ប្រជាពលរដ្ឋកម្ពុជា គឺជាប្រជាពលរដ្ឋមានសំណាង។ យោងតាមរបាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០១៣របស់កម្មវីធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដែលចេញកាលពីឆ្នាំមុន នៅក្នុងប្រទេសម៉ិកស៊ិក បានឲ្យដឹងថា “ស្ទើរតែគ្មានប្រជាពលរដ្ឋណាលើពិភពលោក មានសំណាងដូចប្រជាពលរដ្ឋខ្មែរ ដែលមានរដ្ឋាភិបាលល្អ ប្រព័ន្ធអប់រំល្អ និងមានសេរីភាពនៃការជ្រើសរើសនោះទេ។
របាយការណ៍ ដែលមានចំណងជើងថា “ ការរីកចម្រើននៃលោកខាងត្បូង ការអភិវឌ្ឍមនុស្សនៅក្នុងពិភពផ្សេង” បើប្រៀបធៀបនឹងសមិទ្ធផលនានា ក្នុងចំណោមប្រទេសចំនួន១៨៧ នៅក្នុងវិស័យសេវាកម្មសុខាភិបាលការទទួលបានការអប់រំ និងការរកប្រាក់ចំណូលនិងត្រូវបានចងក្រងឡើងដោយប្រើទិន្ន័យខុសៗគ្នារាប់ពាន់ ដើម្បីសន្និដ្ឋានថា ប្រទេសកំពុងអភិវឌ្ឍន៍មានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម។
និយាយជារួម ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទាបគឺជាប់លំដាប់លេខ១៣៨ នៅក្នុងចំណោមប្រទេស១៨៧ ដែលមានឈ្មោះក្នុងរបាយការណ៍នេះ ដោយឡែកប្រទេសជិតខាងគឺប្រទេសថៃ ជាប់ចំណាត់ថ្នាក់លេខ១០៣និងប្រទេសវៀតណាជាប់លេខ១២៧។
ប៉ុន្តែប្រទេសកម្ពុជាល្អនៅក្នុងវិស័យមួយចំនួន និងត្រូវបានជ្រើសរើសសម្រាប់ទិន្នន័យ ដែលបង្ហាញថា ប្រជាពលរដ្ឋខ្មែរមានការពេញចិត្តចំពោះប្រព័ន្ធអប់រំក្នុងស្រុកជាងប្រទេសណាៗទាំងអស់លើពិភពលោក។
យោងតាមរបាយការណ៍នេះ បានឲ្យដឹងថា ៩៤,១ភាគរយនៃប្រជាពលរដ្ឋខ្មែរលើកឡើងថា ពួកគេពេញចិត្តចំពោះគុណភាពនៃការអប់រំដែលរដ្ឋាភិបាលបានផ្តល់ឲ្យ។ការយល់ឃើញបែបនេះផ្ទុយគ្នាយ៉ាងខ្លាំងទៅនឹងប្រទេសជិតខាងមួយចំនួន និង សូចនាករអប់រំក្នុងស្រុក។
ប្រជាពលរដ្ឋជប៉ុនចំនួនតែ៥៥ភាគរយប៉ុណ្ណោះ បាននិយាយថា ពួកគេពេញចិត្តនឹងប្រព័ន្ធអប់រំរបស់ខ្លួន រីឯទីក្រុងហុងកុងវិញ គឺទាបជាងនេះទៅទៀត ដោយមានប្រជាពលរដ្ឋតែ៥០ភាគរយប៉ុណ្ណោះពេញចិត្តប្រព័ន្ធអប់រំដែលរដ្ឋាភិបាលផ្តល់ឲ្យ។
ទោះជាយ៉ាងណា ប្រទេសជប៉ុន បានជាប់លេខលំដាប់ទី១០ ហើយទីក្រុងហុង កុងជាប់លេខលំដាប់ទី១៣ នៅក្នុងការប្រៀបធៀបអំពីការអភិវឌ្ឍមនុស្សនេះ គឺមានចំណាត់ថ្នាក់ខ្ពស់ជាងប្រទេសកម្ពុជាជាង១២០លេខ។
ហើយយោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា ៨៤,៣ភាគរយនៃប្រជាពលរដ្ឋខ្មែរ មិនទទួលបានការអប់រំកម្រិតមធ្យមឡើយ ចំណែកឯអត្រាបោះបង់ការសិក្សានៅកម្រិតបឋម មាន៤៥,៥ភាគរយ ហើយមនុស្សពេញវ័យដែលមិនចេះអក្សរនៅក្នុងប្រទេសកម្ពុជាមាន ២២,៤ភាគរយ។
តួលេខផ្សេងទៀត ដែលមាននៅក្នុងរបាយការណ៍នេះ បង្ហាញថា ៩០ភាគរយនៃប្រជាពលរដ្ឋខ្មែរ ជឿជាក់លើរដ្ឋាភិបាល ដោយបានធ្វើឲ្យប្រទេសកម្ពុជាជាប់លេខលំដាប់ទី៣នៅលើពិភពលោកចំពោះការឆ្លើយតបបែបនេះ។
ប្រទេសដែលមានប្រជាពលរដ្ឋជឿជាក់លើរដ្ឋាភិបាលរបស់ខ្លួនច្រើនជាងប្រទេសកម្ពុជាគឺប្រទេសឡាវ ជាប្រទេសកុម្មុយនីស្តមានគណបក្សតែមួយ ដែលមានប្រជាពលរដ្ឋចំនួន៩៥ភាគរយបានជឿជាក់លើរដ្ឋាភិបាលរបស់ខ្លួន និងប្រទេសរវ៉ាន់ដា មានប្រជាពលរដ្ឋចំនួន៩២ភាគរយជឿជាក់លើរដ្ឋាភិបាលរបស់ខ្លួន។
ប្រជាពលរដ្ឋខ្មែរ៩២ភាគរយ ពេញចិត្តចំពោះសេរីភាពនៃការជ្រើសរើសរបស់ខ្លួន ហើយនេះជាលទ្ធផលមួយដែលអាចប្រៀបបានជាមួយប្រទេសដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅក្នុងចំណាត់ថ្នាក់ការអភិវឌ្ឍមនុស្សទាំងអស់មានដូចជា ប្រទេសន័រវែស អូស្ត្រាលី ដាណឺម៉ាក អៀរឡង់ និងប្រទេសនូវែល សេឡង់ជាដើម។
នៅពេលសួរអំពីរការរកឃើញនៃរបាយការណ៍នេះ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានលើកឡើងថា ខ្លួនមិនបានប្រមូលទិន្ន័យសម្រាប់ធ្វើរបាយការណ៍នេះទេ ប៉ុន្តែគ្រាន់តែបានចងក្រងទិន្នន័យដែលមានស្រាប់ប៉ុណ្ណោះ។
មន្ត្រីទំនាក់ទំនងរបស់កម្មវិធីអង្គការសហប្រជាជាតិ ក្នុងរាជធានីភ្នំពេញ ដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះ ដោយសារតែលោកគ្នានសិទ្ធិនិយាយក្នុងនាមជាអង្គការរបស់លោកបានមានប្រសាសន៍ថា “ យើងប្រើទិន្នន័យពីទីភ្នាក់ងារទិន្នន័យអន្តរជាតិ ដែលមានតួនាទី ធនធាន និងជំនាញក្នុងការប្រមូលទិន្នន័យជាតិអំពីសូចនាករជាក់លាក់។ របាយការណ៍នេះមានសន្ទស្សន៍ និងស្ថិតិផ្សេងៗទៀត ដែលត្រូវបានប្រមូលដោយអ្នកផ្តល់ទិន្នន័យអន្តរជាតិ ដែលមានការទទួលស្គាល់ច្រើនបំផុត”។
យោងតាមកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ក្រុមហ៊ុន ហ្កលអាប់ (Gallup) គឺជាក្រុមហ៊ុនផ្តល់ទិន្នន័យមួយក្នុងចំណោមក្រុមហ៊ុនផ្តល់ទិន្នន័យអន្តរជាតិផ្សេងៗ ដែលការរកឃើញរបស់ខ្លួនស្តីពីប្រទេសកម្ពុជាដូចជា ការជឿជាក់លើរដ្ឋាភិបាល និងការពេញចិត្តចំពោះប្រព័ន្ធអប់រំ ត្រូវបានយកមកប្រើ នៅក្នុងរបាយការណ៍នេះ។
លោកស្រី ឡូរែន កាន់រី (Lauren Kannry) មន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ហ្កលអាប់ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងវ៉ាស៊ីនតោន បានបង្វែរសំណួរស្តីអំពីការស្រាវជ្រាវក្នុងប្រទេសកម្ពុជាទៅឲ្យលោកស្រីនីកូល ណូរ៉ាត់ (Nocole Naurath)នាយិកាប្រចាំតំបន់អាស៊ីនៅក្នុងទីក្រុងបាងកកវិញ។
លោកស្រី ឡូរែន កាន់រី មានប្រសាសន៍ថា លោកស្រី ណូរ៉ាត់ បានលើកឡើងថា ក្រុមហ៊ុន ហ្កលអាប់ ប្រមូលទិន្នន័យ នៃការស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជាឲ្យដៃគូក្នុងស្រុកមួយ ដែលជាទង្វើធម្មតាសម្រាប់ប្រទេស ដែលក្រុមហ៊ុន ហ្កលអាប់ មិនមានទីស្នាក់ការផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា លោកស្រី ណូរ៉ាត់ មិនបានផ្តល់ព័ត៌មានណាមួយស្តីពីដៃគូរបស់ក្រុមហ៊ុន ហ្កលអាប់ នៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែបានលើកឡើងថា អ្នកសិក្សាស្រាវជ្រាវក្នុងស្រុកបានប្រើកិច្ចសម្ភាសផ្ទាល់ជាមួយប្រជាពលរដ្ឋចំនួន១.០០០នាក់ ដែលមានអាយុ១៥ឆ្នាំ និងលើសពីនេះ ទាំងនៅទីជនបទ និងនៅទីក្រុង។
លោកស្រីបានមានប្រសាសន៍ថា “ តាមទម្លាប់ យើងមិនបង្ហាញឈ្មោះដៃគូនៅក្នុងប្រទេសកម្ពុជារបស់យើងឡើយ”។ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅក្នុងប្រទេសកម្ពុជាក៏មិនបានឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងការប្រមូលទិន្នន័យរបស់ក្រុមហ៊ុន ហ្កលអាប់នៅក្នុងប្រទេសកម្ពុជាដែរ ដោយបានបង្វែសំណួរនេះទៅឲ្យលោកស្រី អេឡេអូណរ ហ្វនៀ ថម (EleonoreFournier-Tombs) មន្ត្រីទំនាក់ទំនងសម្រាប់បាយការណ៍អភិវឌ្ឍន៍មនុស្សនៅក្នុងបុរីញូវយ៉ក ឆ្លើយជំនួសវិញ។
លោកស្រី ហ្វនៀ ថម បានឆ្លើយនឹងសំណួរអំពីទិន្នន័យនៅក្នុងប្រទេសកម្ពុជា ដោយបានប្រាប់អាសយដ្ឋាននៃគេហទំព័ររបស់របាយការណ៍កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ដែលគ្មានព័ត៌មានណាមួយត្រូវបានគេរកឃើញអំពីដៃគូស្រាវជ្រាវក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន ហ្កលអាប់ ឬក៏វិធីសាស្ត្រ ដែលគេប្រើនៅកម្ពុជាឡើយ។
លោកស្រី ហ្វនៀ ថម ក៏មិនបានឆ្លើយតបដែរនៅពេលសួរថា តើកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិបានដឹងថា នរណាជាអ្នកធ្វើការសិក្សាស្រាវជ្រាវនៅក្នុងប្រទេសកម្ពុជានោះ។ ក្រុមហ៊ុន ហ្កលអាប់ ដែលបានចេញរបាយការណ៍ “ World Poll” ជារៀងរាល់ឆ្នាំ ដើម្បីវាស់ស្ទង់ពីឥរិយាបថរបស់មនុស្សទៅលើបញ្ហាមួយចំនួននោះ បានចេញផ្សាយទិន្នន័យ កាលពីខែមេសាស្តីពីជនជាតិខុសៗគ្នា ដែលគិតថា ការរស់នៅរបស់ខ្លួនមានការរីកចម្រើន។
ដោយផ្អែកលើការស្ទាបស្ទង់មតិរបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសចំនួន១៤៦កាលពីឆ្នាំ២០១១ ក្រុមហ៊ុន ហ្កលអាប់ បានរកឃើញភាគរយនៃប្រជាពលរដ្ឋ ដែលបាន “ វាយតម្លៃការរស់នៅសព្វថ្ងៃ និងទៅថ្ងៃអនាគតរបស់ខ្លួនថា មានការរីកចម្រើន ដោយមានអត្រា៧៤ភាគរយនៅប្រទេសដាណឺម៉ាក និង២ភាគរយនៅក្នុងប្រទេសកម្ពុជា ដែលគិតថា ខ្លួនរស់នៅដោយមានការរីកចម្រើន។
ហើយអត្រា ដែលទាបបំផុតនៃការស្ទាបស្ទង់មតិរបស់ក្រុមហ៊ុន ហ្កលអាប់ គឺប្រទេសឡាវ ដែលមានប្រជាពលរដ្ឋតែ៣ភាគរយប៉ុណ្ណោះបាននិយាយាថា ខ្លួនរស់នៅដោយមានការរីកចម្រើន រីឯប្រទេសរវ៉ាន់ដា វិញ ទទួលបានពិន្ទុខ្ពស់ជាងនេះបន្តិច គឺមានប្រជាពលរដ្ឋចំនួន៩ភាគរយ ដែលនិយាយថា ខ្លួនរស់នៅដោយមានការរីកចម្រើន។
យោងតាមក្រុមហ៊ុន ហ្កលអាប់ បានឲ្យដឹងថា “ នៅតំបន់អាស៊ី ដែលការស្ទាបស្ទង់មតិនៅទូទាំងតំបន់អាស៊ី មានប្រជាពលរដ្ឋជាមធ្យមចំនួន២០ភាគរយនិយាយថា ខ្លួនរស់នៅដោយមានការរីកចម្រើននោះ បង្ហាញថាមានគម្លាតខ្លាំងរវាងប្រទេសអភិវឌ្ឍន៍ និងប្រទេសកំពុងអភិវឌ្ឍន៍។ ប្រជាពលរដ្ឋ ដែល និយាយថា ខ្លួនរស់នៅដោយមានការរីកចម្រើននៅក្នុងប្រទេសអូស្ត្រាលី មាន៦៤ភាពរយ ហើយនៅប្រទេសនូវែសេឡង់វិញមាន៦០ភាគរយ។
ក្រុមហ៊ុន ហ្កលអាប់ បានលើកឡើងនៅក្នុងសេចក្តីប្រកាសដែលមានភ្ជាប់ទិន្នន័យមកជាមួយថា “ ទិន្នន័យស្តីពីសុខុមាលភាពពិភពលោករបស់ក្រុមហ៊ុន ហ្កលអាប់ នៅតែបញ្ជាក់ពីការប្រឈមនឹងបញ្ហាខុសៗគ្នាក្នុងការអភិវឌ្ឍនៅទូទាំងពិភពលោក និងបង្ហាញថា ស្ថានភាពសុខុមាលភាពមិនមានការផ្លាស់ប្តូរខ្លាំងទេនៅក្នុងប្រទេសជាច្រើន”។
ក្រុមហ៊ុន ហ្កលអាប់ បន្ថែមថា “ នេះបញ្ជាក់ថា តើហេតុអ្វីបានជាមេដឹកនាំចាំបាច់ត្រូវតែយកចិត្តទុកដាក់លើការវាស់ស្ទង់ឥរិយាបថ ដូចជាសុខុមាលភាពជាដើម។ ការយកចិត្តទុកដាក់ខ្លាំងនៅក្នុងបញ្ហានេះ មានផលប្រយោជន៍ច្រើនណាស់ មិនមែនយកចិត្តទុកដាក់ទៅលើតែសន្តិភាព និងស្ថិរភាពប៉ុណ្ណោះទេ”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង