34 C
Phnom Penh

រដ្ឋ​បាល​ព្រៃ​ឈើ​មេឃុំ​គណបក្ស​ សម រង្ស៊ី ​មិន​ឲ្យ​​និយាយ​ជាមួយ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​អំពី​ទំនប់​វារីអគ្គិសនី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេឃុំ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ បាន​និយាយ​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​​ឈើ​ខេត្ត​ស្ទឹង​ត្រែង​បាន​ព្រមាន​មេឃុំ​មក​ពី​គណ បក្ស​ សម រង្ស៊ី មិន​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ការ​កាប់​រាន​ព្រៃ​លើ​ដី​ទំហំ​៣៦.០០០​ហិកតា​ ដើម្បី​​ធ្វើ​​អាង​ស្ដុក​ទឹក​សម្រាប់​គម្រោង​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​នៅ​តំបន់​នោះ​។

កាល​ពី​ថ្ងៃ​អាទិត្យ លោក សៀក មេគង្គ​ មេឃុំ​ស្រែគរ​បាន​មាន​ប្រសាសន៍​ថា កម្មករ​ប្រមាណ​២០​នាក់​ ដែល​ធ្វើ​ការ​ឲ្យ​​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ ដែល​ជា​ក្រុមហ៊ុន​​​ក្នុង​ស្រុក​ដ៏ធំ និង​ក្រុមហ៊ុន​ថាមពល​អន្តរជាតិ​ហាយ​ដ្រូឡាន​​កាង (Hydrolancang) ​ដែល​ជា​ក្រុម ហ៊ុន​របស់​ចិន​ បាន​កាប់​ព្រៃ​នៅ​ក្នុង​តំបន់​នោះ​ តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មីនា​មក​​ ដោយ​មិន​បាន​ផ្ដល់​ដំណឹង​ដល់​សហគមន៍​នៅ​តំបន់​នោះ​ឡើយ​។

លោក​ មេគង្គ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា មន្ត្រី​មក​ពី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ចំនួន​បួន​នាក់​ រួម​មាន​លោក សិទ្ធិ សំណាង នាយ​រង​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​បាន​ទៅ​ជួប​លោក​ ដើម្បី​ប្រាប់​លោក​កុំ​ឲ្យ​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា មន្ត្រី​ទាំង​នោះ បាន​ឲ្យ​លោក​ចុះ​ហត្ថលេខា​ លើ​ឯក​សារ​មួយ​ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អំពី​ការ​កាប់​ឈើ​​នៅ​តំបន់​នោះ​។

លោក​ មេគង្គ បាន​ថ្លែង​ថា “ លោក​ សិទ្ធិ សំណាង​ បាន​ប្រាប់​ខ្ញុំ​ថា ការ​​និយាយ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​ជា​ការ​ខ្ជះខ្ជាយ​ពេល​វេលា ហើយ​ថា ខ្ញុំ​គួរតែ​និយាយ​ជាមួយ​ក្រុម​ហ៊ុន​ដោយ​ផ្ទាល់​វិញ​។ សកម្មភាព​របស់​ខ្ញុំ​បង្ហាញ​ថា ខ្ញុំ​មិន​ចង់​រស់​នៅ​បាន​សុខ​ទេ​ ហើយ​ថា​ ខ្ញុំ​ចង់​នាំ​រឿង​ដាក់​ខ្លួន​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ការ​គំរាម​កំហែង​ ប៉ុន្តែ ខ្ញុំ​មិន​ខ្លាច​ពួក​គេ​ឡើយ”។ លោក​បាន​បន្ត​ថា “ ​ខ្ញុំ​មិន​ខ្វល់​ពី​គោល​បំណង​ដែល​គេ​ឲ្យ​ខ្ញុំ​ចុះ​ហត្ថលេខា ​ដើម្បី​ទទួល​ស្គាល់​ថា ខ្ញុំ​បាន​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ​ឡើយ​។ ខ្ញុំ​នឹង​​តស៊ូ​នឹង​អ្វីៗ​គ្រប់​យ៉ាង ពី​ព្រោះ​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​ ដែល​ទទួល​រង​ផល​ប៉ះពាល់​មិន​ដែល​ត្រូវ​បាន​គេ​ប្រាប់​ព័ត៌មាន​លម្អិត​អំពី​គម្រោង​ទំនប់​វារី​អគ្គិសនី​នេះ​ទេ​​”។

រដ្ឋសភា​​បាន​អនុម័ត​លើ​គម្រោង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ កម្លាំង​៤០០​មេហ្គា​វ៉ាត់​ កាល​ពី​ខែ​វិច្ឆិកា​ ដោយ​មាន​​ការ​ជំទាស់​ពី​សមាជិក​សភា​មក​ពី​គណបក្ស​ប្រឆាំង​ ដែល​​បាន​លើក​ឡើង​ថា ផល​ប៉ះពាល់​បរិស្ថាន​និង​សង្គម​នៃ​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ​ គឺ​មាន​ច្រើន​ជាង​ផល​ប្រយោជន៍​ដែល​​​បាន​ពី​គម្រោង​នេះ​​។ គម្រោង​ទំនប់​វារីអគ្គិសនី​នេះ​​គ្រោង​ផ្លាស់​លំនៅ​​អ្នក​ភូមិ​ជាង​៥.០០០​នាក់​ ហើយ​ការ​សិក្សា​​បាន​បង្ហាញ​ថា ទំនប់​នេះ​​នឹង​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​​មនុស្ស​​​ប្រមាណ​១០០.០០០​នាក់​ទាំង​នៅ​ខ្សែ​ទឹក​ខាង​ក្រោម និង​ខាង​លើ​ ដោយសារ​តែ​ផល​ប៉ះពាល់​ទៅ​លើ​ការ​នេសាទ​។

លោក ចាប ពិសិដ្ឋ នាយ​រង​ខណ្ឌ​​រដ្ឋបាល​ព្រៃ​ឈើ​ឃុំ​ស្រែគរ​ និង​ក្បាល​រមាស​ បាន​មាន​ប្រសាសន៍​ថា លោក​មាន​វត្ត​មាន​អំឡុង​​ជំនួប​ជាមួយ​លោក មេគង្គ​ ហើយ​ថា​ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​បដិសេធ​​ទាំង​ស្រុង​ចំពោះ​ការ​អះអាង​របស់​​គាត់​។ លោក​ ពិសិដ្ឋ បាន​លើក​ឡើង​ថា “ ​ទោះ​បី​ជា​កម្មករ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​នោះ​មែនក៏​ដោយ​​ ក៏​មិន​ទាន់​មាន​ការ​កាប់​ដើម​ឈើ​ដែរ​​។​​ការ​កាប់​រាន​ព្រៃ​ ដើម្បី​ធ្វើ​អាង​ស្តុក​ទឹក​ នឹង​ចាប់​ផ្ដើម​​ក្រោយ​​​ចូល​ឆ្នាំ​ខ្មែរ”។

លោក​បាន​មាន​ប្រសាសន៍​ថា “ ​ការ​រាយ​ការណ៍​របស់​លោក​​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​​ការ​កាប់​​​ឈើ​​នោះ គឺ​មិន​ពិត​ទេ។ យើង​មិន​បាន​គំរាម​កំហែង​​គាត់​ឡើយ​​ ប៉ុន្តែ មេឃុំ​រូប​នេះ​បាន​ផ្ដល់​ព័ត៌មាន​មិន​ពិត​ទៅ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស