34 C
Phnom Penh

ការបន្តខ្វះទឹកស្អាត​សម្រាប់​ប្រើប្រាស់នៅក្នុងក្រុង​ព្រះសីហនុ ធ្វើ​ឲ្យ​តម្លៃទឹក​កើន​ឡើង​​ជាង​ទ្វេ​ដង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេលក្រុងព្រះសីហនុ​បន្តខ្វះទឹក​ស្អាត សម្រាប់ប្រើ​ប្រាស់ ​តម្លៃទឹក​ដែល​ផ្គត់ផ្គង់ ដោយក្រុម​ហ៊ុន​ឯកជនបាន​ឡើង​ខ្ពស់កប់ ពពក ដោយ​បាន​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​នានា​កាន់​តែ​អស់​សង្ឃឹម​ក្នុង​ការ​ទទួលបាន​ទឹកស្អាត​សម្រាប់​ប្រើ​នៅតាម​ផ្ទះ សណ្ឋាគារ​ និងតាម ភោជនី យដ្ឋាន របស់ ខ្លួន។

យោងតាម​ម្ចាស់អាជីវកម្ម និង​នគរបាល​មូល​ដ្ឋាន​បាន​ឲ្យដឹងថា ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍ចុង​ក្រោយ​នេះ ដោយ​សារ​តែ​អាង​ស្តុកទឹក ​ដែលសម្រាប់​ផ្គត់​ផ្គង់​ការប្រើ ប្រាស់ ក្នុងក្រុង​បាន​រីងហួត​អស់ ធ្វើឲ្យ​តម្លៃទឹក​ស្អាត​មួយធុង​ចំណុះ​២.០០០​លីត្រ ដែល​បូមពី​កន្លែង​ស្តុកទឹក​អូរ២ ក្រុង​ព្រះសីហនុ បាន​កើ​ន
ឡើង​ជាង​ទ្វេដង គឺ​ឡើង​ពី​ប្រហែល​២០ ដុល្លារ​ទៅ​ជាង​៥០ដុល្លារ ក្នុងមួយធុង​។យោងតាម​មន្ត្រី​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា អ្នករស់នៅ​ក្នុង​ក្រុង​ប្រហែល​៦០ភាគ​រយ​មាន​ទឹកម៉ាស៊ីនប្រើប្រាស់តិចតួច​ ឬគ្មាន សោះតែម្តង។

លោក ម៉ាន់ ទូ ប្រធាន​នគរបាល​ទេសចរ ខេត្ត​បាន​មាន​ប្រសាសន៍​ថា “ តម្លៃ​ទឹកកើន​ឡើង​រាល់ថ្ងៃ ដោយ​សារ​តែ​តម្រូវ​ការ​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រុង”។ លោក​បាន​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​សារ​វិបត្តិទឹកប្រើ​ប្រាស់​នេះ មិនត្រឹម​តែ​ម្ចាស​់អាជីវកម្ម​ ប៉ុណ្ណោះទេ ប៉ុន្តែ​សម្រាប់មន្ត្រី​រាជ​ការ​ និង​ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ព្រះ​សីហនុ ដែល​មិន​អាច​លៃលក​ជីក​អណ្តូង​ផ្ទាល់ខ្លួន​បាន​ក៏ជួប​បញ្ហា​ដូចគ្នានេះដែរ។

ប៉ុន្តែ​ម្ចាស់អាជីវកម្ម​មួយ​ចំនួន​មាន​ការ​ពិបាក​រក​ប្រាក់​ចំណូលយ៉ាងខ្លាំង។ លោក បប់ ពិពិនិច (Bob Pipinich) ម្ចាស់​រមណីយដ្ឋានអាក្ខា (Aqua Resort) ក្នុង​សង្កាត់​លេខ៤ ក្នុង​ក្រុង​ព្រះ​សីហនុ បាន​លើ​កឡើង​ថាអណ្តូង​ទឹក​ដែល​លោក​ធ្លាប់​ប្រើ​ពីមុន​មក​នោះ ត្រូវ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​ក្បែរនោះ​ចាក់​ដី​លុប​បាត់​ទៅ​ហើយ។ លោកបាន​និយាយថា “ យើង​មាន​ការ​លំបាក​យ៉ាងខ្លាំង​ យើង​នៅសល់​ទឹក​ប្រហែល​ជា​៥​លីត្រ​ប៉ុណ្ណោះ”។

លោក​ បប់ ពិពិនិច បាន​មាន​ប្រសាសន៍​ថា​ “ [តម្លៃ​ទឹកក្នុង​មួយ​ធុង​] បាន​ឡើង​ពី​១៥ដុល្លារ ទៅ​៥០​ដុល្លារ​​។ វា​អាក្រក់​មែនទែន។ តើអ្នក​គិត​ថា នឹង​ត្រូវ​ប្រកប​​របររកស៊ី​នៅ​ទី​នេះ​ដូចម្តេច​ទៅ​?
លោក​បាន​បន្ថែម​ថា ដោយសារ​តម្រូវ​ការ​ទឹក​ ដែល​ដឹកមកពី​ក្រៅ​ក្រុង​ ធ្វើ​ឲ្យ​ការ​ផ្គត់​ផ្គង់​ទឹក​កាន់តែ​លំបាកឡើង​ៗ។

ការខ្វះទឹក​ស្អាតប្រើប្រាស់នៅ​ក្នុង​ក្រុង​ព្រះសីហនុ បាន​កើត​ឡើង​បន្ទាប់ពី​អគ្គិសនី​កម្ពុជា ដែល​ជា​អ្នកផ្គត់​ផ្គង់​ថាម​ពល​អគ្គិសនី​ដល់ប្រជាពលរដ្ឋ​​ក្នុងខេត្ត​នេះ​បាន​សម្រេ​ចផ្ទេរការគ្រប់គ្រង​ថាម​ពល​អគ្គិសនី​ទៅ​ឲ្យ​ស្ថិតក្រោមការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​អានកូ ដែលជា​ក្រុម​ហ៊ុនឯក​ជនឲ្យបូមទឹក​ពី​ជ្រោះនៅ​ក្បែរនោះ។

​អគ្គិសនី​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​ថាមពលអគ្គិសនីភ្លាមៗ ដើម្បី​បង្វែរ​ទៅឲ្យ​កន្លែងបូមទឹក​របស់​ក្រុមហ៊ុន​អានកូ​ នៅ​កន្លែង​​ទឹក​ធ្លាក់​ក្បាលឆាយ​ ដែលស្ថិត​នៅ​ចម្ងាយ​១៦​គីឡូម៉ែត្រ ពី​ក្រុង។ ដោយ​គ្មាន​ទឹក​គ្រប់​គ្រាន់​ ដើម្បី​បូម​ពី​ក្បាល​ឆាយ​ និងបឹង​ព្រែកទប់ ដែលជាអាង​ស្តុកទឹក​របស់​រដ្ឋ​ស្ថិតនៅ​ចម្ងាយ​៤គីឡូម៉ែត្រ​ពី​ក្រុង​ព្រះ​សីហនុ បាន​ក្លាយ​ជា​បន្ទុកដ៏ធ្ងន់ ហើយ​អាងស្តុកទឹក​នេះ​​បាន​រីង​ទឹកយ៉ាង​លឿន។

អគ្គិសនី​កម្ពុជា បាន​ជំរុញឲ្យ​ប្រជា​ពលរដ្ឋ​រស់នៅក្នុងក្រុង​​ជីកអណ្តូង​សម្រាប់​ប្រើ​ខ្លួន​ឯងវិញ ហើយ​បាន​សំណូមពរឲ្យ​ក្រុមហ៊ុន​អានកូ​ប្រើ​ប្រាស់​ម៉ាស៊ីនភ្លើង​របស់​ខ្លួន​នៅ​កន្លែងនោះ ដើម្បី​បូមទឹក​ឲ្យ​បាន​ច្រើន​ជាង​មុន​ទៅ​កាន់​ក្រុង​ព្រះ​សីហនុ។

ប៉ុន្តែ​លោក ងី ស៊ុន នាយកគ្រប់គ្រង​​ទឹក​បរិសុទ្ធ​ឲ្យក្រុមហ៊ុមអានកូ ​ថ្លែង​ថា ក្រុមហ៊ុន​របស់​លោក​មិន​អាច​រក​ប្រេង​ម៉ាស៊ូត​បាន​គ្រប់​គ្រប់​តាម​តម្រូវការ ដើម្បី​ដំណើរ​ការលើសពី​សមត្ថភាព​៥០ភាគរយបាន​​ឡើយ។

លោកស្រី​ ឃួន សារុន ចៅសង្កាត់​លេខ​៤​បាន​មាន​ប្រសាសន៍ថា​ ប្រជា​ពល​រដ្ឋ​​ភាគ​ច្រើនរស់នៅ​ក្នុង​សង្កាត់​របស់​លោកស្រី​បាន​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ក្រុង​ទៅ​រកទឹក​ងូត រួច​ហើយ​ច្រក​ទឹក​ក្នុង​ប៊ីដុង​ដឹ​ក​តាម​ម៉ូតូ​មកក្រុង​វិញ​សម្រាប់​ចម្អិន​ម្ហូបអាហារ​ និង​សម្រាប់​ប្រើ​ប្រាស់​ផ្សេងៗទៀត​នៅ​ផ្ទះ៕

(រាយការ​ណ៍បន្ថែមដោយ Colin Meyn)
    ប្រែសម្រួលដោយ សោម សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស