កាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា បានច្រានចោលសេចក្ដីព្រាងច្បាប់ ដែលស្នើឡើងដោយគណបក្សសង្គ្រោះជាតិ ដោយអំពាវនាវឲ្យដំឡើងប្រាក់ខែគោលអប្បបរមាចំនួន១៥០ដុល្លារក្នុងមួយខែ សម្រាប់កម្មកររោងចក្រកាត់ដេរ និង២៥០ដុល្លារសម្រាប់មន្ត្រីរាជការ។
យោងតាមលោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំកិច្ចប្រជុុំនេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានច្រានចោលអំឡុងកិច្ចប្រជុំមួយជាសម្ងាត់មានរយៈពេលបីម៉ោង។
លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីករណីនេះទេ ហើយបានបង្វែរសំណួរទាំងអស់ទៅលោក ស្មាន ទៀត ជាអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារនិងសវនកម្ម ។
លោក ស្មាន ទៀត បានមានប្រសាសន៍ថា ច្បាប់នេះ មិនត្រឹមត្រូវទេ ដោយសាររដ្ឋាភិបាលជឿថា ប្រាក់ខែគោលអប្បបរមា គួរតែតម្រូវទៅតាមទីផ្សារសេរី។ លោកបន្តថា “ គណៈកម្មាធិការរបស់រដ្ឋសភាបានច្រានចោលនូវសេចក្តីស្នើច្បាប់នេះ ពីព្រោះវាមានលក្ខណៈមិនសមស្របចំពោះស្ថានភាពជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជាទេ ដែលប្រទេសនេះមានទីផ្សារសេរី។
សេចក្តីព្រាងច្បាប់ដែលបានស្នើឡើងនោះបានទាមទារឲ្យមានការដំឡើងប្រាក់ខែគោលជាអប្បបរមា ដែលបានតម្លើងដល់៧៥ដុល្លារក្នុងមួយខែកាលពីខែឧសភា នោះអាចបានមកពីការយកពន្ធលើដីសម្បទានសេដ្ឋកិច្ច និងកាសុីណូ ។
កាលពីថ្ងៃទី១២ខែកុម្ភៈ លោក សម រង្សុី មេដឹកនាំគណបក្សប្រឆាំង បានមានប្រសាសន៍ប្រាប់មន្ត្រីរាជការតាមរយៈលិខិតចំហមួយថា ប្រាក់បៀវត្សរ៍ របស់មន្ត្រីរាជការមានចំនួនតិចណាស់ ហើយលិខិតនោះបានភ្ជាប់រូបថតមួយ សន្លឹកដែលបង្ហាញពីមន្ត្រីនគរបាលរាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅ
ភូមិគ្រឹះដ៏ស្កឹមស្កៃរបស់លោកស្រី ជឿង សុភាព ជាអ្នកជំនួញដ៏ល្បីអំឡុងពេលបុណ្យចូលឆ្នាំចិន ដើម្បីទទួលអាំងប៉ាវ។
លោក សុន ឆ័យ សមាជិកសភាមកពីគណបក្ស សម រង្សុី ដែលគណបក្សនេះបានច្របាច់បញ្ចូលគ្នាជាមួយនឹងគណបក្សសិទិ្ធមនុស្ស កាលពី ឆ្នាំមុន ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិនោះ បានមានប្រសាសន៍ ថាការច្រានចោលសេចក្ដីព្រាងច្បាប់របស់គណៈកម្មាធិការនេះ គឺ គ្មានមូលដ្ឋាន ទេ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ លោក ជាម យៀប បានមានប្រសាសន៍ថា សេចក្តីស្នើច្បាប់នេះ គឺមិនសមស្របតាមទីផ្សារសេរីទេ។ទី២រដ្ឋាភិបាល បានដំឡើងប្រាក់បៀវត្សរ៍ចាប់ពីឆ្នាំ១៩៩៨មកម៉្លេះ ប៉ុន្តែ រដ្ឋាភិបាលមិនអាចចំណាយឲ្យលើសពីចំនួន៤០ភាគរយនៃថវិកាជាតិសម្រាប់ប្រាក់បៀរវត្សរ៍នោះបានទេ។ទី៣ រដ្ឋាភិបាល ក៏បានសម្រេចដើម្បីដំឡើងប្រាក់បៀវត្សរ៍ ២០ភាគរយ ជារៀងរាល់ឆ្នាំរួចហើយ និងទី៤ការដំឡើងប្រាក់បៀវត្សរ៍ អាចធ្វើទៅបានលុះត្រាតែមានកំណើនសេដ្ឋកិច្ច”។
លោកបានមានប្រសាសន៍បន្ថែមថា “ ការច្រានចោលនូវសេចក្តីស្នើច្បាប់របស់យើង គឺជាការរើសអើង ពីព្រោះគណបក្សកំពុងកាន់អំណាច បានចោទប្រកាន់យើងថាមានបំណងកេងចំណេញផ្នែកនយោបាយ ដែលយើងមិនអាចទទួលយកបានឡើយ”។
កាលពីខែមុន បន្ទាប់ពីការចរចាជាច្រើនសប្ដាហ៍រួចមក ក្រុមសហជីពកម្មករកាត់ដេរ បានសម្រេចទទួលយកទាំងចិត្តស្ទាក់ស្ទើរចំពោះប្រាក់ឈ្នួលអប្បបរមាថ្មីមួយ ចំនួន៧៥ដុល្លារនិងប្រាក់បន្ថែមសម្រាប់សុខភាព៥ដុល្លារពីរដ្ឋាភិបាល។ ក្រុមសហជីពកម្មករកាត់ដេរបានអំពាវនាវសុំដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានចំនួន១២០ដុល្លារក្នុងមួយខែ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ