28 C
Phnom Penh

កុមារ​អាយុ​៦​ឆ្នាំ​ គឺ​ជា​អ្នក​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ទី​១០ នៅ​ប្រទេស​កម្ពុជា​ ​​ឆ្នាំ​២០១៣​នេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកវេជ្ជ​បណ្ឌិត​ ឌឺនី ឡូរ៉ង់ (Denis​ Laurent)​​ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ​បាន​មាន​ប្រ​សាសន៍​​កាល​ពី​ម្សិល​មិញ​ថា កេ្មង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​មក​ពី​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត បាន​ក្លាយ​ជា​​​មនុស្ស​​ទី១០​ ដែល​បា​ន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សីក្នុង​ឆ្នាំ​នេះ និងកំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​ កាល​ពី​យប់មិញ។

លោក​វេជ្ជបណ្ឌិត ឡូរ៉ង់​ មាន​ប្រសាសន៍កាល​ពី​ល្ងាច​ម្សិល​មិញ​ថា “ [ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​នេះ]​ នៅ​មាន​ជី​វិត​នៅ​ឡើយ​ទេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ប៉ុន្ដែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​”។ លោក​បាន​បន្ថែម​ថា ក្មេង​ប្រុស​នេះ​មាន​បញ្ហា​​ផ្លូវ​ដង្ហើម​ធ្ងន់​ ប៉ុន្ដែ​ កំពុង​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​តាមីភ្លូ​ គឺ​មាន​តែ​​​ថ្នាំ​​នេះ​មួយ​មុខ​គត់​សម្រាប់​ព្យាបាល​​មេរោគ​អេច​ហ្វាយ​អេនវ័ន (H5N1)។

លោក​វេជ្ជបណ្ឌិត ឡូរ៉ង់ ​មាន​ប្រសាសន៍​ថា“ យើង​ត្រូវ​រង់​ចាំ​មើល​ថា តើ​​​ស្ថាន​ភាព​​ជំងឺ​របស់​ក្មេង​នេះ​ធូរ​ស្រាល​ ឬអត់​”។ ​នៅ​ក្នុង​​ឆ្នាំ​២០១៣​នេះ មាន​មនុស្ស​ប្រាំបី​នាក់​ហើយ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ដែល​ឆ្លង​ពី​បក្សី​ និង​មាន​រោគ​សញ្ញា​​ស្រដៀង​គ្នា​​នឹង​​​ជំងឺ​គ្រុន​​ផ្តាសាយ​ធម្ម​តា​ដែរ​។ ទារក​អាយុ​៨​ខែ​ម្នាក់​​ មក​ពី​សង្កាត់​​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​គឺ​ជា​​អ្នក​ឆ្លង​ជំងឺគ្រុន​ផ្តាសាយ​បក្សី​ទី​១ដែល​បាន​​រួច​ផុត​ពី​ការ​ស្លាប់​នៅ​ឆ្នាំ​នេះ។

ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​នេះ​ចេញ​រោគ​សញ្ញា​​គ្រុន​ផ្ដាសាយ​បក្សី​​លើក​ដំបូង​​ប្រហែល​ជា​នៅ​ថ្ងៃ​​​ទី​២០ ខែ​មីនា ប៉ុន្ដែ​​ទើប​តែ​​​ចូល​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​​នៅ​​ចុង​សប្ដាហ៍​​នេះ និង​ត្រូវ​បាន​​បញ្ជូន​មក​មន្ទីរពេទ្យ​គន្ធបុប្ផា​ កាលពី​ថ្ងៃ​អាទិត្យ។ កាល​ពី​ថ្ងៃ​អង្គារ​ វិទ្យាស្ថាន​​ប៉ាស្ទ័រ​កម្ពុជា​ ​បញ្ជាក់​ថា ក្មេង​នេះ​មាន​មេរោគ​​
គ្រុន​ផ្ដាសាយ​បក្សី​។

ទោះ​បី​ជា​ក្មេង​ប្រុស​នេះ កំពុង​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្មាំ​​តាមីភ្លូ​ក៏ដោយ ក៏​អ្នក​ជំនាញនិយាយ​ថា ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ ប្រសិន​​គេ​ប្រើ​ថ្នាំ​នេះ​ក្នុង​រង្វង់​​ពីរ​ថ្ងៃ​នៃ​​​ការ​ចេញ​រោគ​សញ្ញា​ដំបូង​។
លោក ហេង ចន្ថា ប្រធាន​ក្រុម​ការ​ងារ​ឆ្លើយ​តប​រហ័ស​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា ក្មេង​ប្រុស​នោះ​មិន​បានប៉ះពាល់​បក្សី​​ទេ​។
លោក​ ចន្ថា ​មាន​ប្រសាសន៍​ថា “ ​[គ្រួសារ​នេះ] មិន​បាន​សង្ស័យ​ថា ឆ្លង​​មេរោគ​​អេច​ហ្វាយ​អេន​វ័ន​ទេ ព្រោះ​ថា ​ផ្ទះ​នេះ​គ្មាន​មាន់​ទា​ឡើយ​ ហើយ​ក៏​​គ្មាន​នរណា​​ប៉ះពាល់​ ឬ​បរិភោគ​មាន់​ទា​ដែរ​”។
សំណាក​ឈាម​​សរុប​ចំនួន​១៥​​ ដែល​​បាន​យក​ពី​សាច់​ញាតិ​របស់​ក្មេង​ប្រុស​នេះ ព្រម​ទាំង​ពី​បុគ្គលិក​មន្ទីរ​ពេទ្យ​ខេត្ត​ផង​នោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​វិទ្យាស្ថាន​ប៉ាស្ទ័រកាលពី​ម្សិលមិញ ដើម្បី​ធ្វើ​តេស្ដ​ក្រែង​​មេរោគ​នេះ​ ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​។

ក្នុង​ឆ្នាំ​នេះ ជំងឺ​ផ្ដាសាយ​បក្សី​បាន​ផ្ទុះ​ឡើង​​ខ្លាំង​ជាង​គេ​បំផុត​ចាប់​តាំង​ពី​​​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ជា​​លើក​ទី​​ដំបូង​ នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​២០០៥​។​ ចន្លោះ​​ថ្ងៃ​ទី​២៨ ខែ​មករា ដល់​​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ក្មេង​ប្រុស​បី​នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រុក​ទឹកឈូ​ និង​ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត​ ស្ថិត​នៅ​ចម្ងាយ​ប្រហែល​
​៥០គីឡូម៉ែត្រ​ពី​ក្រុង​កំពត​ ដែល​ជា​ស្រុក​កំណើត​របស់​ជន​រង​គ្រោះ​ចុង​ក្រោយ​​នេះ​។

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ បុរស​​អាយុ​៣​៥​ឆ្នាំ​​ម្នាក់​មក​ពី​ខេត្ត​កំពង់​ចាម​ ក៏​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ក្នុង​ពេល​ថ្មី​ៗ​នេះ។ លោក សូនី គ្រីសនែន (Sonny Krishnan) មន្ត្រី​ទំនាក់​ទំនង​ប្រចាំ​អង្គការ​សុខភាព​ពិភព​លោក​ បាន​មាន​ប្រសាសន៍​ថា ពុំ​មាន​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ករណី​ទី​៩ ដែល​បាន​កើត​ឡើង​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ​នោះ​ទេ។

លោកបាន​មាន​ប្រសាសន៍​​​បន្ថែម​ថា “ ពុំ​មាន​​សញ្ញា​ណា​មួយ​បង្ហាញ​ពី​​​ការ​ឆ្លង​រាល​ដាល​​នោះ​ទេ​ ដូច្នេះ​​ករណី​​ឆ្លង​ទាំង​នេះ​មិន​ជាប់​ទាក់​ទង​គ្នា​ទេ​ គឺ​មាន​តែ​ការ​ឆ្លង​ពី​បក្សី​”។ លោក​​បន្ថែម​ថា លោក​គិត​ថា មេរោគនេះ​មិន​អាច​​ឆ្លង​​រាល​ដាល​ដូច​ជំងឺ​គ្រុន​ផ្តាសាយ​ធម្មតា​នោះ​ទេ​។

មក​ដល់​ពេល​នេះ​ ​កម្ពុជា​គឺ​​ជា​ប្រទេស​ ដែល​រង​ផល​ប៉ះ​ពាល់​​ធ្ងន់​​​ជាង​គេ​បំផុត​​លើ​សកល​លោកដោយ​សារ​ជំងឺ​នេះ ក្នុង​ឆ្នាំ​នេះ ទោះ​បី​ជា​អាជ្ញាធរ​ចិន​​រាយការណ៍​ថា មាន​ករណី​បែប​នេះ​ច្រើន​នៅ​​ប្រទេស​របស់​ខ្លួន​​​​ក្នុង​រយៈ​ពេល​​មួយ​សប្ដាហ៍​​មក​​នេះ​ក៏ដោយ​៕

ប្រែសម្រួល​ដោយ ហម សុផាណ្ណា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស