34 C
Phnom Penh

​លោក ហ៊ុន សែន ជំរុញឲ្យ​មន្ត្រី​រាជការ​ និង​ទាហាន​នៅ​ជាអព្យាក្រឹត​​មុន​ពេល​បោះ​ឆ្នោត​ជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយ​ថ្ងៃបន្ទាប់​ពី​លោក បាន​ជំរុញឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​រួ​ច​មក ​កាលពី​ម្សិលមិញ​​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​ផ្ញើ​សារ​អំពី​ការ​បោះ​ឆ្នោត​ប៉ុន្តែ​ពេល​នេះ​លោកបាន​អំពាវ​នាវ​ឲ្យ​មាន​អព្យា​ក្រឹត​នៅ​ទូទាំ​ង​ប្រទេស ហើយ​ជំរុញ​ឲ្យ​​​អាជ្ញាធរ​​ធានា​ថា ការ​បោះ​ឆ្នោត​ប្រព្រឹត្តទៅ​​ដោយ​គ្មាន​អំពើ​ហិង្សា។

ថ្លែង​ទៅកាន់​និស្សិត​ប្រហែល​២.៥០០​នាក់​មកពី​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញនៅ​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​កោះ​ពេជ្រនោះ លោក ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​​រាជការ​​និង​​យោធា ត្រូវ​​នៅ​ជា​អព្យាក្រឹត​រហូត​​ដល់​ថ្ងៃបោះ​ឆ្នោត​ថ្ងៃទី​២៨ ខែ​កក្កដា។
លោក​បាន​​មាន​ប្រសាសន៍ថា​ “ ខ្ញុំ​សូម​អំពាវ​នាវដល់​មន្ត្រី​រាជការ​​គ្រប់លំដាប់​ថ្នាក់​ ស្ថាប័នរដ្ឋ​និង​កងកម្លាំង​ប្រដាប់​អាវុធ​​ឲ្យ​នៅ​ជា​អព្យាក្រឹត​ចាប់​ពី​ពេលនេះ​រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​”។

អព្យាក្រឹតភាព ឬ​ការ​ខ្វះ​អព្យាក្រឹត​ភាព​ពី​មនុស្ស​និង​​ស្ថាប័នបែប​នេះ​ គឺ​ជា​បញ្ហាដែល​ត្រូវ​បាន​លើក​ឡើង​ជា​ញឹក​ញាប់​ដោយ​គណ​បក្ស​​ប្រឆាំង​គឺ​គណបក្ស​ សម រង្ស៊ី​​ និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដូច​ជា គណៈកម្មាធិការ​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ សេរី​និង​យុត្តិ​ធម៌នៅ​​កម្ពុជា ហៅ​កាត់​ថា (ខុមហ្វ្រែល) ដែល​​បាន​ឃើញ​គេ​យក​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​មួយ​ចំនួន​ទៅប្រើ​ប្រាស់​​សម្រាប់​ការ​​ឃោ​សនា​​​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា។

លោក​ ហ៊ុន សែន​ បាន​បន្តថា “ ត្រូវ​តែ​រក្សាសន្តិសុខ និង​សុវត្ថិភាពអំឡុង​​ពេល​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ ការ​ធ្វើ​សមាជ
និង​ការ​ជួបជុំ​របស់​ប្រជា​ពល​រដ្ឋ​ជាដើម…​ខ្ញុំ​សូម​អំពាវ​នាវ​ដល់បក្ស​នយោ​បាយ​ទាំង​អស់ និង​បុគ្គល​គ្រប់​រូប​ សូម​កុំ​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នេះ​ឈាន​ទៅដល់​ការ​បែកបាក់​ជាតិ​”។

លោក​ក៏បាន​មាន​ប្រសាសន៍ផង​ដែរ​ថា ស្លាក​សញ្ញាគណបក្ស​នយោបាយត្រូវ​ដាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​​មាន​ការ​ដឹង​ឮពី​អាជ្ញាធរ​មូល​ដ្ឋាន​ផង។ ស្លាក​សញ្ញា​គណបក្ស​​ប្រជា​ជន​​កម្ពុជាមួ​យ​ចំនួន ដែលមាន​រូបថត​មេដឹក​នាំ​​ជាន់ខ្ពស់​​ទាំង​បី​​គឺ​លោក ហ៊ុន សែន លោក ជា ស៊ីម និង​លោក ហេង​ សំរិន ត្រូវ​បាន​ដំឡើង​រួចហើយ​នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ។

បើទោះ​ជា​ច្បាប់​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើការ​ឃោស​នា​រហូត​ដល់​រយៈពេល​មួយ​ខែ​​មុន​ថ្ងៃ​បោះ​ឆ្នោត​ក៏ដោយ ក៏លោក នាយក​
​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​រួ​ច​ទៅ​ហើយ ហើយ​ថ្មី​ៗនេះ​បាន​ព្រមាន​ថា​ គណ​បក្ស​របស់​លោក​ដែល​កំពុង​កាន់​អំណាច នឹង​មិន​ផ្តល់​មូល​និធិដល់​ការ​អភិ​វឌ្ឍណាមួយ​ទៀត​ឡើយ​ក្នុង​ប្រទេស​កម្ពុជា​ ប្រសិន​បើ​គណបក្ស​របស់​លោក​មិន​បានជាប់​​ឆ្នោត​នៅ​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​​រាស្ត្រ​នៅ​ខែ​កក្កដា​ខាង​មុខ​ទេ​នោះ​។

បើទោះ​ជា​អំពើ​ហិង្សា​បាន​ថយ​ចុះ​​ច្រើន​​​ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ដែលរៀប​ចំដោយ​​អ៊ុនតាក់​កាលពី​ឆ្នាំ​១៩៩៣​ក៏ដោយ​ ក៏លោក ហ៊ុន សែន​ បាន​ព្រមាន​ថា​ បើ​អាជ្ញាធរ​​ប្រើ​​​អំពើ​ហិង្សា​ ឬការ​គំរាម​កំហែង​​ណាមួយ​ដល់​សាធារ​ណជ​ន​នោះ នឹង​ចាត់​ទុក​ថា ជា​“ ទង្វើ​​​
ល្ងង់​ខ្លៅ”។

កាល​ពី​ម្សិល​មិញ លោក ហ៊ុន សែន ក៏​បានឆ្លៀត​ឱកាសនិយាយ​ពី​ការ​អត្ថា​ធិប្បាយ​កាល​ពី​ថ្ងៃអាទិត្យ​របស់​លោក  កឹម សុខា អនុប្រធាន​គណបក្ស​ សង្គ្រោះ​ជាតិ​ ជា​គណបក្ស​ប្រឆាំង​ ដែល​បាន​ប្រដូច​សមាជិក​គណបក្ស​របស់​ខ្លួន​ និង​លោក សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ប្រឆាំង​ទៅ​នឹង​គ្រូ​វិទ្យាល័យ ប្រៀប​ធៀប​ទៅនឹង​ លោក ហ៊ុន សែន ដែល​លោក កឹម សុខា បាន​និយាយ​ថា ជា​គ្រូ​កម្រិត​បឋមសិក្សា។

លោក ហ៊ុន សែន បាន​មាន​ប្រសា​សន៍​​ថា “ អរគុណសម្រាប់​ការ​ប្រៀប​ធៀប​នេះ ខ្ញុំ​រីករាយ​នឹង​ទទួលយក។ ការ​ធ្វើ​ដំណើរ​រាប់​រយ​គីឡូម៉ែត្រតែងតែ​ចាប់​ផ្តើម​​ពីជំហាន​ទី១។ ឯការ​សិក្សាគឺចាប់​ផ្តើម​​ពី​ថ្នាក់​បឋម​សិក្សាទៅ”៕

    ប្រែសម្រួលដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស