កាលពីម្សិលមិញ អង្គជំនុំជម្រះសាលាក្ដីខ្មែរក្រហម បានបង្ហាញហេតុផលរបស់ខ្លួនចំពោះការសម្រេចថា នួន ជា ជនជាប់ចោទពីបទឧក្រិដ្ឋសង្គ្រាមអាយុ៨៦ឆ្នាំ មានសុខភាពល្អអាចចូលរួមសវនាការបាន ។
សេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរនេះធ្វើឡើងបន្ទាប់ពីអ្នកជំនាញផ្នែកសុខាភិបាលពីររូប បានវាយតម្លៃសុខភាពរបស់ នួន ជា កាលពីខែមុន និងបានបញ្ជាក់ថា ទោះបីជាវ័យចំណាស់របស់គាត់អាចធ្វើឲ្យគាត់ភ្លេចភ្លាំងព្រឹត្តិការណ៍ផ្សេងៗក៏ដោយ ក៏គាត់នៅមានសុខភាពល្អដែរ។
នៅក្នុងសេចក្តីសម្រេចរបស់ខ្លួន អង្គជំនុំជម្រះបានលើកឡើងថា “ អង្គជំនុំជម្រះរកឃើញថា ជំងឺប្រចាំកាយរបស់ជនជាប់ចោទរូបនេះ រួមទាំងសេចក្តីរាយការណ៍អំពីការចុះខ្សោយខាងការចងចាំ និងការគិតនោះ មិនអាចរារាំងគាត់មិនឲ្យចូលរួមនៅក្នុងសវនាការនោះបានទេ។
អង្គជំនំុជម្រះ បានឲ្យដឹងទៀតថា “ ទោះបីជាអ្នកជំនាញផ្នែកសុខាភិបាលបានកត់សម្គាល់ថា ដំណើរការយូរពេក នឹងធ្វើឲ្យជនជាប់ចោទបាត់បង់នូវការចងចាំពីព្រឹត្តិុការណ៍ផ្សេងៗនោះ អង្គជំនុំជម្រះសម្រេចថា ជនជាប់ចោទរូបនេះ មិនវង្វេងស្មារតី ដែលធ្វើឲ្យគាត់មិនអាចចូលរួមក្នុងការការពារខ្លួនបានឡើយ”។
តុលាការនឹងបន្តបើកសវនាការ នួន ជា តទៅទៀត នៅថ្ងៃច័ន្ទ រួមជាមួយនឹងចុងចោទម្នាក់ទៀត គឺ ខៀវ សំផន។ អង្គជំនុំជម្រះ បានយល់ស្របជាមួយនឹងលោកវេជ្ជបណ្ឌិតនូវែលសេឡង់លោក ចន ខេមបែល (John Campbell) និង លោក សុីណាហ្វេហ្សែល (Seena Fazel) គ្រូពេទ្យចិត្តសាស្ដ្រ
ជនជាតិអង់គ្លេសថា នួន ជា អាចចូលរួមស្តាប់សវនាការពីបន្ទប់ឃុំឃាំងគាត់ ហើយជំងឺបេះដូងរបស់គាត់កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យពីវេជ្ជបណ្ឌិត៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ