ទីស្នាក់ការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេរបស់ធនាគារ អេស៊ីលីដា នៅក្នុងប្រទេសភូមា ដែលជាសាខាទី១ក្នុងចំណោមសាខាជាច្រើនរបស់ធនាគារកម្ពុជាមួយនេះ ដែលត្រូវបានបើកនៅក្នុងទីផ្សារថ្មីថ្មោង ទើបតែបម្រើបានអតិថិជនជាង៣០០នាក់ និងផ្តល់ឥណទានខ្នាតតូចបានប្រហែល៤៧.០០០
ដុល្លារប៉ុណ្ណោះ ចាប់តាំងពីបានបើកកាលពីពាក់កណ្តាលខែកុម្ភៈមក។
បន្ទាប់ពីមានការពន្យារពេលអស់រយៈពេលប៉ុន្មានខែមក ធនាគារ អេស៊ីលីដា ទទួល
បានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការពីសំណាក់ក្រុមប្រឹក្សាវិនិយោគ និងគ្រប់គ្រងក្រុមហ៊ុន (Directorate of Investment and Company Administration)របស់ប្រទេសភូមាកាលពីថ្ងៃទី៨ ខែកុម្ភៈ
ហើយរយៈពេល១០ថ្ងៃក្រោយមក ក៏បានបើកទីស្នាក់ការរបស់ខ្លួននៅលើអគារកម្ពស់ប្រាំជាន់ក្នុងទីក្រុងរ៉ង់ហ្គូន ដែលជាទីក្រុងធំជាងគេបង្អស់របស់ប្រទេសភូមា។
លោក អុិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ដែលបានចូលរួមក្នុងពិធីសម្ពោធបើកទីស្នាក់ការសាខានៅភូមាកាលពីខែមុន បានមានប្រសាសន៍អំពីការកើនឡើងចំនួនអតិថិជនថា “ វាមានការរីកចម្រើនលឿនជាងការរំពឹងទុកទៅទៀត”។
សាខានេះត្រូវបានរៀបចំអស់រយៈពេលជិតមួយឆ្នាំហើយ បើគិតចាប់តាំងពីលោក អុិន ចាន់នី បានលើកឡើងអំពីគំនិតឲ្យមានដំណើរទស្សនកិច្ចរបស់លោក ណាយ អេ (Nay Aye) ដែលជាទេសាភិបាលរងធនាគារជាតិរបស់ប្រទេសភូមា នៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០១២។
បន្ទាប់ពីបានធ្វើអាជីវកម្មខាងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជាអស់រយៈពេល២០ឆ្នាំមក ធនាគារ អេស៊ីលីដា អន្ទះសារចង់ឈានជើងចូលទៅកាន់ទីផ្សាររបស់ភូមាដ៏ថ្មីសន្លាង ក៏ប៉ុន្តែវាជាទីផ្សារធំជាងប្រទេសកម្ពុជាដោយមានប្រជាពលរដ្ឋចំនួន៦០លាននាក់បន្ទាប់ពីមានកំណែទម្រង់សេដ្ឋកិច្ចជាច្រើន នៅក្នុងអតីតរដ្ឋ ដែលគេឯងស្អប់ខ្ពើមមួយនេះ ដើម្បីទាក់ទាញវិនិយោគិនបរទេស។
បើទោះបីជាបច្ចុប្បន្ន សាខានេះត្រូវបានគ្រប់គ្រងដោយធនាគារ អេស៊ីលីដា ទាំងអស់ក៏ដោយ ក៏លោក អុិន ចាន់នី មានប្រសាសន៍ថា ក្នុងពេលឆាប់ៗខាងមុខនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund) ធនាគារបារាំង បេអ៊ែរអឺដេ បង់ ប៉ូពូលែ(BRED Banque Populaire) និងធនាគារអាល្លឺម៉ង់ ខេអែហ្វដាប់បែលយូ (kfw) នឹងគ្រប់គ្រងផលប្រយោជន៍រួមគ្នាចំនួន៤៥ភាគរយ នៅក្នុងដើមទុនចំនួន១០លានដុល្លារ ដែលត្រូវបានគ្រោងវិនិយោគ។
លោកបានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដាមានផែនការបើកសាខាមីក្រូហិរញ្ញវត្ថុឲ្យបានចំនួនប្រាំពីរសាខានៅក្នុង និងនៅជុំវិញទីក្រុងរ៉ង់ហ្គូន ហើយមានផែនការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនចំនួន២.០០០នាក់នៅឆ្នាំដំបូង។
លោក អុិន ចាន់នី បានលើកឡើងថា “ វាគឺជាឱកាសដ៏ល្អ ពីព្រោះការផ្តល់ [ឥណទានខ្នាត
តូច] នៅទីនោះមានតិចតួចណាស់”។ ក៏ប៉ុន្តែ ប្រទេសភូមា ប្រហែលទើបតែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ។ បន្ទាប់ពីការបន្តជំហានរបស់ខ្លួនទៅកាត់តំបន់នៅតាមព្រំដែនរបស់ប្រទេសភូមាជាមួយប្រទេសចិននៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត លោក អុិន ចាន់នី បានឲ្យដឹងថា លោកសង្ឃឹម
ថា នឹងអាចឈានជើងចូលក្នុងប្រទេសចិនជាបន្តទៀត។
លោក បានមានប្រសាសន៍ថា “ នេះគឺជាផែនការរយៈពេលវែងរបស់យើង ហើយវាអាស្រ័យលើបទពិសោធរបស់យើងនៅក្នុងប្រទេសភូមា។ នេះប្រហែលជានៅមានរយៈពេលវែងឆ្ងាយទៅមុខទៀត ពីព្រោះប្រទេសភូមាធំណាស់”។
បើទោះបីជាមានកិច្ចប្រឹងប្រែងជាច្រើនរបស់ប្រទេសភូមាក្នុងការធ្វើកំណែទម្រង់ក៏ដោយ ក៏ការប៉ះទង្គិចគ្នាជាច្រើននាពេលថ្មីៗនេះ រវាងប្រជាពលរដ្ឋភាគច្រើន ដែលកាន់ព្រះពុទ្ធសាសនាជាមួយនឹងប្រជាពលរដ្ឋកាន់សាសនាអុីស្លាម បានបណ្តាលឲ្យពលរដ្ឋរាប់សិបនាក់បាត់បង់ជីវិត ហើយរាប់ពាន់នាក់ទៀតត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ហើយធ្វើឲ្យប្រទេសមួយនេះស្ថិតនៅត្រង់ចំណុចផុយស្រួយមួយ។
កាលពីថ្ងៃអង្គារ កុមារភូមាចំនួន១៣នាក់បានស្លាប់នៅក្នុងអគ្គិសនីដ៏សន្ធោសន្ធៅមួយនៅឯវិហារសាសនាអុីស្លាមមួយកន្លែងក្នុងទីក្រុងរ៉ង់ហ្គូន ហើយក្រុមអាជ្ញាធរបានលើកឡើងថា គ្រោះអគ្គិភ័យនេះបណ្តាលមកពីទុស្សេខ្សែភ្លើង។
ដោយលើកឡើងពីបទពិសោធរបស់ធនាគារ អេស៊ីលីដា ក្នុងការបើកធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានហែកហួរដោយសារសង្គ្រាម កាលពីទសវត្សរ៍ឆ្នាំ១៩៩០ លោក អុិន ចាន់នី បានមានប្រសាសន៍បន្ថែមទៀតថា រូបលោកមិនមានបញ្ហាដោយសារការកើតមានអំពើហិង្សាច្រើន និងការចូលរបស់ធនាគារនេះទៅក្នុងទីក្រុងរ៉ង់ហ្គូននោះទេ។
លោកបានមានប្រសាសន៍ថា “ យើងមានបទពិសោធនោះ ហើយយើងដឹងថា កន្លែងណា ដែលត្រូវទៅ។ វា [ទីក្រុងរ៉ង់ហ្គូន] គឺជាបេះដូងនៃសមាគមអាជីវកម្ម ដូច្នេះយើងមានទំនុកចិត្តជាមួយនឹងបញ្ហានោះ”៕
ប្រែសម្រួលដោយ ហួង កុកទៀន