរតនគិរីបានបញ្ចប់សវនាការជំនំុជម្រះមន្ត្រីកងរាជអាវុធហត្ថម្នាក់ និងប្រពន្ធរបស់គាត់ ដែលត្រូវ បានចោទប្រកាន់ពីបទធ្វើឃាតអ្នកកាសែតម្នាក់ ដែលគេប្រទះឃើញមានស្នាមកាប់រហូតដល់ស្លាប់នៅក្នុងឃ្លុបរថយន្ដរបស់ជនរងគ្រោះ កាលពីឆ្នាំមុន ។
អនុសេនីយ៍ឯក អាន ប៊ុនហេង និង សុីម វី ត្រូវឡើងសវនាការពីបទសម្លាប់លោក ហង្សសេរីឧត្ដម អាយុ៤២ឆ្នាំ ដែលបានបាត់ខ្លួននៅយប់ថ្ងៃទី៩ ខែកញ្ញា តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានសរសេរអត្ថបទមួយចុះផ្សាយនៅក្នុងកាសែតប្រចាំថ្ងៃជាភាសាខ្មែរឈ្មោះវីរជនខ្មែរ ដែលបានភ្ជាប់កងរាជអាវុធហត្ថខេត្តនេះទៅនឹងការជួញដូរឈើខុសច្បាប់ ។
សាកសពកាប់នឹងពូថៅរបស់អ្នកកាសែតរូបនេះ ត្រូវបានគេប្រទះឃើញពីរថ្ងៃក្រោយមកនៅក្នុងឃ្លុបរថយន្ដរបស់គាត់ ដែលត្រូវបានយកទៅទុកចោលនៅចម្ការស្វាយចន្ទី មួយកន្លែងនៅក្រៅក្រុងបានលុង ។
យោងតាមលោកចៅក្រម ឯក ប៉ូលីហ្វីល ជាចៅក្រមមួយរូបក្នុងចំណោមចៅក្រមបីរូបទទួលបន្ទុកដោះស្រាយរឿងក្តីនេះ បានឲ្យដឹងថា ការបើកសវនាការកាលពីម្សិលមិញបន្ទាប់ពីមានមនុស្សប្រាំមួយនាក់បានបង្ហាញភ័ស្តុតាង រួមទាំងមន្ត្រីកងរាជអាវុធហត្ថមួយចំនួន កាលពីខែមុននោះ បានបញ្ចប់ហើយ ហើយតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែមេសា ។
លោកចៅក្រម ឯក ប៉ូលីហ្វីល បានមានប្រសាសន៍ថា “ ដោយសារយើងបានស្ដាប់សក្ខីកម្មពីសាក្សីជាច្រើននាក់នៅក្នុងសវនាការលើកមុនៗនោះ កាលពីម្សិលមិញ យើងបានស្ដាប់តែសក្ខីកម្មពីមន្ត្រីនគរបាលយុត្តិធម៌មួយរូបប៉ុណ្ណោះ”។
សាក្សីជាច្រើននាក់ បាននិយាយថា ពួកគេបានឃើញលោក ប៊ុនហេង សីុផឹកជាមួយអ្នកកាសែត ដែលគេសម្លាប់រូបនេះ នៅល្ងាចដែលគាត់បាត់ខ្លួននោះ ។
កញ្ញា សាន ម៉ារា៉ឌី កូនស្រីរបស់លោក ហង្ស សេរីឧត្ដម បាននិយាយថា នាងបានផ្តល់សក្ខីកម្មកាលពីម្សិលមិញដែរ និងបានរៀបរាប់ពីការទាក់ទងគ្នាចុងក្រោយរបស់នាងជាមួយនឹងឪពុកនាងនៅយប់ដែលគាត់បាត់ខ្លួននោះ។ នាងនិយាយថា “ ខ្ញុំបានប្រាប់ចៅក្រមថាខ្ញុំបានហៅទូរស័ព្ទទៅឪពុកខ្្ញុំ ប៉ុន្តែ គាត់មិនបានឆ្លើយតបទេ”។នាងនិយាយថា “ ឪពុករបស់នាងបានហៅទូរស័ព្ទមកនាងវិញ ដើម្បីប្រាប់ថា គាត់ជាប់រវល់និយាយ បន្ទាប់មកឈប់និយាយជាមួយនាង ប៉ុន្តែ បណ្ដាញទូរស័ព្ទនៅដំណើរការដដែល”។
កញ្ញា ម៉ារ៉ាឌី បាននិយាយថា នាងអាចឮឪពុកនាងសួរមនុស្សមិនស្គាល់ម្នាក់ថា “ តើអ្នកចង់បានអ្វីពីខ្ញុំ?”។ យោងតាមកញ្ញា ម៉ារ៉ាឌី បានឲ្យដឹងថា មនុស្សមិនស្គាល់ បានឆ្លើយថា “ ចាំបន្តិចនិងដឹងហើយ”។
ទោះបីជាលោក ប៊ុនហេង និងអ្នកស្រី វី ត្រូវបានចាប់ខ្លួនពីរថ្ងៃ បន្ទាប់ពីសាកសពនេះត្រូវបានរកឃើញដោយនគរបាលអះអាងថា បានប្រទះឃើញក្រណាត់ប្រឡាក់ឈាមនៅក្នុងផ្ទះបើកហាងការ៉ាអូខេរបស់ពូកគេក៏ដោយ ក៏ការសើុបអង្កេតនេះ បានទទួលការរិះគន់យ៉ាងខ្លាំងចំពោះការមិនសូវយកចិត្តទុកដាក់។
លោកមេធាវី ទេព មុនីជាតិ បានអះអាងកាលពីម្សិលមិញថា សំណាកឈាមដែលយកពីផ្ទះប្ដីប្រពន្ធនេះ និងបានបញ្ជូនទៅប្រទេសវៀតណាម ដើម្បីធ្វើតេស្តនោះបង្ហាញថា មិនមែនជាឈាមមនុស្សទេ ។
កាលពីខែកញ្ញា នគរបាលបានបញ្ជូនសំណាកឈាមនោះទៅធ្វើតេស្ត ប៉ុន្តែ មិនបានបង្ហាញលទ្ធផលនោះទេ។ លោក មុនីជាតិ បានមានប្រសាសន៍ថា “ អ្វីទាំងអស់នៅមិនទាន់ច្បាស់ទេ ហើយកូនក្ដីរបស់ខ្ញុំជាមិត្តជិតស្និទ្ធរបស់អ្នកដែលត្រូវគេសម្លាប់ ដូច្នេះមិនមានហេតុផលណា ដែលពួកគេសម្លាប់គាត់នោះទេ”។ លោកមានប្រសាសន៍បន្ថែមថា លោក ហង្ស សេរីឧត្ដម មានសត្រូវច្រើននាក់ណាស់ ជាមួយនឹងរបាយការណ៍សើុបអង្កេតរបស់គាត់នៅក្នុងខេត្តរតនគិរី។
អ្នកស្រី អុីម ចន្ធី ជាប្រពន្ធរបស់អ្នកកាសែតដែលត្រូវគេសម្លាប់នេះ និយាយថា អ្នកស្រីបារម្ភថា តុលាការខ្វះភ័ស្តុតាងដាក់បន្ទុកជនជាប់ចោទទាំងពីរនាក់នេះ ។ អ្នកស្រីបាននិយាយថា “ ខ្ញុំគ្មានសង្ឃឹមទេហើយខ្ញុំដឹងថា ការរកយុត្តិធម៌សម្រាប់ប្ដីរបស់ខ្ញុំនៅវែងឆ្ងាយណាស់”៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ