នៅក្នុងការធ្វើលំហាត់បាញ់គ្រាប់ពិតបែបសាមញ្ញមួយ ទាហាននៃកងយោធពលខេមរភូមិន្ទកាលពីម្សិលមិញ បានបាញ់គ្រាប់កាំភ្លើងប្រតិកម្ម និងកាំភ្លើងធំ ដ៏មានតម្លៃថ្លៃរាប់រយគ្រាប់ នៅក្នុងការធ្វើលំហាត់បាញ់គ្រាប់ពិតជាទ្រង់ទ្រាយធំមួយ ក្នុងខេត្តកំពង់ស្ពឺ។

ការធ្វើលំហាត់បាញ់គ្រាប់ពិតនេះ ធ្វើឡើងមុនថ្ងៃបកស្រាយសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។ (ស៊ីវ ចាន់ណា)
លោកឧត្ដមសេនីយ៍ឯក ឥត សារ៉ាត់ ដែលដឹកនាំការធ្វើលំហាត់បាញ់គ្រាប់ពិតក្នុងរយៈពេលពីរថ្ងៃ នៅទីបញ្ជាការដ្ឋានកងរថក្រោះអាសេអូ (ACO) បានមានប្រសាសន៍ថា កាំភ្លើងធំប្រភេទបេអឹម២១ចំនួន៦០០គ្រាប់ ដែលក្នុងមួយគ្រាប់ៗមានតម្លៃរាប់ពាន់ដុល្លារ ត្រូវបានបាញ់ចេញពីរថយន្តសម្រាប់បាញ់កាំភ្លើងប្រតិកម្មថ្មី អមដោយកាំភ្លើងធំ១៣០មិល្លីម៉ែត្រចំនួន២៤គ្រាប់ផងដែរ។
ការធ្វើលំហាត់បាញ់គ្រាប់ពិតនេះ ដែលធំជាងការធ្វើលំហាត់បាញ់គ្រាប់ពិត កាលពីឆ្នាំ២០១០ ត្រូវបានធ្វើឡើងមុនថ្ងៃបកស្រាយ
សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលគ្រោងប្រកាសនៅថ្ងៃទី១៥ ខែមេសា ដើម្បីសម្រេចនូវភាពជាម្ចាស់លើដីទំហំ៤,៦គីឡូម៉ែត្រក្រឡា ស្ថិតជាប់នឹងប្រាសាទព្រះវិហារ ដែលប្រទេសថៃ និងកម្ពុជាបានប្រយុទ្ធគ្នាដ៏បង្ហូរឈាម តាំងពីឆ្នាំ២០០៨មកនោះ។
ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅកន្លែងធ្វើលំហាត់បាញ់គ្រាប់ពិត ដែលបានប្រកាសជាសាធារណៈ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានលើកឡើងថា កងទ័ពកម្ពុជាបានបាញ់សាកល្បងកាំភ្លើងថ្មីរបស់ខ្លួនបែបសាមញ្ញតែប៉ុណ្ណោះ ហើយការបង្ហាញពីភាពខ្លាំងនេះមិនមានអ្វីពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេនោះទេ។
លោកមានប្រសាសន៍ថា “ កាំភ្លើងទាំងនេះ គឺជាកាំភ្លើងថ្មីរបស់យើង ហេតុដូច្នេះហើយ ទើបយើងចាំបាច់ត្រូវតែរៀនបាញ់កាំភ្លើងទាំងនេះ និងត្រៀមខ្លួនឲ្យហើយសម្រាប់ពេលដែលយើងត្រូវការប្រើវា”។
ដោយលើកឡើងថា ការធ្វើលំហាត់បាញ់គ្រាប់ពិតកាំភ្លើងប្រតិកម្មរាប់រយគ្រាប់ មិនមែនមានជាប់ពាក់ព័ន្ធជាមួយនឹងការបើកសវនាការ របស់តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ដែលលោក ហ៊ុន សែន បានលើកឡើងកាលពីម្សិលមិញថា មិនមែនជាការដំឡើងសាច់ដុំ តាមរយៈការធ្វើលំហាត់បាញ់គ្រាប់ពិតនេះទេ។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា នៅឯវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញថា “ នេះមិនមែនជាការបង្ហាញសាច់ដុំឡើយ”។
លោក ហ៊ុន សែន បានលើកឡើងថា “ ខ្មែរគ្មានសាច់ដុំសម្រាប់បង្ហាញគេនោះទេ យើងមានតែ [ការធ្វើលំហាត់បាញ់គ្រាប់ពិត] នេះតែប៉ុណ្ណោះ។ កាំភ្លើងប្រតិកម្មមានខ្លះថ្មីខ្លះចាស់។ យើងបាញ់កាំភ្លើងប្រតិកម្មទាំងនេះ ដើម្បីចង់ដឹងពីសមត្ថភាពរបស់វា”។
លោកបានបន្តថា“ គ្មានប្រទេសណាមួយនៅលើពិភពលោក ដែលគ្មានអាវុធនោះទេ។ ប៉ុន្តែ យើងមិនមែនចង់គំរាមធ្វើសង្គ្រាម
ជាមួយនរណាមួយឡើយ។ វាគ្រាន់តែ ដើម្បីការពារខ្លួន និងហ្វឹកហាត់ទាហានរបស់យើងតែប៉ុណ្ណោះ ហេតុដូច្នេះហើយពួកគេអាចដឹងពីរបៀបប្រើកាំភ្លើងប្រតិកម្មទាំងនេះ។ ប្រសិនបើពួកគេមិនដឹងពីរបៀបបាញ់ ហើយដល់ពេលបាញ់ពួកគេនឹងមិនដឹងថា ត្រូវបាញ់ទៅទីណាឡើយ”។
លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានបដិសេធមិនបកស្រាយថា ប្រទេសកម្ពុជាបានទិញកាំភ្លើងប្រតិកម្មប្រភេទបេអឹម២១ ពីពេលណា ឬពីប្រទេសណា ឬក៏រដ្ឋាភិបាលបានចំណាយអស់ថវិកាប៉ុន្មានលានដុល្លារឡើយប៉ុន្តែ លោកបានទទួលស្គាល់ថា គ្រឿងសព្វាវុធទាំងនេះមិនមែនមានតម្លៃថោកទេ។
លោកបានមានប្រសាសន៍ដោយមិនផ្ដល់ព័ត៌មានលម្អិតថា “ យើងបានចំណាយថវិកា ដើម្បីទិញគ្រឿងសព្វាវុធថ្មី ដែលមានគុណភាពខ្ពស់ ហើយការពិតមិនមែនថោកនោះទេ”។
នៅពេលកងយោធពលខេមរភូមិន្ទ បានបាញ់គ្រាប់កាំភ្លើងប្រតិកម្មប្រភេទបេអឹម២១ ចំនួន២០០គ្រាប់ កាលពីខែកុម្ភៈ ឆ្នាំ២០១០លោក ហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា ការធ្វើលំហាត់បាញ់គ្រាប់ពិតបានចំណាយថវិកាអស់៥០០.០០០ដុល្លារ។ នោះជាការចំណាយកាលពីបីឆ្នាំមុន ចំណែកការធ្វើលំហាត់បាញ់គ្រាប់ពិតកាលពីម្សិលមិញ ដែលមានចំនួនមិនតិចជាង៤០០គ្រាប់ប្រហែលមានតម្លៃយ៉ាងតិច១,៥លានដុល្លារ។
ថវិកាជាតិសម្រាប់ឆ្នាំ២០១៣របស់ក្រសួងការពារជាតិបានកើនដល់ជិត១៦ភាគរយ នៃថវិកា២៤៥លានដុល្លារ ជាតួលេខមួយ ដែលស្មើនឹងប្រហែល១៣,៣២ភាគរយនៃទំហំចំណាយទាំងមូលសម្រាប់ឆ្នាំនេះ។ អំឡុងធ្វើសេចក្តីព្រាងច្បាប់ថវិកាជាតិ កាលពីឆ្នាំមុន លោកនាយឧត្ដមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា លោកត្រូវការថវិកាច្រើនថែមទៀត សម្រាប់ចំណាយដល់កងទ័ពការពារព្រំដែន កម្ពុជា ជាប់ជាមួយថៃ។
រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័តថវិកាដោយគ្មានការយល់ព្រមពីគណបក្សប្រឆាំង គឺគណបក្ស សម រង្ស៊ី ដែលបានលើកឡើងថា វាខុសហើយ ដែលក្រសួងការពារជាតិទទួលបានចំណែកយ៉ាងច្រើននៃថវិកាប្រចាំឆ្នាំ ដែលមានចំនួន៣,១ពាន់លានដុល្លារ ហើយថា រដ្ឋាភិបាលគួរផ្តល់អាទិភាពដល់វិស័យសុខាភិបាល និងវិស័យអប់រំ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង