ការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋាភិបាលស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក សុរិយា ស៊ូបេឌី អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្ដីអំពីសិទ្ធិមនុស្ស ដែលនឹងមកដល់កម្ពុជាក្នុងខែឧសភាខាងមុខនេះ។
លោក ជែម ហ៊ីណាន (James Heenan)តំណាងស្ដីទីប្រចាំប្រទេសនៃការិយាល័យនេះបានលើកឡើងនៅក្នុងអុីម៉េលថា លោកសុរិយា ស៊ូបេឌី នឹងចំណាយពេលប្រាំបីថ្ងៃនៅកម្ពុជា ក្នុងបេសកកម្មលើកទី៩របស់លោក និងជាលើកដំបូងនៅក្នុងឆ្នាំនេះ។
លោក ហ៊ីណាន បានសរសេរថា “ បេសកម្មនេះនឹងចាប់ផ្ដើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ខែឧសភា ឆ្នាំ២០១៣។ លោកសាស្ត្រាចារ្យ សុរិយា ស៊ូបេឌី បានបញ្ជាក់ថា លោកនឹងផ្តោតលើការតាមដានអនុសាសន៍ដែលលោកបានលើកឡើងនៅក្នុងរបាយការណ៍របស់លោក កាលពីលើកមុន ព្រមទាំងកិច្ចពិភាក្សាជាមួយនឹងរដ្ឋាភិបាល សង្គមស៊ីវិល និងអ្នកជាប់ពាក់ព័ន្ធផ្សេងៗទៀតដើម្បីជំរុញឲ្យមានការគោរព សិទ្ធិមនុស្សនៅកម្ពុជា”។
នៅក្នុងបេសកកម្មនាពេលថ្មីៗនេះរបស់លោក សុរិយា ស៊ូបេឌី មកកាន់ប្រទេសកម្ពុជាកាលពីខែធ្នូ លោកបានចុះទៅសួរសុខទុក្ខសហគមន៍មួយចំនួនដែលរងផលប៉ះពាល់ដោយសារតែសម្បទានដីសេដ្ឋកិច្ច។
របាយការណ៍ពីររបស់លោក សុរិយា ស៊ូបេឌី ចេញផ្សាយនៅក្នុងទីក្រុងហ្សឺណែវ កាលពីឆ្នាំមុន ដែលផ្ដោតលើដីសម្បទានសេដ្ឋកិច្ច និងប្រព័ន្ធបោះឆ្នោត ព្រមទាំងកង្វល់ផ្សេងៗទៀតអំពីសិទ្ធិមនុស្សនោះ បានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាលកម្ពុជា៕
ប្រែសម្រួលដោយ ហម សុផាណ្ណា