34 C
Phnom Penh

អ្នក​សង្កេត​ការ​​ណ៍​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​បិទ​​បញ្ជី​ឈ្មោះ​​​អ្នក​បោះ​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​បាន​អំពាវ​នាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត​បិទ​​​ផ្សាយ​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​សម្រាប់​ការ​​​បោះ​ឆ្នោត​ជាតិ​​​ក្នុង​ឆ្នាំ​នេះ​នៅ​ទូ​ទាំង​ប្រទេស​​ដើម្បី​ឲ្យ​ប្រ​ជា​ពលរដ្ឋ​​ជា​ច្រើន​ដែល​​ប្រ​ឈម​នឹង​ការ​​​​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​​របស់​ខ្លួន​ដោយ​សារ​កំហុស​​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​​នោះ ​​អាច​ពិនិត្យ​មើល​ឈ្មោះ​របស់​​ខ្លួន​បាន​។

កាល​ពី​ថ្ងៃ​ច័ន្ទ គណៈ​​កម្មា​​ធិ​ការ​សម្រាប់​​​ការ​បោះ​ឆ្នោត​ដោយ​សេរី​​​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្រែល បាន​ចេញ​របាយ​ការណ៍​មួយ​​ដែល​​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​ប្រហែល​១,២៥លាន​នាក់​អាច​បាត់​បង់​សិទ្ធិ​​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដោយ​សារ​មាន​កំហុស​ជាច្រើន​​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​។

នៅ​​​​ក្នុង​កិច្ច​ពិភាក្សា​កាលពី​ម្សិលមិញ រវាង​​មន្ត្រី​តំណាង​គណបក្ស​ប្រឆាំង​ និង​អ្នក​សង្កេត​ការណ៍​​​ការ​បោះ​ឆ្នោត​​ ​ពួក​គាត់​បាន​ពិភាក្សា​អំពី​លទ្ធផល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ ខុមហ្វ្រែល ដែល​​​បាន​រក​ឃើញ​ថា ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​អំឡុង​ពេល​ចុះ​ឈ្មោះ និង ដំណើរការ​​ពិនិត្យ​ បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​ ​ធ្វើ​ឲ្យ​​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​​​ប្រហែល​១៣,៥​ភាគរយ​​បាត់​​ឈ្មោះ​​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​​។

លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ ខុមហ្វ្រែល ​បាន​មាន​ប្រសាសន៍​ថា “ ឃុំ​-សង្កាត់​មួយ​ចំនួន​​​បាន​បិទ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ប៉ុន្តែ ឃុំ-សង្កាត់​ខ្លះ​ទៀត​មិន​បាន​បិទ​ទេ​។ គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​គួរតែ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​ដល់​អ្នក​ភូមិ​ ដើម្បី​​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​​ឈ្មោះ​របស់​ខ្លួន​”។

លោក ហង្ស ពុទ្ធា នាយក​គណៈ​កម្មា​ធិ​ការ​​អព្យាក្រឹត​ និង​មិន​លម្អៀង​សម្រាប់​ការ​បោះ​ឆ្នោត​​ដោយ​សេរី​នៅ​កម្ពុជា​ (និចហ្វិក) បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឯកភាព​​តាម​​ការ​​លើក​ឡើង​របស់​លោក​ គល់ បញ្ញា​ ។

លោក​បាន​មាន​ប្រសាសន៍​​ថា “ ប្រសិន​បើ​ពួកគេ​បាន​បិទ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​នៅ​​​ទូទាំង​ប្រទេស​នោះ​ ប្រជា​ពលរដ្ឋ​អាច​​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា ​ប្រសិន​បើ​ពួកគេ​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​​នោះ​។ការ​ធ្វើ​ដូច្នេះ​វា​អាច​ជួយ​​ធ្វើ​ឲ្យ​មាន​អ្នក​ទៅ​បោះ​ឆ្នោត​ច្រើន​​នៅ​ថ្ងៃ​បោះ​ឆ្នោត​​”។

លោក រ៉ូបឺត​ ភែធើសុន​ (Robert Patterson )នាយក​ប្រចាំ​ប្រទេស​នៃ​​សហ​ព័ន្ធ​បោះ​ឆ្នោត​​អន្តរជាតិ​ បាន​​​ស្នើ​ឲ្យ​​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​​​ធ្វើ​សន្លឹក​ឆ្នោត​បណ្តោះ​​អាសន្ន​ដើម្បី​ឲ្យ​ប្រ​ជា​ពលរដ្ឋ​​ ដែល​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​​ ​​អាច​មាន​ឱកាស​​បោះ​ឆ្នោត​បាន​។

លោក​មាន​ប្រសាសន៍​​ថា “ វា​មាន​ន័យ​ថា មនុស្ស​​ដែល​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​​ អាច​ទៅ​​បោះ​ឆ្នោត​​បាន​”។​ ប្រជា​ពលរដ្ឋ​ដែល​មិន​​មាន​ឈ្មោះ​នោះ​អាច​បោះ​ឆ្នោត​​​ដោយ​ដាក់​សន្លឹក​ឆ្នោត​របស់​ខ្លួន​ក្នុង​​ស្រោម​សំបុត្រ​បិទ​ជិត​​ ហើយ​កត់​ត្រា​ព័ត៌មាន​លម្អិត​របស់​គាត់​។ ប្រសិន​បើ​ក្រោយ​មក​មាន​ការ​​រក​ឃើញ​ថា ឈ្មោះ​របស់​គាត់​ត្រូវ​បាន​គេ​លុប​ចេញ​​ពី​​បញ្ជី​​ឈ្មោះ​​បោះ​ឆ្នោត​​ដោយ​មិន​ត្រឹម​ត្រូវ​មែន​​នោះ​ សន្លឹក​ឆ្នោត​នៅ​ក្នុង​ស្រោម​សំបុត្រ​របស់​គាត់​អាច​ត្រូវ​បាន​បើក​ និង​បោះ​ឆ្នោត​ជា​ផ្លូវ​ការបាន​។

លោក​ថ្លែង​បន្តថា “ ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​គេ​ត្រូវ​ត្រួត​ពិនិត្យ​សន្លឹក​ឆ្នោត​ទាំង​នោះ​”។ ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការ​​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដែល​មិន​មាន​វត្តមាន​នៅ​ពេល​ពិភាក្សា​នេះ បាន​ច្រាន​ចោល​ភ្លាមៗ​ចំពោះ​ការ​លើក​ឡើង​​បែប​នេះ​ ហើយ​​បាន​មាន​ប្រសាសន៍​ថា​ “ មិន
​អាច​បង្កើត​​​សន្លឹក​ឆ្នោត​ពីរ​ដាច់​ពី​គ្នា​​ ឬ​មាន​សន្លឹក​ឆ្នោត​ពិសេស​បាន​ឡើយ​ ពីព្រោះ​មិន​មាន​ច្បាប់​ណាមួយចែង​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ធ្វើ​ដូច្នេះ​​ទេ​​។​យើង​​មិន​អាច​ទទួល​យក​អនុសាសន៍​ទាំង​អស់​នោះ​បាន​ទេ​។​វា​អាច​បង្ក​ជា​ឧបសគ្គ​ក្នុង​ការ​​បោះ​ឆ្នោត​”៕

(រាយការណ៍​បន្ថែម​ដោយ អ៊ាង ម៉េង​ឡេង)​
ប្រែស​ម្រួលដោយ ឃិន ណៃ  ​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស