34 C
Phnom Penh

របាយការណ៍​របស់ UNDP លើក​ឡើង​ថា ប្រជាពល​រដ្ឋ​ខ្មែរ​មាន​សំណាង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជាពលរដ្ឋ​កម្ពុជា​ គឺជាប្រជាពល​រដ្ឋ​មាន​សំណាង​។ យោងតាម​របាយការណ៍​​​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ​២០១៣​របស់​កម្មវីធី​អភិវឌ្ឍន៍​​អង្គការ​សហប្រជាជាតិ​ (UNDP) ដែលចេញ​កាល​ពី​ឆ្នាំមុន​ នៅក្នុងប្រទេស​ម៉ិកស៊ិក​ បាន​ឲ្យ​ដឹង​ថា “ស្ទើរ​តែ​គ្មាន​ប្រជា​ពលរដ្ឋ​ណា​​លើពិភព​លោក មាន​សំណាង​ដូច​ប្រជា​ពលរដ្ឋខ្មែរ​​ ដែល​​មានរដ្ឋាភិបាល​ល្អ ប្រព័ន្ធអប់រំល្អ​ និង​មាន​សេរីភាព​នៃ​ការ​ជ្រើស​រើស​​នោះ​ទេ​។​

របាយការណ៍​ ដែលមាន​ចំណង​ជើង​ថា  “ ​ការ​រីក​ចម្រើន​​​នៃលោក​ខាង​ត្បូង ​​ការ​អភិវឌ្ឍ​មនុស្ស​នៅក្នុង​ពិភព​ផ្សេង​​” បើ​ប្រៀប​ធៀប​នឹង​សមិទ្ធ​ផល​នានា​​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨៧​ នៅក្នុង​វិស័យ​សេវាកម្ម​សុខា​ភិបាល​​ការទទួល​បាន​ការ​អប់រំ​ និង​ការ​រក​ប្រាក់​ចំណូល​​​​និង​ត្រូវបាន​ចងក្រងឡើង​ដោយ​ប្រើ​ទិន្ន័យ​ខុសៗគ្នា​រាប់ពាន់​ ដើម្បី​សន្និដ្ឋានថា ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​មាន​ការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច​ និង​សង្គម។

និយាយជារួម​ ប្រទេស​កម្ពុជា​ជាប់​ចំណាត់​​ថ្នាក់ទាប​គឺជាប់​លំដាប់លេខ​១៣៨​ នៅក្នុង​ចំណោម​​ប្រទេស​១៨៧​ ដែល​​មាន​ឈ្មោះ​​ក្នុង​​របាយ​ការណ៍​​នេះ​ ដោយឡែក​ប្រទេស​ជិត​ខាង​​គឺប្រទេស​ថៃ ជាប់​ចំណាត់​ថ្នាក់​លេខ​១០៣​និង​ប្រទេស​វៀត​ណា​​ជាប់លេខ​​​១២៧​។​

ប៉ុន្តែ​​ប្រទេស​កម្ពុជា​​ល្អ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ និង​​ត្រូវ​បាន​ជ្រើស​រើស​​សម្រាប់​ទិន្នន័យ​
​ដែល​​បង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ពេញចិត្ត​ចំពោះ​ប្រព័ន្ធអប់រំ​ក្នុង​ស្រុក​ជាង​ប្រទេស​ណា​ៗ​ទាំងអស់​លើពិភពលោក។​

យោងតាម​របាយការ​ណ៍​នេះ​​ បាន​ឲ្យ​ដឹង​ថា​ ៩៤,១ភាគរយ​នៃ​ប្រជា​ពល​រដ្ឋខ្មែរ​លើកឡើងថា ពួកគេ​ពេញចិត្ត​ចំពោះ​គុណ​ភាព​នៃការ​អប់រំ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​។​ការយល់ឃើញបែបនេះ​​ផ្ទុយ​គ្នាយ៉ាង​ខ្លាំង​ទៅនឹងប្រទេស​ជិត​ខាង​មួយ​ចំនួន​ និង​ សូចនា​ករអប់រំ​ក្នុង​ស្រុក​។​

ប្រជាពលរដ្ឋជប៉ុន​ចំនួនតែ​៥៥ភាគ​រយ​ប៉ុណ្ណោះ​ បាននិយាយថា ពួកគេ​ពេញ​ចិត្ត​នឹង​ប្រព័ន្ធអប់រំ​របស់ខ្លួន​ រីឯទីក្រុងហុង​កុងវិញ គឺទាប​ជាងនេះ​ទៅ​ទៀត​ ដោយ​មាន​ប្រជា​ពលរដ្ឋ​តែ​៥០ភាគរយប៉ុណ្ណោះ​ពេញចិត្ត​ប្រព័ន្ធអប់រំ​ដែលរដ្ឋាភិបាល​ផ្តល់​ឲ្យ។​

ទោះជាយ៉ាងណា  ប្រទេសជប៉ុន​ បាន​ជាប់​លេខ​លំដាប់ទី​១០​ ហើយទីក្រុង​ហុង កុង​​ជាប់លេខលំដាប់ទី​១៣​ នៅក្នុង​ការ​ប្រៀប​ធៀប​​អំពី​ការអភិវឌ្ឍមនុស្សនេះ​ គឺ​​​មាន​ចំណាត់​ថ្នាក់​​ខ្ពស់​ជាង​ប្រទេស​​កម្ពុជា​ជាង​​១២០​លេខ។​

ហើយ​យោង​តាម​របាយ​ការណ៍​ដដែល​នេះ​​បាន​ឲ្យដឹងថា ៨៤,៣ភាគរយ​នៃ​ប្រជា​ពល​រដ្ឋខ្មែរ​​ មិន​ទទួល​បាន​ការ​អប់រំ​កម្រិត​មធ្យម​ឡើយ​ ចំណែក​ឯ​អត្រា​បោះ​បង់​​ការ​សិក្សា​នៅ​កម្រិត​​បឋម មាន​៤៥,៥ភាគរយ​ ហើយ​មនុស្ស​ពេញវ័យ​ដែល​មិន​ចេះ​អក្ស​រ​នៅក្នុងប្រទេស​កម្ពុជា​មាន​ ២២,៤ភាគរយ​។

តួលេខ​ផ្សេងទៀត​ ដែលមាន​នៅក្នុង​របាយការណ៍​នេះ​ បង្ហាញថា ៩០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ ជឿជាក់លើ​រដ្ឋាភិបាល​ ដោយ​បាន​ធ្វើ​ឲ្យប្រទេស​កម្ពុជា​ជាប់លេខ​លំដាប់ទី៣នៅលើពិភព​លោក​ចំពោះ​ការ​ឆ្លើយ​តប​បែប​នេះ​។​

ប្រទេស​ដែល​មាន​​ប្រជាពល​រដ្ឋជឿ​ជាក់​លើ​រដ្ឋាភិបាល​របស់ខ្លួន​​ច្រើន​ជាង​ប្រទេស​កម្ពុជា​គឺប្រទេស​ឡាវ ជា​ប្រទេស​កុម្មុយនីស្ត​មាន​គណបក្ស​តែ​មួយ​​ ដែល​មាន​ប្រជា​ពលរដ្ឋ​​ចំនួន​៩៥ភាគរយ​​បាន​ជឿ​ជាក់​លើរដ្ឋា​ភិបាល​របស់ខ្លួន ​​និង​ប្រទេស​រវ៉ាន់ដា​ មានប្រជាពល​​រដ្ឋ​ចំនួន​៩២ភាគរយជឿជាក់​លើ​រដ្ឋា​ភិបាល​​របស់ខ្លួន។​

​ប្រជា​ពល​រដ្ឋ​ខ្មែរ​៩២ភាគរយ​ ពេញចិត្ត​ចំពោះសេរីភាព​នៃ​ការ​ជ្រើស​រើស​​របស់ខ្លួន​ ហើយនេះជា​លទ្ធផលមួយ​ដែលអាច​ប្រៀប​បាន​ជាមួយប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​​បំផុត​​នៅ​ក្នុង​ចំណាត់​ថ្នាក់​ការ​អភិវឌ្ឍ​​មនុស្ស​ទាំង​អស់​​​មានដូចជា​ ប្រទេស​ន័រវែស អូស្ត្រាលី ដាណឺម៉ាក​ អៀរឡង់​ និង​ប្រទេស​នូវែល​ សេឡង់ជាដើម​។​

នៅពេលសួរអំពីរការរក​ឃើញនៃ​​របាយ​ការណ៍នេះ កម្មវិធី​អភិវឌ្ឍ​ន៍អង្គការ​សហ​ប្រជាជាតិ​ បានលើកឡើងថា ខ្លួន​មិនបាន​ប្រ​មូលទិន្ន័យ​​សម្រាប់ធ្វើ​​របាយការណ៍​​នេះ​ទេ​ ប៉ុន្តែ​គ្រាន់​តែ​បាន​ចងក្រង​ទិន្នន័យ​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ​។​

​មន្ត្រី​ទំនាក់ទំនង​របស់​កម្មវិធី​អង្គការ​សហ​ប្រជាជាតិ​ ក្នុងរាជធានីភ្នំពេញ​ ដែល​ស្នើ​សុំ​មិន​ឲ្យបញ្ចេញឈ្មោះ​ ដោយ​សារ​តែ​លោក​​គ្នានសិទ្ធិនិយាយ​ក្នុងនាម​ជាអង្គការ​របស់​លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​ប្រើ​ទិន្នន័យ​ពី​ទីភ្នាក់​ងារ​ទិន្នន័យ​អន្តរ​ជាតិ​ ដែល​មាន​តួនាទី​ ធន​ធាន​ និង​ជំនាញ​ក្នុង​ការ​ប្រមូល​ទិន្នន័យ​​ជាតិ​អំពី​​សូចនាករ​ជាក់​លាក់។ ​​របាយ​ការណ៍​​នេះ​​មាន​សន្ទស្សន៍​ និង​ស្ថិតិ​ផ្សេងៗ​ទៀត​ ដែល​ត្រូវ​បាន​ប្រមូល​ដោយ​អ្នក​ផ្តល់​ទិន្នន័យ​អន្តរជាតិ​ ដែល​មាន​ការ​ទទួល​​ស្គាល់​​ច្រើន​​បំផុត​”។

យោង​តាម​កម្ម​វិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ​ ក្រុម​ហ៊ុន​​ ហ្កលអាប់​ (Gallup)​ គឺ​ជា​ក្រុមហ៊ុន​ផ្តល់​ទិន្នន័យ​មួយ​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​ផ្តល់​ទិន្នន័យ​អន្តរជាតិ​ផ្សេងៗ​ ដែល​ការ​រក​ឃើញ​របស់​ខ្លួន​ស្តី​ពី​ប្រទេស​កម្ពុជា​ដូចជា​ ការ​ជឿជាក់​លើ​រដ្ឋា​ភិបាល​ និង​ការ​ពេញ​ចិត្ត​ចំ​ពោះ​ប្រព័ន្ធ​អប់រំ​ ត្រូវ​បាន​យក​មក​ប្រើ​ នៅ​ក្នុង​របាយ​ការ​ណ៍នេះ​។

លោក​ស្រី​ ឡូរែន​ កាន់រី​ (Lauren Kannry)​ មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុម​ហ៊ុន​ ហ្កលអាប់​ ដែល​មាន​ទីស្នាក់​ការ​កណ្តាល​នៅ​ទី​ក្រុង​វ៉ាស៊ីន​តោន​ បាន​បង្វែរ​សំណួរ​ស្តី​អំពីការ​ស្រាវ​ជ្រាវ​​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​លោក​​ស្រីនីកូល​ ណូរ៉ាត់​ (Nocole Naurath)​នាយិកា​ប្រចាំ​តំបន់​អាស៊ី​នៅ​ក្នុង​ទី​ក្រុង​បាង​កក​វិញ​។

លោក​ស្រី​ ឡូរែន​ កាន់រី​ ​មាន​ប្រសាសន៍​​ថា​ លោក​ស្រី​ ណូរ៉ាត់​ បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​ ហ្កលអាប់​ ប្រមូល​ទិន្នន័យ​ នៃ​ការ​ស្រាវ​ជ្រាវ​នៅ​ក្នុង​ប្រទេស​កម្ពុជាឲ្យ​ដៃ​គូ​ក្នុង​ស្រុក​មួយ​ ដែល​ជា​ទង្វើ​ធម្មតា​សម្រាប់​ប្រទេស​​ ដែល​ក្រុម​ហ៊ុន​ ហ្កលអាប់​ មិន​មាន​ទីស្នាក់​ការ​ផ្ទាល់​ខ្លួន​។​ ​ទោះ​ជា​យ៉ាង​ណា​ លោក​ស្រី​ ណូរ៉ាត់​ មិន​បាន​ផ្តល់​ព័ត៌​មាន​ណា​មួយ​ស្តី​ពី​ដៃ​គូ​របស់​ក្រុម​ហ៊ុន​ ហ្កល​អាប់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ប៉ុន្តែ​បាន​លើក​ឡើង​ថា​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ក្នុង​ស្រុក​បាន​ប្រើ​កិច្ច​សម្ភាស​ផ្ទាល់​ជា​មួយ​ប្រជា​ពល​រដ្ឋ​ចំនួន​១.០០០​នាក់​ ដែល​មាន​អាយុ​១៥​ឆ្នាំ​ និង​លើស​​ពី​នេះ​​ ​ទាំង​នៅ​ទី​ជន​បទ​ និង​នៅ​​ទី​ក្រុង។​

លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា​ “ តាម​​ទម្លាប់ យើង​មិន​បង្ហាញ​ឈ្មោះ​ដៃ​គូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង​ឡើយ​”។ កម្ម​វិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​ពាក់​ព័ន្ធ​នឹង​ការ​ប្រមូល​ទិន្នន័យ​របស់​ក្រុម​ហ៊ុន​ ហ្កល​អាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ដោយ​បាន​បង្វែ​សំណួរ​នេះ​ទៅ​ឲ្យ​លោក​​ស្រី​ អេឡេអូណរ​ ហ្វនៀ​ ថម​ (EleonoreFournier-Tombs)​ មន្ត្រី​ទំនាក់​ទំនង​សម្រាប់​បាយការណ៍​អភិវឌ្ឍន៍​មនុស្ស​នៅ​ក្នុង​បុរី​​ញូវយ៉ក​​ ឆ្លើយ​ជំ​នួស​វិញ។

លោក​ស្រី​ ហ្វនៀ​ ថម​​ បាន​ឆ្លើយ​នឹង​សំណួរ​អំពី​ទិន្នន័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ប្រាប់​អាសយដ្ឋាន​នៃ​គេហទំព័រ​របស់​របាយការណ៍​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ​ ដែល​គ្មាន​ព័ត៌​មាន​ណា​មួយ​ត្រូវ​បាន​គេ​រក​ឃើញ​អំពី​ដៃ​គូ​ស្រាវ​ជ្រាវ​ក្នុង​ប្រទេស​កម្ពុជា​របស់​ក្រុម​ហ៊ុន​ ហ្កល​អាប់​ ឬក៏​វិធី​សាស្ត្រ​ ដែល​គេ​ប្រើ​នៅ​កម្ពុជា​ឡើយ​។

លោក​ស្រី​ ហ្វនៀ​ ថម​​ ក៏​មិន​បាន​ឆ្លើយ​តប​ដែរ​នៅ​ពេល​សួរ​ថា​ តើ​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជា​ជាតិ​បាន​ដឹង​ថា ​នរណា​​ជា​អ្នក​​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​​។ ក្រុម​ហ៊ុន​ ហ្កល​អាប់​ ដែល​បាន​ចេញ​របាយ​ការណ៍​ “ World Poll” ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​វាស់​​ស្ទង់​ពី​ឥរិយា​បថរបស់​មនុស្ស​ទៅ​លើ​បញ្ហា​មួយ​ចំនួន​នោះ​ បាន​ចេញ​ផ្សាយ​ទិន្នន័យ​ កាល​ពី​ខែ​មេសា​ស្តី​ពី​ជន​ជាតិ​ខុសៗ​គ្នា​ ដែល​គិត​ថា​ ការ​រស់​នៅ​របស់​ខ្លួន​មាន​ការ​រីក​ចម្រើន​។

ដោយ​ផ្អែក​លើ​ការ​ស្ទាប​ស្ទង់​មតិ​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​ចំនួន​១៤៦​កាល​ពី​ឆ្នាំ​២០១១​ ក្រុម​ហ៊ុន​ ហ្កល​អាប់​ បាន​រក​ឃើញ​ភាគ​រយ​នៃ​ប្រជា​ពល​រដ្ឋ​ ដែល​បាន​  “ វាយ​តម្លៃ​ការ​រស់​នៅ​សព្វ​ថ្ងៃ​ និង​ទៅ​ថ្ងៃ​អនា​គត​របស់​ខ្លួន​ថា​ មាន​ការ​រីក​ចម្រើន​ ដោយ​មាន​អត្រា​៧៤​ភាគ​រយ​នៅ​ប្រទេស​ដាណឺម៉ាក​ និង​២​ភាគ​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​គិត​ថា​ ខ្លួន​រស់​នៅ​ដោយ​មាន​ការ​រីក​ចម្រើន​។

ហើយ​អត្រា​ ដែល​ទាប​បំផុត​នៃ​ការ​ស្ទាប​ស្ទង់​មតិរបស់​ក្រុម​ហ៊ុន​ ហ្កល​អាប់​ គឺ​ប្រទេស​ឡាវ​ ដែល​មាន​ប្រជា​ពល​រដ្ឋ​តែ​៣​ភាគ​រយ​ប៉ុណ្ណោះ​បាន​និ​យាយា​ថា​ ខ្លួន​រស់​នៅ​ដោយ​មាន​ការ​រីក​ចម្រើន​ រីឯ​ប្រទេស​រវ៉ាន់ដា​ វិញ​ ​ទទួល​បាន​ពិន្ទុខ្ពស់​ជាង​នេះ​បន្តិច​ គឺ​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​៩​ភាគ​រយ​ ដែល​និយាយ​ថា​ ខ្លួន​រស់​នៅ​ដោយ​មាន​ការ​រីក​ចម្រើន។

យោង​តាម​ក្រុម​ហ៊ុន​ ហ្កល​អាប់​ បាន​ឲ្យ​ដឹង​ថា​ “ នៅ​តំបន់​អាស៊ី​ ដែល​ការ​ស្ទាប​ស្ទង់​មតិនៅ​ទូ​ទាំង​តំបន់​អាស៊ី​ មាន​ប្រជា​ពល​រដ្ឋ​ជា​មធ្យម​ចំនួន​២០​ភាគ​រយ​និយាយ​ថា​ ខ្លួន​រស់​នៅ​ដោយ​មាន​ការ​រីក​ចម្រើន​នោះ​​ បង្ហាញ​ថា​មាន​គម្លាត​ខ្លាំង​រវាង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍។​ ប្រជា​ពល​រដ្ឋ​ ដែល​
និយាយ​ថា​ ខ្លួន​រស់​នៅ​ដោយ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ មាន​៦៤​ភាព​រយ  ហើយ​នៅ​ប្រទេស​នូវែសេឡង់​វិញ​មាន​៦០​ភាគ​រយ​។

ក្រុម​ហ៊ុន​ ហ្កល​អាប់​ បាន​លើក​ឡើង​នៅ​ក្នុង​សេច​ក្តី​​ប្រកាស​ដែល​មាន​ភ្ជាប់​​ទិន្នន័យ​មក​ជាមួយ​​ថា​ “ ទិ​ន្នន័យ​ស្តីពី​សុខុ​មាល​ភាព​ពិភព​លោក​​របស់​ក្រុម​ហ៊ុន​ ហ្កល​អាប់​ ​នៅតែ​បញ្ជាក់​​ពី​​ការ​ប្រឈម​នឹង​បញ្ហា​ខុសៗ​គ្នា​ក្នុង​​ការ​អភិវឌ្ឍ​​នៅ​ទូ​ទាំង​ពិភព​លោក​ និង​បង្ហាញ​ថា​ ស្ថាន​ភាព​សុខុមាល​ភាព​មិន​មាន​ការ​ផ្លាស់​ប្តូរ​​ខ្លាំង​ទេ​នៅ​ក្នុង​ប្រទេស​​ជា​ច្រើន​”។

ក្រុម​ហ៊ុន​ ហ្កល​អាប់​ បន្ថែម​ថា​ “ ​នេះបញ្ជាក់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​មេដឹក​នាំ​ចាំ​បាច់​ត្រូវ​តែ​យក​ចិត្ត​​ទុក​ដាក់​លើការ​វាស់​ស្ទង់​​ឥរិយាបថ​​ ដូចជា​សុខ​ុមាល​ភាព​ជា​ដើម។​ ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​​នៅ​ក្នុង​បញ្ហា​នេះ​ ​មាន​ផល​ប្រយោជន៍​​ច្រើន​ណាស់​ មិន​មែន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​​តែ​សន្តិ​ភាព​ និង​ស្ថិរ​ភាព​ប៉ុណ្ណោះ​​ទេ”៕

ប្រែសម្រួល​ដោយ​ ស៊ា​ ស៊ុយ​ឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស