38 C
Phnom Penh

លោក ហ៊ុន សែន​ ​សម្តែងការ​ព្រួយ ​បារម្ភ​ចំពោះ​ការ​ដាច់​ចរន្ត​​អគ្គិសនី និង​ការ​ស្ទះចរាចរ​ណ៍នៅ​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុង​កិច្ចប្រជុំមួយ​ជាមួយ​អភិបាល​ក្រុង​ប៉ារីសកាលពី​ថ្ងៃអង្គារ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​សម្តែងការ​ព្រួយ​បារម្ភ​របស់​លោក​ ចំពោះ​ហេដ្ឋារចនា​សម្ព័ន្ធ​មិនល្អ​នៅ​ក្នុង​រាជធានីភ្នំពេញ​ ដោយ​លោក​បានមាន​ប្រសាសន៍ថា​ វាមិនទាន់អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​​ការបានទេ​ ដោយសារ​​កំណើន​របស់​
ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​។​​​  

នៅក្នុងការជួបពិភាក្សាជាមួយ​លោក​ ប៊ែរ​ត្រង់ ឌឺឡា​ណូ​ (Bertrand Delanoe) ដែល​បានអញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​អង្គារ​ ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក កែប ជុតិមា អភិបាល​​រាជធានី​ភ្នំពេញ អំពី​សមា​គម​អន្តរ​ជាតិសម្រាប់​​អភិបាល​ក្រុង​និយាយ​​ភាសា​​បារាំង​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​ សព្វ​ថ្ងៃ​កំពុង​ជួប​បញ្ហា​មួយ​ចំនួន​ដូចជាបញ្ហា​ដាច់ចរន្ត​អគ្គិសនី​ និង​ការ​កក​ស្ទះចរាចរណ៍ ដែល​កើត​ឡើង​ស្ទើររៀង​រាល់ថ្ងៃ។

លោក អៀង សុផាល្លែត​​ ជំនួយការ​ផ្ទាល់​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍ថា “ [សម្តេច ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍ថា] ការ​ពង្រីក​ទីក្រុង​ បាន​នាំ​ឲ្យមាន​បញ្ហាមួយចំនួន​​ដូចជា កង្វះ​ថាម​ពល​អគ្គិសនីប្រើប្រាស់ និងបញ្ហាកកស្ទះ​ចរាចរណ៍​ខ្លាំង​ ព្រមទាំងបញ្ហា​គ្រប់គ្រងសំរាម​ និង​ការ​ខ្វះខាត​ប្រព័ន្ធ​ទឹកស្អាត ​ដែលត្រូវការ​ជា​ចំបាច់​​សម្រាប់តភ្ជាប់​ទៅតំបន់​អភិវឌ្ឍន៍ថ្មី​នោះ​”។

លោក សុផាល្លែត​ បានបន្ថែមថា លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​លើក​ឡើង​ដែរថា​ រដ្ឋា​ភិបាល​កំពុង​សុំជំនួយពី​វិស័យឯកជន ​ដើម្បី​ឲ្យជួយសហការគ្នា​ក្នុង​ការការពារ និង​ពន្លត់​អគ្គិភ័យ។​

លោក នីកូឡា​ បូឌង់ (Nicolas Baudouin)​ លេខាទី១​របស់ស្ថាន​ទូត​បារាំង​ បាន​មាន​ប្រសាសន៍ថា លោក ប៊ែរ​ត្រង់ ឌឺឡាណូ បាន​គូសបញ្ជាក់ថា បញ្ហា​ទាំងនេះ​ គឺជាបញ្ហា​របស់ទីក្រុង ដែលមានការអភិវឌ្ឍយ៉ាង​ឆាប់​រហ័ស​នៅក្នុង​តំបន់អាស៊ីអាគ្នេយ៍កំពុង​ជួប​ប្រទះ។​

លោក បូឌង់ បាន​លើកឡើង​តាមរយៈ​អុីម៉េលថា “ លោក ឌឺឡាណូ បាន​លើក​ឡើង​ម្តងទៀតថា ទីក្រុងប៉ារីស បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ដើម្បីជួយ​រាជធានី​ភ្នំពេញ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ទាំងនេះ”។​​​​​​​​
ការ​ស្ដី​បន្ទោស​ខ្លាំង​ៗ​របស់​លោក ហ៊ុន សែន អំពី​ស្ថាន​ភាព​អាក្រក់​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​លេច​ឮ​ថា លោក​ កែប ជុតិមា អភិបាល​រាជ​ធានី​ភ្នំពេញនឹង​ចុះ​ចេញពី​តំណែង​នៅ​ឆ្នាំ​នេះ ដើម្បី​ឈរ​ឈ្មោះជា​សមាជិក​សភា​សម្រាប់​ការ​បោះ​ឆ្នោត​​ជាតិ​នៅខែកក្កដា ខាង​មុខ​នេះ​​។

លោក ហ៊ុន សែន បាន​ថ្លែង​កាល​ពី​ខែ​មករា​ថា លោក កែប ជុតិមា ឈាន​ដល់​អាយុ​៦០​ឆ្នាំ ដែល​ជាអាយុត្រូវ​ចូល​និវត្ត​ហើយ​។ នៅ​ពេល​​សួរ​អំពី​ហេតុផល​ ដែល​នៅ​ពី​ក្រោយ​ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក​ កែប​ ជុតិមា លោក ឡុង​ ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា “ រហូត​​
មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​សេចក្ដី​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ណាមួយ​អំពី​ការ​ចុះ​ចេញ​ពី​តំណែង​របស់​លោក​អភិបាល​រាជ​ធានី​ទេ ដូច្នេះ​ខ្ញុំ​មិន​អាច​ពន្យល់​បាន​ទេ​ ទាល់​តែ​ខ្ញុំ​ទទួល​បាន​សេចក្ដី​ជូន​ដំណឹង​ជា​ផ្លូវ​ការ​សិន​”​។

លោក​ អេហ្គាមី ម៉ាសាហ៊ីកូ (Egami Masahiko) តំណាង​ទី​ភ្នាក់​ងារ​ជប៉ុន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បាន​ផ្ដល់​ជំនួយ​ផ្នែកបច្ចេកទេស​ និង​ថវិកា​សម្រាប់​គម្រោង​សាង​សង់​ហេដ្ឋា​រចនាសម្ព័ន្ធ​ជា​ច្រើនចាប់​តាំង​ពី​ឆ្នាំ​១៩៩៣​មក បានថ្លែង​ថា ស្ថាន​ភាព​នេះ​ចេះ​តែ​អាក្រក់​ទៅ​ៗ​ ខណៈ​ដែល​រាជ​ធានី​ភ្នំពេញ​កំពុង​តែ​រីក​ធំ​ឡើង​។

លោក អេហ្គាមី បាន​មាន​ប្រសាសន៍​ថា “ ​គេ​ត្រូវ​ការ​ពេល​វេលា និង​ថវិកា​ ប៉ុន្តែ បញ្ហា​​ទាំងនេះមិន​អាច​រង់ចាំ​យូរបាន​ទេ​ ដោយ​សារ​​តែ​មាន​ស្ថាន​ភាព​​មិន​ល្អ​ខ្លាំង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ដូច​ជា​ បញ្ហា​ស្ទះ​ចរាចរណ៍​ ឬក៏​កង្វះ​អគ្គិសនី​ប្រើប្រាស់​ជា​ដើម​”។

លោក​ សេង ចំរើន​ នាយក​រង​ក្រុមហ៊ុន​សុិន​ទ្រី​ ជា​ក្រុមហ៊ុន​ប្រមូល​សំរាម​ ដែល​ទទួល​​បាន​កិច្ច​សន្យា​ជាមួយ​សាលា​រាជ​ធានី​ភ្នំពេញ​ ដើម្បី​ប្រមូល​សំរាម​ ​មាន​ប្រសាសន៍​ថា អាជ្ញាធរ​រាជ​ធានី​គួរតែ​ធ្វើ​កិច្ច​ការ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ឲ្យ​បាន​ថា​ ប្រជា​ពល​រដ្ឋ​មិនចោល​សំរាម​ផ្ដេសផ្ដាស​ ហើយត្រូវ​អនុវត្ត​តាម​ការ​កំណត់​នៃការ​ប្រមូល​សំរាម​។

លោក​បាន​បន្ថែម​ទៀត​ថា ប្រជា​ពល​រដ្ឋ​ត្រូវការ​ការ​គាំទ្រ​ពី​សំណាក់​សាលា​រាជធានី​បន្ថែម​ទៀត​​ អំពីកម្មវិធី​ធ្វើ​ជី​កំប៉ុស​ និង​កែច្នៃ​សំរាម​ ដើម្បី​ទប់​ទល់​នឹង​សំរាម​​កើន​ឡើង​ នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ។
លោក​ ចំរើន បាន​មាន​ប្រសាសន៍​ថា “ ​​យើង​​មាន​ផែន​ការ​ទាំង​អស់ ដើម្បី​​ដោះ​ស្រាយ​បញ្ហា​នេះ ក៏​ប៉ុន្តែ រដ្ឋាភិបាល​មិនទាន់​គាំ​ទ្រ​វិធាន​ការ​នេះ​ទេ​ ហើយ​វា​មិន​ងាយ​ស្រួល​នោះ​ទេ​ វាជាការ​វិនិយោគ​ក្នុង​ទ្រង់​ទ្រាយធំ”។ លោក​ នេត វន្ថា ប្រធាន​អង្គភាព​ពន្លត់​អគ្គិភ័យ​រាជ​ធានី​ភ្នំេពញ បាន​មាន​ប្រសាសន៍​ថា អង្គភាព​ពន្លត់​អគ្គិភ័យ​រាជ​ធានី​ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ពន្លត់​អគ្គិភ័យ​ ដែល​ចេះ​តែ​កើន​ឡើង​នៅ​ក្នុង​រាជធានី​​ដែរ។

ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៣​រហូត​មក​ដល់​ពេល​នេះ មាន​អគ្គិភ័យ​ចំនួន​៣៧​ករណី​បាន​កើតឡើង​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​បាន​សម្លាប់ជីវិត​មនុស្ស​អស់​ចំនួន​បី​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​ចំនួន​ប្រាំពីរនាក់​រង​របួស​។

លោក វន្ថា បាន​មាន​ប្រសាសន៍​ថា “ ការ​ប្រើ​ប្រាស់​ឧបករណ៍​អគ្គិសនី​ និង​ហ្គាស​សម្រាប់​​ចម្អិន​ម្ហូប​អាហារ​មាន​ការ​កើន​ឡើង​ ហើយ​ទាំង​នេះ​ គឺ​ជា​កត្តា​ដែល​បណ្ដាលឲ្យ​មាន​អគ្គិភ័យ​។ បញ្ហា​ប្រឈម​​មួយ​ចំនួន​ចំពោះ​ការ​ពន្លត់​អគ្គិភ័យ​ គឺ​កង្វះ​ការ​សហការ​រវាង​ប្រជា​ពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ព្រម​ទាំង​​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ ដែល​មិន​ព្រមបើក​ផ្លូវ​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង
និង ហួង កុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស