26 C
Phnom Penh

លោក​ ហ៊ុន សែន គ្រោង​អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំ​ណើ​រ​ទៅ​បំពេញទស្សន​កិច្ចក្នុងប្រ​ទេស​​ចិន នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ជួប​ពិភាក្សាជា​មួយ​មេដឹក​នាំ​ថ្មី​របស់ប្រទេស ដែល​កំពុង​តែ​មាន​ឥទ្ធិ​ពល​ ហើយ​ក្នុង​ដំណើ​រទស្សនកិច្ចនេះ រដ្ឋា​ភិ​បាលកម្ពុជារំពឹង​ថា ​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ និង​ជំនួយ​ប្រ​ហែល២​ពាន់​លាន​ដុល្លារ​។

ជាពិសេសរដ្ឋាភិបាល​សង្ឃឹម​ថា នឹង​ទទួល​បានមូលនិធិ​ពី​រដ្ឋាភិបាល​ចិន​ចំនួន​១,៦៧ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ខេត្ត​កំពត​ ដែលអាច​ជួយធ្វើឲ្យ​ជំហរ​របស់​
ចិន ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រេង​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​ទាន់​បាន​ចម្រាញ់​នៅ​ឡើយ នឹងកាន់តែរឹងមាំ​ថែមទៀត។

ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ កម្ពុជាបាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ម្សិល​មិញ​ថា លោក​ ហ៊ុន សែន អម​ដោយ​គណៈ​ប្រតិភូ​មួយ​ក្រុម​ មាន​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ចម ប្រសិទ្ធ នឹង​ទៅ​បំពេញទស្សនកិច្ច​រយៈពេល​ប្រាំថ្ងៃ​នៅក្នុងប្រទេស​ចិន ​តាមការ​អញ្ជើញ​របស់​លោក​ លី ខឹឈាង (Li Keqiang) ដែលបាន​ឡើងកាន់តំណែងជា​នាយក​រដ្ឋមន្ត្រី​ចិន​ កាល​ពី​ខែ​មីនា ។

យោង​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ​ក្នុងដំណើរ​ទស្សន​កិច្ច​នេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​សម្តែងការគួរសមជាមួយ​លោកហ្សុី ជីនភីង ប្រធានាធិបតី​ថ្មី​របស់​​ចិន​ ព្រម​ទាំង​ជួប​ប្រជុំ​ជាផ្លូវការ​ជាមួយ​លោក លី ខឹឈាង និង​​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទ្វេភាគី​ជាមួយ​នាយក​រដ្ឋមន្ត្រី​​អូស្ត្រាលី លោកស្រី ជូលៀ ហ្គីឡាដ​។

សេចក្តី​ថ្លែង​ការ​ណ៍​នោះ​បាន​ឲ្យ​ដឹងថា“ នៅ​ទ​ី​បញ្ចប់​នៃដំណើរ​ទស្សនកិច្ច​នោះ​ភាគី​ទាំង​ពីរ​ នឹងកំណត់យកឆ្នាំ២០១៣ ជាខួប​លើក​ទី​៥៥នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជានិង​ចិន​ ហើយនិងជាឆ្នាំ​មិត្ត​ភាព​កម្ពុជា-​ចិន​​ និង​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ទៀត​”។

សេចក្តី​ថ្លែង​ការ​ណ៍​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា នឹង​មាន​កិច្ច​ព្រម​ព្រៀង​ចំនួន​ប្រាំបី​រួម​ទាំង​អនុ​ស្សរណៈនៃការ​យោគយល់​គ្នា​រវាង​ធនាគារ​​ជាតិ​កម្ពុជា​ និង​គណៈកម្មាធិការ​បញ្ញត្តិ​
កម្ម​ធនា​គារ​ចិន​ និង​កិច្ច​ព្រម​ព្រៀង ស្តីពីកិច្ច​សហ​ប្រតិ​បត្តិការ​សេដ្ឋកិច្ច​ ​បច្ចេកទេស​ ដែល​
​មាន​តម្លៃ​៤៨,៣៦លានដុល្លារ​ និងកិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ ស្តីពីការផ្ដ​ល់ឥណទានសម្ប​ទាន​ដោយ​ភាគីចិន រវាងរដ្ឋា​ភិបាល​ក​ម្ពុជា និង​រដ្ឋាភិបាលចិន ក្នុងទឹក​ប្រាក់​ជាង​៧៣លាន​ដុល្លារថែម​ទៀត​សម្រាប់​គម្រោង​ធារា​សាស្ត្រ​នៅ​ក្នុង​ខេត្ត​កំពង់​ធំ និង​គម្រោង​ស្ពាន​មួយ​នៅ​ក្នុង​ខេត្ត​កណ្តាល​។

យោង​តាម​សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​រំពឹង​ថា នឹង​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគ​យល់​គ្នា​​ ស្តីពី​គម្រោង​ចម្រាញ់ប្រេង​ ចំនួន​៥លាន​តោន​ក្នុងមួយ​​ឆ្នាំ​ ក្នុង​ទឹក​ប្រាក់​១,៦៧ពាន់​លាន​ដុល្លារ​រវាង​ធនាគារ​​អភិវឌ្ឍន៍​ចិន​ ​សារជីវកម្ម​ធានារ៉ាប់​រង​ឥណទាន​ចិន​ និងនីហរ័ណចិន និងសាជីវកម្ម ឧស្សាហ​កម្ម គ្រឿងយន្តចិន ដែលក្រុមហ៊ុន​ទាំង​ពីរនេះ​​ជា​ក្រុម​ហ៊ុន​របស់​រដ្ឋ​ចិន​ ។

ធនាគារ​អភិវឌ្ឍន៍​ចិន​ គឺ​ជា​ធនាគារ​មួយ​ដ៏​ល្បី​ផ្នែក​គោលនយោ​បាយ​ធនាគារ​របស់​ចិន​មាន​ន័យ​ថា ធនាគារនេះ​បាន​ផ្តល់​ប្រាក់​កម្ចី ដើម្បី​គាំទ្រ​គោល​នយោ​បាយ​ការ​បរទេស​របស់​រដ្ឋា​ភិ​បាល​ចិន​​។ កន្លងមក​ធនាគារ​នេះ​បាន​ផ្តល់មូលនិធិសម្រាប់​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

កាលពី​ខែ​ធ្នូ​ សាជីវកម្ម ឧស្សាហកម្ម គ្រឿង​យន្តចិន​ដែល​មាន​ភាគហ៊ុន​រដ្ឋ​ក្នុង​ផ្នែក​ឧស្សា​ហ​កម្ម​ដ៏​ធំ​ក្នុង​ក្រុម​ហ៊ុន ស៊ីណូម៉ាច (Sinomach) និង​ក្រុម​ហ៊ុន​ប្រេង​កាត​កម្ពុជា ដែល​ក្រុម​ហ៊ុន​នេះ​គ្រប់​គ្រង​ដោយ​លោកឧកញ៉ា គង់ ទ្រីវ ជា​ប្រធាន​រោង​ចក្រ​បារី​​យ៉ាង​ធំ​​ក្នុង​ប្រទេស​កម្ពុជាបាន​ព្រម​ព្រៀង​គ្នា​ថា នឹង​ចាប់​ផ្តើម​សាង​សង់​រោង​ចក្រ​ចម្រាញ់​ប្រេង​ក្នុង​ឆ្នាំនេះ។

​ពិធី​ចុះ​ហត្ថលេខា​នេះ ធ្វើឡើងក្រោម​អធិបតី​ភាព​របស់​លោក​ឧប​នាយករដ្ឋ​មន្ត្រី​ សុខ អាន ដែលជា​ប្រធាន​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជាផងដែរ។ នា​ពេល​នោះ​មន្ត្រី​មួយ​រូប​មក​ពី​សាជីវ​កម្ម ឧស្សាហកម្ម គ្រឿងយន្តចិន បាន​មាន​​ប្រសាសន៍​ថា ​​​គម្រោង​សាងសង់​រោង​ចក្រ​ចម្រាញ់​ប្រេង​នេះ​ស្ថិតនៅ​លើ​ផ្ទៃដី​ទំហំ​ប្រាំបី​​ហិកតា​ ជិត​ព្រំប្រទល់​រវាង​ខេត្ត​កំពត​ និង​ខេត្ត​​ព្រះ​សីហនុ ដែល​អាច​ចម្រាញ់​ប្រេង​ ដែល​បូមពី​ដែនសមុទ្រ​កម្ពុជា​។ រោង​ចក្រ​ចម្រាញ់​ប្រេង​នេះ​​រំពឹង​ថា នឹងត្រូវសាង​សង់​រួច​ក្នុង​រយៈពេល​៤ឆ្នាំ​ និង​ត្រូវចំណាយ​អស់​ថវិកា​២,៣ពាន់​លាន​ដុល្លារ​ ទោះ​បី​ជា​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការបរទេស​ កាល​ពី​ម្សិល​​មិញ បាន​ដាក់​តម្លៃ​១,៦៧ពាន់​លាន​ក៏ដោយ​។

​ក្រុម​ហ៊ុន​ចិន​ពីរ​ គឺ​ក្រុមហ៊ុន​សាជីវ​កម្ម​រុក​រក​ប្រេង​ និង​ក្រុមហ៊ុន China Petrotech Holdings Limited ត្រូវ​បាន​ផ្តល់​សិទ្ធិ​រុករក​ប្រេង​នៅ​ក្នុង​ប្លុក​ក្នុង​​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែង​រក​ប្រេង​ និង​ឧស្ម័ន​។ ក្រុមហ៊ុន​ទាំងពីរ​នេះ​មិន​ទាន់​បាន​ប្រកាស​ថា ខ្លួន​អាច​រក​ឃើញ​ប្រេង​និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​កម្ពុជា​នៅ​ឡើយ​ទេ។

លោក ម៉ម សម្បត្តិ ប្រធាន​អង្គការ​សម្ពន្ធ​កម្ពុជា​ដើម្បី​តម្លាភាព​ប្រាក់​ចំណូល​ធន​ធាន​ ​មាន​ប្រសាសន៍​ថា  ដោយ​មាន​ជំនួយ​ពី​ចិន រដ្ឋាភិបាល​​ទំនង​ជា​​កំពុង​ត្រៀម​លក្ខណៈ​សម្រាប់​ឧស្សាហកម្ម​ប្រេង​នៅ​កម្ពុជា​ មុន​របប​ពន្ធ​ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ធានា​ថា ប្រជាពល​រដ្ឋ​​កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ពី​ជំនួញ​នេះ​។

លោក​មាន​ប្រសាសន៍​ថា “ សេចក្តី​ព្រាង​​ច្បាប់​កំពុង​តែ​តាក់​តែង​នៅ​ឡើយ​។ ដើម្បី​គ្រប់​គ្រង​វិស័យ​ប្រេង​ឲ្យ​មាន​ប្រសិទ្ធភាព​ ​ត្រូវ​តែ​មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​សាធារណ​ជន​ និង​សង្គម​ស៊ីវិល​”។

ក្រុម​ហ៊ុន​ Chevron ជា​ក្រុម​ហ៊ុន​របស់​សហ​រដ្ឋអាមេរិក​ ដែល​បាន​រុក​រក​ប្រេង​និង​ឧស្ម័ន​មុន​គេ​នៅ​​ក្នុង​​សមុទ្រ​កម្ពុជា​នោះ ​បាន​ប្រកាស​​ថា ខ្លួន​អាច​ចាប់​ផ្តើម​បូម​យក​ប្រេង​នៅ​មុន​បំណាច់​ឆ្នាំ​២០១២។ ប៉ុន្តែ កិច្ច​ពិភាក្សា​​នានា​​ទំនង​ជា​ជាប់​គាំង​ដោយ​សារ​ខ្លួន​​មិន​ទាន់​ច្បាស់​ថា ​តើ​រដ្ឋាភិបាល​ទទួល​បាន​ប្រាក់​ពន្ធ​​ចំនួន​ប៉ុន្មាន​ពី​ផលិត​កម្ម​​ប្រេង​នេះ។

លោក សម្បត្តិ មាន​ប្រសាសន៍​​បន្ត​ថា ​វា​ហាក់​ដូច​ជា​​ប្រទេស​ចិន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​វិស័យ​​ប្រេង​។​នេះ​គឺ​ដោយ​សារ​ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ចិន​ និង​រដ្ឋាភិបាល​កម្ពុជា​”។

ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រភព​ប្រាក់​កម្ចី​ដ៏​ធំ​ ដែល​បាន​បោះ​ទុន​​វិនិយោគ​ និង​ផ្តល់​ជំនួយផ្នែក​យោធា​ដល់​​​កម្ពុជា​ក្នុង​រយៈ​ពេលប៉ុន្មានឆ្នាំ​ថ្មីៗនេះ ប៉ុន្តែអត្រា​​ការប្រាក់​ពី​ប្រាក់​កម្ចី​របស់​ក្រុង​ប៉េកាំង​ខ្ពស់​ជាង​ពី​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​និង​ធនាគារ​អភិវឌ្ឍន៍​នានា​។

ប្រទេស​កម្ពុជា​ ជាពិសេស​ទំនាក់​ទំនង​ជាមួយ​អាស៊ាន ​ត្រូវ​ទទួល​រង​ការ​ចោទ​ប្រកាន់
​ថា ធ្វើ​តាម​បំណង​របស់​ប្រទេស​ចិន និង​ដឹក​នាំ​កិច្ច​ប្រជុំ​​ការ​ទូត​ក្នុង​តំបន់​ដើម្បី​ផល​ចំណេញ​
ខាង​ការ​ទូត​របស់​ប្រទេស​ចិន​។ អំឡុង​ពេល​ធ្វើ​​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ រដ្ឋាភិបាល​ក៏​រំពឹង​ផង​ដែរ​ថា នឹង​មានការ​​ពិភាក្សា​​ជាមួយ​រដ្ឋាភិបាល​ចិន​អំពី​សាលា​វិជ្ជា​ជីវៈ​កសិកម្ម​នៅ​ក្នុង​ខេត្ត​ក្រចេះ ​និងស្តី​ពី​​​​ “ ការ​​
អនុវត្ត​កិច្ច​សហ​ប្រតិបត្តិការ​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កម្ពុជា-ចិន” ។

កិច្ច​ព្រម​ព្រៀង​ធំ​បំផុតដែល​រំពឹង​ថា​នឹង​ទទួ​ល​បាន​ បន្ទាប់​ពី​​​រោង​ចក្រ​ចម្រាញ់​ប្រេង ​​គឺ​ប្រាក់​កម្ចី​សម្បទាន​ចំនួន​៥៣,១៥​លាន​ដុល្លារ​ សម្រាប់​គម្រោង​ធនធាន​ទឹក​នៅ​ក្នុង​អាង​ស្ទឹង​ស្ទោង​ក្នុង​​ខេត្ត​កំពង់​ធំ​។
លោក​ ព្រឹម រដ្ឋា អភិបាល​ស្រុក​ស្ទោង​មាន​​ប្រសាសន៍​កាលពី​ម្សិល​មិញថា គម្រោង​ប្រព័ន្ធ​
ធារាសាស្ត្រ​អាច​មាន​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចំនួន​ប្រាំបី​ ដែល​មាន​ប្រជា
ពលរដ្ឋ​រស់​នៅ​ប្រហែល​២៥,០០០​គ្រួសារ​។ លោក​មាន​ប្រសាសន៍​បន្ត​ថា “ ពួកគេ​ចង់​សាងសង់​ទ្វា​រទឹក​មួយ​ ដើម្បី​​ទប់​ទឹក​ទុក​សម្រាប់​​ឲ្យ​ប្រជា​ពល​រ​ដ្ឋ​ធ្វើ​ស្រែប្រាំង​​”៕

ប្រែ​សម្រួល​ដោយ​ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស