មន្ត្រីម្នាក់បាននិយាយថា កាលពីម្សិលមិញសាលាដំបូងខេត្តព្រះសីហនុ បានដោះលែងលោក សឺហ្គី ប៉ូលុនស្គី (Seigei Polonsky)អតីតមហាសេដ្ឋីជនជាតិរុស្ស៊ី ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីគាត់បានជាប់ឃុំរយៈពេលជាងបីខែរង់ចាំការជំនុំជម្រះពីបទបង្ករបួសស្នាមដល់កម្មករទូកនៅក្នុងដែនទឹកកម្ពុជា។
លោក ប៉ូលុនស្គី ត្រូវកងរាជអាវុធហត្ថចាប់ខ្លួនជាមួយជនជាតិរុស្ស៊ីពីរនាក់ទៀតកាលពីថ្ងៃទី៣០ ខែធ្នូ ហើយបានរងការចោទប្រកាន់ថា គាត់បានយកកាំបិតគំរាមកម្មករខ្មែរប្រាំមួយនាក់នៅលើទូក ហើយបានបង្ខំពួកគេឲ្យលោតចេញពីទូក។
ជនជាតិរុស្ស៊ីពីរនាក់ទៀត ឈ្មោះ អាឡិចសាន់ដឺ ការ៉ាជីនស្គី (Alexander Karachinsky) និង កុនស្តង់ទីន បេកឡេ (Konstantin Baglay) ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីខែមុន។
លោក ហួត វិចិត្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានមានប្រសាសន៍ថា លោក ប៉ូលុនស្គី ត្រូវបានដោះលែងហើយ ប៉ុន្តែស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការពេលរង់ចាំការជំនុំជម្រះ។
លោក វិចិត្រ បដិសេធមិននិយាយពីចំនួនទឹកប្រាក់ដែលលោក ប៉ូលុនស្គី បានបង់ដើម្បី ធានាដល់ការដោះលែងរូបគាត់ឡើយ។
លោក តាន់ ណារ៉េត អនុប្រធានពន្ធនាគារខេត្ត កន្លែងដែលគេឃុំខ្លួនលោក ប៉ូលុនស្គី នោះ បានអះអាងថា គាត់ត្រូវបានដោះលែងនៅម៉ោងប្រហែល១១ព្រឹកម្សិលមិញតាមសេចក្តីបង្គាប់របស់តុលាការ។
កាលពីមុន តុលាការនេះបានបដិសេធមិនព្រមដោះលែង លោក ប៉ូលុនស្គី ឲ្យនៅក្រៅឃុំបណ្តោះអាសន្នឡើយ ហើយគេនៅមិនទាន់ច្បាស់ថា ហេតុអ្វីបានជាគាត់ត្រូវបានដោះលែងភ្លាមៗយ៉ាងនេះ។ជនរងគ្រោះទាំងប្រាំមួយនាក់បានដកពាក្យបណ្តឹងរបស់ខ្លួនកាលពីខែមករា បន្ទាប់ពីយល់ព្រមទទួលយកប្រាក់សំណងជំងឺចិត្តសរុបចំនួន ២០.០០០ដុល្លារ។
លោក ឡុង សាលុច មេធាវីការពារលោកប៉ូលុនស្គី មានប្រសាសន៍ថា កាលពីម្សិលមិញ លោកទទួលបានសេចក្តីបង្គាប់ឲ្យដោះលែងលោក ប៉ូលុនស្គី ដែលចុះហត្ថលេខាដោយលោកស្រី សរ លីណា ចៅក្រមស៊ើបសួរ។
លោក អូសថេប ដូរ៉ូសិនកូ (Ostap Doro-shenko) ជាភាគហ៊ុនរបស់គ្រួសារ ដែលកាន់កាប់សណ្ឋាគារនិងភោជនីយដ្ឋានផ្ទះពស់ក្នុងក្រុងព្រះសីហនុ និងជាសហការីរបស់លោកប៉ូលុនស្គី មានប្រសាសន៍ថា លោក ប៉ូលុនស្គីបានធ្វើដំណើរទៅកោះដែកគោលភ្លាមៗ ជាកោះដែលគាត់បានជួលជាមួយក្រុមគ្រួសាររបស់លោក ដូរ៉ូសិនកូ។លោកបន្តថា“ គាត់បានជិះអូប័រទៅកោះនោះភ្លាមតែម្តង” លោក ប៉ូលុនស្គី ដែលគេធ្លាប់គិតថាជាមហាសេដ្ឋីក្នុងនាមជាប្រធានក្រុមហ៊ុន អចលនទ្រព្យ Mirax Group ប៉ុន្តែក្រុមហ៊ុននេះមានបញ្ហាពេលមានវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។
គាត់បានផ្លាស់ទៅកោះដែកគោលកាលពីឆ្នាំមុនជាមួយសហវិនិយោគិនដែលខកចិត្ត នៅក្នុងទីក្រុងមូស្គូ និងទីក្រុងឡុងដ៍ដែលនៅតែទារបំណុលមិនទាន់បានសង ហើយក្រសួងមហាផ្ទៃរុស្ស៊ីលើកឡើងថា ខ្លួនកំពុងស៊ើបអង្កេតក្រុមហ៊ុនក្រោយរបស់លោក ប៉ូលុនស្គីឈ្មោះ Potok (Flow) ពីបទឆបោក។
ព័ត៌មានស្តីពីការដោះលែងលោក ប៉ូលុនស្គីកាលពីថ្ងៃម្សិលមិញបានផ្សព្វផ្សាយយ៉ាងលឿន នៅពេលដែលព័ត៌មាននេះត្រូវបានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុករបស់លោក អាឡិចសានដឺ ដូប្រូវីនស្គី (Alexander Dobrovinsky) មេធាវីជនជាតិរុស្ស៊ី ដែលបានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីជួយលោក ប៉ូលុនស្គី។
គេហទំព័រ សំឡេងរុស្ស៊ី បានដកស្រង់សម្តីលោក ដូប្រូវីនស្គី ដែលនិយាយថា ការដោះលែងលោក ប៉ូលុនស្គី ឲ្យនៅក្រៅឃុំបណ្តោះអាសន្នត្រូវចំណាចអស់ទឹកប្រាក់ចំនួន៥០.០០០ដុល្លារ ហើយថា មានមនុស្សពីរនាក់ជាអ្នកធានា។
នៅល្ងាចថ្ងៃដដែលនោះ លោក ដូប្រូវីនស្គី បានថតរូបភូមិគ្រឹះដ៏ប្រណីតមួយប៉ុស្តិ៍នៅលើកោះដែកគោល ហើយមួយប៉ុស្តិ៍ទេៀតគឺថតរូបគាត់ផ្ទាល់ និងថតរូបលោក ប៉ូលុនស្គី ឥតពាក់អាវឈរញញឹមនៅក្បែរនោះ៕
ប្រែសម្រួលដោយ សោម សារុន