33 C
Phnom Penh

ក្រុម​ហ៊ុន​រ៉ូ​យ៉ាល់​គ្រុប​ចុះ​កិច្ច​ព្រម​ព្រៀង​បង្កើត​ក្រុម​ហ៊ុន​ អា​កាស​​ចរ​​ណ៍ជាមួយ​ហ្វីលី​ពីន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ កាលពី​ម្សិលមិញ​ បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម​ហ៊ុន​ធំ​មួយ​មក​ពី​ប្រទេស​ហ្វីលីពីន​ ដើម្បី​បង្កើត​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​មួយ​​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន បាន​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិ​ធី​ចុះ​ហត្ថលេខា​ កាល​ពី​យប់​ម្សិល​មិញ​​ នា​​រាជធានី​ភ្នំពេញ​ ដើម្បី​
​បង្កើត​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​កម្ពុជា ដែល​​ជា​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​​រវាង​​​ក្រុម​ហ៊ុន​រ៉ូ​យ៉ាល់​គ្រុប​ និង​ក្រុម​ហ៊ុន សាជីវកម្ម​សាន​មីហ្គែល (San Miguel Corperation)​ ដែល​គ្រប់​គ្រង​ភាគ​ហ៊ុនរបស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ប្រទេស​​ហ្វីលីពីន​(Philippine Airlines) ។

កិច្ច​ព្រម​ព្រៀង​នេះ​នឹង​រំពឹង​ថា មិន​ត្រឹម​តែ​បើក​ផ្លូវ​​សម្រាប់​​​​ជើង​ហោះ​ហើរ​ដោយ​ផ្ទាល់​ពី​ទីក្រុង​ម៉ានីល​មក​​កម្ពុជា​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​បាន​បង្កើនការ​ហោះ​ហើរ​ក្នុង​ស្រុក​ជាច្រើន​ទៀត​​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក គិត​ ម៉េង ​ប្រធាន​ក្រុម​ហ៊ុនរ៉ូយ៉ាល់​គ្រុបមាន​ប្រសាសន៍​ក្នុង​​ពិ​ធី​ចុះ​ហត្ថលេខា​នៅ​​សណ្ឋាគារ​​កាំបូឌីយ៉ាណា​ ដែល​ចូល​រួម​ដោយភ្ញៀវ​កិតិ្តយស​​ រួម​​ទាំង​លោក ហ៊ុន ម៉ានី កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ជូសេ​​ ដឺ​ វេណេ​ស្យា (Jose de Venecia) អតីត​ប្រធានសភា​តំណាង​រាស្ត្រ​​ហ្វីលីពីន​ថា​ “ ផល​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ជា​ដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន​​អាកាស​ចរ​ណ៍​​​​ហ្វីលីពីន​ គឺ​ជា​ដំបូង​យើង​នឹង​មើល​ឃើញ​នូវ​​​ការ​កើន​ឡើង​របស់​ប្រ​ជា​ជន​ហ្វីលីពីន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ប្រជា​ពល​រដ្ឋ​ហ្វីលីពីន​​ចំនួន​៩៤លាន​នាក់​”។

លោក​ គិត ម៉េង​ ​ថ្លែង​បន្ត​ថា “ ​ក្រោយ​មក​ទៀត ខណៈ​ពេល​​បណ្តាញ​ការ​ងារ​របស់​យើង​បាន​ពង្រីក​នោះ​ យើង​នឹង​សម្លឹង​មើល​​បណ្តា​​មុខ​ជំនួញ​មួយ​ចំនួន​ទៀត​ និងអ្នក​ទេស​​ចរ ដែល​បាន​មក​ពី​តំបន់​​អាស៊ាន និង​អាស៊ី​អាគ្នេយ៍។ ការ​កើន​ឡើង​ផ្នែក​វិស័យ​ទេស​ចរណ៍​ចូល​នឹង​ចេញ​ពី​ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ឲ្យ​វិស័យ​ពាណិជ្ជកម្ម​មាន​ការ​រីក​ចម្រើន​។ ម្យ៉ាង​វិញ​ទៀត​មាន​ការ​វិនិយោគ​​ដោយ​ផ្ទាល់​ពី​បរទេស​កាន់​តែ​ច្រើន​មក​ប្រទេស​កម្ពុជា​​អាច​រំពឹង​ថា…នឹង​នាំ​​​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន មក​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៥​​”។

យោង​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដែល​ផ្តល់​ឲ្យ​អ្នក​យក​ព័ត៌មានឲ្យ​ដឹង​ថា ​លោក គិត​ ម៉េង និង​មាន​ភាគហ៊ុន​ចំនួន​៥១​ភាគរយ​នៅក្នុង​ក្រុម​ហ៊ុន​នេះ ហើយ​ក្រុម​ហ៊ុន សាមី​ហ្គែល និង​គ្រប់គ្រង​ភាគហ៊ុន​ ដែល​នៅ​សេស​​សល់​ចំនួន​៤៩ភាគរយ​។
ក្រុម​ហ៊ុន​អាកាស​ចរណ៍​កម្ពុជា​ធ្លាប់​ផ្តល់​ជំនួយ​បច្ចេកទេស​ឲ្យ​ក្រុម​ហ៊ុន​ថៃគ័រ​អ៊ែរវ៉េ របស់​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ បច្ចុប្បន្ន​នេះ​ ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប នឹង​មាន​យន្ត​ហោះ​ប្រតិបត្តិការ​​ជើង​ហោះ​ហើរ​អន្តរជាតិ​ផ្ទាល់​ខ្លួន​ ព្រម​ទាំង​ជើង​ហោះ​ហើរ​នៅ​ក្នុង​ស្រុក​ ក្នុង​ប្រទេស​កម្ពុជា​ផង​​ដែរ។

លោក​ រ៉ាម៉ុន អាង មន្ត្រី​ប្រតិបត្តិ​ការ​របស់​ក្រុម​ហ៊ុន​សាមីហ្គែល​ និង​ក្រុមហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីនថ្លែង​ថា “ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណរដ្ឋាភិបាល​កម្ពុជា និង​ដៃគូរ​របស់​យើង​គឺ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​​សម្រាប់​ឱកាស​នេះ​ដែល​បាន​ជួយ​ណែនាំ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ជាតិ​ និង​ដំណើរការ​ជើង​ហោះ​ហើរ​ពី​ប្រទេសរបស់​អ្នក​ទៅកាន់​ពិភពលោក​ទាំង​មូល។

លោក ម៉ាកហាណា មន្ត្រី​ហិរញ្ញវត្ថុ​ប្រចាំ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​​មាន​ប្រសាសន៍​ថា ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​កម្ពុជា​អាច​ជួល​យន្ត​ហោះ​ម៉ាស៊ីន​ពីរ ចំនួន​ប្រាំបី​គ្រឿង​សម្រាប់​ហោះ​ហើរ​ក្នុង​ស្រុក​ ដែល​អាច​រួម​បញ្ចូល​ទាំង​​អាកាស​​យាន​ដ្ឋាន​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​មិន​បាន​ប្រើ​ប្រាស់​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដូចជា​នៅ​ខេត្ត​បាត់​ដំបង និង​ខេត្ត​រតនគិរីហើយ​យន្ត​ហោះ​ប្រភេទ​អ៊ែរ​​បឺស A321 សម្រាប់​ជើង​ហោះ​ហើរ​អន្តរជាតិ​។

លោក ហាណា​ បានមាន​ប្រសាសន៍​បន្ត​ថា ការ​ហោះ​ហើរ​ក្នុង​ស្រុក​អាច​ចាប់​ផ្តើម​នៅ​ដើម​ខេត្ត​មិថុនា​ក្នុង​ឆ្នាំនេះ​ ហើយ​លោក​រំពឹង​ថា ការ​ហោះ​ហើរ​ជា​អន្តរជាតិ​នឹង​ចាប់​ផ្ដើម​នៅ​ខែ​តុលា​។ ការ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ហ្វីលីពីន​​អាច​បើក​ឲ្យ​មាន​​ជើង​​ហោះ​ហើរ​ទៅកាន់​សហរដ្ឋអាមេរិក​ និងអឺរ៉ុប​​តាម​រយៈ​ទីក្រុង​ម៉ានីល​។

វា​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា តើ​ក្រុម​ហ៊ុន​អាកាស​ចរ​នេះ​នឹង​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​​អាកាស​ចរ​ណ៍​អង្គរ​កម្ពុជា​ ដែល​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬយ៉ាង​ណា​ ដែល​ក្រុម​​ហ៊ុន​នេះ​មាន​ភាគហ៊ុន​របស់​រដ្ឋាភិបាល​ភាគ​ច្រើន​​ក្នុង​ការ​រក​ស៊ី​រួម​គ្នា​ជាមួយ​ក្រុម​អាកាស​ចរ​ណ៍វៀតណាម។ ក្រុម​ហ៊ុន​អាកាសចរណ៍​អង្គរ​បច្ចុប្បន្ន​នេះ​ ដែល​បាន​ផ្តល់​តែការ​ហោះ​ហើរ​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ​។

លោក ផាម ថេហ៊ុម អគ្គនាយក​ក្រុម​ហ៊ុន​អាកាសចរ​វៀតណាម​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញថា លោក​មិន​បាន​ដឹងពី​កិច្ច​ព្រម​ព្រៀង​នេះ​ទេ​។ លោកមាន​ប្រសាសន៍​បន្តថា“ អ្នកជា​អ្នក​​ទី​មួយ​ហើយ​ដែល​បាន​ប្រាប់​ខ្ញុំ​អំពី​អាកាស​ចរណ៍​នេះ​”។

ប៉ុន្តែ លោក ថេហ៊ុម ​និយាយ​បន្ត​ថា​ ចាប់​តាំង​ពី​ក្រុម​ហ៊ុន​រក​ស៊ី​រួម​គ្នា​ថ្មី​មួយ​បាន​ចាប់​ផ្ដើម​រក​ស៊ី​ជាមួយ​ក្រុម​ហ៊ុន​អាកាសចរណ៍
​ហ្វីលីពីន​​គឺ​វា​អាច​ផ្តោត​ទៅ​លើជើង​ហោះ​ហើរ​នៅ​ក្នុង​ស្រុក​ ហើយ​វា​អាច​មាន​ជើង​ហោះ​ហើរ​ជា​មួយ​​នឹង​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​​អង្គរ​កម្ពុជា​។លោកបន្តថា​ “ពួកគេ ​[ក្រុម​ហ៊ុន​អាកាសចរ​ណ៍​អង្គរកម្ពុជា] គឺ​កំពុង​ផ្តោត​មក​លើ​ប្រទេស​វៀតណាម​ ប្រទេស​ចិន​ភាគ​ខាង​​ត្បូង និង​ប្រទេស​ថៃ។

កិច្ច​ព្រម​ព្រៀង​នេះ​កើត​ឡើង​ស្រប​ពេល​មាន​កំណើន​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ទាំង​នៅ​ភ្នំពេញ​ និង​ខេត្ត​សៀមរាប​។ក្រុម​ហ៊ុន​អាកាស​ចរណ៍​​កម្ពុជា​បាន​ចំណាយ​ថវិកា​ជិត១៥០លាន​ដុល្លារ​ដើម្បី​ពង្រីក​អាកាស​យានដ្ឋាន​ទាំង​ពីរ​នេះ​ ដែល​អាចមាន​លទ្ធភាព​ទទួល​អ្នក​ដំណើរ​បាន​៥លាននាក់​ក្នុង​មួយឆ្នាំៗ នៅ​ឆ្នាំ​២០១៥។

ក្រុម​ហ៊ុន​អាកាសចរ​ណ៍ថ្មី​ ដែល​រក​ស៊ី​រួម​គ្នា​ជាមួយ​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​ម៉ូប៊ីថែល​ ធនាគារ​ ANZ Royal​ ក្រុម​ហ៊ុន​ផ្លូវ​ដែក​ថូលរ៉ូយ៉ាល់​ និង​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​ Infinity ដែល​លោក​ គិត​ ម៉េង បាន​ពង្រីក​ពាណិជ្ជកម្ម​របស់​ខ្លួន​ ​ក្នុង​ពេល​ថ្មី​ៗនេះ លោក​បាន​បន្ថែម​ភាគហ៊ុន​នៅ​ក្នុង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២។ ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​ក៏​បាន​គ្រប់​គ្រង​សណ្ឋាគារ​​កាំបូឌីយ៉ាណា ដែល​ពិធី​ចុះ​ហត្ថលេខា​កិច្ច​ព្រម​​ព្រៀង​នេះ​ កាលពី​ម្សិលមិញ​នោះ​។

ក្រុម​ហ៊ុន សាន​មីហ្គែល ​ខប​ភឺរ៉េសិន បាន​ចាប់​ផ្តើម​ផលិត​ស្រាបៀ​រ សានមីហ្គេល ជាង​មួយ​សតវត្សរ៍​មក​ហើយ​ ហើយ​ក្រុម​ហ៊ុន​នេះ​
មាន​ឥទ្ធិពល​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ការ​រុក​​រក​រ៉ែ​ និង​ប្រព័ន្ធ​ទូរគមនាគមន៍​ ដែល​មាន​របាយ​ការ​ណ៍​ប្រាក់​ចំណូល​ចំនួន ១២,៥ពាន់លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

កាលពីឆ្នាំ​២០១០ ក្រុម​ហ៊ុន​សានមី​ហ្គែល​និង​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​ប្រកាស​ថា ពួក​គេ​អាច​សាងសង់​រោង​ចក្រ​ស្រាបៀ​រមួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ប៉ុន្តែ គម្រោង​នេះ​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស