កាលពីថ្ងៃច័ន្ទ មេធាវីរបស់ ខៀវ សំផនដែលជាជនជាប់ចោទពីបទឧក្រិដ្ឋកម្មសង្គ្រាមបានធ្វើសំណើសុំឲ្យកូនក្ដីរបស់ខ្លួននៅក្រៅឃុំជាបន្ទាន់ ដោយលើកឡើងថា សិទ្ធិចូលរួមសវនាការរបស់កូនក្ដីខ្លួន ត្រូវបានរំលោភបំពាន ហើយថា ការបន្តឃុំខ្លួនកូនក្ដីរបស់ខ្លួនគឺយូរពេក និងមិនសមហេតុផលឡើយ។
សំណើកម្រាស់១៥ទំព័រ ដែលត្រូវបានធ្វើឡើងដោយលោក ហ្សាកេស វើកេស (Jacques Verges) លោក អាសឺ វើខេន (Arthur Vercken) និងលោក អង់តា ហ្គីសេ (Anta Guisse)មកពីទីក្រុងប៉ារីស និងលោក គង់ សំអុន លើកឡើងថា ចាប់តាំងពីការចាប់ខ្លួន និងការឃុំឃាំងគាត់ កាលពីឆ្នាំ២០០៧ ស្ទើរមិនឃើញមានគ្រោះថ្នាក់ណាមួយដែលបង្កឡើងដោយ ខៀវ សំផន ឡើយ។សំណើនេះ បានបញ្ជាក់ថា គាត់មិនអាចគេចខ្លួន ហើយក៏មិនមានគ្រោះថ្នាក់ដល់សន្តិសុខរបស់គាត់ដែរ ប្រសិនបើគេដោះលែងរូបគាត់។
សំណើនេះលើកឡើងទៀតថា គាត់ត្រូវបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេលប្រាំឆ្នាំ និងបួនខែមកហើយ ក៏ប៉ុន្ដែ គេនៅតែអាច សន្និដ្ឋានបានថា ខៀវ សំផន គ្មានទោសឡើយ។ សំណើដដែលនេះ បន្ថែមទៀតថា សព្វថ្ងៃគាត់មានអាយុ៨២ឆ្នាំហើយ។ ការបន្តឃុំខ្លួនគាត់ដោយគ្មានការវិនិច្ឆ័យនោះមិនអាចទទួលយកបានទេ។
សំណើដាក់ជូនតុលាការនេះបានស្នើសុំឲ្យបើកសវនាការជំនុំជម្រះជាសាធារណៈ ដើម្បីអនុញ្ញាតឲ្យជនជាប់ចោទពីបទឧក្រិដ្ឋកម្ម
សង្គ្រាមវ័យចំណាស់រូបនេះអាចបញ្ជាក់ថា រូបគាត់នឹងបំពេញតាមលក្ខខណ្ឌច្បាប់នានា ដែលតុលាការចង់បាន ប្រសិនបើគាត់ត្រូវបានដោះលែងនោះ និងដើម្បីបញ្ជាក់ថា គាត់នឹងបន្ដមានវត្តមាននៅឯសវនាការរបស់គាត់។
ខៀវ សំផន គឺជាជនជាប់ចោទមួយរូប ក្នុងចំណោមជនជាប់ចោទ ដែលនៅរស់ក្នុងសំណុំរឿង០០២ ដែលសំណុំរឿងនេះមានគោលបំណងឲ្យមេដឹកនាំខ្មែរក្រហមកំពូលៗ ទទួលខុសត្រូវចំពោះបទឧក្រិដ្ឋជាច្រើន ដែលបានប្រព្រឹត្តនៅក្នុងរបប ប៉ុល ពត។ អៀង ធីរិទ្ធ ត្រូវបានប្រកាសថា មិនមានកាយសម្បទាគ្រប់គ្រាន់ ដើម្បីឡើងសវនាការបានទេកាលពីឆ្នាំមុន ចំណែកឯ អៀង សារី ដែលជាប្ដីរបស់គាត់វិញបានស្លាប់កាលពីថ្ងៃទី១៤ ខែមីនា។
សំណុំរឿង០០២នេះមិនមានការវិវឌ្ឍទេ ចាប់តាំងពីបានចាប់ផ្ដើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១មក ដែលមួយផ្នែកធំដោយសារតែបញ្ហាសុខភាពរបស់សហចុងចោទរបស់គាត់ ក៏ប៉ុន្ដែ ខៀវ សំផន ដែលជាអតីតប្រមុខរដ្ឋខ្មែរក្រហម នៅតែមានវត្តមាន នៅសាលសវនាការ។
សំណើសុំនៅក្រៅឃុំនេះលើកឡើងម្ដងហើយម្ដងទៀតអំពីការអូសបន្លាយពេលនៅក្នុងសំណុំរឿង០០២នេះថា តើ ខៀវ សំផន នឹងត្រូវជំនុំជម្រះលើបទចោទប្រកាន់ទាំងអស់ចំពោះរូបគាត់នាពេលនេះដោយរបៀបណា និងពេលណានោះ ដូចជាមិនមាននរណាម្នាក់អាចឆ្លើយសំណួរនេះបានទេ។
ជាការគាំទ្រសំណើសុំនៅក្រៅឃុំនេះ គេបានដកស្រង់សម្ដីរបស់ចៅក្រមស៊ើបអង្កេតលោក ម៉ាសែល លើម៉ុង (Marcel Lemonde) ដែលបានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសជាមួយគេហទំព័របារាំងមួយ កាលពីខែមុនថា សវនាការកាត់ក្ដីនេះកំពុងតែបន្ដដំណើរការក្នុងស្ថានភាពច្របូកច្របល់មិនសូវពេញចិត្ត យឺតយ៉ាវ ដោយមានបញ្ហាខាងនីតិវិធីម្ដងហើយម្ដងទៀត សុខភាពមិនប្រាកដប្រជារបស់ជនជាប់ចោទ និងបញ្ហាមិនច្បាស់លាស់ខាងហិរញ្ញវត្ថុ។
ពាក្យស្នើសុំនៅក្រៅឃុំ ដដែលបានលើកឡើងថា សិទ្ធិជាមូលដ្ឋាន និងសិទ្ធិមានកិត្តិយសដូចមនុស្សធម្មតារបស់ ខៀវ សំផន ត្រូវបានរំលោភបំពានដោយការបន្តឃុំខ្លួនគាត់។ ហានិភ័យដែលជាហេតុផលនាំឲ្យមានការបិទសិទ្ធិសេរីភាពរបស់គាត់កាលពីដំបូង ឥឡូវនេះបានថយចុះយ៉ាងច្រើន ឬក៏គ្មានតែម្ដង។ គេអាចការពារមិនឲ្យកើតមានហានិភ័យនីមួយៗ ក្នុងចំណោមហានិភ័យទាំងនេះ ដោយដាក់គាត់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់តុលាការ។ ការបើកសវនាការគ្រោងបន្តនៅថ្ងៃច័ន្ទ៕
(រាយការណ៍បន្ថែមដោយ Kate Bartlett)
ប្រែសម្រួលដោយ ហួង កុកទៀន